ព្រះសង្ឃនិងក្រុមយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនកម្ពុជា (YRDP) បានចុះទៅទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃឈ្វេងយល់អំពីផលប៉ះពាល់នៃអាជីកម្មរ៉ៃមាសបែបលក្ខណៈគ្រួសារនៅស្រុករវៀង ខេត្តព្រះវិហារ។
ព្រះតេជព្រះគុណ ជា វុទ្ធី បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា កន្លងទៅ ព្រះសង្ឃនិងក្រុមយុវជនបាននាំគ្នាប្រមាណ ២៤ នាក់ចុះធ្វើទស្សនកិច្ចសិក្សាអំពីផលប៉ះពាល់នៃការរុករករ៉ែមាសបែបលក្ខណៈគ្រួសាររបស់ពលរដ្ឋនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយព្រះអង្គសង្កេតឃើញថា ពលរដ្ឋនៅទីនោះកំពុងប្រឈមនៃការប្រើប្រាស់កាបូន បារ៉ត និងប្រើសារធាតុគីមីដើម្បីរុករករ៉ែមាស។ ព្រះអង្គបន្តថា ការចុះទស្សនកិច្ចសិក្សានេះក៏ធ្វើឡើងនៅក្នុងគោលបំណងសិក្សាឈ្វេងយល់ពីស្ថានភាពបរិស្ថានផលប៉ះពាល់ និងសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជីករ៉ែ ក៏ដូចជាសិក្សាពីរបៀបនៃការជីករ៉ែមាសរបស់សហគមន៍មូលដ្ឋាន ជាដើម។
ព្រះអង្គមានថេរដីកាថា៖ «ការធ្វើអាជីកម្មរ៉ែ វាមានផលប៉ះពាល់ផងដែរ ដោយសារអី? ដោយសារទី១ គាត់ដាក់សារធាតុបារ៉តសម្រាប់ចាប់យកមាស។ នៅពេលទឹកបារ៉តហ្នឹងវាហូរទៅ វាប៉ះពាល់ដល់ជីវចម្រុះជាច្រើន និងវាជាផលប៉ះពាល់មួយដែរ តែវាតិចជាងក្រុមហ៊ុន ក្រុមហ៊ុនបានវាប៉ះពាល់ខ្លាំង ដោយសារក្រុមហ៊ុមគេដាក់សារធាតុគីមី»។
ព្រះសង្ឃមានព្រះជន្ម ២៤វស្សា និងជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង បានបន្ថែមថា ការធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសាររបស់ពលរដ្ឋ មិនបានយល់ដឹងច្បាស់អំពីផលប៉ះពាល់នៃសារធាតុគីមីនិងបារ៉តនោះទេ។ ព្រះអង្គបន្ថែមថា ភាគច្រើនពលរដ្ឋដែលប្រកបមុខរបររុករករ៉ែមាសលក្ខណៈគ្រួសារ គាត់គិតតែពីប្រយោជន៍បច្ចុប្បន្ន មិនសូវគិតពីផលប៉ះពាល់ទៅថ្ងៃអនាគតឡើយ។
ព្រះតេជព្រះគុណ ជា វុទ្ធី មានថេរដីកាថា៖ «ប៉ុន្តែសម្រាប់ពួកគាត់ដែលរស់នៅទីនេះ ពួកគាត់មិនបានយល់អំពីសារធាតុគីមី អត់បានយល់អំពីផលប៉ះពាល់នៃសារធាតុគីមី គឺពួកគាត់មិនបានព្រួយបារម្ភទេ។ គាត់បានគិតថាធ្វើនេះដើម្បីតែប្រយោជន៍សម្រាប់ខ្លួនឯង ហើយធ្វើយ៉ាងម៉េចឱ្យតែបានរ៉ែមាសតែប៉ុណ្ណឹង ភាគច្រើនគាត់មិនបានគិតពីផលវិជ្ជមានឬអវិជ្ជមាននោះទេ»។
ស្រដៀងគ្នានេះដែរ យុវជន ឆន់ វីរៈ បានឱ្យដឹងដែរថា អ្វីដែលលោកបានចុះសិក្សាផ្ទាល់រយៈពេលបីថ្ងៃ ឃើញថាពលរដ្ឋដែលប្រកបមុខរបររុករករ៉ែលក្ខណៈគ្រួសារ គឺប្រឈមនឹងបញ្ហាសុខភាព និងពិបាករុករករ៉ែណាស់នាពេលបច្ចុប្បន្ន។ ប្រភពបន្តថា ពលរដ្ឋខ្លះប្រឈមនឹងកង្វះខាតសម្ភារប្រើប្រាស់ក្នុងការរុករករ៉ែមាស ហើយជាពិសេសនោះពលរដ្ឋខ្លះប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ។
