ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ «ខ្ញុំកំពុងដើររើសកួរស្រូវ គេទៅហៅ[អ្នកជិតខាង] …ថាគេកំពុងសម្ភាសរកអ្នកក្រីក្រ ខ្ញុំខំមកលើកដៃសំពះលោកពូខ្ញុំសុំ [ប័ណ្ណក្រីក្រ] មួយមក ហើយគេ[មេភូមិ]ថាអត់ឱ្យ ចឹងទុកឱ្យខ្ញុំងាប់មែន? ខ្ញុំថាចឹង ហើយគេ[មេភូមិឆ្លើយ]ថាងាប់ៗទៅ» នេះជាការលើកឡើងរបស់អ្នកស្រី អ៊ឹម សាម៉ុល ជាពលរដ្ឋកំពុងរស់នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងដែលបានអះអាងថាអ្នកស្រីមិនទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌។
រសៀលថ្ងៃត្រង់ អ្នកស្រីអ៊ឹម សាម៉ុល មានវ័យ៦៣ឆ្នាំ ស្បែកជ្រួញសម្បុលខ្មៅ មានជំងឺប្រចាំកាយ ព្រមទាំងមានបន្ទុកចិញ្ចឹមចៅស្រីវ័យ៦ឆ្នាំ មានជីវភាពក្រខ្សត់ អត់ឃ្លាន និងអស់សង្ឃឹមខ្លាំងដែលមិនទទួលបានប័ណ្ណសមធម៌។
អង្គុយដោយទឹកមុខក្រៀមក្រំលាយឡំទឹកភ្នែក អ្នកស្រីអ៊ឹម សាម៉ុល ជាមួយចៅស្រីផ្តល់បទសម្ភាសដល់ Newsroom Cambodia នៅលើគ្រែក្នុងរោងតូចមួយ ដែលមានដំបូលប្រក់ស័ង្កសីចាស់ៗ ជញ្ជាំងបាំងដោយកន្ទេល និងក្រណាត់រយេករយោក ហាក់បង្ហាញពីទុក្ខលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។
ពលរដ្ឋនៅ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងចោទអាជ្ញាធរថា ការផ្ដល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រមិនមានតម្លាភាព ចំពោះពលរដ្ឋដែលក្រលំបាកពិតប្រាកដមិនទទួលបាន ប៉ុន្តែបានតែអ្នកដែលមានជីវភាពធូរធារ ឬសាច់ញាតិមេភូមិ មេឃុំទៅវិញ។
អ្នកស្រី អ៊ឹម សាម៉ុល ហៅម៉ៅថា អ្នកស្រីស្នើសុំដល់ថ្នាក់ដឹកនាំទាំងអស់ដែលពាក់ព័ន្ធផ្តល់ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)ដល់អ្នកស្រី ព្រោះអ្នកស្រីខ្វះខាតខ្លាំង ការរស់នៅរាល់ថ្ងៃគឺបានអ្នកជិតខាងជួយផ្ដល់ជាអង្ករគ្រាន់បរិភោគ អ្នកស្រីរំពឹងថាបើសិនជាទទួលបានប័ណ្ណសមធម៌ជីវភាពរបស់អ្នកស្រីប្រាកដជាប្រសើរជាងសព្វថ្ងៃ។
អ្នកស្រីសំណូមពរ៖ «ខ្ញុំស្នើរទៅដល់ថ្នាក់ដឹកនាំដែលមានប័ណ្ណសមធម៌ ចង់សូមឱ្យជួយជាស្អីក៏ដោយ ជាថវិកាតិចតួចក៏ដោយ ក្នុងមួយខែៗ គ្រាន់ដោះទាល់ ពេលដែលខ្វះខាត ពេលខ្លះរកតែទឹកផឹកគ្មានផង»។
