អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការក្រកួតកីឡាអាស៊ីអាគ្នេយ៍ បានប្រកាសពីការចូលរួម និងការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសដោយឥតគិតថ្លៃ។
ក្នុងសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់អំពីការសម្រេចចិត្តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ អំពីការចូលទស្សនាពិធីបើក-បិទ ការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យចូលទស្សនា ទាំងភ្ញៀវជាតិនិងអន្តរជាតិដោយមិនគិតថ្លៃ។
ក្នុងសេចក្ដីជូនដំណឹង ដដែលបានបន្ថែមផងដែរថា៖ «ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុងនិងក្រៅប្រទេស»។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទីមួយក្នុង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។កម្ពុជាក៏នឹងបន្ដរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