លោកថា៖ «ពេលចុះមកសិក្សាផ្ទាល់ ខ្ញុំឃើញថាការធ្វើអាជីវកម្មរ៉ែរបស់ពលរដ្ឋមិនមែនជាភាពងាយស្រួលនោះទេ គឺមានផលលំបាកខ្លាំងណាស់»។
លោកបន្ថែមថា៖ «អ្វីដែលជាបញ្ហារបស់ពលរដ្ឋ គឺថាទាក់ទងនឹងសម្ភារដែលគាត់ប្រើប្រាស់ជាគ្រឿងចក្រ គឺនៅខ្វះ! ហើយអ្នកខ្លះអាចទាក់ទងនឹងបញ្ហាផ្នែកច្បាប់ផងដែរ»។
ជាអ្នកខេត្តស្វាយរៀង យុវជនមានវ័យ២៦ឆ្នាំរូបនេះ បានលើកឡើងថា ភូមិត្រពាំងទន្ទឹម ជាភូមិសាស្រ្តរ៉ែមាស (តំបន់ភ្នំលុង) និងជាតំបន់ដែលសម្បូររ៉ែមាសនិងរ៉ែដែក ហើយជាតំបន់សេដ្ឋកិច្ចមួយដែលប្រជាពលរដ្ឋងាយស្រួលក្នុងការស្វែងរករ៉ែ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបែបលក្ខណៈគ្រួសារ។ បន្ថែមពីនេះ លោកថា អនាគតតំបន់រុករករ៉ែមាសនេះនឹងក្លាយទៅជាកន្លែងខ្សោះជីជាតិ ព្រោះដីទាំងនោះមិនអាចធ្វើកសិកម្មបានទៀតនោះទេ មានតែថ្មនិងរណ្តៅដី។
លោក ឆន់ វីរៈ និយាយថា៖ «ផលប៉ះពាល់ហ្នឹង គឺទៅលើកត្តាភូមិសាស្រ្ត ដូចជាការធ្វើឱ្យបញ្ហាដីហ្នឹង ដីដែលយើងអាចធ្វើកសិកម្មបានទៅជាដីដែលមានការខូចខាតបាត់បង់នូវជីជាតិ»។
មិនខុសគ្នានេះដែរ កញ្ញា សៀក គឹមហុង និយាយថា ផលប៉ះពាល់នៃសារធាតុបារ៉ត និងសារធាតុគីមី បាននឹងកំពុងបំផ្លាញដីនិងទឹកនៅទីនេះ ជាពិសេសសុខភាពលរដ្ឋដែលប្រកបរបររុករករ៉ែមាស។
កញ្ញានិយាយថា៖ «ទី១ ផលប៉ះពាល់ទៅលើដី ទី២ ផលប៉ះពាល់ទៅលើទឹក ទី៣ ការសាយភាយសារធាតុគីមីធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពពួកគាត់[ពលរដ្ឋ]»។
យ៉ាងណាមិញ យុវតីវ័យ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រូបនេះ បានស្នើទៅដល់រាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធ គួរមានវិធានការចុះអនុវត្តច្បាប់និងពង្រឹងការអនុវត្តច្បាប់ទៅដល់ក្រុមហ៊ុនរុករករ៉ែមួយចំនួន និងពន្យល់ណែនាំទៅដល់ពលរដ្ឋបន្ថែមទៀតជុំវិញការប្រើប្រាស់សារធាតុគីមីដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។
កញ្ញា សៀក គឹមហុង ស្នើថា៖ «សូមឱ្យខាងរដ្ឋាភិបាលជួយពិនិត្យ ក៏ដូចជាពង្រឹងការអនុវត្តច្បា ប់ដើម្បីឱ្យពួកគាត់យល់ដឹងពីផលប៉ះពាល់ទៅនឹងការប្រើប្រាស់សារធាតុគីមីលើការជីករករ៉ែ»។
ពាក់ព័ន្ធនឹងរឿងនេះ មេភូមិត្រពាំងទន្ទឹម លោក អ៊ុក ង៉ា បានឱ្យដឹងថា ពលរដ្ឋប្រកបមុខរបររុករករ៉ែមាស មានជាង ៣០ភាគរយ ក្នុងចំណោមពលរដ្ឋ ៤៩២គ្រួសារ រស់នៅក្នុងភូមិត្រពាំងទន្ទឹមនេះ។ លោកបន្ថែមទៀតថា ពលរដ្ឋភាគច្រើនមិនសូវយល់ដឹងឱ្យស៊ីជម្រៅអំពីបញ្ហាការប្រើប្រាស់បារ៉តនិងសារធាតុគីមីនោះទេ។ បន្ថែមពីនេះ លោកថា មន្រ្តីរាជរដ្ឋាភិបាលបានណែនាំអំពីបញ្ហាទប់ស្កាត់ការប្រើប្រាស់បារ៉ត និងសារធាតុគីមី ទៅដល់ពលរដ្ឋហើយ។
