ក្រុមយុវជនស្ម័គ្រចិត្តមានសមាជិក ៤០នាក់ បានបង្កើតយុទ្ធនាការថ្មីមួយនៅតាមបណ្តាញសង្គម ដើម្បីកៀរគរថវិកាសង់បន្ទប់សិក្សា ២បន្ទប់បន្ថែម នៅក្នុងបឋមសិក្សាអាវឡាតាន់ដែលកំពុងខ្វះខាតអគារសិក្សា ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
តំណាងក្រុមយុវជន មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ លោក ស៊្រឹង ឆវ័ន្ត ប្រាប់ Newsroom Cambodia ថា គោលបំណងដែលក្រុមរបស់លោកបង្កើតសកម្មភាពសប្បុរសធម៌នេះឡើង គឺដើម្បីជំរុញឱ្យការសិក្សារបស់កុមារនៅតំបន់ដាច់ស្រយាលកាន់តែមានប្រសិទ្ធភាព។ លោកសង្កេតឃើញថា កុមារដែលកំពុងសិក្សានៅបឋមសិក្សាអាវឡាតាន់ នៅតំបន់ទេសចរណ៍កោះកុងក្រៅ ក្នុងខេត្តកោះកុង កំពុងប្រឈមការខ្វះខាតបន្ទប់សិក្សាបន្ថែម ខណៈ បណ្ណាល័យ និងសួនកុមារ សម្ភារសិក្សាផ្សេងៗ ក៏មិនទាន់មានគ្រប់គ្រាន់ដែរ។
លោកបន្តថា៖ «អ៊ីចឹងហើយខ្ញុំឃើញតម្រូវការអស់ហ្នឹង! ជាការចំបាច់សម្រាប់សាលា ក៏ខ្ញុំជជែកជាមួយក្រុមការងារយើងក៏បង្កើតគម្រោងមួយដែលយើងធ្វើជា Campaign ជាយុទ្ធនាការរៃអង្គាសឱ្យមានការចូលរួមពីមហាជន»។
បើតាមលោក ស៊្រឹង ឆវ័ន្ត យុទ្ធនាការតាមបណ្តាញសង្គមនេះ បានធ្វើឡើងរយៈពេល ៦០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី៨ ខែមីនា បញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ លោកថា ក្នុងរយៈពេល ២ខែមកនេះ ថវិកាដែលប្រមូលបានមានចំនួនជាង ២ ៧០០ ដុល្លារ ដែលគម្រោងចំណាមក្នុងការសាងសង់បន្ទប់សិក្សាមានចំនួនប្រមាណ ៥ ០០០ ដុល្លារ។
តំណាងក្រុមយុវជនដែលសកម្មក្នុងការងារជួយសង្គមរូបនេះ បន្ថែមថា ដោយសារតែថវិកាទទួលបានមិនទាន់គ្រប់ចំនួនដែលបានគ្រោងទុក ទើបក្រុមការងាររបស់លោកបានសម្រេចពន្យារពេលនៃយុទ្ធនាការនេះ ដោយបន្ថែមរយៈពេល ៤០ថ្ងៃបន្តទៀត ដោយរំពឹងថា នឹងមានសប្បុរសជនបានចូលរួមកាន់តែច្រើនឡើង។
បន្ថែមលើនេះ លោក ស៊្រឹង ឆវ័ន្ត ក៏បានអំពាវនាវឱ្យសប្បុរសជនចូលរួមសកម្មភាពនេះ ឱ្យបានផុសផុល ដើម្បីសម្រេចបានគោលបំណងសង់បន្ទប់សិក្សាចំនួន ២បន្ទប់ សម្រាប់កុមារទទួលបានការសិក្សាពេញលេញ មានបន្ទប់សិក្សាគ្រប់គ្រាន់ ដូចកុមារដែលរស់នៅតំបន់ទីប្រជុំជនផ្សេងៗផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យយុវជន ក៏ដូចជាមហាជនទាំងអស់ចូលរួមចំណែកវិភាគទានជាមួយយើងខ្ញុំក្នុងការគាំទ្រវិស័យអប់រំ ក៏ដូចជាការជំរុញវិស័យអប់រំ កុមារដែលនៅកោះកុងក្រៅ។ ព្រោះអីការចូលរួមរបស់យុវជន ការចូលរួមរបស់មហាជន សំខាន់មែនទែនសម្រាប់ការអប់រំកុមារនៅទីនោះ។ ព្រោះបច្ចុប្បន្នយើងអត់ទាន់គ្រប់ថវិកាក្នុងការសាងសង់ទេ ហើយសំណង់នេះ បើសិនជាវាបានកកើតឡើងជាប្រយោជន៍មែនទែនសម្រាប់សហគមន៍នោះ»។
ជាមួយគ្នានេះ នាយកបឋមសិក្សាអាវឡាតាន់ លោក ប្រាក់ សារ៉េត ប្រាប់ Newsroom Cambodia ថា សាលាដែលលោកគ្រប់គ្រងបានបង្កើតឡើងក្នុងឆ្នាំ២០០៧ មានតែ១ អគារប៉ុណ្ណោះ សរុបមាន ៣បន្ទប់ ដែលទ្រទ្រង់ដល់ការសិក្សាសិស្សចំនួន ៦កម្រិត ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ ទី៦។ លោកបន្តថា ក្នុងឆ្នាំសិក្សា ២០២២ ដល់២០២៣ មានសិស្ស សរុបចំនួន ៦៧ នាក់ ក្នុងនោះមានស្រី ៣៤នាក់ និងមានគ្រូបង្រៀនសរុបចំនួន ៣នាក់។ លោកឱ្យដឹងទៀតថា បច្ចុប្បន្នសាលាមួយនេះកំពុងខ្វះបន្ទប់ ទីចាត់ការ បណ្ណាល័យ សួនកុមារ បន្ទប់ដាក់សម្ភារសិក្សា និងបង្គន់អនាម័យ ជាដើម។ យ៉ាងណាក្តី លោកបានបង្ហាញអារម្មណ៍រីករាយ ស្របពេលដែលមានការជួយជ្រោមជ្រែងពីសប្បុរសជននានា ដែលបានរួមចំណែកជួយដល់សាលាដែលកំពុងជួបការការលំបាកមួយនេះ។
