យុវជន សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានប្រមាណ២០នាក់យកលិខិតថ្វាយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ក្នុងគោលបំណងដើម្បីស្នើសុំព្រះបរមរាជានុញ្ញាតចូលគាល់ដើម្បីថ្វាយសេចក្តីកង្វល់អំពីស្ថានភាពបរិស្ថាន ព្រៃឈើ សិទ្ធិមនុស្ស។
កញ្ញា មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ថា ការជួបជុំគ្នានៅសួនវត្តបទុមវត្តីនេះ ដើម្បីដាក់លិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងចូលគាល់ដល់ព្រះមហាក្សត្រ។
កញ្ញា មាន លីសា បញ្ជាក់ថា៖ «ទាក់ទងនឹងលិខិតនេះ គឺយើងចង់បង្ហាញសារយើងក្នុងនាមជាសមាគម ជាយុវជន ជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ដែលមានបំណងចង់ចូលគាល់ព្រះមហាក្សត្រ ដោយសារតែយើងមើលឃើញថា ព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការធានាធិបតេយ្យជាតិ បូរណភាពទឹកដី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
កញ្ញាបានបន្ថែមថា៖ «ដូច្នេះគឺយើងមើលឃើញថា កន្លងមកគឺយើងអត់ដែលបានធ្វើសកម្មភាពបែបនេះនៅក្នុងជំនាន់យើង។ យើងចង់រំឮកឡើងវិញថា ព្រះអង្គនៅតែម្លប់ដ៏ល្អដល់ពួកយើង ក្នុងការដែលព្រះអង្គអាចជួយសម្រួលដល់យើង ក្នុងនាមជាសកម្មជន ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្សេងៗ ហើយយើងនឹងជម្រាបពីបញ្ហាដល់ព្រះអង្គ ក្នុងនាមយើង ដូចបានរៀបរាប់ បើសិនជាព្រះអង្គព្រះរាជានុញ្ញាតឱ្យពួកយើងចូលគាល់»។
លោក កើត សារ៉ាយ ជាសមាជិកសមាគសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរថ្លែងថា រដ្ឋធម្មនុញ្ញចែងថាព្រះមហាក្សត្រ មិនកាន់អំណាចក៏ពិតមែន ប៉ុន្តែព្រះអង្គជាអ្នកធានាគ្រប់យ៉ាង បូរណភាពទឹកដី ការឯកភាពជាតិ ការផ្សះផ្សាជាតិ ផ្សះផ្សានយោបាយ ព្រោះព្រះអង្គជាមេអគ្គបញ្ជាការកំពូល។ ប្រទេសដែលមានព្រះមហាក្សត្រ គឺតែងតែទុកព្រះមហាក្សត្រដូចជាអាទិទេព ប្រៀបដូចជាទេវតា ដែលជាម្លប់សម្រាប់ប្រជានុរាស្រ្តគ្រប់រូប។
លោកបន្តថា៖ «ដូច្នេះយើងសង្ឃឹមថា ក្រោយតែពីការដាក់លិខិតទៅព្រះកូណាហើយនេះ នឹងបានទៅដល់ដៃព្រះករុណាហើយ ព្រះករុណានឹងបានពិនិត្យនៅលិខិតនោះ ហើយនឹងអនុញ្ញាតឱ្យសង្គមស៊ីវិលយើង សកម្មជនបរិស្ថានយើង សកម្មជនសង្គមយើង បានចូលថ្វាយព្រះពរ ក៏ដូចជាបានថ្វាយអំពីបញ្ហាព្រៃឈើដែលកំពុងតែបាត់បង់ ជាពិសេសព្រៃឡង់ដែលជាព្រៃចុងក្រោយរបស់យើង កំពុងតែរងការបំផ្លាញយ៉ាងខ្លាំង »។
