មន្រ្តីសង្គមស៊ីវិលដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានចាត់ទុកថា ការសម្រេចរបស់តុលាការខេត្ដរតនគិរីលើសំណុំរឿង លោក ថេង សាវឿន និងសហការី២នាក់ទៀត ពីបទ«ញុះញង់» និង«រួមគំនិតក្បត់» គឺគ្មានមូលដ្ឋានច្បាស់លាស់សម្រាប់ដាក់បន្ទុក ហើយថាជាចេតនារបស់អាជ្ញាធរបំបាក់ស្មារតីពលរដ្ឋមិនឱ្យហ៊ានតវ៉ាពីបញ្ហាសិទ្ធិមនុស្ស។
លោក វណ្ណ សូផាត មន្ដ្រីសម្របសម្រួលធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ការសម្រេចរបស់តុលាការខេត្ដរតនគិរី គឺជាការចោទប្រកាន់ដែលគ្មានភស្តុតាងរឹងមាំ។ លោកបន្ថែមថា សកម្មភាពរបស់លោក ថេង សាវឿន គឺជាការជួយលើកកម្ពស់សិទ្ធិកសិករ ដែលជាកិច្ចការស្របច្បាប់។ លោកបន្តថាការចោទប្រកាន់របស់តុលាការខេត្ដរតនគិរីពីបទ«ញុះញង់» និង«រួមគំនិតក្បត់» ជារឿងអយុត្ដិធម៌ និងជាការបំបាក់ស្មារតីដល់ពលរដ្ឋដែលមានចេតនាសម្តែងមតិពីបញ្ហាលំបាកដើម្បីរកដំណោះស្រាយពីរដ្ឋាភិបាល។
លោកបន្ថែមថា ៖«ការចោទប្រកាន់ឃើញថាវាខុសឆ្ងាយមែនទែន ដូចមេឃ និងដី វាអត់មានអីជាអង្គហេតុ ជាអ្វីច្បាស់លាស់ត្រូវចោទប្រកាន់គាត់ពីបទរួមគំនិតក្បត់ ញុះញង់ស្អីៗហ្នឹង។ វាមើលទៅសម្រាប់ខ្ញុំ ការចោទប្រកាន់ហ្នឹង ក៏ជាសញ្ញាមួយនៃការបំបាក់ស្មារតី ឬមួយការបំភិតបំភ័យដល់សង្គមស៊ីវិលផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋរងផលប៉ះពាល់បញ្ហាដីធ្លី។ អាជ្ញាធរ តុលាការគួរតែពិនិត្យសារឡើងវិញលើករណីនេះ»។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរី និងខេត្ដក្រចេះ ឃាត់ឡានរបស់ពួកគេ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ដើម្បីសួរចម្លើយ និងឆែកឆេរកុំព្យូទ័រ ទូរសព្ទរបស់ពួកគាត់។ ក្នុងថ្ងៃដដែលលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដរតនគិរីវិញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។
៦ថ្ងៃក្រោយមក ពោលគឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងខេត្ដរតនគិរី ក៏បានសម្រេចចោទប្រកាន់លើលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ពីបទ«ញុះញង់» និងបទ«រួមគំនិតក្បត់» ដែលប្រឈមការជាប់ពន្ធនាគារ១០ឆ្នាំ ដែលមានចែងក្នុងមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញករណីនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកបានមើលឃើញថា ការចោទប្រកាន់ពីសំណាក់តុលាការនេះ ជារឿងធ្ងន់ធ្ងរបំផុត ដោយលោកថាបើតាមអង្គហេតុនៃសាច់រឿងគឺមិនអាចឈានដល់ការសម្រេចឃុំខ្លួនបែបនេះទេ។ លោកបន្តថា ការចោទប្រកាន់នេះ គឺស្មើនឹងក្រុមរបស់លោក ថេង សាវឿន ចង់ផ្ដួលរំលំរដ្ឋាភិបាលទៅហើយ ដែល កន្លងមកលោកសង្កេតឃើញថា លោក ថេង សាវឿន តែងតែជួយប្រជាកសិករ ដែលរងការបំពានពីក្រុមហ៊ុនឯកជន និងអាជ្ញាធរតែប៉ុណ្ណោះ។ លោកថា សកម្មភាពដែលលោកថេង សាវឿន បានធ្វើកន្លងមកនេះ គឺជាផ្នែកមួយជួយដល់ការអភិវឌ្ឍក្នុងសង្គមដែលស្រមតាមគោលនយោបាយរបស់រដ្ឋាភិបាលទៅវិញទេ។
លោកថា៖ «ការចោទនេះធ្ងន់ធ្ងរណាស់គឺជាប់ពន្ធនាគារចាប់ពី៥ឆ្នាំទៅ១០ឆ្នាំ វាមិនមែនជារឿងចេះតែចោទផ្ដេសផ្ដាសទេ បើគ្មានមូលដ្ឋានច្បាស់លាស់។ កិច្ចការរបស់សមាគមលោក ថេង សាវឿន គឺអត់មានកន្លែងណាមួយដែលគាត់ទៅធ្វើអំពើរហូតដល់ថ្នាក់ញុះញង់ ឬក៏ឱ្យមានការទាក់ទៅនឹងរួមគំនិតក្បត់អីនោះទេ។ ខ្ញុំយល់ថាការចោទប្រកាន់នេះវាហាក់បីមានសភាពធ្ងន់ធ្ងរ និងមិនបានឆ្លុះបញ្ចាំងពីទស្សនៈវិស័យការពិតនៅក្នុងសង្គម»។
ចំណែក អ្នកស្រី ញូង សុខហ៊ាង ជាភរិយាលោក ថេង សាវឿន បានបង្ហាញការតក់ស្លុត ក្រោយពេលទទួលដំណឹងថា ប្តីរបស់ខ្លួនអាចប្រឈមជាប់ពន្ធនាគារ ១០ឆ្នាំ ដោយថា អ្នកស្រីមិនអាចទទួលយកការសម្រេចរបស់តុលាការបានទេ។ អ្នកស្រីបានស្នើឱ្យតុលាការគួរតែស៊ើបអង្កេតលើករណីនេះឱ្យច្បាស់លាស់មុននឹងធ្វើការចោទប្រកាន់លើប្តីរបស់គាត់ដូច្នេះ។
អ្នកស្រីថា៖ «ខ្ញុំមិនអាចទទួលយកបានទេលើការសម្រេចចោទប្រកាន់នេះលើប្ដីខ្ញុំ។ ប្ដីខ្ញុំមិនបានប្រព្រឹត្ដទេ រឿងរួមគំនិតក្បត់ និងញុះញង់ដូចការចោទ។ ខ្ញុំសុំឱ្យរដ្ឋាភិបាលមេត្ដាជួយអន្ដរាគមន៍ដោះលែងប្ដីខ្ញុំឱ្យមានសេរីភាពមកវិញមក»។
យ៉ាងណាក្តី អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានឆ្លើយតបខ្លីថា មន្រ្តីជំនាញបានស៊ើបអង្កេតទៅតាមនីតិវីធីច្បាប់រួចរាល់ហើយទើបមានការសម្រេចបែបនេះ។
លោកថា៖ «រឿងនេះទាក់ទងនឹងចៅក្រមស៊ើបសួរដែលគាត់ស៊ើបសួរភស្តុតាងយ៉ាងម៉េច គាត់អាចមានសិទ្ធិដាក់បន្ទុក ឃុំខ្លួនបណ្តោះអាសន្នដើម្បីរកបន្ថែមទាក់ទងនឹងការចោទប្រកាន់ហ្នឹង»។
ជុំវិញករណីនេះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ប្រជាកសិករប្រមាណ ២០០ នាក់ ដែលធ្វើដំណើរមកពីតាមបណ្ដាខេត្តនានា បានដើរពីក្រសួងមហាផ្ទៃឆ្ពោះទៅក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិទាមទារឱ្យដោះលែងមេដឹកនាំសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដោយឥតលក្ខខណ្ឌ។ ប្រជាកសិករបានលើកបដាព្រោងព្រាតស្រែកទាមទារឱ្យដោះលែង លោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ឱ្យមានសេរីភាពឡើងវិញ។ ការតវ៉ានេះ ក៏មានការឃ្លាំមើលពីសំណាក់អាជ្ញាធររដ្ឋាភិបាលយ៉ាងតឹងតែងផងដែរ៕