មន្រ្តីគណបក្សភ្លើងទៀតមួយរូបត្រូវបានជនមិនស្គាល់មុខដែលមានគ្នាចំនួន៤នាក់ ប្រើប្រាស់ហិង្សាមកលើខ្លួន ដោយដំបងបង្កឱ្យមានរបួសស្នាមដែលជំរុញឱ្យស្ថានភាពនេះ កាន់តែរង់នូវការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថាជាការយាយី និងធ្វើទុក្ខបុកម្នេញខាងនយោបាយ មកលើគណបក្សជំទាស់ ជាពិសេសនេះជាការគំរាមកំហែងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់។
លោក ធន ច័ន្ធថា ជាសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន នៅសង្កាត់ផ្សារដេប៉ូ២ ក្នុងខណ្ឌទួលគោក ធ្លាប់ជាប់ពន្ធនាគារ ព្រោះតែហ៊ានរិះគន់ការប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដែលទទួលបានការឧបត្ថម្ភពីសាធារណៈរដ្ឋប្រជាមានិតចិន។លោកត្រូវបានជនមិនស្គាល់មុខ ដែលមានគ្នាចំនួន ៤នាក់ ប្រើប្រាស់មធ្យោបាយដោយម៉ូតូ បានលប់វាយរូបលោកដោយដំបង កាលពីសប្តាហ៍មុន។
បើតាមលោក ធន ច័ន្ធថា ការប្រើប្រាស់ហិង្សាប្រឆាំងរូបលោកនេះ ខណៈដែលខ្លួនកំពុងធ្វើដំណើរដោយម៉ូតូដែរ ចេញពីតំបន់បឹងតាមោក ឆ្ពោះទៅលំនៅឋាន នៅខាងក្រោយអង់តែនទួលគោក ក៏ត្រូវជនបង្កចំនួន៤នាក់ ប្រើប្រាស់ហិង្សា ដោយមិនដឹងពីមូលហេតុតែម្តង។ប្រភពដដែលបន្តថា ការលបវាយដោយជនមិនស្គាល់មុខនេះ គឺរូបលោកត្រូវរងរបួសស្ទើរសបសាច់ និងត្រូវចូលពេទ្យដើម្បីសង្រ្គោះបឋមផង។
លោកបន្តថា៖«ត្រូវក្បាល ថ្គាមសងខាងដេរសរុបទាំងអស់១២ថ្នេរ មួយតួខ្លួន[ត្រូវ]ទាំងអស់ ទាំងខ្នងទាំងអីត្រូវទាំងអស់»។
លោក ច័ន្ធថា បន្តថា លោកនឹងដាក់ពាក្យប្ដឹងជុំវិញករណីនេះវាយដំនេះទៅកាន់សមត្ថកិច្ចមូលដ្ឋាននិងបណ្ដាអង្គការនានា ខណៈលោកធ្លាប់រងការវាយដំជាច្រើនលើករួចមកហើយ និងបានចាត់ទុកករណីវាយដំទាំងអស់នេះគឺជារឿងនយោបាយ។
លោកបន្តថា៖ «អារម្មខ្ញុំវាតក់ស្លុត តែធ្វើឱ្យខ្ញុំនៅតែមានកម្លាំងចិត្តតស៊ូទៅមុខទៀត គឺខ្ញុំអត់បាក់ទឹកចិត្តព្រោះខ្ញុំនៅតែបន្តទៅមុខទៀត»។
ស្ថិតក្នុងវ័យប្រមាណ ៤៥ ឆ្នាំ សមាជិកប្រតិបត្តិនៃគណបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា ហេតុការណ៍នេះកើតឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៣ នៅចំណុចបុរីអង្គរ ស្ថិតក្នុងខណ្ឌទួលគោល រាជធានីភ្នំពេញ។ប្រភពបញ្ជាក់ទៀតថា ក្នុងពេលកើតហេតុ ប្រសិនបើគ្មានសុខសន្តិបុរី និងពលរដ្ឋធ្វើដំណើរតាមផ្លូវ ជួយអន្តរាគមន៍ទាន់ពេលទេ រូបគេអាចនឹងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។
ចំណែក អ្នកនាំពាក្យគណបក្សភ្លើងទៀត លោក គឹមសួរ ភិរិទ្ធ មានប្រសាសន៍ថា ក្នុងរយៈពេលត្រឹម២ខែបន្ទាប់ពីសមាជគណបក្សភ្លើងទៀន មានមន្រ្តី និងសកម្មជនគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញចំនួន៦នាក់ហើយដែលរងការវាយដំលើរាងកាយដោយជនមិនស្គាល់មុខ ហើយសមត្ថកិច្ចមិនដែលស្វែងរកឃើញជនល្មើសមកផ្ដន្ទាទោសបាននៅឡើយទេ។
ក្នុងនាមគណបក្សជំទាស់លោកស្នើឱ្យអាជ្ញាធរត្រូវស្វែងរកជនដៃដល់មកដាក់ទោសតាមច្បាប់ និងការពារសុវត្ថិភាពដល់សកម្មជនគ្រប់គណបក្សនយោបាយដើម្បីឱ្យបរិយាកាស នៅមុនការបោះឆ្នោតខាងមុខមានភាពល្អប្រសើរ។
លោកបន្តថា៖«យើងនៅតែទទូចសូមឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែលមានភារកិច្ចស្វែងរកជនដៃដល់ហើយនិងការពារសុវត្ថិភាពដល់សកម្មជនគ្រប់គណបក្សនយោបាយមេត្តាពង្រឹងការពារបញ្ហានេះកុំឱ្យកើតមាន បន្តបន្ទាប់ទៀតដើម្បីធ្វើម៉េចឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតវាល្អប្រសើរដើម្បីឱ្យការបោះឆ្នោតមួយសេរីនិងយុត្តិធម៌»។
