បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តស្នើឱ្យមន្រ្តីរដ្ឋាភិបាលគួរមានចំណាត់ការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បន្ថែមទៀត ខណៈមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានបញ្ជាឱ្យមន្រ្តីថា្នក់ក្រោមចុះបង្រ្កាបបទល្មើសនាពេលថ្មីៗនេះ។
តំណាងបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព បានឱ្យដឹងថាកាលពីពេលថ្មីៗនេះឃើញមានករណីចុះបង្រ្កាបបទល្មើសដឹកឈើជាច្រើននៅតំបន់ព្រៃឡង់ពីសំណាក់មន្រ្តីរដ្ឋាភិបាលជាពិសេសក្រោយពីមានបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា ឱ្យមន្រ្តីថ្នាក់ក្រោមចុះបង្រ្កាបបទល្មើសដឹកឈើស្ថិតនៅភូមិសាស្រ្តតំបន់ព្រៃឡង់ខេត្តព្រះវិហារ។ លោកបន្ថែមថាចំពោះបញ្ហាបទល្មើសទាំងនេះមន្រ្តីរដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតបន្ថែមជុំវិញភាពមិនប្រក្រតីរបស់ក្រុមហ៊ុនមួយចំនួននិងគួរបិទអាជ្ញាបណ្ណរបស់ក្រុមហ៊ុនណាដែលបានរំលោភច្បាប់ព្រៃឈើ។
លោកថា៖«ខ្ញុំគិតថារដ្ឋាភិបាលគួរតែចុះស្រាវជ្រាវ បើសិនជាមានឃើញនូវក្រុមហ៊ុនណាមួយដែលគាត់មានកំហុសគួរតែបិទចោលឬគួរតែដកចោលកម្មសិទ្ធិនូវក្នុងការគ្រប់គ្រងរបស់ពួកគាត់ហើយពិន័យទៅតាមគោលការណ៍ច្បាប់»។
លោកបន្ថែមថា៖«បទល្មើសភាគច្រើនកើតចេញពីក្រុមហ៊ុន និងមានខ្លះទៀតដឹកឈើលក់ចេញទៅក្រៅប្រទេស អ៊ីចឹងព្រៃឈើយើងវាមិនអស់។ បើមិនទប់ស្កាត់ មិនបង្រ្កាបទាន់ពេលទេមើលទៅវាអាចអស់ដែរព្រៃឈើយើង។តែយើងឃើញមួយរយៈមន្រ្តីរដ្ឋាភិបាលចុះបង្រ្កាបបទល្មើសគ្រាន់បើដែរ»។
បុរសវ័យ ៤៦ឆ្នាំជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំរូបនេះថាលោកចង់ឃើញចំណាត់ការណ៍និងវិធានការនៃការអនុវត្តច្បាប់ព្រៃឈើឱ្យខ្លាំងជាងនេះបន្ថែមទៀតដើម្បីធានាបានថាបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើនិងការដឹកជញ្ជូនឈើលែងមានតទៀតនៅកម្ពុជា។ លោកបន្តថាថ្នាក់ដឹកនាំកំពូលត្រូវអនុវត្តវិធានការរឹតបណ្តឹងច្បាប់ឬដាក់ទោសទណ្ឌចំពោះក្រុមហ៊ុនណាឬជនល្មើសណាហ៊ានលួចកាប់ឈើនឹងដឹកឈើចេញពីតំបន់ព្រៃឡង់ទាំងបួនខេត្ត។
លោក ហឿន សុភាព និយាយថា៖«អ៊ីចឹងខ្ញុំគិតថាមានតែប្រមុខរដ្ឋាភិបាលតែមួយគត់ដែលមានឥទ្ធិពលខ្លាំងមែនទែនទៅលើក្រុមហ៊ុនទៅលើបទល្មើសទាំងអស់នោះ បើសិនជាគាត់មិនចាត់វិធានការខ្ញុំគិតថាមិនអាចទៅរួចទេ ទុកឱ្យមន្រ្តីក្រោមឱវាទគឺមិនអាចទៅរួចទេមានតែសម្តេចប្រមុខរដ្ឋាភិបាលទេដែលមានឥទ្ធិពលចំពោះរឿងនេះ»។
ព្រៃឡង់ មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។
