មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជារយៈពេល៣០ថ្ងៃ ក្នុងឱកាសទិវាកុមាអន្តរជាតិ ១មិថុនា ដើម្បីបន្តនិរន្តរភាពនៃការព្យាបាលកុមារដោយឥតគិតថ្លៃ។
យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹងត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសទិវាកុមាអន្តរជាតិ ១មិថុនា។ យុទ្ធនាការនេះនឹងធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា រួមមានទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ និងក្រុមហ៊ុនដៃគូសហការ ក៏ដូចជា សារព័ត៌មានជាច្រើនផងដែរ។
បើតាមសេចក្តីជូនដំណឹង យុទ្ធនាការនេះត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិការបរិច្ចាគជាង៣០ម៉ឺនដុល្លារអាមេរិក។
ក្នុងសេចក្តីជូនដំណឹងដដែលបញ្ជាក់តាមន័យដើមថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នាផ្តល់ភាពញញឹមដល់កុមារកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