បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ អះអាងថា មានករណីជនឆក់ឱកាសលួចចូលកាប់បំផ្លាញព្រៃឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់ អំឡុងពេលប្រជាពលរដ្ឋកំពុងរវល់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
បណ្តាញសហគមន៍ព្រៃឡង់ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក ប៉ោក ខន បានឱ្យដឹងថា ក្នុងរយៈកាលចូលឆ្នាំខ្មែរ រយៈពេល ៣ថ្ងៃកន្លងមកនេះ លោកឃើញមានជនល្មើសមួយចំនួន នៅតែបន្តឆក់ឱកាសលួចចូលទៅកាប់ឈើបំផ្លាញព្រៃឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់ ខណៈមន្រ្តីបរិស្ថាននិងប្រជាសហគមន៍រវល់ដើរលេងកម្សាន្ត។
លោកថា៖ «ពួកវា[ជនល្មើស]ឆ្លៀតពេលគេចូលឆ្នាំ ណាមួយខាងសមត្ថកិច្ចអត់សូវឡើង[ល្បាត]ម្នាក់ៗ ជាប់រវល់ចូលឆ្នាំហើយ ជនល្មើសគេឆក់ឱកាសតាមហ្នឹង[ដឹកឈើ] ហើយណាមួយបណ្តាញសហគមន៍ព្រៃឡង់យើងមិនបានសូវឡើង[ចុះល្បាត] អ៊ីចឹងគេបានឱកាសគេល្អនោះហើយដឹកឈើចេញពីតំបន់ព្រៃឡង់យើង»។
បុរសមានវ័យ ៦៧ ឆ្នាំរូបនេះ បានរាប់រៀបថា ជនល្មើសមានគ្នាពីរទៅបីនាក់ក្នុងមួយគោយន្តបាននាំគ្នាសម្រុកដឹកឈើយ៉ាងសស្រាក់សស្រាំ ចេញពីតំបន់ព្រៃឡង់ក្នុងមួយថ្ងៃ មិនក្រោមពី១០គោយន្តនោះទេ ខណៈប្រជាពលរដ្ឋមួយចំនួន និងបណ្តាញសហគមន៍ព្រៃឡង់ កំពុងមមាញឹកជួបជុំបងប្អូនកម្សាន្តលេងសប្បាយនារដូវកាលចូលឆ្នាំខ្មែរ។ បន្ថែមពីនេះ លោកសង្កេតឃើញថា ប្រភេទឈើដែលជនល្មើសលួចដឹកចេញពីតំបន់ព្រៃឡង់សុទ្ធតែជាឈើប្រណិតមានមុខកាត់ចាប់ពី ២៥សង់ទីម៉ែត្រឡើង និងមានប្រវែងចាប់ពី ៥ ទៅ ១០ម៉ែត្រ។
លោកស្វាយ សុង និយាយថា៖ «មួយគោយន្តយ៉ាងតិច ២គីប មានឈ្លីក ដួងចែម ឈើទាល ស្រឡៅ សុក្រំ មានប្រវែងឈើខ្លះ ៥ម៉ែត្រ ហើយដូចឈើទាលអីប្រវែង ៩ម៉ែត្រ ហើយឈ្លីកនិងស្រឡៅហ្នឹងនិយាយទៅអាចចាប់ពី ១០ម៉ែត្រចុះ មុខ[មុខឈើ]អាចចាប់ពី ២៥ឡើងដែរ»។
ព្រៃឡង់ មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។
ស្រដៀងគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះម្នាក់ទៀត លោក ស្វាយ សុង មានប្រសាសន៍ថា ក្រុមជនល្មើសទាំងនេះ តែងតែឆ្លៀតឱកាសធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ខណៈពេលប្រជាពលរដ្ឋ និងបណ្តាញសហគមន៍ព្រៃឡង់ រវល់មិនបានចុះល្បាត ឬរវល់ជាប់កម្មវិធីបុណ្យទានផ្សេងៗ។
លោកនិយាយថា៖ «នៅរដូវកាលចូលឆ្នាំហ្នឹង ខ្ញុំឃើញគេដឹកតាមផ្លូវហ្នឹងមានគោយន្តដឹកក្តារផង ដឹកឈើផងហើយ នឹងមានអារ៉ឺម៉កទាញឈើវែងៗប្រភេទឈើសន្លឹកហ្នឹងមួយថ្ងៃពីរឃើញម្តងៗ តែមិនសូវហូរហែដូចមុនចូលឆ្នាំទេ»។
លោកបន្ថែមថា៖«ម្យ៉ាងទៀតវាខ្លាំងត្រង់តាលេថង[ត្រាក់ទ័រ]ដឹកអុសឡរហ្នឹង គឺរាល់ថ្ងៃរាល់យប់ហើយគ្មានទំនេរទេ ឈើពីព្រៃឡង់ហ្នឹងម៉ង»។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះម្នាក់ទៀត លោក កឹម សុខន បង្ហាញការសោកស្តាយក្រោយឃើញជនល្មើសបានឆ្លៀតឱកាសសំរុកកាប់បំផ្លាញព្រៃឈើនៅរដូវបុណ្យទានបែបនេះ។ លោកថា បច្ចុប្បន្ន អាកាសធាតុប្រែប្រួលខ្លាំង អាចបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ ដូច្នេះគួររួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើឱ្យបាន ដើម្បីបញ្ចៀសការប្រែប្រួលអាកាសធាតុបន្តទៀត។
លោកថា៖ «ចិត្តខ្ញុំ ខ្ញុំស្រឡាញ់ព្រៃឈើស្មើនឹងជីវិតខ្ញុំអ៊ីចឹង។ បើការពារព្រៃឈើបានបរិស្ថាន ក៏វានៅស្ថិតថេរជួយការពារអាកាសមិនឱ្យក្តៅ មិនមានគ្រោះទឹកជំនន់ មិនមានការបម្រែបម្រួលអាកាស ពលរដ្ឋណាមិនចង់បាន»។
