ក្រុមយុវជនស្រឡាញ់បរិស្ថានដែលមានគ្នាប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិជាថ្មីទៀត ដោយស្នើឱ្យក្រសួងយុត្តិធម៌ អន្តរាគមន៍ និងជំរុញឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ ទៅលើសំណុំរឿងអ្នកការពារបរិស្ថានដ៏ល្បីល្បាញ ដែលត្រូវបានគេបាញ់សម្លាប់ កាលពី១១ឆ្នាំមុន នៅស្រុកថ្មបាំង ខេត្តកោះកុង។
តំណាងក្រុមយុវជនស្រឡាញ់បរិស្ថាន កញ្ញា ហេង គឹមសួ ឱ្យដឹងថា មូលហេតុដែលក្រុមយុវជន សម្រេចចិត្តដាក់ញត្តិជាថ្មីទៀត នៅឆ្នាំនេះ ដោយសារសង្កេតឃើញយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី នៅមិនទាន់មាននៅឡើយ។ ប្រភពដដែលបន្តថា ហេតុនេះទើបក្រុមយុវជនដែលមានភក្តីភាពចំពោះការលះបង់របស់ អ្នកការពារបរិស្ថានរូបនេះ នឹងនៅតែបន្តទាមទារឱ្យក្រសួងយុត្តិធម៌ ជួយពន្លឿននីតិវិធី និងបើកការស៊ើបឡើងវិញ ដើម្បីប្រាកដថាលោក ឈុត វុទ្ធី នឹងទទួលបានយុត្តិធម៌ដោយពិតប្រាកដ។
កញ្ញាបន្តថា៖ «ក្នុងញត្តិហ្នឹង ពួកយើងចង់ទាមទារឱ្យក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ឱ្យលោក ឈុត វុទ្ធី ដោយសារតែឃើញថាកង្វះយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី នៅមានកម្រិតនៅឡើយ។ខ្ញុំឃើញថាយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី គឺនៅមិនទាន់មានពិតប្រាកដទេ»។
បន្ថែមពីលើនេះ កញ្ញា ហេង គឹមសួ អះអាងថា រូបគាត់ចង់ដើរតាមលំអានលោក ឈុត វុទ្ធី ព្រោះអ្វីដែលអ្នកការពារបរិស្ថានរូបនោះលះបង់ គឺពិតជាវីរៈភាព ដែលមិនអាចកាត់ថ្លៃបាន។ ជាងនេះទៅទៀត ក្នុងនាមជាអ្នកជំនាន់ក្រោយ ក៏នឹងបន្តស្មារតីនេះ ហើយចង់ឱ្យមាន ឈុត វុទ្ធី ច្រើននាក់ទៀតរួមទាំងរូបគេផងដែរ ដើម្បីរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយដែរ។
កញ្ញាបន្តថា៖ «ខ្ញុំក៏ចង់ធ្វើជា ឈុត វុទ្ធី ទី២ដែលអាចលះបង់សម្រាប់សង្គមមួយនេះដែរដោយសារតែខ្ញុំរស់នៅទឹកដីកម្ពុជា ហើយខ្ញុំក៏ចង់លះបង់សម្រាប់កម្ពុជាដូចជាគាត់ដែរ»។
ក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាន ដែលមានគ្នាប្រមាណ ៣០នាក់ កាលពីថ្ងៃទី២៦ ខែមេសា បានប្រារព្វខួប១១ឆ្នាំ នៃឃាតកម្មទៅលើលោក ឈុត វុទ្ធី។ ការរំលឹកខួបជាថ្មីទៀតនេះ ពួកគេបានហែជាក្បួន ចេញពីសួនច្បារមុខវត្តបទុមវតី ឆ្ពោះទៅក្រសួងយុត្តិធម៌ ក្នុងបំណងដើម្បីដាក់ញត្តិ។ ម្នាក់ៗ ក្នុងចំណោមពួកគេ មានពាក់ស្រោមមុខដែលមានរូបលោក ឈុត វុទ្ធី អមដោយស្លឹកឈើ និងមានកាន់បដាដែលមានខ្លឹមសារ និងអត្ថន័យថា យុត្តិធម៌ត្រូវតែមានចំពោះរូបលោក ឈុត វុទ្ធី ជាដើម។
ប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនព្រៃឈើដ៏ឆ្នើមលោក ឈុត វុទ្ធី ត្រូវបានមន្រ្តីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលស៊ីឈ្នួលឱ្យក្រុមហ៊ុន ធីមបើហ្រ្គីន(Timber Green) បាញ់សម្លាប់កាលពីចុងខែមេសា ឆ្នាំ២០១២។ សំណុំរឿងព្រហ្មទណ្ឌមួយនេះ ត្រូវបានតុលាការខេត្តកោះកុង បិទបញ្ចប់ដោយធ្វើសេចក្តីសន្និដ្ឋានថា អ្នកការពារបរិស្ថានដ៏ល្បីល្បាញរូបនេះ ត្រូវរងការបាញ់ប្រហារពីមន្រ្តីកងរាជអាវុធហត្ថ ដែលឈរជើងការពារឱ្យក្រុមហ៊ុនមួយនេះ ហើយក្រោយមកជនបង្ក ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។
