យុវជននាំគ្នារិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គម និងយុវជន ជាពិសេសការផលិតវីដេអូដែលមិនបានគិតពីចំណុចអវិជ្ជមាន ខណៈអ្នកលេងបណ្ដាញសង្គមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់លើករណីនេះ រីឯអ្នកជំនាញយល់ឃើញថាការណ៍នេះធ្វើឱ្យបញ្ហាសីលធម៌ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត។
បើតាមយុវតី សាន ស្រីណែត អាយុ២២ឆ្នាំ និងជានិស្សិតម្នាក់ បានលើកឡើងថា ខ្លួនមិនគាំទ្រចំពោះការបង្កើតមាតិកាណាដែលវាមិនបានផ្ដល់ផលប្រយោជន៍ណាមួយដល់យុវជន និងសង្គមជាតិ ប៉ុន្ដែគ្រាន់តែរកលុយខ្លួនឯងសោះ បែរជាបង្កផលប៉ះពាល់ជាច្រើនទៅវិញ។
និស្សិតវ័យក្មេងរូបនេះបន្ដថា៖ «សម្រាប់ខ្ញុំ គឺមិនពេញចិត្តការបង្កើតមាតិកាបែបអ៊ីចឹងៗទេ ព្រោះវាមិនបានជះផលល្អដល់យុវជនឡើយ មានតែបំពុលសង្គមថែម»។
យុវតី ស្រីណែត បន្ដថា មាតិកាល្អៗច្រើនណាស់ដែលគួរធ្វើ សម្រាប់ក្មេងជំនាន់ក្រោយយកគំរូតាម ហើយកុំគិតថាផលិតមាតិកាអ៊ីចឹងៗមកគ្រាន់ទស្សនាកម្សាន្តកែអផ្សុក មាតិកាមានច្រើនម៉េចមិនធ្វើ មិនត្រឹមតែបន្ទាបតម្លៃខ្លួនឯងទេ ថែមទាំងលក់មុខសង្គមជាតិខ្លួនឯងទៀត។
ស្រីណែត ថា៖ «សម្រាប់ខ្ញុំ គឺមិនគាំទ្រទេ»។
កាលពីពេលថ្មីៗនេះ ស្រី្ដមា្នក់មានឈ្មោះថា បូរិន និងមានឈ្មោះក្រៅហៅថា «យាយអំបិលម្ទេស» ដែលគេដឹងថាជាអ្នកបង្កើតមាតិកាដើម្បីបង្ហោះក្នុងយូធូប និងហ្វេសប៊ុកក្នុងចេតនារកលុយ ត្រូវបានមហាជនជាច្រើននាំគ្នាចែកចាយវីដេអូដែលស្រ្ដីរូបបានស៊ីពោះវៀនម៉ូតូ និងដុំឥដ្ឋ ជាមួយអំបិលម្ទេស។ ពលរដ្ឋបានរិះគន់ និងស្នើទៅដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដោយពួកគាត់អះអាងថា សកម្មភាពរបស់ស្រ្តីរូបនោះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសីលធម៌សង្គមធ្លាក់ចុះ និងជះឥទ្ធិពលមិនល្អដល់យុវជន និងពលរដ្ឋកម្ពុជា រហូតសារព័ត៌មានប្រទេសថៃបានយកទៅចុះផ្សាយថែមទៀតផង។
ស្រដៀងគ្នានេះដែរ យុវតី យ៉ាត់ ម៉ាឡៃ អាយុ២១ឆ្នាំ និងជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា បានចាត់ទុកថា ការបង្កើតមាតិកាបែបស៊ីស្បែកជើង ស៊ីដុំឥដ្ឋ ស៊ីពោះវៀនកង់ និងអាចម៍គោ ជាដើម វាបានបង្កបញ្ហាជាច្រើនដល់ក្មេងៗ យុវជនដែលរស់នៅក្នុងសង្គមបានរងឥទ្ធិពលអាក្រក់ទាំងអស់ ជាពិសេសបញ្ហាមុខមាត់ប្រទេសជាតិថែមទៀតផង។
ម៉ាឡៃ បន្ដថា៖ «ខ្ញុំមិនគាំទ្រទេបង ព្រោះវាជះបញ្ហាអវិជ្ជមានជាច្រើនណាស់។ បើគ្រាន់តែសុំទោស ចប់រឿងគឺមិនកើតទេ! ព្រោះសម្រាប់គាត់ មិនមែនជាលើកទី១នោះទេបង គឺច្រើនសាហើយ រហូតដល់សារព័ត៌មានថៃគេចុះផ្សាយ»។
បើតាមលោក សំបូរ មាណ្ណារ៉ា អ្នកជំនាញប្រវត្ដិសាស្រ្ដ និងជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងថា ការបង្កើតមាតិការឿងនេះថាតើក្នុងចេតនាអីឱ្យបា្រកដ ពីព្រោះវាមិនមែនជារឿងល្អសម្រាប់សង្គមជាតិឡើយ និងថែមធ្វើឱ្យសីលធម៌កាន់តែធ្លាក់ចុះដោយសារទង្វើខ្វះការពិចារណារបស់បុគ្គលមួយចំនួនបែបនេះ។
