ព្រះសង្ឃនិងក្រុមយុវជនតាមបណ្តាសាកលវិទ្យាល័យនានាបានចូលរួមយុទ្ធនាការដាំដើមឈើនៅព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ ដើម្បីជាការរួមចំណែកការពារធនធានធម្មជាតិ។

ព្រះតេជព្រះគុណ​ ងន វ៉ាឃីម ជានិស្សិតឆ្នាំទី៣នៃពុទ្ធិក​សកលវិទ្យាល័យ​ព្រះ​សីហនុរាជ មានថេរដីកាថាកាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅព្រះអង្គនិងក្រុមយុវជនជាច្រើនបានចូលរួមចំណែកការពារធនធានធម្មជាតិតាមរយៈការចូលរួមយុទ្ធនាការដាំដើមឈើនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ។ ព្រះអង្គបន្តថានេះជាលើកទីមួយសម្រាប់ការចួលរួមដាំកូនឈើ។ ព្រះអង្គពិតជាមានមោទកភាពដែលបានរួមចំណែកជួយបង្កើតឱ្យមានបរិស្ថានថ្មីគឺការដាំកូនឈើបន្ថែមដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ព្រះអង្គមានថេរដីកាថា៖ «អាត្មាភាពមានអារម្មណ៍សប្បាយចិត្តដែលបានចូលរូមចំណែកដាំកូនឈើនៅទីនេះ (ព្រៃសង្ឃរុក្ខវ័ន)។ ណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិដែលបានបាត់បង់ទៅ ដោយងាកមកដាំឡើងវិញដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា»។

ព្រះសង្ឃគង់នៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញអង្គនេះលើកឡើងបន្ថែមថាក្នុងនាមព្រះអង្គជាពលរដ្ឋរស់នៅក្នុងប្រទេសនេះចាំបាច់ណាស់ត្រូវតែតបស្នងសងគុណនូវប្រទេសជាតិរបស់ខ្លួនវិញតាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។

ព្រះតេជព្រះគុណ ងន វ៉ាឃីម មានថេរដីកាថា៖ «អាត្មាក៏ជាប្រជាជនរស់នៅក្នុងទឹកដីហ្នឹងទឹកដីខ្មែរ។ អ៊ីចឹងអាត្មាក៏រួមចំណែកជួយទៅដល់ប្រទេសវិញដោយចូលរួមដាំកូនឈើហ្នឹង មានន័យថាយើងអត់បានរួមចំណែកអ្វីធំដុំទេ យើងគ្រាន់តែបានជួយដាំដើមឈើបន្តិចបន្តួចដើម្បីតបស្នងនូវអ្វីដែលធម្មជាតិបានផ្តល់ឱ្យយើង»

មិនខុសគ្នានេះដែរ និស្សិតឆ្នាំទី៤នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក សុខ ណារាជ បានប្រាប់ Newsroom Cambodia ថាការចូលរួមចំណែកដាំកូនឈើឡើងវិញនៅថ្ងៃទី២៧ ខែឧសភាជាកាតព្វកិច្ចនិងជាតួនាទីរបស់យុវជននិងពលរដ្ឋទាំងអស់គ្នា ព្រោះពលរដ្ឋទាំងអស់គ្នារស់នៅពឹងអាស្រ័យការដកដង្ហើមពីធម្មជាតិដូច្នេះត្រូវតែឆ្លៀតឱកាសមកចួលរួមដាំដើមឈើដើម្បីជាប្រយោជន៍ដល់សង្គមជាតិវិញ។

លោកថា៖ «យុវជននិងពលរដ្ឋទូទាំងពិភពលោកត្រូវតែចូលរួមចំណែកការពារ ថែរក្សា និងបង្កើតនូវគម្របព្រៃឈើឡើងវិញ ដោយហេតុថាឧស្សាហកម្ម និងការកាប់បំផ្លាញព្រៃឈើ និងបំពុលបរិយាកាសមានច្រើន។ ដូច្នេះយើងត្រូវចួលរួមដាំកូនឈើដើម្បីកាត់បន្ថយកម្តៅក៏ដូចជាជួយបង្កើននូវគម្របព្រៃឈើផងដែរ»

ជាអ្នកខេត្តស្វាយរៀង យុវជនមានវ័យ ២១ ឆ្នាំរូបនេះបានរៀបរាប់ថាធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់នៅលើពិភពលោកទាំងមូលពីព្រោះធនធានធម្មជាតិបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សសត្វដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេសធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួតនៅលើភពផែនដីនេះផងដែរ។