អ្នកស្រីបន្តថា៖ « ខ្ញុំមិនប្រកបរបរធ្វើអ្វីទេ ព្រោះខ្ញុំឈឺផង[…]បើសិនទទួលបានប័ណ្ណសមធម៌មែន ប្រហែលជាប្រសើរជាងហ្នឹងហើយក៏ស្រួលជាងហ្នឹងដែរកូនអើយ ដូចជាខ្វះខាតប្រហុកអំបិលគេជួយចឹងយើង បានលុយកាក់ខ្លះទិញ ដូចអង្ករហូបបានទិញហូបចឹងទៅណាកូនអើយ»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនហ៊ានទៅសុំប័ណ្ណសមធម៌ពីមេឃុំនោះទេ ព្រោះខ្លាចត្រូវបានអាជ្ញាធរស្ដីបន្ទោសបែបនេះបន្ថែមទៀត អ្នកស្រីធ្លាប់ទៅសុំប័ណ្ណសមធម៌ ស្រាប់តែមេភូមិឆ្លើយតបគំរោះគំរើយ ធ្វើឱ្យអ្នកស្រីពិបាកចិត្តយ៉ាងខ្លាំង។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ដែលបានទៅសុំដល់មេឃុំទេ បើសុំមេភូមិឆ្លើយអញ្ចឹងមិនហ៊ានអត់ហ៊ានទៅទៀតខ្លាចឆ្លើយអញ្ចឹងពិបាកក្នុងចិត្ដណាស់»។
អ្នកស្រី សឿន អាយុ៧៦ឆ្នាំស្គមសម្បុរសណ្តែកបាយ ភ្នែកមើលមិនឃើញច្បាស់ ពិបាកក្នុងការប្រកបកិច្ចការប្រចាំថ្ងៃ ថាការផ្ដល់ប័ណ្ណសមធម៌នេះគឺមានភាពរើសអើង ផ្ដល់ឱ្យតែអ្នកជាប់ខ្សែស្រឡាយសាច់ញាតិមេភូមិមេឃុំ។
អ្នកស្រីលើកឡើងថា៖ « ខ្ញុំយល់ឃើញថាគេរើសអើង គេឱ្យតែបងប្អូនគេចឹងទាល់តែត្រូវជាសាច់ញាតិបងប្អូនប្រធានភូមិគេបាន ខ្លះគេមានជាងខ្ញុំគេនៅបាន[ប័ណ្ណសមធម៌]ដែរ»។
អ្នកស្រីថា ប្រសិនបើបានប័ណ្ណសមធម៌អាចជួយដោះស្រាយបានច្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិនអស់ប្រាក់ មានប្រាក់ខ្លះសម្រាប់ទិញថ្នាំព្យាបាលជំងឺប្រចាំថ្ងៃ និងអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។ អាជ្ញាធរធ្លាប់បានសួរនាំដែរ តែមិនទទួលបានដំណោះស្រាយអ្វីឡើយ។
អ្នកស្រីបន្ថែមថា៖ «កន្លងមកមានអាជ្ញាធរធ្លាប់បានមកសួរនាំដែរហើយក៏បាត់ស្ងាត់ទៅវិញទៅ […]ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលជួយខ្ញុំផងព្រោះខ្ញុំក្រីក្រមិនមានបងប្អូនទេ»។
អ្នកស្រី នាង ចន្ទ័ អាយុ៦២ឆ្នាំ បានប្រាប់Newsroom Cambodia ថាអ្នកស្រីធ្លាប់ទទួលបានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)នៅក្នុងឆ្នាំ២០១៥ប៉ុន្តែមិនទទួលបានលុយនោះទេ ក្រោយមកអ្នកស្រីទទួលបានប័ណ្ណសមធម៌មួយទៀត ក៏លែងបើកលុយបានទៅវិញ ចាប់តាំងពីឆ្នាំ២០២០មកប័ណ្ណបើកលុយលែងបានរហូតមកដល់សព្វថ្ងៃនេះ ដោយមិនដឹងមូលហេតុអ្វីទាំងអស់។
អ្នកស្រីលើកឡើងថា៖ « បើកបានតែប៉ុន្មានខែហ្នឹង ស្រាប់តែបើកលែងបាន យើងក៏លែងទៅបើកទៅយើងមិនដឹងទៅតវ៉ានៅឯណា ខ្ញុំនៅតែម្នាក់ឯងមិនដឹងទៅណាមកណា»។
លោក សុខ សំអន មេឃុំស្វាយយា Newsroom Cambodia ព្យាយាមទាក់ទងជាច្រើនលើកច្រើនសា តាមគ្រប់មធ្យោបាយ តែលោកមិនអាចឆ្លើយតបបាន លោកប្រាប់ថាជាប់រវល់។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី ប្រាប់Newsroom Cambodiaថា បញ្ហានេះ ទៅសួរប្រធានមន្ទីរសង្គមកិច្ចខេត្ដស្វាយរៀងទៅ ថាមូលហេតុអ្វីមានការដកប័ណ្ណហ្នឹងវិញ។
ប្រធានមន្ទីរសង្គមកិច្ចខេត្ដស្វាយរៀងលោក ប៉ែន សុវណ្ណី បានប្រាប់Newsroom Cambodia ថា ការផ្ដល់ប័ណ្ណ ឬធ្វើប័ណ្ណសមធម៌នេះមិនមែនខាងមន្ទីរ ជាអ្នកទទួលខុសត្រូវនោះទេ ព្រោះខាងមន្ទីរខេត្តទទួលខុសត្រូវតែរឿងបើកលុយឧបត្ថម្ភតែណ្ណោះ។
អ្នកដែលធ្វើប័ណ្ណក្រីក្រជួនពលរដ្ឋ គឺក្រសួងផែនការ និងមន្ទីរផែនការធ្វើការជាមួយក្រុមប្រឹក្សាឃុំ។ ការផ្ដល់ប័ណ្ណសមធម៌នេះ ត្រូវឆ្លងកាត់ការសម្ភាសន៍ការដាក់ពិន្ទុត្រឹមត្រូវទើបអាចទទួលបាន ។
លោកលើកឡើងថា៖« ចំពោះពលរដ្ឋដែលមានប័ណ្ណហើយបើកលុយមិនបានត្រូវជូនដំណឹងទៅដល់មន្រ្ដីឃុំ ដែលទទួលខុសត្រូវលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ មិនអាចនៅស្ងៀមបាននោះទេ បើប័ណ្ណនៅមានសុពលភាពអាចបើកលុយបាន លើកលែងតែប័ណ្ណដែលផុតកំណត់ ឬអស់សុពលភាព»។
លោកបន្ថែម៖ « ខ្លាចតែ[ប័ណ្ណក្រីក្រ]គាត់ហួសសុពលភាព បានឱ្យគាត់ទៅជួបឃុំសង្កាត់ទៅ ដើម្បីឃុំសង្កាត់គេជម្រាបមកស្ថាប័នពាក់ពន្ធ័ ខាងខ្ញុំមិនដឹងប័ណ្ណដូចម្ដេចផង បើសិនប័ណ្ណនៅមានសុពលភាពបើកបានអាហ្នឹងគេដោះស្រាយ»។
អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី តា បានថ្លែងថា ការគិតដូចគាត់ គ្រាន់តែជាអារម្មណ៍មួយដែលរបស់គាត់ រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដោយផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ។ ក្នុងរយៈពេលកំណត់មួយ ហើយរាជរដ្ឋាភិបាលនឹងដកប័ណ្ណសមធម៌ ពីពួកគាត់វិញ ប្រសិនជាបានរកឃើញថា ជីវភាពរបស់ពួកគាត់បានប្រសើរឡើងវិញហើយ។
លោកបញ្ជាក់ថា៖«ចំនុចនេះប្រសិនជាគាត់បានដឹងថា មានគ្រួសារមានជីវភាពធូរធារ មានប័ណ្ណសមធម៌នេះ សូមគាត់ជួយរាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ ឬ មន្ទីរផែនការរាជធានី ខេត្ត ឬ មកក្រសួងផែនការផ្ទាល់ តាមរយៈPage Facebook ក្រសួងផែនការ ឬខ្ញុំក៏បាន ដើម្បីក្រុមការងារចុះទៅពិនិត្យផ្ទាល់ វាយតម្លៃ តាមស្ថានភាពជាក់ស្តែង ដកប័ណ្ណសមធម៌នេះមក»។
លោកថា៖« កន្លងមកក្រសួងផែនការ ក៏បានដកប័ណ្ណសមធម៌នេះ ពីគ្រួសារដែលមានជីវភាពប្រសើរឡើងវិញ ជាច្រើនម៉ឺនគ្រួសារហើយដែរ»។
