ពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹម ខេត្តព្រះវិហារ បារម្ភពីក្រុមហ៊ុនរ៉ែមាស និងកន្លែងរុករករ៉ែមាសអនាធិបតេយ្យមួយចំនួនបានប្រើប្រាស់សារធាតុគីមីនិងបារតដើម្បីរុករករ៉ែ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថាននៅជុំវិញនោះ។
ពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹមម្នាក់ គឺលោក ទុយ ឆេង បានឱ្យដឹងថា មានក្រុមហ៊ុនធំៗចំនួនពីរ និងកន្លែងរុករករ៉ែមាសបែបអនាធិបតេយ្យជាច្រើនកន្លែងផ្សេងទៀត កំពុងប្រើប្រាស់សារធាតុបារតនិងសារធាតុគីមីដើម្បីរុករករ៉ែមាស ដែលស្ថិតនៅភូមិត្រពាំងទន្ទឹម ស្រុករវៀង ខេត្តព្រះវិហារ។ លោកបន្ថែមថា សារធាតុបារតនិងសារធាតុគីមីទាំងនោះបានសាយភាយចូលទៅក្នុងបរិវេណភូមិ ដែលអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ពលរដ្ឋរស់នៅជុំវិញនោះជាពិសេសអាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពលរដ្ឋនិងបរិស្ថាន សត្វគោ ក្របីនិងមច្ឆជាតិ ជាដើម។
លោកថា៖ «ទី១ គឺក្រុមហ៊ុន ឌែលខម ខេមបូឌា [Delcom Cambodia] និងក្រុមហ៊ុន ស៊ិន សាន [Xinshan] ថ្វីត្បិតតែឯងធ្វើទំនប់មែន ធ្វើអាងមែន ក៏ប៉ុន្តែអាសារធាតុពុលនេះជ្រាបតាមផ្លូវដង្ហើមទឹក ធ្លាក់ចូលតាមប្រឡាយ ហូរធ្លាក់ស្ទឹង។ មួយទៀតគឺនៅពេលមានភ្លៀងធ្លាក់ច្រើន ដូច្នេះវាព្រៀប[ហៀរ]ទំនប់ ឬមួយក៏ពេញហួសកម្រិត វាត្រូវហូរតាមមាត់លូដែលយើងការពារទុកកុំឱ្យបាក់ទំនប់ ដូច្នេះយើងមិនអាចទប់ជិតបានទេ»។
លោកបន្ថែមថា៖ «ដូច្នេះអាសារធាតុពុលហ្នឹងឯង គឺត្រូវតែហូរធ្លាក់ទៅ ហើយកាកសំណល់ដីគឺដឹកចេញមកពីក្រុមហ៊ុនដាក់ចោលហាលវាល មានអាចម៌ដីហ្នឹងឯងមានជាតិពុល វាមានអាស៊ីត វាមានថ្នាំអុកស៊ីត ស្អីៗសុទ្ធតែថ្នាំពុលទាំងអស់។ ម៉្លោះហើយវាហូរទៅបឹងទៅត្រពាំងទៅស្អីទាំងអស់តែម្តង។ ដូច្នេះសារធាតុពុលហ្នឹងឯងបណ្តាលឱ្យមានរោគជាច្រើន រោគផ្លូវដង្ហើមជាចម្បង ការដែលឈឺស្លាប់ អាយុខ្លីដោយពុំដឹងខ្លួនគឺងាយៗបំផុត»។
បន្ថែមពីនេះ បុរសវ័យ៦៦ឆ្នាំរូបនេះបានរៀបរាប់ថា សារធាតុគីមីនិងសារធាតុបារតជាសារធាតុម្យ៉ាងដែលអាចបំផ្លាញសុខភាពពលរដ្ឋនិងបរិស្ថានជាខ្លាំង ព្រោះវាបានជ្រាបចូលតាមប្រព័ន្ធផ្លូវទឹកនិងអាកាសដែលចេញមកខាងក្រៅ បើទោះបីក្រុមហ៊ុនបានទុកដាក់វាយ៉ាងមានសុវត្ថិភាពហើយក៏ដោយ។ ប្រភពបន្តថា សារធាតុគីមីនេះអាចបំប្លែងចេញសាយភាយទៅតាមទិសទាំងបួនតាមរយៈខ្យល់អាកាស ដូច្នេះវាអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វជាច្រើន ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានល្អប្រសើរជាងនេះ។
លោក ទុយ ឆេង និយាយថា៖ «សារធាតុគីមី វាមានផលប៉ះពាល់ច្រើនណាស់ ទី១ គឺសុខភាពមនុស្ស ដូច្នេះបង្ហើរនូវខ្យល់អាកាសក្នុងមួយថ្ងៃហ្នឹងឯង វាបក់វិលជុំទាំងបួនទិស អ៊ីចឹងរឿងសារធាតុពុលហ្នឹងឯង វាអាចហើរចូលទៅបាន ថ្វីដ្បិតតែមានការទុកដាក់ដោយសុវត្ថិភាពមែន ក៏ប៉ុន្តែអាសារធាតុហ្នឹងឯង[សារធាតុគីមី] វាបានបំប្លែងទៅតាមខ្យល់ ដូច្នេះគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋមិនមែនតែអ្នករស់នៅជិតហ្នឹងទេ វាប៉ះពាល់ទៅតាមផ្លូវទឹកផ្លូវអាកាស»។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅភូមិរំដេងម្នាក់ទៀត គឺលោក សាំង ផែង និយាយថា សារធាតុគីមីជាសារធាតុពុល អាចបំផ្លាញសុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកបន្ថែមថា ដូច្នេះកុំបណ្តែតបណ្តោយវាឱ្យសោះ ត្រូវមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត ព្រោះវាអាចប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថានដែលនៅជុំវិញនោះ។
លោកថា៖ «សារធាតុគីមីនិងបារតហ្នឹងប៉ះពាល់ទី១ សុខភាពពលរដ្ឋរស់នៅជុំវិញហ្នឹង ទី២ ប៉ះពាល់ទៅដល់មច្ឆជាតិ មានត្រីអ្វីជាដើម ហើយដូចជាសត្វ ដូចជាព្រៃឈើអីហ្នឹង វាអាចបាត់បង់ដែរ»។
លើសពីនេះ បុរសមានវ័យ៦១ឆ្នាំរូបនេះបានលើកឡើងអំពីបញ្ហាផលប៉ះពាល់នៃសារធាតុបារតនិងសារធាតុគីមីយ៉ាងដូច្នេះថា សារធាតុនេះវាអាចបណ្តាលឱ្យកើតមានជំងឺសើស្បែក និងជំងឺកមរមាស់ ជាដើម។ លោកបន្ថែមថា បច្ចុប្បន្ននេះ ពលរដ្ឋមិនសូវហ៊ានបណ្តែតបណ្តោយឱ្យកូនចៅទៅលេងទឹកខាងក្រៅ ឬឱ្យទឹកគោក្របីតាមអូរ បឹង និងស្ទឹង ដូចមុនៗទៀតនោះទេ ព្រោះបារម្ភពីបញ្ហាសារធាតុពុលនៅក្នុងទឹកនោះ។
លោក សាំង ផែង និយាយថា៖ «ហើមពោះ កើតកមរមាស់ បើយើងងូតទឹកហ្នឹងផ្ទាល់ វាអាចកើតជំងឺកមរមាស់។ ហើយពលរដ្ឋយើងមិនសូវហ៊ានឱ្យទឹកគោក្របីទៀតទេ បើគេខ្លាចអាសារធាតុទាំងអស់ហ្នឹងជាដើម»។
ពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹមម្នាក់ទៀត គឺលោក យឹម អៀន បានសម្តែងការព្រួយបារម្ភថាសារធាតុបារតនិងសារធាតុគីមីទាំងនេះបានគ្របដណ្តប់ពាសពេញភូមិ ព្រោះមានក្រុមអនាធិបតេយ្យជាច្រើនបានប្រើប្រាស់សារធាតុបារតដើម្បីរុករករ៉ែមាសជុំវិញភូមិតែម្តង។ លោកបន្តថា ការព្រួយបារម្ភពីបញ្ហានៃផលប៉ះពាល់ទាំងនេះ លោកធ្លាប់បានរាយការណ៍ជូនមន្រ្តីថ្នាក់មូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយជាច្រើនដង ប៉ុន្តែជាលទ្ធផលមិនទទួលបានដំណោះស្រាយណាមួយនោះទេ។
លោកនិយាយថា៖ «ខ្ញុំព្រួយបារម្ភណាស់ បើគីមីគ្រប់កន្លែងយ៉ាងនេះ បើក្រុមហ៊ុនចិនមានពេញភូមិហ្មង ខ្ញុំព្រួយបារម្ភណាស់ ធ្លាប់រាយការណ៍ទៅប៉ុស្តិ៍ [នគរបាលរដ្ឋបាល] ប៉ុស្តិ៍គេអត់មានចេញដីកាអីឱ្យបិទផង។ ហើយឥលូវមួយគ្រួសារ ផ្ទះមួយ ធ្វើមួយកន្លែងៗ [រុករករ៉ែមាស] ធ្វើឯង រហូតនេះគីមីពេញមួយភូមិ»។
បន្ថែមពីនេះ លោកស្នើទៅរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត គួរមានវិធានការបង្ក្រាបនិងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពជាងនេះ ដើម្បីជាទំនុកចិត្តដល់ពលរដ្ឋ និងធានាបានថាមិនមានបញ្ហានេះកើតឡើងបន្តទៀត ព្រោះកន្លងមកមន្រ្តីថ្នាក់ក្រោមមួយចំនួនរបស់រដ្ឋាភិបាលហាក់ព្រងើយកន្តើយចំពោះបញ្ហានេះ។
លោក យឹម អៀន ស្នើថា៖ «ខ្ញុំចង់ស្នើថា ធ្វើម៉េចឱ្យបានជួយមកទប់ស្កាត់ផង លោករដ្ឋាភិបាលអ្វីហ្នឹង ហើយចង់ឱ្យបានដឹងទៅដល់ខាងលើដែរ [រដ្ឋាភិបាល] ព្រោះខាងមន្រ្តីថ្នាក់ក្រោមៗនេះ ប្រាប់ហើយ នៅអត់មានការធ្វើវិធានការអ្វី ទប់ស្កាត់អីឱ្យមានប្រសិទ្ធភាពអ៊ីចឹង»។
ពាក់ព័ន្ធនឹងរឿងនេះ គេហទំព័រសារព័ត៌មាន Newsroom Cambodia មិនអាចសុំការបកស្រាយជុំវិញការព្រួយបារម្ភរបស់ពលរដ្ឋពីតំណាងក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) លោក សរ សេរីវិចិត្រ បាននោះទេ នៅថ្ងៃទី២៨ មីនា ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។
