គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែឧសភានេះបញ្ជាក់ថា គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹកដែលស្មើនឹងចំនួនសរុបនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បញ្ជាក់ថា ក្រោយការចេញបណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៩លាន៧សែនសន្លឹកនោះរួច គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នឹងចាត់តាំងក្រុមចែកបណ្ណនៅតាមភូមិក្នុងឃុំសង្កាត់សាមីនីមួយៗ ដោយមានរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានគោលបំណងជួយដល់អ្នកបោះឆ្នោតទាំងអស់ឲ្យទទួលបានព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជាជួយបង្កភាពងាយស្រួលដល់ គ.ជ.ប ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័សផងដែរ។ សម្រាប់អ្នកដែលមិនមានបណ្ណនេះក៏អាចចូលរួមបោះឆ្នោតបានដែរ ឲ្យតែពួកគេមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