លោកថា៖ «បងប្អូនខ្លះ[ពលរដ្ឋ]គាត់ឈ្វេងយល់មិនទាន់ស៊ីជម្រៅទេ។ បងប្អូនខ្លះ គ្នាខ្វះខាត គ្នាចេះតែធ្វើ ការធ្វើរ៉ែហ្នឹង វាអាចប៉ះពាល់ផ្នែកសុខភាព ដូចយើងចាក់គីមី ដាក់បារ៉ត អាហ្នឹងវាប៉ះពាល់ដែរ»។
លោកបន្ថែមថា៖ «ថ្នាក់លើ[រដ្ឋ]ខាងផ្នែកសុខភាព ប្រមើលមើលថា ប្រសិនបើយើងមិនទប់ស្កាត់រឿងបញ្ហាបារ៉ត បញ្ហាជាតិគីមីអី វាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែរ»។
មេឃុំរមទម អ្នកស្រី វឹក យ៉ា មានប្រសាសន៍ថា អ្នកស្រីសប្បាយចិត្តដែលមានក្រុមយុជនចុះសិក្សាអំពីផលប៉ះពាល់នៃសារធាតុគីមី ជាដៃគូអ៊ីចឹង និងបានចូលរួមសហការទាក់ទងផលប៉ះពាល់សុខភាពពលរដ្ឋ បរិស្ថាន និងរួមសហការគ្នាទប់ស្កាត់ផលប៉ះពាល់នៃការប្រើបារ៉ត សារធាតុគីមីបន្ថែមទៀត។ យ៉ាងណាមិញ អ្នកស្រីនៅតែបារម្ភពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមីនិងបារ៉តរបស់ពលរដ្ឋមួយចំនួនដែលគេនៅតែបន្តប្រើដើម្បីរុករករ៉ែមាស ដោយមិនគិតពីផលប៉ះពាល់ទាល់តែសោះ។
អ្នកស្រីថា៖ «បច្ចុប្បន្ននៅតែប្រើប្រាស់បារ៉ត សារធាតុគីមី ខ្ញុំយល់ថាវារងផលប៉ះពាល់ណាស់ហើយគាត់ប្រើអាហ្នឹង[បារ៉ត គីមី] វាប៉ះពាល់ហ្នឹងឯង។ ប៉ុន្តែខ្ញុំមិនដឹងធ្វើម៉េច! បើគាត់[ពលរដ្ឋ]នៅតែប្រើអ៊ីចឹងឯង។ ក្នុងនាមយើងអាជ្ញាធរ ប៉ុន្មានថ្ងៃនេះ បានដើរកម្ទេចចោលអស់ខ្លះហើយ»។
ដោយឡែកមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការរុករករ៉ែមាសលក្ខណៈគ្រួសារបែបនេះ អាចនឹងធ្វើឱ្យធនធានធម្មជាតិដ៏កម្រនេះវិនាសហិនហោច។ ប្រភពបន្តថា ប្រសិនបើរាជរដ្ឋាភិបាលមិនមានចំណាត់ការ មិនបានចាត់វិធានការគ្រប់គ្រង និងធ្វើការចាត់ចែងបែងចែកឱ្យបានច្បាស់លាស់ទេនោះ។
លោកថា៖ «ការប្រើប្រាស់សារធាតុគីមីក្នុងការធ្វើអាជីវកម្មរ៉ែមាសនេះ វាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះ ព្រៃឈើ ជាពិសេសគឺប៉ះពាល់ដល់ការបំពុលប្រភពទឹក វាអាចនឹងជះឥទ្ធិពលដល់សុខុមាលភាពមនុស្សនិងសត្វផងដែរ»។
បន្ថែមពីនេះ លោកថា រាជរដ្ឋាភិបាលគួរមានវិធានការ ធ្វើការបែងចែក និងគ្រប់គ្រងឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការនាំឱ្យវិនាសដល់ធនធានដ៏មានតម្លៃ និងទប់ស្កាត់កុំឱ្យមានការបំពុលដល់ធ្ងន់ធ្ងរដល់ធនធានជីវចម្រុះ និងសុខុមាលភាពពលរដ្ឋមូលដ្ឋាន។
យោងតាមរបាយការណ៍ស្តីពី«ទំនោរបច្ចុប្បន្ននៃផលប៉ះពាល់លើសង្គមនិងបរិស្ថានពីអាជីវកម្មរ៉ែនៅកម្ពុជា» ដែលធ្វើការសិក្សាដោយអង្គការបណ្តាញផលប៉ះពាល់សង្គមនិងបរិស្ថាន បានចេញផ្សាយកាលពីឆ្នាំ២០១១ បានឱ្យដឹងថា ការធ្វើអាជីវកម្មយករ៉ែនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលរងនូវការប៉ះពាល់ផ្នែកសុខភាព ដូចជាធ្វើឱ្យមានជំងឺសើស្បែក រួមទាំងការប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ថែមទាំងធ្វើឱ្យខូចគុណភាពដីដែលមិនអាចបង្កបង្កើនផលផងដែរ៕