គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធចំពោះ លោក រ៉ុង ឈុន ជាបេក្ខជនឈរឈ្មោះលេខរៀងទី១នៃមណ្ឌលខេត្តកណ្ដាល ដោយសំអាងថា លោក មិនទាន់មាននីតិសម្បទាឡើងវិញក្រោយតុលាការផ្ដន្ទាទោស។
យោងតាមលិខិតជូនដំណឹងមួយរបស់ គជប ទៅកាន់គណបក្សភ្លើងទៀន នៅថ្ងៃទី៩ ខែឧសភានេះ ឱ្យដឹងថា គណបក្សភ្លើងទៀនត្រូវផ្លាស់ប្ដូរបេក្ខជនជំនួស លោក រ៉ុង ឈុន ដែលឈរឈ្មោះនៅមណ្ឌលខេត្តកណ្ដាល ដែលមន្រ្តីជាន់ខ្ពស់ គជប ថា បក្សជំទាស់មួយនេះមានរយៈពេល៥ថ្ងៃក្នុងការដាក់បេក្ខជនថ្មី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែងថា បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនទាំងអស់ មានតែបេក្ខភាព លោក រ៉ុង ឈុន មួយរូបប៉ុណ្ណោះដែលខុសនឹងនីតិវិធីច្បាប់។
លោក ពុទ្ធា និយាយថា៖ «គជបគឺបានសួរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តច្បាប់ហ្នឹងហើយ ឆ្លើយមកថាគាត់មិនទាន់មាននីតិសម្បទានៅឡើយ»។
កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ក្រុមការងាររបស់គណបក្សភ្លើងទៀនក្រោមការដឹកនាំរបស់ លោក រ៉ុង ឈុន អនុប្រធានគណបក្ស បានយកបញ្ជីឈរឈ្មោះតំណាងរាស្រ្តទាំង២៥ខេត្ត-ក្រុង របស់គណបក្សនេះដាក់ជូន គជប ដើម្បីទទួលស្គាល់និងយល់ព្រមឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថ្លែងប្រាប់សារព័ត៌មាន Newsroom Cambodia ថា ការមិនអនុញ្ញាតឱ្យលោក ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនេះ ជាការងាកទៅរកភាពលម្អៀងខាងនយោបាយជាងកំហុសផ្នែកច្បាប់។
លោក រ៉ុង ឈុន បានលើកឡើងថា លោកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីពាក់កណ្ដាលឆ្នាំ២០២២ និងមានសិទ្ធិបោះឆ្នោត ហើយក្រសួងមហាផ្ទៃក៏ចេញលិខិតទទួលស្គាល់លោកថា ជាអនុប្រធានគណបក្សភ្លើងទៀនផងដែរ។ ក្រោមហេតុផលនេះ លោក រ៉ុង ឈុន យល់ថា លោក គួរតែមានសិទ្ធិពេញលេញក្នុងការឈរឈ្មោះជាតំណាងរាស្ដ្រដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ។
លោក រ៉ុង ឈុន និយាយថា៖ «បើយោងទៅតាមបញ្ហាហ្នឹងហាក់បីដូចជាពាក់ព័ន្ធនយោបាយច្រើនជាងកំហុសឆ្គងដូចខ្ញុំបានបញ្ជាក់ខាងដើមចឹង។ យើងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត យើងមានសិទ្ធិបោះឆ្នោត។ អាហ្នឹងវាព្រមជាមួយគ្នាហើយចឹងក៏មានសិទ្ធិឈរឱ្យគេបោះឆ្នោតផងដែរ»។
លោក ហង្ស ពុទ្ធា ថ្លែងថា គជប បានពិនិត្យសាលដីការបស់តុលាការកំពូលដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជុំវិញករណី លោក រ៉ុង ឈុន។ ប៉ុន្តែលោក ពុទ្ធា ពុំបញ្ជាក់ច្បាស់ពីសាលដីកាដែលចេញក្រោយថ្ងៃបោះឆ្នោតឃុំ-សង្កាត់នេះនោះទេ ដោយលោកប្រាប់ឱ្យសួរទៅកាន់តុលាការកំពូលវិញ។ យ៉ាងណា គជប បានផ្អែកលើសាលដីកានេះក្នុងការជំទាស់បេក្ខភាពរបស់លោក រ៉ុង ឈុន ដែលមានបំណងឈរឈ្មោះជាតំណាងរាស្ដ្រ។
យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាត្រា២៤ ត្រង់ចំណុចទី២ ឱ្យដឹងថា ជនគ្នានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជា ជនដែលត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា តុលាការទំនងមិនកំណត់ឱ្យជាក់ច្បាស់ចំពោះសិទ្ធិលើ លោក រ៉ុង ឈុន ដែលតុលាការដាក់ឱ្យនៅក្រៅឃុំទើបបណ្ដាលឱ្យមានការភាន់ច្រលំកើតមានឡើង។
លោក ចាន់ឡូត និយាយថា៖ «ខ្ញុំមើលឃើញថាវាមាននូវទំនាស់ទាក់ទងនឹងវិធានច្បាប់ហាក់បីដូចជាមិនមាននូវភាពច្បាស់លាស់ដែលមានការបញ្ជាក់ពីតុលាការដែលក្នុងនោះយើងឃើញថាក្រសួងមហាផ្ទៃក៏ទទួលស្គាល់អំពីសមភាព លោក រ៉ុង ឈុន ជាអនុប្រធានបក្សភ្លើងទៀន»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។ ប៉ុន្តែកាលពីថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកាដោយសម្រេចកាត់តម្រឹមទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល៣ឆ្នាំ ដោយអំឡុងពេល៣ឆ្នាំនេះ បើសិនជាលោកត្រូវផ្លាស់ប្ដូរលំនៅ ចេញទៅក្រៅប្រទេស ត្រូវជូនដំណឹង ដោយមានការឯកភាពពីតុលាការជាដើម៕