ចាប់តាំងពីសំណុំរឿងនេះ បានបិទបញ្ចប់ទៅ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ហើយចុងក្រោយនេះ ក្រុមយុវជនដែលស្រឡាញ់បរិស្ថាន តែងតស៊ូមតិជានិច្ច ដោយទាមទារឱ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល បើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ។ ពួកគេយល់ឃើញថា ការបិទបញ្ចប់ទៅដោយធ្វើសេចក្តីសន្និដ្ឋានបែបនេះ វាហាក់នៅមានមន្ទិលសង្ស័យជាច្រើនចំណុចបន្ថែមទៀត។
ក្រោយហេតុការណ៍កើតឡើង ម្ចាស់ជំនួយរបស់អង្គការការពារធនធានធម្មជាតិ បានបង្ហាញពីរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនមួយ ដោយរកឃើញថា ក្រុមហ៊ុន ធីមបើហ្រ្គីន នេះជាកម្មសិទ្ធិរបស់លោក ឧកញ៉ា ទ្រី ភាព ដែលជាមនុស្សស្និទរបស់រដ្ឋាភិបាល។ តម្រុយដែលប្រមូលបានរកឃើញថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី នេះគឺជាការបិទបាំងព័ត៌មាន ដែលអ្នកការពារព្រៃឈើរូបនេះ រួមទាំងអ្នកការសែត២រូបទៀត ថតបានពីរូបភាពនៃការធ្វើអាជីវកម្មវល្លិ៍រមៀត ដើម្បីចម្រាញ់ឱ្យទៅជាសារធាតុម្យ៉ាងដែលអាចផ្សំជាថ្នាំ អមហ្វេតាមីន ឬជាសារធាតុញៀន។
ដោយឡែក កញ្ញា ឡុង គន្ធា ដែលបានចូលរួមដាក់ញត្តិសម្រាប់ខួប ១១ឆ្នាំ នៅឆ្នាំនេះដែរ បានបង្ហាញសោកស្តាយចំពោះការបាត់បង់វីរៈបុរសការពារព្រៃឈើដែលហ៊ានលះបង់រហូតដល់អាយុជីវិតដើម្បីការពារសម្បត្តិធម្មជាតិ។ កញ្ញាបន្ថែមថា ការលះបង់របស់លោក ឈុត វុទ្ធី នេះពិតជាធ្វើឱ្យយុវជនកាន់តែស្រឡាញ់បរិស្ថានជាងនេះបន្ថែមទៀត ហើយវីរភាពមួយនេះបានកប់ជ្រៅនៅក្នុងអារម្មណ៍របស់យុវជន។
កញ្ញាបន្តថា៖ «ការបាត់បង់រូបលោក[ឈុត វុទ្ធី] វាជារឿងមួយដែលគួរឱ្យសោកស្តាយ ហើយទោះជារូបលោកស្លាប់បាត់បង់ជីវិតហើយក្តី ប៉ុន្តែវីរភាពរបស់រូបលោក គឺនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់យុវជនខ្មែរគ្រប់ៗគ្នា។ យើងនៅតែបន្តជំរុញឱ្យស្វែងរកយុត្តិធម៌ចំពោះរូបលោក[ឈុត វុទ្ធី] បន្តទៀត»។
មិនខុសគ្នាទេ សម្រាប់យុវជន ហៀម ផេត លើកឡើងថា ចាប់តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ នៃឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី ប៉ុន្តែយុត្តិធម៌នៅទាន់មាននៅឡើយសម្រាប់គ្រួសាររបស់លោក។ ប្រភពបន្ថែមថា ដើម្បីឱ្យគ្រួសារលោកអាចទទួលយកបាន ក្រសួងពាក់ព័ន្ធត្រូវតែជួយរកយុត្តិធម៌ជូនពួកគេ ដើម្បីឱ្យពួកគាត់បានស្ងប់ចិត្ត។
លោកបន្តថា៖ «អស់រយៈពេលរហូតដល់ ១១ឆ្នាំ យូរមែនទែន ហើយនៅតែមិនទាន់មានភាពយុត្តិធម៌សម្រាប់គាត់ និងគ្រួសាររបស់គាត់ ចង់ឱ្យខាងក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ជូនរូបគាត់និងក្រុមគ្រួសារគាត់ហ្នឹងឱ្យទទួលបានយុត្តិធម៌។ សូមឱ្យភាគីពាក់ព័ន្ធហ្នឹង ពន្លឿនការស៊ើបអង្កេតឡើងវិញករណីឃាតកម្មរបស់លោក ឈុត វុទ្ធី ហ្នឹង ឱ្យជួយធ្វើការស៊ើបអង្កេតឡើងវិញដើម្បីជួយវែកមុខរកជនល្មើសដែលបានធ្វើឃាត[បាញ់សម្លាប់]គាត់ហ្នឹង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លើកឡើងថា ករណីឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី នេះតុលាការខេត្តកោះកុងបានសម្រេចបិទបញ្ចប់សំណុំរឿងរួចរាល់អស់ហើយ។