មិនខុសគ្នានេះដែរ តំណាងបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ស្រី ថី បានឱ្យដឹងដែរថាចំពោះករណីបទល្មើសដែលមន្រ្តីជំនាញបានទប់ស្កាត់និងចុះបង្រ្កាបពិតជារឿងដ៏ល្អហើយសហគមន៍ព្រៃឡង់ទាំងបួនខេត្តក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍រួមសម្តែងការសាទរចំពោះចំណាត់ការរបស់មន្ត្រីជំនាញផងដែរ។ បន្ថែមពីនេះលោកថាចំណាត់ការទាំងនេះរបស់មន្រ្តីរដ្ឋាភិបាលពិតជាមានប្រសិទ្ធភាពនិងជាប្រយោជន៍សម្រាប់ការពារធនធានធម្មជាតិ ប៉ុន្តែយ៉ាងណាមិញត្រូវបន្ថែមការស៊ើបអង្កេតវែកមុខជនពាក់ព័ន្ធផ្សេងទៀតដើម្បីធានាថាព្រៃឈើនៅកម្ពុជាមិនបាត់បង់បន្តទៀត។
លោកថា៖«ខ្ញុំចង់ឱ្យគាត់មានចំណាត់ការមួយវែកមុខទៅលើជននៅពីក្រោយខ្នងក្រុមហ៊ុនក៏ដោយមន្រ្តីរាជការណាក៏ដោយដែលពាក់ព័ន្ធរឿងបទល្មើសព្រៃឈើត្រូវតែគាត់វែកមុខឱ្យឃើញបានវាស្ងាត់បទល្មើសព្រៃឈើ»។
បុរសវ័យ ៥៥ ឆ្នាំជាអ្នកភូមិស្រែវាលស្រុកជ័យសែនខេត្តព្រះវិហាររូបនេះលើកឡើងថាដើម្បីឱ្យព្រៃឈើនៅកម្ពុជាអាចបន្សល់ទុកដល់កូនចៅជំនាន់ក្រោយឬធនធានធម្មជាតិអាចនៅគង់វង្សបាន មន្រ្តីរដ្ឋាភិបាលគួរតែបិទបញ្ចប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ឯកជនឬក្រុមហ៊ុនណាដែលមិនគោរពច្បាប់។ លោកបន្តថារដ្ឋាភិបាលត្រូវបិទអាជីវកម្មឈើទាំងអស់នៅជុំវិញតំបន់ព្រៃឡង់ជាពិសេសត្រូវបញ្ឈប់ការនាំចេញឈើទៅក្រៅប្រទេសនោះអនាគតព្រៃឈើនៅកម្ពុជាពិតជារក្សាបានយ៉ាងល្អប្រសើរ។
លោក ស្រី ថី និយាយថា៖«ខ្ញុំចង់បន្ថែមថាចង់ឱ្យមានការបិទអាជីវកម្មទីផ្សារនាំឈើចេញទៅស្រុកក្រៅបានៗបើមិនបិទទីផ្សារហ្នឹងចេញទេព្រៃឈើយើងនឹងរងវិនាសកម្ម អត់មានផុតទេអារឿងនោះ»។
បន្ថែមពីនេះ តំណាងបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងលោក ពេជ្រ សារិក បានរៀបរាប់ថាចាប់តាំងពីឆ្នាំ២០២០ស្របពេលដែលមន្រ្តីបរិស្ថានបិទនិងហាមឃាត់សកម្មជន ពលរដ្ឋ អង្គការសង្គមស៊ីវិលនិងបណ្តាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាតមកករណីបទល្មើសកាប់ទន្រ្ទានព្រៃឈើនិងការដឹកឈើចេញពីតំបន់ព្រៃឡង់កើតមានដូចភ្លៀងរលឹម។ លោកបន្តថានៅភូមិសាស្រ្តព្រៃឡង់ខេត្តស្ទឹងត្រែងឃើញមានករណីលួចកាប់ឈើនិងដឹកឈើជាហូរហែដែរតាមរយៈគោយន្តកន្រ្តៃ រទេះគោនិងម៉ូតូកែច្នៃជាដើម។
លោកថា៖«បទល្មើសនៅតំបន់ព្រៃឡង់ភូមិសាស្រ្តខេត្តស្ទឹងត្រែងវាមានច្រើនដែរ បើតាមឃើញនោះការដឹកជញ្ជូនឈើតាមគោយន្តកន្រ្តៃវាមានច្រើន។ និយាយទៅភូមិសាស្រ្តព្រៃឡង់រឿងកាប់ឈើដឹកឈើវាមិនអត់ទេមានឥតស្រាកស្រាន្ត តិចច្រើនវាតាមថ្ងៃដែរ»។
