ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បន្ថែមមុខងារសំខាន់ចំនួន៣ ដើម្បីជួយសម្រួលការចុះបញ្ជីពាណិជ្ជកម្មរបស់ធុរជន ដែលដាក់ដំណើរការចាប់ពីថ្ងៃទី៣០ ឧសភា ២០២៣ តទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីមុខងារថ្មីរបស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចេញដោយក្រសួងស្ថាប័នចំនួន១២ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Online Business Registration Service បញ្ជាក់ថា មុខងារថ្មីចំនួន៣បានដាក់បន្ថែម ដើម្បីបន្តភាពបន្តផ្តល់ភាពងាយស្រួលដល់ធុរជន និងបង្កើនបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុន។ មុខងារទាំង៣នោះរួមមាន អនុញ្ញាតឱ្យសហគ្រាសបំពេញនីតិវិធីចុះបញ្ជីដែលខ្វះខាត (មិនទាន់ចុះបញ្ជីពាណិជ្ជកម្ម ឬពន្ធដារ) លើប្រព័ន្ធបាន ការស្នើសុំផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មាន និងការស្នើរសុំកែតម្រូវក្នុងដំណាក់កាលបញ្ជូនត្រឡប់។
បន្ថែមលើមុខងារទាំង៣ រាល់ពាក្យស្នើសុំទាំងឡាយណាដែលទទួលបានការបញ្ជូនត្រឡប់ គឺដើម្បីអ្នកប្រើប្រាស់អាចកែតម្រូវព័ត៌មាន ឬបកស្រាយបំភ្លឺបន្ថែម ប៉ុន្តែបើមិនទទួលបានការបញ្ជូនត្រឡប់ក្នុងរយ:ពេល២១ថ្ងៃ ពាក្យស្នើសុំនោះត្រូវធ្វើមោឃភាព។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមដដែលបន្ថែមថា ក្រោយដាក់ដំណើរការជាផ្លូវការការប្រើប្រាស់ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ប្រព័ន្ធនេះមានវិសាលភាពពី ត្រឹមការចុះបញ្ជីអាជីវកម្ម ឈានដល់ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រលើការប្រកបអាជីវកម្មនានា។
បើតាមសេចក្តីប្រកាសព័ត៌មានរួម គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ មានសហគ្រាស ២៥ ៦១២ បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធនេះ និងមានដើមទុនវិនិយោគប្រមាណ ៧,៥៨ប៊ីលានដុល្លារអាមេរិក។ បន្ថែមលើនេះ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រតាមវិស័យ ដែលអនុម័តលើប្រព័ន្ធនេះមានចំនួន ៥៩៣ ចេញដោយ ក្រសួងនានាដូចជា ក្រសួងទេសចរណ៏ ក្រសួងឧស្សាកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយិ៍ និងទូរគមនាគមន៍ជាដើម៕