លោកបន្ថែមថា៖ «សព្វថ្ងៃនេះ អស់ពីព្រៃឈើ ឃើញអត់ អាកាសធាតុក្តៅ ព្យុះកណ្តាក់ ទឹកជំនន់បម្រែបម្រួលអាកាសធាតុរហូត។ អ៊ីចឹងហើយបានជាខ្ញុំមានការសោកស្តាយណាស់ ខំការពារព្រៃឈើដែរ តែបើគេនៅតែកាប់បំផ្លាញអ៊ីចឹង។ ធ្វើម៉េច! មានតែតាមហ្នឹង»។
លោកបានស្នើទៅមន្រ្តីរាជរដ្ឋាភិបាល ជាពិសេសមន្រ្តីបរិស្ថាន គួរមានវិធានការច្បាប់ឱ្យបានតឹងរឹងជាងនេះបន្ថែមទៀត ដើម្បីធានាបានថាព្រៃឈើអាចនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។
លោកបន្ថែមទៀតថា៖ «ប្រសិនបើយើងបំផ្លាញប៉ុណ្ណឹងហើយ យើងឈប់បំផ្លាញបន្តទៅទៀតទៅឈើទាំងអស់ហ្នឹងវាអាចដុះឡើងវិញ ចាត់វិធានការបន្ថែមទៅការពារបានហើយព្រៃឈើ»។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ដួងសាវុធ បានបដិសេធយ៉ាងខ្លីថា មិនមានករណីជនល្មើសចូលកាប់បំផ្លាញព្រៃឈើនៅរដូវបុណ្យចូលឆ្នាំ ដូចការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់នោះទេ។
លោកថា៖ «ជាជំហររបស់ខ្ញុំ[ប្រធានមន្ទីរបរិស្ថាន]ត្រូវតែបង្រ្កាបបទល្មើសទាំងអស់ មិនឱ្យឮតែគេថាទេ ប្រាប់មកបទល្មើសកន្លែងណា យើងទៅបង្រ្កាប នេះជាជំហររបស់ខ្ញុំប្រធានមន្ទីរ»។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា មិនអាចសុំការបកស្រាយជុំវិញរឿងនេះបានទេ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។
យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ នៅខាងភូមិសាស្រ្តខេត្តក្រចេះ ពិតជារងការកាប់បំផ្លាញដូចការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់ពិតមែន។ លោកបន្តថា បញ្ហាបទល្មើសព្រៃឈើនៅតំបន់នេះ កំពុងរងការបំផ្លិតបំផ្លាញជាខ្លាំង ជាពិសេសប្រភេទឈើល្អៗ ដូចជា ឈ្លីក ឈើទាល សុក្រំ ជាដើម។
លោកថា៖ «បញ្ហាបទល្មើសនៅក្នុងតំបន់ព្រៃឡង់ភូមិសាស្រ្តខេត្តក្រចេះនេះ ស្ថិតនៅក្នុងស្ថានភាពគំរាមគំហែងខ្លាំងមែនទែន មិនថាប្រភេទឈើឈ្លីក ដើមឈើទាល និងដើមសុក្រំដូចគ្នា គឺកំពុងរងការគំរាមគំហែងខ្លាំង»។
បន្ថែមពីនេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) រូបនេះចង់ឃើញការអនុវត្តច្បាប់របស់រដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធឱ្យមានប្រសិទ្ធិភាពជាងនេះបន្ថែមទៀត និងផ្តល់សិទ្ធិសេរីភាពឱ្យក្រុមសកម្មជន ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជាពិសេសបណ្តាញសហគមន៍ព្រៃឡង់ផ្ទាល់ បានចូលរូមចុះល្បាត និងចូលរួមថែរក្សាការពារបរិស្ថានទាំងអស់គ្នា។ លោកបន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ជាខែលការពារដ៏រឹងម៉ាំ និងមានប្រសិទ្ធិភាពក្នុងការចូលរួមទប់ស្កាត់បទល្មើសជាក់ស្តែងក្នុងតំបន់ព្រៃឡង់នេះ។
លោកអូត ឡាទីន និយាយថា៖ «ច្បាប់គឺជាខែល និងជារនាំងដ៏មានប្រសិទ្ធភាព ប្រសិនជាយើងធ្វើការអនុវត្តវាឱ្យបានចំគោលដៅ មានភាពល្អប្រសើរនោះ វាជាខែលមានប្រសិទ្ធិភាពក្នុងការការពារព្រៃឈើហើយ[…]ខែលមួយទៀតគឺបណ្តាញសហគមន៍ព្រៃឡង់ និងប្រជាពលរដ្ឋមូលដ្ឋានដែលគាត់រស់នៅជុំវិញនោះផ្តល់សិទ្ធិសេរីភាពឱ្យគាត់ឱ្យបានពេញលេញ គាត់ចូលរួមចំណែកនៃការការពារ រួមចំណែកធ្វើការរាយការណ៍ពីបញ្ហាដែលកំពុងតែកើតមាន ហើយអាជ្ញាធរត្រូវចុះធ្វើកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលទៅ ទាំងនេះជាខែលការពារព្រៃឡង់ហើយ»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បង្ហាញថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