យ៉ាងណាមិញ បុរសវ័យ ៦៧ ឆ្នាំជាអ្នកភូមិកាំងចាមស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងរូបនេះបានស្នើទៅមន្រ្តីរដ្ឋាភិបាលជាពិសេសមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក សៅ សុខា គួរតែពិនិត្យមើលឡើងវិញនូវមន្រ្តីថ្នាក់ក្រោមរបស់ខ្លួនមួយចំនួនដែលអសកម្មនិងតែងតែបណ្តែតបណ្តោយឱ្យមានបទល្មើសលួចកាប់ឈើនឹងដឹកឈើចេញពីតំបន់ព្រៃឡង់ទាំងបួនខេត្តនេះ។
លោក ពេជ្រ សារិក ស្នើថា៖«ខ្ញុំអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើយ៉ាងម៉េចដាក់កំណត់ទៅលើមន្រ្តីរបស់គាត់និងស្នើចង់ឱ្យគាត់ត្រួតពិនិត្យឡើងវិញអំពីមន្រ្តីទទួលខុសត្រូវទៅលើតំបន់ការពារព្រៃឡង់ហ្នឹង ពិសេសក្រសួងពាក់ព័ន្ធក្រសួងបរិស្ថានតើមានការអនុវត្តច្បាប់សុក្រឹត្យយ៉ាងណាដើម្បីធានាថាបទល្មើសព្រៃឈើលែងមានតទៅទៀត»។
ពាក់ព័ន្ធនឹងរឿងនេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានឆ្លើយតបទៅនឹងការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តថាឱ្យតែមានបទល្មើសកាប់ឈើដឹកឈើខាងកងរាជអាវុធហត្ថនឹងចុះទៅបង្រ្កាបទប់ស្កាត់និងស្រាវជ្រាវវែកមុខល្មើសដាក់ទោសទៅតាមផ្លូវច្បាប់ហើយ។ លោកបញ្ជាក់បន្ថែមថាជនល្មើសណាហ៊ានតតាំងឬប្រឆាំងជំទាស់កងកម្លាំង មន្រ្តីជំនាញនឹងអនុវត្តតាមបញ្ជារបស់មេបញ្ជាការលោក សៅ សុខា គឺនឹងប្រើប្រាស់អាវុធតបតទៅវិញភ្លាមៗ។
លោកថា៖«កាលណាមានបទល្មើសព្រៃឈើយើងតែងតែធ្វើការស្រាវជ្រាវហើយ ហើយខ្ញុំសូមជម្រាបដល់អ្នកដែលប្រព្រឹត្តបទល្មើស(ជនល្មើស)ហ្នឹងគឺសុំឱ្យបញ្ឈប់ជាបន្ទាន់យើងនឹងគ្មានការអប់រំអ្វីទៀតទេគឺយើងអនុវត្តច្បាប់តែម្តង»។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មិនអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបាននោះទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។
យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាការចុះបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់គឺជាកាតព្វកិច្ចរបស់មន្រ្តីជំនាញស្រាប់ហើយដើម្បីទប់ស្កាត់មិនឱ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារទាំងនោះ។ បន្ថែមពីនេះលោកថាដើម្បីធានានូវប្រសិទ្ធភាពនៃការការពារតំបន់ព្រៃឡង់ឱ្យបានគង់វង្សនិងកាន់តែល្អប្រសើររដ្ឋាភិបាលត្រូវធ្វើការស្រាវជ្រាវឬស៊ើបអង្កេតវែកមុខជនពាក់ព័ន្ធនៅពីក្រោយខ្នងបន្ថែមទៀតទើបធានាបានថាព្រៃឈើនៅតំបន់ការពារមិនមានការកាប់បំផ្លាញ។
លោកថា៖«ប្រសិនជារដ្ឋាភិបាលឬមន្រ្តីរដ្ឋាភិបាលចង់ធ្វើការការពារព្រៃឡង់ឱ្យមានប្រសិទ្ធភាពត្រូវវែកមុខរកឱ្យឃើញអ្នកដែលជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសហើយបញ្ជូនសំណុំរឿងហ្នឹងទៅតុលាការឬត្រូវចុះបង្រ្កាបនូវបទល្មើសជាក់ស្តែងតែម្តងដើម្បីជាគំរូភាពដល់តំបន់ព្រៃឡង់ផ្សេងៗទៀត»៕