ក្នុងរយៈពេល១សប្តាហ៍ សត្វសុនខជាង៣ម៉ឺន៦ពាន់ក្បាលនៅរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ។
បើតាមទំព័រហ្វេសប៊ុក Mission Rabies Cambodiaដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដល់សត្វសុនខជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញនេះ ធ្វើឡើងដោយមានការសហការជាមួយមន្ត្រីរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិចំនួន៧ដូចជា អង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ជាដើម។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ពីថ្ងៃទី២២ ឧសភា ដល់ថ្ងៃទី២មិថុនា ក្នុងគោលបំណងដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមដ៏ធំមួយ គឺលុបបំបាត់ការបាត់បង់ជីវិតរបស់មនុស្ស ដោយសារជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។
ក្នុងយុទ្ធនាការនេះ ក៏មានការចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណជនទាំងអស់ ឱ្យបង្កើនការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។
ក្នុងទំព័រហ្វេសប៊ុកដដែលបន្ថែមថា ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ ដែលផ្តល់ផលប៉ះពាល់ដល់សត្វ និងប្រជាជនយ៉ាងខ្លាំង ខណៈ កម្ពុជាជាប្រទេសមួយដែលគេប៉ាន់ស្មានថាមានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតខ្ពស់ជាងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ ជាង៩៩ភាគរយនៃការស្លាប់ដោយជំងឺឆ្កែឆ្កួត គឺបណ្តាល មកពីសត្វឆ្កែ ដែលមានជំងឺឆ្កែឆ្កួតខាំ៕