រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ទឹកក្នុងតំបន់ខ្លះនៃសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ និងនៅសង្កាត់តាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃទី៣ ខែមេសា ២០២៣ ដើម្បីកាត់ភ្ជាប់តំឡើងនាឡិកាទឹក និងបំពង់ចែកចាយទឹកថ្មី។
យោងតាមលិខិតពីរដាច់ដោយឡែករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានដាក់ជូនទៅអភិបាលខណ្ឌសែនសុខ និងអភិបាលក្រុងតាខ្មៅ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋាករទឹកគ្រោងផ្អាកការផ្គត់ផ្គង់ទឹកនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃទី៣ មេសា ២០២៣។
រដ្ឋាករទឹកបញ្ជាក់ក្នុងលិខិតដែលជូនទៅអភិបាលខណ្ឌសែនសុខថា រដ្ឋាករទឹកនឹងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ៨០មម ចំនួន១ទីតាំងលើចិញ្ចើមផ្លូវលេខ១១០ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី ចាប់ពីផ្លូវ២៣B ដល់ផ្លូវលេខ៣៩B ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លិខិតដដែលនោះបញ្ជាក់តាមន័យដើមថា៖ «ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០:០០យប់ ដល់ម៉ោង២៤:០០នាទី នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាតភ្ជាប់តំឡើងរួច»។
ក្នុងលិខិតដែលរដ្ឋាករទឹកជូនទៅអភិបាលក្រុងតាខ្មៅបញ្ជាក់ថា រដ្ឋាករទឹកគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម និងទំហំ១៦០មម ចំនួនបីទីតាំង។ ទីតាំងទី១ផ្លូវលេខTKM២១០ ត្រូវផ្អាកចាប់ពីផ្លូវTKM១១០ ដល់ផ្លូវលេខTKM១៨៤ ទីតាំងទី២នៅលើផ្លូវTKM២១០ ត្រូវផ្អាកចាប់ពីផ្លូវលេខTKM១៩៥ ដល់ផ្លូវលេខTKM១១៥ ទីតាំងទី៣ នៅលើផ្លូវលេខ២០១ ត្រូវផ្អាកការផ្គត់ផ្គង់ចាប់ពីផ្លូវTKM១១០ ដល់ផ្លូវTKM១៨៤នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ត្រូវផ្អាករយៈពេលប្រមាណ៤ម៉ោង ចាប់ពីម៉ោង២២:០០យប់ ដល់ម៉ោង២៤:០០។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានស្នើដល់លោកអភិបាល ជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋានដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលនៃការផ្អាកការផ្គត់ផ្គង់។
យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ឆ្នាំ២0១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញមាននិន្នាការខ្វះទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០១៦និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់នៅចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្តែងឆ្នាំ២០២៣នេះតម្រូវការទឹកបានកើនឡើងជាង៨៩ម៉ែត្រក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានប្រមាណតែ៦៤ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខ្វះទឹកផ្គត់ផ្គង់ចំនួន២៤ម៉ែត្រគូបក្នុងមួយថ្ងៃ៕