លោកបន្ដថា៖ «សីលធម៌ធ្លាក់ចុះ ដោយសារតែធ្វើអីមួយមិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយ។ ហើយការបង្កើតមាតិកាអស់ហ្នឹងហើយ ក៏ជាការរួមចំណែកក្នុងការធ្វើឱ្យសីលធម៌ធ្លាក់ចុះដែរ»។
ក្រោយមានការរិះគន់ពីមហាជននៅតាមបណ្ដាញសង្គមមក ស្រ្ដីឈ្មោះ បូរិន ឬក៏គេហៅថា យាយអំបិលម្ទេស ដែលជាអ្នកប្រព្រឹត្ដ បានចេញវីដេអូសុំទោសមួយ ដោយលើកឡើងថា ខ្លួនគ្មានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិនោះទេ និងបានសន្យាថានឹងមិនបង្កើតមាតិកាបែបគ្មានប្រយោជន៍បន្ដទៀតឡើយ។
ស្រ្ដីរូបនេះបន្ដថា៖ «ខ្ញុំគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិឡើយ។ ខ្ញុំសុំទោសសម្ដេចម៉ែសម្ដេចពុក និងបងប្អូនទាំងអស់ក្នុងប្រទេសកម្ពុជាផង។ ហើយខ្ញុំសុំសន្យាថាឈប់បង្កើតវីដេអូឱ្យប៉ះពាល់មុខមាត់ប្រទេសជាតិទៀតហើយ»។
យ៉ាងណាក្ដី អ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បន្ថែមពីស្រ្ដីឈ្មោះ បូរិន បានទេ។
ក្រោយពីមានការសុំទោសជាសាធារណៈពីការប្រព្រឹត្ដខុស បញ្ហានេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Nhang Sophy KH បានសរសេរថា៖ «សុំទោសរួចខ្លួន មានន័យថាប្រទេសគ្មានច្បាប់។ អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបានដាក់ជាសំណួរបន្ដថា តើប្រទេសជាតិមួយនេះលែងមានច្បាប់ទម្លាប់អស់ហើយមែនទេ បានជានាំគ្នាបំពុលសង្គមតាមតែអំពើចិត្ដដើម្បីប្រយោជន៍ខ្លួន ហើយសុំទោសរួចខ្លួន។»
លោកបន្ដថា៖ «ខ្ញុំមិនគាំទ្រទេ រាល់សកម្មភាពណាដែលបំពុលសង្គម និងប៉ះពាល់ដល់តម្លៃមុខមាត់ប្រទេសជាតិ ហើយសុំទោសរួចខ្លួន គឺមិនគាំទ្រជាដាច់ខាត»។
ជុំវិញរឿងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ក្រសួងនឹងមិនមានចំណាត់ការអ្វីនោះទេលើករណីនេះ ដោយលោកសុំមិនអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។
លោកថ្លែងថា៖ «មិនមានចំណាត់ការអីទេអូន ខ្ញុំសុំមិនអត្ថាធិប្បាយទេ អរគុណ»។
ចំណែកឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព លោក យង់ គិមអេង បានថ្លែងថា ការបង្កើតមាតិកាបែបហ្នឹង វាជារឿងអសីលធម៌របស់គាត់ និងមិនបានបង្កើតចំណេះដឹងឬក៏ប្រយោជន៍ណាមួយដល់សង្គមនោះទេ។ លោកថា ម្យ៉ាងវិញទៀត បើនិយាយពីសុខភាពវិញ គឺវាប៉ះពាល់ខ្លាំង ហើយវាអាចឱ្យយុវជនអាចនឹងយកគំរូតាម ព្រោះការបង្កើតមាតិកាអសីលធម៌បែបហ្នឹងអាចរកលុយបានច្រើន។
លោក គិមអេង បន្ដថា៖ «ខ្ញុំមើលមិនឃើញពីប្រយោជន៍ណាមួយក្នុងការបង្កើតវីដេអូស៊ីកង់ម៉ូតូ ស៊ីដុំឥដ្ឋ វាមានតែជះគំរូមិនល្អដល់សង្គម ជាពិសេសផ្នែកសីលធម៌ ជាបញ្ហាហ្នឹងតែម្ដង បាទ»៕