មន្រ្តីមួយរូបដែលកំពុងបម្រើការ នៅក្នុងសាលាខេត្តកណ្តាលទទួលបន្ទុកជាមន្រ្តីរដ្ឋបាល អះអាងថា ខ្លួនត្រូវបានថ្នាក់លើលុបឈ្មោះចេញពីក្របខណ្ឌជាមន្រ្តីរាជការស៊ីវិល ព្រោះតែគាំទ្រ និងមាននិន្នាការនយោបាយ ទៅគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា។
រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានសម្រេចលុបឈ្មោះ លោក ផុន សុភា ចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិល ដែលធ្លាប់បម្រើការនៅសាលាខេត្តកណ្តាល ក្រោមហេតុផលថា លោក ផុន សុភា បានប្រព្រឹត្តិផ្ទុយទៅនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា៣៧ ដែលចែងអំពីអព្យាក្រឹតភាព នៃមន្រ្តីរាជការស៊ីវិល។
បើទោះបែបណា សម្រាប់លោក ផុន សុភា បានហៅការដករូបលោកចេញពីក្របខណ្ឌនៅពេលនេះថាជាការប្រើអំណាចផ្ដាច់ការ ដោយរំលោភលើនីតិវិធីនៃច្បាប់ដែលតម្រូវឱ្យធ្វើការព្រមានផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ មុននឹងការដាក់ទោសវិន័យធ្ងន់ធ្ងរ ដោយការលុបឈ្មោះខណៈលោកពុំធ្លាប់ទទួលបានការព្រមានម្ដងណានោះទេ។
លោកបន្តថា៖ «អាហ្នឹងគឺគេចេះតែចោទទេ ហើយខ្ញុំទៅបំពេញការងាររាល់ថ្ងៃ ខ្ញុំចុះហត្ថលេខាបញ្ជីវត្តមានរាល់ថ្ងៃ ហើយគេប្រជុំគេចេញឯកសារហ្នឹង[បញ្ឈប់] មកគឺខ្ញុំអត់បានដឹងពីមុនមក ខ្ញុំអត់បានដឹងខ្លួនទេ[…] រឿងនេះគឺជារឿងនយោបាយទាំងស្រុង អត់មានខុសវិន័យខុសអីទេ»។
ក្នុងពេល លោក ផុន សុភា បម្រើការក្នុងការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្តកណ្តាល រូបលោកក៏ជាលេខាធិការគណបក្សភ្លើងទៀន ប្រចាំខេត្តកណ្តាលដែរ។ បើតាមន្រ្តីរូបនេះ បានអះអាងថា បើទោះជាខ្លួនជួយធ្វើកិច្ចការខ្លះ ឱ្យគណបក្សភ្លើងទៀន អំឡុងពេលបំពេញការងារ ជាមន្រ្តីរដ្ឋបាលខេត្តកណ្តាលក្តី ក៏រូបលោកមិនដែលយកម៉ោងការងាររដ្ឋ ទៅបម្រើកិច្ចការឱ្យគណបក្សនយោបាយ ដែលលោកពេញចិត្តម្តងណានោះឡើយ។
ប្រភពដដែលបញ្ជាក់ទៀតថា អ្វីដែលលោកបំពេញការងារឱ្យគណបក្សភ្លើងទៀន ក្នុងឋានៈជាលេខាគណបក្សនេះ គឺមានតែថ្ងៃចុងសប្តាហ៍ទេ។ ផ្ទុយទៅវិញ លោកសង្កេតឃើញថា ចំពោះមន្រ្តីរដ្ឋាភិបាល រួមទាំងមន្រ្តីនៅថ្នាក់ក្រោមជាតិដទៃទៀត បានយកម៉ោងការងាររដ្ឋទៅបម្រើការងារឱ្យគណបក្សដែលពួកគេគាំទ្រតាមចិត្ត ដោយពុំទទួលការដាក់វិន័យណាមួយនោះទេ។
លោកបន្តថា៖«បើគណបក្សគេវិញ គេយករឿងគណបក្សទៅធ្វើក្នុងសាលាខេត្ត[កណ្ដាល]ហ្មងក៏មានដែរ។ គេឈប់បានតាមចិត្ត ការងារគណបក្សត្រូវការពេលណា គេទៅពេលហ្នឹង គេអត់ខ្វល់អត់បារម្ភអី តែខ្ញុំប្រយ័ត្នបំផុត ព្រោះខ្ញុំដឹងថាខ្ញុំជាមុខសញ្ញា ប៉ុន្តែដល់ពេលខ្ញុំអត់មានខុសអី គេនៅតែបញ្ឈប់»។