ឆ្លើយតបរឿងនេះ លោក នីថា ហ្ស៊ី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ លើកឡើងថាខ្លួននៅមិនទាន់ឃើញជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅឡើយនោះទេ។លោកអះអាងថា ចំពោះសំណុំរឿងនេះសមត្ថកិច្ចនឹងស៊ើបអង្កេតដោយមិនប្រកាន់និន្នាការនយោបាយនោះ។
លោកបន្តថា៖«បើសិនជាគាត់ឡើងមកដាក់ពាក្យបណ្ដឹងយើងស៊ើបអង្កេតតាមហ្នឹងទៅ។ ចាំមើលខ្ញុំពិនិត្យមើលកម្លាំងខ្ញុំទៀតក្រែងលោគាត់បានព័ត៌មានផ្ដល់ពីណាមកចឹង»។
បើទោះជាបែបណា លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ លីកាដូ សង្កេតឃើញថា រាល់សកម្មជនគណបក្សភ្លើងទៀនដែលរងការវាយដំដោយជនមិនស្គាល់មុខ ចំណាត់ការរបស់សម្ថកិច្ចក្នុងការស្វែងរកជនបង្កដើម្បីយកមកផ្ដន្ទាទោសហាក់មិនទាន់ឃើញមាននៅឡើយ ហេតុនេះទើបបណ្ដាលឱ្យសកម្មជនទាំងនោះចាត់ទុកថានេះការវាយដំក្រោមហេតុផលនយោបាយ។
លោក សំអាត ជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកជនដៃដល់មកផ្ដន្ទាទោសដើម្បីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ និងចៀសវាងការចោទប្រកាន់ថាជាប់ទាក់ទិននឹងរឿងនយោបាយបន្តទៀត។
លោកបន្តថា៖ «អាជ្ញាធរត្រូវចាត់វិធានការដើម្បីស្វែងរកជនដៃដល់យកទៅអនុវត្តតាមផ្លូវច្បាប់។ ទី១ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ទី២ គឺការទប់ស្កាត់កុំឱ្យមានអំពើហិង្សាតទៅទៀត។ ទី៣ កុំឱ្យមានការចោទប្រកាន់ថាមានការើសអើងនិន្នាការនយោបាយ ឬក៏វាទាក់ទងរឿងនយោបាយ»។
គេសង្កេតឃើញថា រូបភាពនៃអំពើហិង្សានេះច្រើនកើតឡើងចំពោះអ្នកគាំទ្រ និងសកម្មជននយោបាយគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ។ប៉ុន្តែសកម្មភាពដូចគ្នានេះ បានកើតឡើងជាថ្មីទៀត មកលើអ្នកគាំទ្រ គណបក្សភ្លើងទៀនវិញម្តង ជាពិសេសនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់។
អង្គការផ្នែកការពារសិទ្ធិមនុស្ស លីកាដូ បានចេញរបាយការណ៍របស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញថាមន្រ្តីសំខាន់ៗមួយចំនួន ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សភ្លើងទៀន ត្រូវរងការយាយីខាងនយោបាយ មិនចប់មិនហើយ។បញ្ហានេះ គេនៅមិនទាន់គិតដល់ សកម្មជននៅតាមមូលដ្ឋាន និងអ្នកគាំទ្រដៃទៀតដែលរងនូវអំបើហិង្សា និងសម្លុតគំរាមកំហែងនៅឡើយផង។
របាយការណ៍អង្គការ លីកាដូ ដដែលបង្ហាញទៀតថា លោក សុន ឆ័យ ដែលជាអនុប្រធានគណបក្ស ត្រូវបានតុលាការកាត់ឱ្យមានទោស តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងស្ថាប័នជាតិរៀបចំការបោះឆ្នោត ព្រោះតែលោកហ៊ានរិះគន់ពីដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង។ក្នុងពេលតែមួយ សហការីម្នាក់ទៀតរបស់លោក គឺលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ កាលពីខែ មករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសំណុំរឿងកាលពីមួយឆ្នាំមុន ក្រោមហេតុផលចេញសែកក្លែងក្លាយ។ លើសពីនេះទៀត អង្គការ លីកាដូ ឱ្យដឹងទៀតថា នៅក្នុងខែ មករា ដដែលមន្រ្តីចាស់វស្សាមួយរូបទៀត គឺលោក គង់ គាំ ត្រូវបង្ខំចិត្តប្រគល់ដី និងផ្ទះនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៅរដ្ឋាភិបាលវិញ នៅពេលរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជា តែក្រោយមកបណ្តឹងនោះត្រូវដកវិញ បន្ទាប់ពីរូបលោកគ្មានជម្រើសដែលត្រូវដើរចេញពីគណបក្សជំទាស់មួយនេះ៕