បើតាមលោក ជិន ម៉ាលីន ប្រសិនបើក្រុមយុវជនទាំងនោះ មានភស្តុតាងបន្ថែមជុំវិញរឿងឃាតកម្មទៅលើលោក ឈុត វុទ្ធី នេះក្រសួងយុត្តិធម៌ មិនបដិសេធក្នុងការអនុវត្តនីតិវិធីបន្តទេ ប៉ុន្តែស្នើឱ្យពួកគេផ្តល់តម្រុយថ្មីណាមួយ ដែលរកឃើញថាសំណុំរឿងមួយនេះ នៅមានចំណែកដែលត្រូវបើកការស៊ើបអង្កេតបន្ថែមទៀតដែរ។
លោកបន្តថា៖ «ករណីលោកឈុត វុទ្ធី នេះគឺសំណុំរឿងបានបិទបញ្ចប់រួចទៅហើយ ការស៊ើបអង្កេត ដំណើរការនិតីវិធីការផ្តន្ទាទោសជនដៃដល់ និងអ្នកពាក់ព័ន្ធហ្នឹង គឺបានបិទបញ្ចប់រួចអស់ហើយ។ ប្រសិនបើគាត់[ក្រុមយុវជន]មិនអាចទទួលយកការសម្រេចសេចក្តីហ្នឹងបាន ដោយគាត់គិតថាមានជនជនដៃដល់អ្នកពាក់ព័ន្ធផ្សេងទៀត សូមឱ្យគាត់ចូលរួមសហការ និងផ្តល់សក្ខីកម្មមូលដ្ឋានរឹងម៉ាំ បង្ហាញភស្តុតាងផ្ទុយថាការសម្រេចរបស់តុលាការហ្នឹងមិនត្រឹមត្រូវ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ទាំងស្ថាប័នមិនមែនរដ្ឋាភិបាល រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត នៅតែមិនអស់ចិត្ត ចំពោះការបិទបញ្ចប់ទៅ នៃសំណុំរឿងដ៏ចម្រូងចម្រាស់មួយនេះ។ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស លោកស្នើឱ្យស្ថាប័នជំនាញ ជាពិសេសក្រសួងយុត្តិធម៌ ត្រូវបើកការស៊ើបអង្កេត ដោយឯករាជ្យឡើងវិញ ដើម្បីប្រាកដថា ជនបង្ក និងអ្នកបញ្ជានៅពីក្រោយខ្នងត្រូវបានអនុវត្តទោសដោយពិតប្រាកដ។
លោកបន្តថា៖ «យើងឃើញថា មានមន្ទិលសង្ស័យជាច្រើនទាក់ទងសំណុំរឿងលោកឈុត វុទ្ធី ដូច្នេះអង្គការសង្គមស៊ីវិលយើងនៅតែទទូចឱ្យបើកការស៊ើបអង្កេតឡើងវិញ ដើម្បីស្វែររកយុត្តិធម៌ជូនលោក ឈុត វុទ្ធី»។
ស្របពេលមានការទាមទារមិនចប់មិនហើយ និងជំរុញឱ្យមានការស៊ើបអង្កេតឡើងវិញ ចំពោះការបិទបញ្ចប់ទៅដោយមិនស្ងប់ចិត្ត ពីអង្គការ-សមាគមនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលឆ្នាំ២០១៩ បានបង្ហាញពីដំណើរការក្ដីដែលចេញដោយតុលាការខេត្តកោះកុង រកឃើញថា កាលពីខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តនេះ បានបិទសំណុំរឿងនេះត្រឹមសម្អាងហេតុថាលោក ឈុត វុទ្ធី ត្រូវបានសម្លាប់ដោយទាស់ពាក្យសម្តីគ្នាជាមួយមន្ត្រីកងរាជអាវុធហត្ថ និងសន្តិសុខដែលស៊ីឈ្នួលឱ្យក្រុមហ៊ុន ធីមបើហ្រ្គីន ក្នុងពេលដែលពួកគេទាមទារឱ្យលោក ឈុត វុទ្ធី ប្រគល់កាមេរ៉ាដែលមានផ្ទុករូបភាព នៃទីតាំងក្រុមហ៊ុន។ បើទោះបែបណា ច្រើនឆ្នាំមកនេះ ការទាមទាររបស់ស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះ មិនត្រូវបានធ្វើឡើងដោយភ្នាក់ងាររដ្ឋទេ ផ្ទុយទៅវិញទាំងមន្រ្តីនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងយុត្តិធម៌ អះអាងដូចៗគ្នាថា សំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានបិទបញ្ចប់រួចរាល់អស់ហើយ ដោយសាលក្រុមតុលាការខេត្តកោះកុង៕