ឆ្លើយតបរឿងនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អះអាងថា គណៈកម្មការវិន័យនៃរដ្ឋបាលខេត្តកណ្ដាល បានសម្រេចលុបឈ្មោះ លោក ផុន សុភា នេះចេញពីក្របខណ្ឌ ក្រោយរកឃើញ អតីតមន្រ្តីរូបនេះ បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរពាក់ព័ន្ធការដែលមិនបម្រើប្រជាពលរដ្ឋ។
បើទោះជាលោក គង់ សោភ័ណ្ឌ មិនបានបញ្ជាក់ពីមូលហេតុធ្ងន់ធ្ងរនោះជាអ្វីក៏ដោយ សម្រាប់រដ្ឋបាលខេត្តកណ្តាល ធ្លាប់បានអប់រំណែនាំ និងដាស់តឿនជាញឹកញាប់ណាស់មកហើយ មុននឹងសម្រេចបែបនេះ។
លោកបន្តថា៖«ធ្ងន់ធ្ងរបានដក បើអត់ធ្ងន់ធ្ងរម៉េចដក [កំហុសម៉េចវិញ?] មិនអាចនិយាយបានទេកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលយកទៅនិយាយតាមវិទ្យុម៉េច។ ពន្យល់ឆ្អែតឆ្អន់ហើយ»។
លោក ផុន សុភា ក្លាយជាមន្រ្តីបម្រើការនៅក្នុងការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស របស់សាលាខេត្តកណ្តាលក្នុងឆ្នាំ២០១៦ ក្រោយពីរូបលោកចូលបម្រើការងារ ជាមន្រ្តីរាជការស៊ីវិលតាំងពីឆ្នាំ២០០៩ មក។ដោយឡែក ក្នុងឋានៈជាលេខាធិការ នៃគណបក្សភ្លើងទៀនប្រចាំខេត្តកណ្តាលវិញ គឺលោកចូលរួមការងារនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលនេះ ក្រោយពី មានសកម្មភាពឡើងវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយឡែក នៅក្នុងបញ្ញត្តិមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលវិញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ថ្លែងថា ជុំវិញការយាយីខាងនយោបាយមកលើអ្នកគាំទ្រ និងមន្រ្តីជាន់ខ្ពស់ដទៃទៀត របស់គណបក្សជំទាស់នេះ លោកហាក់មិនបានចាំតួលេខឱ្យបានច្បាស់លាស់ទេ ប៉ុន្តែរូបភាពនៃការគំរាមកំហែងនេះ គឺបានកើតឡើងញឹកញាប់។ លោកបន្តថា ការធ្វើទុក្ខបុកម្នេញនេះ មានពេលខ្លះរហូតដល់លុបឈ្មោះពួកគេចេញពីក្របខណ្ឌរដ្ឋក៏មានដែរ ប្រសិនបើរកឃើញថាអ្នកទាំងនោះ មានទស្សនៈលែងគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត។
លោកបន្តថា៖«មិនបានក្ដាប់ព័ត៌មានចំនួន[សមាជិកត្រូវលុបឈ្មោះចេញពីក្របខណ្ឌ]ពិតប្រាកដទេ។ គ្រាន់តែដឹងថានរណាចេញមុខខ្លាំង គឺអ្នកហ្នឹងត្រូវបានគេដេញហើយមានតាំងពីក្រសួងសុខាភិបាល ក្រសួងដែនដី ចឹងយើងមិនបានរាប់ចំនួនទេ គ្រាន់ថាមានការរើសអើងអ្នកមាននិន្នាការលើបក្សប្រឆាំង បក្សភ្លើងទៀន តាំងពីដើមមក»។