លោក សុខ ណារាជ និយាយថា៖ «ធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនជុំវិញពិភពលោកដែលជួយយើងតាមរយៈការដកដង្ហើម និងការស្រូបឧស្ម័នកខ្វក់ដែលធ្វើឱ្យប៉ះពាល់ និងបំពុលទៅលើបរិយាកាសផងដែរ»។

លោកបន្ថែមថា៖«ការចូលរួមការពារធនធានធម្មជាតិជាតួនាទីរបស់យើង។ ព្រោះព្រៃឈើបើអត់មនុស្ស ព្រៃឈើអាចរស់នៅបាន ប៉ុន្តែបើមនុស្សអត់មានព្រៃឈើ មិនអាចរស់នៅបានទេ»។

យ៉ាងណាមិញ ព្រះតេជព្រះគុណ ថូ ធូរស់ ​ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខាវ័ន មានថេរដីកាថាព្រះអង្គពិតជាសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញមានក្រុមយុវជន ព្រះសង្ឃ និងបរិស័ទជាច្រើនបានមកចួលរួមខួបលើកទី២៣នៃទិវាដាំកូនឈើនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នជាច្រើនកុះករបែបនេះ។ ព្រះអង្គបន្តថាខួបលើកទី២៣នេះក្រុមការងារដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នគ្រោងដាំកូនឈើចំនួន១ ០០០ដើមក្នុងទំហំដីជិត ៣ហិចតា សម្រាប់ទុកជាប្រយោជន៍សង្គមជាតិ និងទុកជាសម្បត្តិធម្មជាតិ។

ព្រះអង្គមានថេរដីកាថា៖ «មានព្រះសង្ឃ និងក្រុមយុវជន និងបរិស័ទជាច្រើនដែរជិត ១ ០០០នាក់ អាចក្រោមហ្នឹងតិចតួចទេ ព្រោះគម្រោងខួបលើកទី២៣នេះយើងគ្រោងដាំកូនឈើ១០០០ដើមក្នុងទំហំដីជិត៣ហិចតា»។

ព្រះអង្គបន្ថែមថា៖ «ការចូលរួមចំណែកដាំកូនឈើរបស់យុវជននេះជាផ្នែកមួយនៃការបង្កើនធនធនព្រៃឈើ ឬក៏បង្កើនគម្របព្រៃឈើនៅលើផែនដី និងជាខែលមួយសម្រាប់ប្រឆាំងជាមួយនឹងការកើនឡើងកម្តៅនៅលើផែនដីនេះផងដែរ»។

លើសពីនេះ ព្រះតេជព្រះគុណ ថូ ធូរស់ ស្នើឱ្យមានការចួលរួមដាំកូនឈើពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច អង្គការសង្គមស៊ីវិល ពលរដ្ឋ និងក្រុមយុវជនច្រើនជាងនេះបន្ថែមទៀតដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនពីសំណាក់ជនល្មើសមួយចំនួន។

ពាក់ព័ន្ធនឹងរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ​លោក ភួង លីណា បានមានប្រសាសន៍ថាការចួលរួមចំណែកដាំកូនឈើរបស់ក្រុមយុវជន និងព្រះសង្ឃនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នជាការបំផុសគំនិតដ៏ល្អទៅដល់ពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យយកគំរូតាម ​និងជាការរួមចំណែកស្តារនូវធនធានធម្មជាតិឡើងវិញ តាមរយៈការដាំដើមឈើនេះផងដែរ។

លោកថា៖«នេះជាការបំផុសគំនិតមួយឱ្យមានការចូលរួមនៅក្នុងការស្តារនូវព្រៃឈើរបស់យើងឡើងវិញ»។

លោកបន្ថែមថា៖«ហើយវាមិនមែនមានសារៈសំខាន់តែនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នទេយើងគួរតែមានការបំផុសគំនិតឱ្យមានការចូលរួមដាំជាសកល ដាំជាទូទៅនូវក្នុងប្រទេសរបស់យើងដើម្បីជាភាពសម្បូរបែបនៃព្រៃឈើផងដែរ»។

ចំណែកមន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN ) លោក អូត ឡាទីន លើកឡើងថាសកម្មភាពនៃការចូលរួមចំណែកដាំកូនឈើរបស់ព្រះសង្ឃ និងក្រុមយុវជនជាការបញ្ជាក់ពីការស្រលាញ់បរិស្ថាន និងចង់ចូលរួមចំណែកការពារធនធានធម្មជាតិមិនឱ្យបាត់បង់។ លោកបន្តថាសកម្មភាពទាំងអស់នេះរបស់ក្រុមយុវជន និងព្រះសង្ឃដែលចូលរួមដាំកូនឈើនