ក្រុងកែប៖ នៅពេលព្រឹកចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាចមានភ្ញៀវទេសចរជាតិនិងអន្ដរជាតិជាច្រើនបានមកលេងនៅឆ្នេរកែប នៅម្ខាងនៃផ្លូវមានភោជនីយដ្ឋានជាច្រើន។

នៅខាងមុខភោជនីយដ្ឋាននីមួយៗមានមនុស្សប្រុសស្រីចំនួន២ទៅ៥នាក់ឈររង់ចាំចាប់ឡានម៉ូតូភ្ញៀវទេសចរដែលបានមកលេងឆ្នេរកែប។

នៅពេលមានឡានឬម៉ូតូភ្ញៀវមកដល់ម្ដងៗមានអ្នកខ្លះបក់ដៃអ្នកខ្លះរត់ទៅចាប់ដៃម៉ូតូ កាក់ឡានភ្ញៀវមានភាពរញ៉េរញ៉ៃនៅលើដងផ្លូវ មើលទៅហាក់គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ។ ភ្ញៀវទេសចរមកលេងនៅឆ្នេរកែបស្នើឱ្យអាជ្ញាធរណែនាំអប់រំអាជីវករដែលរកស៊ីលក់ម្ហូបអាហាររត់ចាប់ឡានម៉ូតូភ្ញៀវពាសពេញផ្លូវឱ្យរក្សាសណ្ដាប់ធ្នាប់។

ពាក់អាវយឺតដៃវែងពាក់មួកពណ៌ខ្មៅដៃម្ខាងពរកូនប្រុសតូចមានអាយុជាង២ឆ្នាំដៃម្ខាងទៀតកាន់ដៃកូនប្រុសម្នាក់ទៀតដើរលេងនៅម្ដុំរូបសំណាក់ស្រីស លោក ណូ រីយ៉ា រស់នៅខេត្ដកំពត បានមកលេងនៅខេត្ដកែបជាលក្ខណៈគ្រួសារ។

បុរស់វ័យ៣៧ឆ្នាំរូបនេះបានប្រាប់ Newsroom Cambodia ថា អាជីវករដែរលក់ម្ហូបអាហារនៅឆ្នេរកែបមានភាពរញ៉េរញ៉ៃមិនដូចអ្នកលក់នៅតំបន់ផ្សេងៗ លោកមើលឃើញថាអាជីវករខេត្ដព្រះសីហនុ កំពត កោះកុង ឬនៅរមណីយដ្ឋានផ្សេងៗមិនមានអ្នករត់ចាប់ភ្ញៀវរញ៉េរញ៉ៃពេញផ្លូវដូចនៅឆ្នេរកែបនោះទេ។

លោកលើកឡើងថា៖ « ខ្ញុំយល់ថាមិនល្អមើលទេបើគាត់មានកន្លែងមានហាងអីត្រឹមត្រូវយើងចូលស្ម័គ្រចិត្ដ ចូលហាងណាចូលហាងហ្នឹងហ្មង។ចាប់តាមផ្លូវ ប្រសេកប្រសាច[ខុស]ច្បាប់ចរាចរណ៍ »។

លោក ណូ រីយ៉ា ភ្ញៀវទេសចរមកលេងឆ្នេរកែប ផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia ថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០២៣។ រូបភាព៖ ម៉ុន សុកែវ

លោក សូ ម៉ុង អាយុ៧២ឆ្នាំ ប្រកបមុខរបរជាអ្នកថតរូបនៅតំបន់ឆ្នេរកែបមើលឃើញថា ការហៅភ្ញៀវរបស់អាជីវករលក់ដូរតាមតំបន់ឆ្នេរកែបគឺមិនល្អទេ អ្នកខ្លះគ្រាន់តែឃើញឡានភ្ញៀវឈប់ភ្លាមអូសដៃទៅអង្គុយលើកន្ទេលរួចគិតលុយ៤ម៉ឺន។ លោកថា ការចាប់ភ្ញៀវគឺមានផលប៉ះពាល់ខ្លាំងដល់អារម្មណ៍ភ្ញៀវ ធ្វើឱ្យភ្ញៀវខ្លះខឹង ព្រោះភ្ញៀវទើបតែមកដល់មិនទាន់បានដកដង្ហើមស្រួលបួលផងមានអ្នកលក់មកទាញដៃទាញជើងហើយភ្ញៀវខ្លះមិនមានលុយគ្រប់គ្រាន់នោះទេ។

លោកបន្តថាកន្លងមកការហៅភ្ញៀវបានធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ លោកថាកន្លងមកអាជ្ញាធរធ្លាប់បានណែនាំអបរំច្រើនដងមកហើយដល់អាជីវករប៉ុន្តែមិនមានអ្នកអនុវត្តតាមនោះទេ។

លោកលើកឡើងថា៖ «អាជ្ញាធរ[អនុវត្តច្បាប់]ធូរពេកដោយចាប់ហើយស្តីពីរបីម៉ាត់រួចស្អែកឡើងគឺមកទៀត បើចាប់បានគួរតែមានវិធានការដាក់ទោសត្រឹម១០ថ្ងៃ បើ១០ថ្ងៃក្រោយមកធ្វើទៀតត្រូវរំសាយអាជីវកម្មចោល តែអាជ្ញាធរមិនធ្វើអញ្ចឹងទេគឺធ្វើលេងសើចៗដូច្នេះទើបអាជីវករមួយចំនួនមិនខ្លាច»។

ភ្ញៀវទេសចរម្នាក់មកពីខេត្តកំពតថ្លែងសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Newsroom Cambodiaថា អ្នកស្រីមកលេងនៅឆ្នេរកែបនេះច្រើនដងហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅទីនេះមិនទាន់ល្អនោះទេ។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តនោះទេ នៅពេលដែលអ្នកលក់មកស្ទាក់ចាប់ភ្ញៀវចឹង ខ្ញុំទៅកំពង់សោមអត់មានចឹងទេ ឡានអាចបើកទៅដាក់ជិតកន្លែងលេងទឹក អាចក្រាលកន្ទេលហូបបាយហូបអីបាន មិនចាំបាច់ចូលកញ្ចុះទេ បើយើងមិនចង់គ្មានអ្នកមកទាញអីទេ គេគ្រាន់ហៅធម្មតា បើយើងមិនចូលក៏ស្រេចចិត្ត។ការលក់ដូរនៅនេះមើលទៅរញ៉េរញ៉ៃ អត់រៀបរយ ហើយឆ្នេរអត់សូវស្អាត មានសម្រាមទៀត ខ្ញុំមកនេះអត់ដែលចូលហូបអីទេ ដាំបាយដាក់មកពីផ្ទះរហូតហ្នឹង»។

អាជីវករលក់ដូរនៅតំបន់ឆ្នេរកែបកាក់ឡានភ្ញៀវទេសចរមកលេងឆ្នេរកែប ថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០២៣។ ថតភាព៖ ម៉ុន សុកែវ

លោក ញ៉ែត ផល អាយុ៤៨ឆ្នាំ រស់នៅភូមិអូរក្រសារ ឃុំអូក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាអ្នកលក់ដូរតាមរទេះនៅឆ្នេរកែប លោកបានប្រាប់ Newsroom Cambodia ថាការហៅឡានម៉ូតូភ្ញៀវ របស់អាជីវករដើម្បីឱ្យភ្ញៀវចូលមកហូបម្ហូបអាហារនៅកន្លែងរបស់ខ្លួន ពីសំណាក់អាជីរករមួយចំនួនមិនល្អ បើសិនជាអាចកាត់បន្ថយបានគឺល្អណាស់ លោកមិនយល់់ស្របចំពោះអាជីវករដើរកាក់ឡានម៉ូតូភ្ញៀវនោះទេ។

នៅពេលដែលលោកឃើញសកម្មភាពបែបនេះលោកមិនអាចទទួលយកបានទេ ព្រោះជាខ្មែរដូចគ្នា ជាពិសេសភ្ញៀវដែលបានមកលេង ទាំងយើងទាំងគេគឺមិនសប្បាយចិត្តឡើយ លោកថាបញ្ហានេះបានកើតមានយូរមកហើយនៅខេត្ដកែបនេះ។ នៅតំបន់ផ្សេងមិនមានអាជីវកររត់ចាប់ភ្ញៀវដូចនៅឆ្នេរកែបទេ ដូចជាកំពង់សោមនិងទឹកឈូ។

លោកបន្ថែមថា៖ «ខ្ញុំមិនអាចទទួលយកបានទេ យើងខ្មែរដូចគ្នានិយាយស្តាប់គ្នាបានភ្ញៀវ[បរទេស]ម៉េចចេះស្តាប់ ខ្ញុំគិតថាទោះបីក្នុងចិត្តគាត់ក៏មិនអាចទទួលយកបានដូចតែគ្នាហ្នឹង»។ លោកថា ទង្វើបែបនេះធ្វើឱ្យភ្ញៀវទេសចរជាតិអន្តរជាតិមានការថយចុះនៅពេលឃើញ សកម្មភាពមិនល្អបែបនេះ។

លោក ខេង សេងហុង ជានិស្សិតផ្នែក IT នៅរាជធានីភ្នំពេញបានធ្វើដំណើរកម្សាន្តមកខេត្តកែបថ្ងៃចុងសប្តាហ៍ បានថ្លែងប្រាប់ Newsroom Cambodia ថា ចំពោះអ្នកលក់ដែលមានកាយវិការទាញឬក៏អូសភ្ញៀវហើយជាពិសេសគឺឈរលើផ្លូវតែម្តងវាធ្វើឱ្យមានការកកស្ទះចរាចរណ៍ហើយក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនិយាយរួមគឺពិបាកភ្នែកមើលតែម្តង។

លោកបញ្ជាក់ថា៖ «ការអូសឬក៏ទាញភ្ញៀវទេសចរគឺជាភាសាគ្មានសំឡេងប៉ុន្តែវាក៏អាចបញ្ជាក់ថាជាការមិនសមរម្យ»។

អាជីវករលក់ដូរនៅតំបន់ឆ្នេរកែបកាក់ឡានភ្ញៀវទេសចរមកលេងឆ្នេរកែប ថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០២៣។ រូបភាព៖ សួន វុត្ថា

លោកថា លោកសប្បាយចិត្តនៅពេលឃើញអាជីវករចេះលក់ដូរដើម្បីចិញ្ចឹមខ្លួនឯង ប៉ុន្តែបញ្ហាវិបត្តិមួយទៀតនោះគឺភ្ញៀវភាគច្រើនគឺមិនសប្បាយចិត្តនៅពេលឃើញសកម្មភាពដូចជាការអូសទាញស្ទាក់ភ្ញៀវចូលហាងរបស់គាត់។ ភ្ញៀវពិបាកទទួលយកនៅពេលដែលឃើញទិដ្ឋភាពមួយពិបាកភ្នែកមើល និងធ្វើឱ្យខូចទម្រង់ទ្រង់ទ្រាយរបស់ឆ្នេរកែបជាឆ្នេរមួយដែលទាក់ទាញភ្ញៀវទេសចរខ្លាំង។

លោកបន្ថែមថា៖ «ខ្ញុំអត់សប្បាយចិត្តនៅពេលគាត់មកស្ទាក់នៅពេលដែលយើងកំពុងធ្វើដំណើរ ប្រសិនបើអ្នកធ្វើដំណើរកំពុងភ្លឹកមើលទេសភាព មើលផ្លូវ មើលសមុទ្រ មើលភ្ញៀវទេសចរដើរជាដើម ប្រសិនបើមិនចាប់អារម្មណ៍ទៅមើលអ្នករត់មកហៅមកស្ទាក់ទាញភ្ញៀវទេនោះនឹងមានគ្រោះថ្នាក់»។

លោកសំណូមពរឱ្យអាជ្ញាធរជួយសម្រួលហើយចាត់វិធានការដល់អ្នកលក់ដូរតាមឆ្នេរកែបមួយចំនួនដែលមានសកម្មភាពមិនសមរម្យក្នុងការអូសទាញភ្ញៀវដូចជាឈរកណ្តាលទ្រូងផ្លូវកាក់ភ្ញៀវចូលហាងជាដើម។

លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាប្រសិនបើអាជីវករនៅតែបន្តសកម្មភាពបែបនេះវាអាចនឹងធ្វើឱ្យភ្ញៀវទេសជាតិ-អន្តរជាតិធ្លាក់ចុះមកកម្សាន្តខេត្តកែប»។

លោក ខេង យ័ន អភិបាលក្រុងកែបបានប្រាប់Newsroom Cambodia ថាបញ្ហានេះរដ្ឋបាលក្រុងកែបធ្លាប់បានអញ្ជើញអាជីវករមកអប់រំណែនាំបានចំនួន២ទៅ៣ដងរួចមកហើយដើម្បីឱ្យអាជីវករបញ្ឈប់ការហៅភ្ញៀវប្រសេចប្រសាចតាមផ្លូវ។ ប៉ុន្តែនៅមានអាជីវករមួយចំនួនតូចនៅតែមិនបានចូលរួមនៅតែបន្តហៅភ្ញៀវដដែលតែមានចំនួនតិចតួចជាងមុន។

លោកថា ពីមុនមានអាជីវករទាំងនោះចេញមកហៅភ្ញៀវដល់លើផ្លូវប៉ុន្តែឥឡូវអាជីវករទាំងនោះចេញមកហៅភ្ញៀវហួសតែតូប លក់របស់ខ្លូនបន្តិចប៉ុណ្ណោះ។

លោកបន្តថា៖ ការឈានជើងចេញហៅបែបនេះគឺជាទម្លាប់របស់អាជីវករ បញ្ហាទាំងនេះរដ្ឋបាលក្រុងកែបនឹងអប់រំអាជីវករបន្ថែមទៀតដើម្បីឱ្យអាជីវករផ្លាស់ប្តូរទម្លាប់បន្តិចម្ដងៗ។ តែយ៉ាងណាលោកថាការផ្លាស់ប្ដូរទម្លាប់មនុស្សដែលធ្វើបែបនេះយូរឆ្នាំមកហើយគឺពិបាកណាស់ ប៉ុន្តែអាជ្ញាធរនៅតែបន្តអប់រំរហូតធ្វើឱ្យអាជីវករមានការផ្លាស់ប្តូរដោយមិនដឹងខ្លូន លោកក៏សុំឱ្យភ្ញៀវទេសចរទាំងអស់មានការយោគយល់ផងដែរ។

លោកលើកឡើងថា៖ « ពាក់ពន្ធ័នឹងចំណាត់ការអាជ្ញាធរបន្តពង្រឹងការអប់រំផ្សព្វផ្សាយឱ្យគាត់យល់ដឹងអំពីគោលការ[…] បើសិនជាគាត់នៅតែបន្តភាពអាណាធិបតេយ្យ[…] ផលប៉ះពាល់គឺនៅលើបងប្អូនអាជីវករទាំងអស់ហ្នឹងទេ ធ្វើឱ្យភ្ញៀវទេសចរគាត់អត់មកលេង ហើយឥឡូវតំបន់ទេសចរណ៍ថ្មីៗច្រើនណាស់ហើយល្អៗច្រើនណាស់ យើងហ្នឹងបន្តណែនាំគាត់[…]នៅតែរឿងពីរទេ ទីមួយគឺតម្លៃ[ម្ហូបអាហា]ទីពីរគឺរឿងហៅភ្ញៀវធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ»។

ដោយឡែកលោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ ថ្លែងប្រាប់ Newsroom Cambodia លោកយល់ឃើញថា គួរតែមានការរៀបចំសណ្តាប់ធ្នាប់ឱ្យបានត្រឹមត្រួវជាពិសសអាជ្ញាធរត្រូវតែមានការណែនាំដល់អាជីវករឱ្យមានសណ្តាប់ធ្នាប់រក្សានូវសុជីវធម៌។

លោកថា ការប្រកបមុខរបររបស់អាជីវករគឺជារឿងមួយហើយក៏ប៉ុន្តែយើងត្រូវប្រកាន់ភ្ជាប់នូវគុណធម៌សណ្តាប់ធ្នាប់ចៀសវាងធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ភ្ញៀវទេសចរ។

លោកលើកឡើងថា៖ «ការប៉ះពាល់ដល់ភ្ញៀវការចាប់ប្រទាញប្រទុងគឺប៉ះពាល់ដល់សណ្តាប់ធ្នាប់មិនល្អ ប៉ះពាល់ដល់សីលធម៌ ហើយវាប៉ះពាល់ដល់ការកម្សាន្តរបស់ភ្ញៀវមានអារម្មណ៍អាក់អន់ស្រពោនចិត្តជួនកាលអាចរងគ្រោះថ្នាក់ជាដើម»៕