ទាក់ទិននឹងករណីនេះ អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ឃើញថា គួរមានការគោរពការសម្រេចចិត្តឱ្យបានស្មើគ្នា ចំពោះមន្រ្តីរាជការស៊ីវិលដែលគាំទ្របក្សកាន់អំណាច និងអ្នកដទៃទៀតដែលមាននិន្នាការនយោបាយទៅរកបក្សផ្សេង។ លោកបន្តថា ការលុបឈ្មោះមន្រ្តីរាជការស៊ីវិលចេញពីក្របខណ្ឌ ដោយខ្វះតម្លាភាព បង្ហាញឱ្យឃើញពីការអនុវត្តគោលការណ៍គ្មានសមធម៌ និងបាត់បង់អាព្យាក្រឹត្យភាព ចំពោះអ្នកគាំទ្របក្សកាន់អំណាច និងបក្សជំទាស់។
លោកបន្តថា៖ «ខ្ញុំមើលឃើញថា វាជាការអនុវត្តមួយដែលមិនស្មើភាព ហើយវាជារូបភាពមួយនៃការធ្វើទុក្ខបុកម្នេញឬក៏ជាប្រើប្រាស់នូវយន្តការច្បាប់ដ៏ហួសហេតុ ដើម្បីគំរាមកំហែងដល់អ្នកចូលរួមគណបក្សប្រឆាំង»។
គេសង្កេតឃើញថា ក្នុងពេលកន្លងទៅ ទាំងមន្រ្តីរាជការស៊ីវិល និងមន្រ្តីរដ្ឋាភិបាល តែងចុះពង្រឹងគណបក្សកាន់អំណាច ស្ទើររាល់ពេលសប្តាហ៍នៅតាមមូលដ្ឋាន។ សកម្មភាពជាច្រើន ត្រូវគេកត់សំគាល់ឃើញបានថតបង្ហោះ និងចែកចាយរូបភាពនៅលើបណ្តាញសង្គម ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់ប្រធានគណៈពង្រឹងគណបក្ស នៅតាមគោលដៅនីមួយៗ។
ជាងនេះទៀត ការចុះមូលដ្ឋាននោះទៀតសោត មន្រ្តីដែលចុះពង្រឹងគណបក្ស បានបង្ហោះពីសកម្មភាពអមដោយខ្លឹមសារនានា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលបង្ហាញពីសមិទ្ធផលរបស់គណបក្សកាន់អំណាច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ការលុបឈ្មោះមន្រ្តីរាជការស៊ីវិល ដែលបម្រើការនៅក្នុងក្របខណ្ឌ ហើយទៅគាំទ្របក្សនយោបាយផ្សេងក្រៅពីបក្សកាន់អំណាច គេសង្កេតឃើញបានកើតឡើងញឹកញាប់ ក្នុងរយៈពេលចុងក្រោយនេះ។ លោក អេង ស្រូយ ដែលជាប្រធានប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំខេត្តត្បូងឃ្មុំ ត្រូវបានដកចេញ និងបញ្ចប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមានឋានៈជាវរសេនីយ៍ឯក (សក្តិប្រាំ) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតីតមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅឈរឈ្មោះជាចៅសង្កាត់នៅសង្កាត់ច្បារអំពៅ ឱ្យគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ។ មិនខុសគ្នាដែរ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២០២២ ក៏ត្រូវបានក្រសួងមុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោយមូលហេតុចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន៕