ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅតែមានជំនឿជឿទៅលើការសែនកាត់ឆុងដែលបានគោរពនិងជឿតៗគ្នា។ ឥទ្ធិពលនៃជំនឿនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្លះមានភាពមិនស្រណុកកាយ ឬសប្បាយចិត្តឡើយប្រសិនបើពួកគេមិនបានធ្វើតាមរបៀបដែលបុគ្គលមានឥទ្ធិពលនៃជំនឿនោះបានផ្សព្វផ្សាយ។

ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣មានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទៅសែនកាត់ឆុងនៅតាមទីតាំងមួយចំនួនដែលមានដូចជា វិហារលោកតាព្រះចៅ(វត្តភ្នំ) ឬវិហារលោកតាព្រះចៅ (តាង៉ូវ-ជិតសាលាសង្កាត់និរោធ) ឬក៏អាចទៅសែនតាមវិហារអ្នកតាចិនណាដែលមានរូបសំណាក សត្វខ្លា(អ្នកតាខ្លា) ហើយពួកគេជឿថាបើរូបសំណាកខ្លានោះស្ថិតនៅក្នុងវត្តអារាមទៀតកាន់តែស័ក្តិសិទ្ធិ។

ចំពោះសំណែនដែលត្រូវយកទៅសែននោះមានដូចជា ពងមាន់ឬពងទា ចំនួន៣ ឬ៥គ្រាប់ និងសាច់ជ្រូកឆៅ ៣ជាន់ និងក្រូចខ្វិតចំនួន១២ផ្លែ។

តាមរយៈនៃជំនឿដែលបានធ្វើតៗគ្នាមកនេះប្រជាពលរដ្ឋដែលហ៊ានចំណាយទាំងពេលវេលានឹងទ្រព្យសម្បត្តិរបស់ពួកគេទៀតនោះព្រោះពួកគេយល់ថានៅពេលដែលធ្វើត្រូវតាមពិធីសែនកាត់ឆុងរួចរាល់ពួកគេនឹងរួចផុតពីគ្រោះភ័យទាំងឡាយដែលបម្រុងកើតមានទៅលើជីវិតរបស់ពួកគេ។

ការសែនកាត់ឆុងគឺជារឿងដែលពលរដ្ឋខ្មែរមួយចំនួនបានគោរពនឹងជឿ។ ប៉ុន្តែមានពលរដ្ឋខ្លះដែលមិនមានជំនឿពួកគេយល់ថាការធ្វើបែបនេះគឺមិនមានផលប្រយោជន៍អ្វីឡើយ។ ព្រោះពួកគេយល់ថាមិនមានហេតុផលអ្វីដែលថាខែឆ្នាំរបស់ពួកគេកើតឆុងនោះទេ ដោយអ្នកទាំងនោះយល់ថាថ្ងៃខែឆ្នាំគ្រាន់តែជាការកំណត់ចំណាំពេលវេលាប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថាការជឿទៅលើជំនឿផ្សេងៗមិនមែនមានត្រឹមសម័យបច្ចុប្បន្ននេះពោលគឺមានតាំងពីសម័យមុនមកម្លេះគ្រាន់តែពិធីនឹងរបៀបនៃការធ្វើខុសប្លែកគ្នាប៉ុណ្ណោះ។ ដូច្នេះយើងមិនអាចអាចសន្និដ្ឋានថាការសែនកាត់ឆុងនេះខុសឬត្រូវបានឡើយគឺវាអាស្រ័យលើបុគ្គលរាងៗខ្លួនថាគួរធ្វើឬមិនគួរ៕