ចំណែកមេភូមិត្រពាំងទន្ទឹម លោក អ៊ុក ង៉ា បានឱ្យដឹងថា លោកធ្លាប់បានចេញមុខតស៊ូមតិជាមួយក្រុមហ៊ុនទាំងពីរនោះម្តងជាពីរដងដែរ ជុំវិញការប្រើប្រាស់សារធាតុបារតនិងសារធាតុគីមី ប៉ុន្តែខាងក្រុមហ៊ុនមិនអនុញ្ញាតឱ្យលោកចូលទៅក្នុងក្រុមហ៊ុនដើម្បីបានយល់ដឹងបន្ថែមនោះទេ។ លោកបន្ថែមថា ជាក់ស្តែង កាលពីខែវស្សាឆ្នាំទៅ មានករណីគោក្របីអ្នកភូមិស្លាប់ដោយសារធាតុគីមីនោះផងដែរ។
លោកថា៖ «កន្លងមក ខ្ញុំធ្លាប់ចេញមកតស៊ូមតិដែរអារឿងទឹកពុលអ្វីហ្នឹង ខ្ញុំតស៊ូមតិអារឿងចាក់បារត ចាក់គីមីអីហ្នឹង ព្រោះវាខ្យល់ភាយ រីកសាយភាយ ប៉ះពាល់ដល់គោ ក្របី មនុស្ស និងសុខភាពទាំងអស់នោះឯង»។
លោកបន្ថែមថា៖ «កាលពីខែវស្សា មានមួយចំនួនគោ ក្របី ស្លាប់ដោយសារសារធាតុគីមី»។
ឆ្លើយបតទៅនឹងបញ្ហានេះ អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានធ្វើការបដិសេធយ៉ាងខ្លីថា មិនមានករណីដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាបបញ្ហាទាំងនេះគ្រប់ពេលវេលា។
លោកថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះ រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលខេត្ត បានចុះបង្រ្កាបជារឿយៗដង អត់មានប្រជាពលរដ្ឋណាប្រើសារធាតុគីមីនោះទេ»។
យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការប្រើប្រាស់សារធាតុគីមី និងបណ្ដែតបណ្ដោយឱ្យមានការសាយភាយជះឥទ្ធិពលដល់សុខុមាលភាពពលរដ្ឋ ប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ និងការបំពុលបរិស្ថាន គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះមុខច្បាប់ជាធរមាន។ លោកបន្តថា ទាំងអស់នេះជាកាតព្វកិច្ចរបស់អាជ្ញាធរ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងធានាក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
លោកថា៖ «អាជ្ញាធរ រដ្ឋាភិបាលត្រូវធ្វើសវនកម្មក្រុមហ៊ុនទាំងនោះ ដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយបើកឱ្យមានការចូលរួមពីសាធារណជន ដូចជាអ្នកសារព័ត៌មាន សកម្មជន អ្នកសិក្សាស្រាវជ្រាវ ដើម្បីបង្ហាញពីភាពច្បាស់លាស់របស់ក្រុមហ៊ុន»។
លោកបន្ថែមថា៖ «បើរកឃើញថាក្រុមហ៊ុនពិតជាបានបណ្ដែតបណ្ដោយឱ្យសារធាតុគីមីសាយភាយ ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពមនុស្សសត្វ និងបរិស្ថាន ពិតមែន រដ្ឋាភិបាលត្រូវចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះក្រុមហ៊ុន ឬដកអាជ្ញាបណ្ណក្រុមហ៊ុនតែម្ដង»។
យោងតាមរបាយការណ៍ស្តីពី «ទំនោរបច្ចុប្បន្ននៃផលប៉ះពាល់លើសង្គមនិងបរិស្ថានពីអាជីវកម្មរ៉ែនៅកម្ពុជា» ដែលធ្វើការសិក្សាដោយអង្គការបណ្តាញផលប៉ះពាល់សង្គមនិងបរិស្ថាន បានចេញផ្សាយកាលពីឆ្នាំ២០១១ ឱ្យដឹងថា ការធ្វើអាជីវកម្មយករ៉ែនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលរងនូវការប៉ះពាល់ផ្នែកសុខភាព ដូចជាធ្វើឱ្យមានជំងឺសើស្បែក រួមទាំងការប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ថែមទាំងធ្វើឱ្យខូចគុណភាពដីដែលមិនអាចបង្កបង្កើនផលផងដែរ៕