លោកជឿជាក់ថា ព្រះបរមនាថ សីហមុនីទ្រង់នឹងដើរតាមមាគ៌ារបស់ព្រះបិតា ព្រះបរមរតនៈកោដ្ឋសីហនុ ដែលទ្រង់តែងតែបានធ្វើជា រឿយៗ ក្នុងការលើកទឹកចិត្តឱ្យនិសិ្សតយុវជនឱ្យចូលរួមក្នុងការដោះស្រាយ បញ្ហាជាតិ លោកសង្ឃឹមថាព្រះករុណា ជីវិតតម្គល់លើត្បូង ទ្រង់អនុញ្ញាតឱ្យកល្រុមយុវជនបានចូលគាល់ទាំងអស់គ្នា។
លោក កើត សារ៉ាយ ថា កន្លងមកលោកបានដាក់លិខិតទៅកាន់ស្ថាប័នពាក់ព័ន្ធ ដូចជារឿងព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ក្រសួងកសិកម្មជាដើម ប៉ុន្តែជាលទ្ធផលមកដល់ពេលនេះ ព្រៃឈើនៅតែត្រូវបានកាប់បំផ្លាញ ចំណែកក្រសួងកសិកម្មមិនមានការលើកទឹកចិត្តឱ្យសកម្មជន ឬសង្គមស៊ីវិលចូលទៅការពារ ប៉ុន្តែបែរជាបង្ហាញថា នរណាហ៊ានចូលនឹងមានបទល្មើសទៅវិញ។
លោកបញ្ជាក់ថា៖ «អាហ្នឹងហើយដែលយើងអត់ជំនឿជឿជាក់ទៀតទេ យើងអត់មានការជឿជាក់ថា រឿងព្រៃឈើក្ដី រឿងសិទ្ធិ ការសម្តែងមតិ ដូចយុវជនគ្នាសម្តែងមតិកន្លងមកតែងតែមានការចាប់ខ្លួន យុវជនសង្គមនាំគ្នានិយាយអំពីបញ្ហាសង្គមក៏ចាប់ខ្លួន […] តែមកដល់ពេលនេះអត់ការអន្តរាគមន៍ណា ដែលចេញលទ្ធផលទេ ដូច្នេះយើងមានតែរំពឹងដល់ព្រះកូណា ដែលព្រះអង្គជាព្រះមហាក្សត្រជាម្លប់ដល់ពួកយើងជារាស្រ្ត»។
Newsroom Cambodia បានទាក់ទងទៅអ្នកនាំពាក្យព្រះបរមរាជវាំង លោក អ៊ំ ដារ៉ាវុធ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០២៣ នេះ លោកឆ្លើយថា លោកមិនមានការពាក់ព័ន្ធនឹងករណីនេះទេ ហើយលោកក៏បានប្រាប់ឱ្យទាក់ទងសួរទៅខាងរដ្ឋបាលវិញ។
រដ្ឋបាលនៅព្រះបរមរាជវាំងឆ្លើយតបដោយសុំមិនបញ្ចេញឈ្មោះថា លោកទទួលបានលិខិតហើយ និងកំពុងតែឆ្លងខាងជំនាញ និងថ្នាក់ដឹកនាំ ចំពោះការឆ្លើយតបបែបណាអាស្រ័យលើថ្នាក់ដឹកនាំ និងព្រះមហាក្សត្រ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានតួនាទីទទួលឯកសារឆ្លងថ្នាក់ដឹកនាំ និងទូលថ្វាយអ៊ីចឹង តែម៉េចទៀតខ្ញុំអត់ដឹងទេ ព្រោះខ្ញុំមិនមែនអ្នកសម្រេច»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សកម្មជនចលនាមាតាធម្មជាតិ រួមជាមួយយុវជន យុវនារី និងសហគមន៍ការពារព្រៃឈើមូលដ្ឋានប្រារព្ធពិធី «បុណ្យសព» ជូនព្រៃឈើខ្មែរ ដែលត្រូវបានកាប់យ៉ាងអនាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្នុងសកម្មភាពនេះពួកគេនាំគ្នាដើរដង្ហែរមជ្ឈូសយកទៅជូនក្រសួងបរិស្ថាន និងដង្ហែរញាត្តិដាក់ជូនលោករដ្ឋមន្ត្រីដើម្បីទាមទារឱ្យសកម្មជនបរិស្ថាន និងសហគមន៍មូលដ្ឋានអាចចូលល្បាតព្រៃឡើងវិញ ព្រមទាំងបញ្ឈប់ការគៀបសង្កត់មកលើពួកគេក្នុងការការពារព្រៃឈើខ្មែរ៕