លោកបញ្ជាក់ថា ក្នុងករណីពលរដ្ឋកំពុងជួបវិបត្តិ ធ្លាក់ចូលភាពក្រក្រី ពលរដ្ឋត្រូវស្នើទៅតាមរយៈភូមិ ឃុំ ឬរាយការណ៍ទៅក្រសួងផែនការក្នុងករណីខាងភូមិឃុំមានការយឺតយ៉ាវ។
លោករំលេចផងដែរថា៖«ប្រសិនជាគាត់គិតថាគ្រួសារគាត់កំពុងជួបវិបត្តិ ឬធ្លាក់ចូលភាពក្រីក្រ សូមឱ្យគាត់ដាក់ពាក្យស្នើប័ណ្ណសមធម៌ នៅតាមភូមិ ឃុំ ដែលគាត់រស់នៅ ប្រសិនជាមានការយឺតយ៉ាវ អាចរាយការណ៍ផ្ទាល់មកក្រសួងផែនការ ដើម្បីចាត់ក្រុមការងារចុះពិនិត្យស្ថានភាពគាត់ជាក់ស្តែង និងផ្តល់ប័ណ្ណសមធម៌ជូន»។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូបញ្ជាក់ថា ប័ណ្ណសមធម៌ និងជំនួយឧបត្ថម្ភសង្គមមានពីរនេះខុសគ្នា ជំនួយឧបត្ថម្ភសង្គមមានកំណត់រយៈពេល តែប័ណ្ណសមធម៌មានរយៈពេលអាចយូរជាង។ គោលការណ៍របស់រាជរដ្ឋាភិបាល មិនមានការរើសអើងទេ គឺមានប័ណ្ណសមធម៌ត្រូវទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវ និងយុត្តិធម៌ មិនមាននិន្នាការនយោបាយ បក្សពួកនិយមទេ តែប្រសិនបើមានការប្រកាន់បក្សពួកត្រូវតែរាយកាណ៍ទៅអាជ្ញាធរពាក់ព័ន្ធ។កន្លងមកអាជ្ញាធរធ្លាប់មានចំណាត់ការលើមន្រ្តីម្នាក់នៅ ទឹកខ្មៅរឿងកិបកេងប្រាក់ឧបត្ថម្ភជូនពលរដ្ឋម្តងរួចមកហើយ។
លោកបន្តថា ក្នុងករណីពលរដ្ឋដែលក្រីក្រតែមិនទទួលបានប័ណ្ណសមធម៌ ឬបានហើយតែបើកមិនបាន ដោយមិនដឹងមូលហេតុ ពលរដ្ឋត្រូវទៅជួបអាជ្ញាធរដែលមានសមត្ថកិច្ចក្នុងការពិនិត្យ និងដោះស្រាយ គឺអាជ្ញាធរឃុំជាអ្នកវាយតម្លៃ និងផ្តល់ប័ណ្ណទាំងអស់ហ្នឹងដល់ពលរដ្ឋ ប្រសិនបើពលរដ្ឋមិនទទួលបានទេ ត្រូវតែទាមទារ ឬក៏តវ៉ានៅឃុំដើម្បីឱ្យគណៈកម្មាការពិនិត្យ និងវាយតម្លៃ។ ក្នុងករណីមិនបានទៀត អាចទៅប្តឹងដល់ស្រុកបន្តទៀត។
លោក អំ សំអាតលើកឡើងថា៖«កាលមុននៅតាខ្មៅ ត្រូវបានចាប់ខ្លួនពីបទពុករលួយ ពីព្រោះបានកិបកេងលុយកាក់ដែលឧបត្ថម្ភទៅប្រជាពលរដ្ឋក្រីក្រនេះដែរ ដូច្នេះបញ្ហាទាំងនេះដើម្បីជៀសវាងការរិះគន់បញ្ហានេះបន្តទៀត ទាល់តែមានការស្រាវជ្រាវអោយច្បាស់លាស់លើរឿងទាំងអស់ហ្នឹង ដើម្បីកុំឱ្យការផ្តល់ជំនួយសង្គម ឬប័ណ្ណសមធម៌ខុសគោលដៅ ឬខុសមនុស្សដែលមានជីវភាពធូរធារបែរជាបានប័ណ្ណ»។
អ្នកស្រី អឹម សាម៉ុល និយាយទាំងអួលដើមករខ្សឹមខ្សឹល ដៃពីកាន់ហោប៉ៅអាវរៀបរាប់ថា៖« ក្មួយអើយ អ៊ំនិយាយត្រង់ក្នុងហោប៉ៅអ៊ំមួយរយលុយខ្មែរក៏គ្មានផង ក្មួយ! ខ្ញុំស្បត់ឱ្យងាប់តែមួយរយលុយខ្មែរគ្មានផង ចៅលាដៃសុំប្រាំរយទិញទឹកផឹក [អ្នកស្រីឆ្លើយ]ថាកូនអើយផឹកទឹកពាងទៅ»៕