យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។
យុវតី នៅ ស្រីនិច្ច ជានិស្សិតនៃសាកលវិទ្យាល័យមួយក្នុងខេត្ដបាត់ដំបង បានលើកឡើងថា បញ្ហានយោបាយ វាជារឿងស៊ីជម្រៅ និងមានអ្វីៗជាច្រើនដែលយុវជនត្រូវការរៀនសូត្រ។ ការចូលរួមកិច្ចការនយោបាយនេះ គឺជាកាតព្វកិច្ចរបស់យុវជន និងពលរដ្ឋដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ កញ្ញាថា កាលណាយុវជន និងពលរដ្ឋមិនបានចូលរួមឱ្យបានយល់ស៊ីជម្រៅលើនយោបាយ គឺងាយនឹងរងគ្រោះណាស់។ ស្ថិតក្នុងវ័យ២១ឆ្នាំ កញ្ញា ស្រីនិច្ច បានមើលឃើញថា ក្នុងជីវភាពនយោបាយក្នុងប្រទេសកម្ពុជាហាក់មានស្រ្ដីតិចតួចបំផុតបើគិតជាភាគរយ។ កញ្ញាថា ក្នុងនាមជាយុវតីម្នាក់ កញ្ញាចង់រៀនសូត្រឱ្យបានច្រើនពីនយោបាយ ជាពិសេសខ្លួនចង់លុបបំបាត់ពាក្យថាស្រ្ដីពុំមានសិទ្ធិស្មើបុរសក្នុងឆាកនយោបាយ និងចង់ឱ្យមានសំឡេងស្រ្ដីឱ្យបានច្រើនដូចបុរសដែរ។
កញ្ញាថា៖ «ខ្ញុំយល់ថាយុវតីមានសិទ្ធិក្នុងការជ្រើសរើសអីមួយដែលខ្លួនចង់ធ្វើ ទាក់ទងនឹងឆាកនយោបាយ។ ស្រ្ដីមាន[សិទ្ធិ]ក្នុងការឈរឈ្មោះ ឬក៏បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ឬក៏តាំងខ្លួនសម្រាប់ឱ្យគេជ្រើសរើសដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ ស្មើនឹងបុរសដែរ។ នយោបាយគឺវាចាំបាច់ខ្លាំងបំផុត ដើម្បីអភិវឌ្ឍសង្គមជាតិទៅមុខទៀត»។
កញ្ញាបានជំរុញដល់យុវជននិងពលរដ្ឋបន្ថែមថា យុវជននិងពលរដ្ឋមិនគួរមានការខ្លាចញញើតនឹងឆាកនយោបាយនោះទេ ព្រោះក្នុងសង្គមប្រជាធិបតេយ្យ គឺត្រូវការពលរដ្ឋជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ កញ្ញាថា យុវជន និងពលរដ្ឋ ត្រូវមានភាពក្លាហានក្នុងការចូលរួមតាមដាន និងឃ្លាំមើលពីស្ថានភាពប្រទេសជាតិរបស់ខ្លួនជាចាំបាច់។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
ស្រដៀងគ្នានេះ យុវតី ប្រេន សំបូរ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ម្នាក់ ផ្នែករដ្ឋបាលអប់រំ យល់ឃើញថា បញ្ហានយោបាយ ស្រ្ដីមានសិទ្ធិគ្រប់គ្រាន់ក្នុងការតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅស្មើនឹងបុរសដែរ ជាពិសេសស្រ្ដីក៏អាចក្លាយជាថ្នាក់ដឹកនាំផ្នែកនយោបាយមួយដែលមិនអាចខ្វះបាន។ និស្សិតវ័យក្មេងរូបនេះបន្ដថា ក្នុងពេលបច្ចុប្បន្ននេះ បញ្ហានយោបាយជារឿងក្ដៅ និងមិនសូវមានយុវជនចូលរួមតាមដានពិតមែន ប៉ុន្ដែខ្លួននៅតែចង់ឈ្វេងយល់ និងប្រឡូក ព្រោះចង់រៀនសូត្រឱ្យបានច្រើនក្នុងនាមជាយុវតីម្នាក់។ កញ្ញាថា កិច្ចការនយោបាយមិនមែនសំដៅលើរឿងបក្សទេ គឺគ្រប់សកម្មភាពទាំងអស់ទាំងក្នុងជីវភាពប្រចាំថ្ងៃក៏អាចចាត់ទុកថាជានយោបាយ ហើយនិយមន័យនយោបាយ វាមានន័យទូលំទូលាយ ដូច្នេះគ្មានអ្វីដែលយុវជនខ្លាចរអារនោះទេ។
កញ្ញាថា៖ «មិនថាតែនយោបាយទេ សឹងតែគ្រប់កិច្ចការទាំងអស់ គឺបុរសឈានមុខស្រ្ដីដាច់។ ខ្ញុំសំណូមពរថា ទោះបីកិច្ចការងារអីក៏ដោយ ក៏សុំឱ្យស្រ្ដីចូលរួម និងផ្ដល់ឱ្យស្រ្ដីហ្នឹងបានធ្វើការហ្នឹងដែរ»។
ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ និងជាអ្នកវិភាគនយោបាយវ័យក្មេង លោក វណ្ណ ប៊ុនណា មើលឃើញថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ននេះ គឺមានការធ្លាក់ចុះខ្លាំង គិតចាប់តាំងពីឆ្នាំ២០១៣មក។ លោកថា យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពកម្ពុជា លើយុវជនចំនួន១ ៦០០នាក់ ទូទាំងប្រទេស គឺមានយុវជនតែជាង ១០% ប៉ុណ្ណោះមានការចាប់អារម្មណ៍ពីបញ្ហានយោបាយដោយសារតែកង្វះចំណេះដឹងពីកិច្ចការងារហ្នឹង។ លោកបានឱ្យដឹងទៀតថា កង្វះការចូលរួមរបស់យុវជនហ្នឹងហើយ ដែលវាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យលូតលាស់ល្អ ព្រោះខ្វះការចូលរួមរបស់យុវជន។
ប្រភពដដែលបន្ថែមថា៖ «ពួកគាត់ខ្វះចំណេះដឹងពីនយោបាយ និងបរិយាកាសនយោបាយនៅកម្ពុជាយើងមានការរឹតត្បិតខ្លាំង ជាពិសេសមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញដល់សកម្មជនដែលពួកគាត់សកម្មក្នុងរឿងនយោបាយ ជាហេតុពួកគាត់ភ័យខ្លាច និងមិនសូវជាចង់ចូលរួមទេ»។
អង្គការតម្លាភាពកម្ពុជា (TI) បានចេញផ្សាយរបាយការណ៍ស្ទង់មតិមួយស្ដីពី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានរកឃើញថា យុវជនកម្ពុជាភាគច្រើនមិនសូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែពួកគេព្រួយបារម្ភពីសុវត្ថិភាព និងយល់ថានយោបាយគឺជារឿងគ្រោះថ្នាក់។ បញ្ហានេះធ្វើឡើងក្រោយពីអង្គការតម្លាភាពកម្ពុជា ស្ទង់មតិដោយផ្ទាល់ជាមួយយុវជនកម្ពុជាចំនួន១ ៦០០នាក់ ដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។
របាយការណ៍ស្ទង់មតិដដែលបានរកឃើញថា ក្នុងចំណោមយុវជន១ ៦០០នាក់ គឺមាន១៧ភាគរយបាននិយាយថា ពួកគេចាប់អារម្មណ៍ ឬចាប់អារម្មណ៍យ៉ាងខ្លាំងលើកិច្ចការនយោបាយ ខណៈ៨២ភាគរយនិយាយថា ពួកគេមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ។ តាមការវិភាគបង្ហាញបន្ថែមថា យុវជនដែលចាប់អារម្មណ៍លើនយោបាយ ច្រើនជាបុរសមានការអប់រំខ្ពស់ រស់នៅទីប្រជុំជន និងមានចំណូលក្នុងគ្រួសារខ្ពស់។
ការស្ទង់មតិដដែលបន្តថា នៅពេលសួរពីមូលហេតុចម្បងដែលយុវជនមិនចាប់អារម្មណ៍លើនយោបាយនោះ យុវជនពីរភាគបី (៦៦ភាគរយ) បានលើកឡើងថា ដោយសារតែពួកគេមានកង្វះខាតចំណេះដឹងអំពីនយោបាយ ខណៈពួកគេនៅក្មេងពេក និងខ្លះទៀតយល់ថានយោបាយជារឿងគ្រោះថ្នាក់។
ស្រដៀងគ្នានេះដែរ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា សម្រាប់កម្ពុជា គឺសម្បូរស្រ្ដីច្រើនជាងបុរស ប៉ុន្ដែស្រ្ដីក្នុងកិច្ចការសង្គម នយោបាយ និងស្ថាប័នរដ្ឋ ហាក់នៅតែមានកម្រិតតិចតួច។ លោកថា កម្សោយរបស់ស្រ្ដីក្នុងឆាកនយោបាយ ដោយសារមានកត្ដាជាច្រើនរារាំងស្រ្ដី រាប់ចាប់តាំងពីបញ្ហាផ្ទាល់ខ្លួន និងមិនចាប់អារម្មណ៍ក្នុងឆាកនយោបាយដោយពួកគាត់គិតថានយោបាយគឺជាកន្លែងគ្រោះថ្នាក់ ជាដើម។ លោកថា ក្នុងច្បាប់ក៏មិនមានការលើកទឹកចិត្ដឱ្យមានសមភាពយេនឌ័រក្នុងនយោបាយបានពេញលេញដែរ។ លោកបន្ដថា មិនថាតែក្នុងឆាកនយោបាយទេដែលត្រូវការចូលរួមពីយុវជន និងយុវតី គឺគ្រប់កិច្ចការសង្គមទាំងអស់ គឺត្រូវការពួកគាត់ជាចាំបាច់ ណាមួយយុវជនក៏មានចំនួនច្រើនក្នុងចំណោមពលរដ្ឋក្នុងប្រទេស។
លោកថា៖ «ដើម្បីឱ្យយុវតីក្នុងឆាកនយោបាយ ទាល់តែបណ្ដុះនិងបើកឱកាសឱ្យពួកគាត់បានរៀនសូត្រ ចូលរួម ដើម្បីឱ្យពួកគាត់ត្រៀមខ្លួនទៅប្រឡូកក្នុងឆាកនយោបាយ។ យើងឱ្យពួកគាត់នាំគ្នាជជែកពីកិច្ចការនយោបាយរបស់ជាតិ។ គ្រប់គណបក្សនយោបាយក៏គួរតែឱ្យយុវជនឈរឈ្មោះឱ្យបានច្រើន ទើបពួកគាត់អាចយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងបាន»។
មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យ គេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។ បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត៕