លោកនិយាយថា៖ «និយាយរួមទៅការមកជួយសាលា ខាងណាក៏ដោយ គឺអារម្មណ៍របស់ខ្ញុំគឺ ខ្ញុំអំណរសាទរ ដោយសាលាកំពុងខ្វះខាត យើងត្រូវការជំនួយ តាំងពីដើមមកម្ល៉េះ!»។
លោក ប្រាក់ សារ៉េត ឱ្យដឹងថា បឋមសិក្សាអាវឡាតាន់ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ហើយកុមារដែលកំពុងសិក្សានៅទីនោះ ភាគច្រើនចំណាកស្រុកជាមួយក្រុមគ្រួសារ មកប្រកបរបរនេសាទនៅតំបន់ឆ្នេរកោះកុងក្រៅនេះតែម្តង។
ជុំវិញករណីនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោក ង៉ែត ឡឹង បានឆ្លើយតបខ្លីថា លោកបានដឹងពីបញ្ហាប្រឈមនៅបឋមសិក្សាអាវឡាតាន់រួចហើយ និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីជួយដល់សាលានេះ រួចរាល់ហើយដែរ។
លោកថា៖ «កិច្ចការ [ជួយដល់សាលា] ហ្នឹង! កំពុងធ្វើការជាមួយអាជ្ញាធរដែនដីថ្នាក់ឃុំ ស្រុក ខេត្តហើយ»។
យ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ការមិនមានសម្ភារសិក្សា ឬ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាឱ្យបានល្អប្រសើរ គឺជាកត្តាមួយធ្វើឱ្យសិស្សអាចបោះបង់ការសិក្សា។ លោកថា រដ្ឋគឺមានតួននាទីដោះស្រាយករណីនេះជាចំាំបាច់។
លោកមានប្រសាសន៍ថា៖ «ជាទូទៅសាលាត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ ឱ្យសិស្សទៅរៀន។ ទាំងអស់នេះជារឿងមួយសំខាន់ បើសិនជាអត់មានអីទេ! អត់មានបន្ទប់ទឹកក៏អត់មាន គឺកូនសិស្សគ្នាពិបាកនឹងទៅរៀន ខែក្តៅអីទៀត គឺពិបាកណាស់ សាលាត្រូវគិតគូបញ្ហាទាំងអស់ហ្នឹងជាពិសេសគឺ ខាងក្រសួងអប់រំត្រូវតែរកដំណោះស្រាយបញ្ហាហ្នឹង!»។
កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិតដែរ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា បឋមសិក្សានៅកម្ពុជាបានកើនឡើងពីចំនួន ៧ ៧១៦សាលា (សាលារដ្ឋ ៧ ២២៨ និងឯកជន ៤៨៨) ក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ ដល់ ៧ ៨៤៣សាលា (សាលារដ្ឋ ៧ ៣០៤ និងឯកជន ៥៣៩) ក្នុងឆ្នាំសិក្សា ២០២០-២០២១។
មូលនិធិសប្បុរសធម៌ ដើម្បីកុមារជនបទ (CFRC) ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៤ ដោយក្រុមនិស្សិតច្បាប់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងបំណង ជួយដល់កុមារនៅតំបន់ដែលប្រឈមការខ្វះខាត។ ក្រុមយុវជនស្ម័គ្រចិត្តនេះ មានសមាជិកចំនួន ៤០នាក់ ហើយបានធ្វើសកម្មភាពសម្បុរសធម៌ជាច្រើន រួមមាន ផ្តល់សម្ភារសិក្សាដល់មណ្ឌលកុមារកំព្រាមួយក្នុងខេត្តកំពង់ស្ពឺ ការសង់បណ្ណាល័យឱ្យសហគមន៍មួយ ក្នុងខេត្តកំពង់ស្ពឺ និងប្រមូលយកសម្ភារសិក្សា ជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកស្វាយ ក្នុងខេត្តព្រះសីហនុ ជាដើម។
យ៉ាងណាក្តី តំណាងក្រុមយុវជន មូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ លោក ស៊្រឹង ឆវ័ន្ត រំពឹងថា យុទ្ធនាការថ្មីដែលក្រុមលោកកំពុងធ្វើ ជួយដល់បឋមសិក្សាអាវឡាតាន់ គឺជាគំរូមួយ ជំរុញឱ្យក្រុមយុវជនផ្សេងទៀត ងាកមកចាប់អារម្មណ៍ជួយដល់កុមារនៅទីនោះកាន់តែផុសផុលឡើងបន្ថែមទៀត។
លោកថ្លែងថា៖ «ខ្ញុំគិតថា បន្ទាប់ពីសកម្មភាពរបស់ពួកខ្ញុំទៅ អាចនឹងមានក្រុមយុវជនផ្សេងទៀត គាត់នឹងជួយធ្វើគម្រោងផ្សេងៗទៀត ដើម្បីគាំទ្រវិស័យអប់រំនៅភូមិអាវឡាតាន់ហ្នឹង»៕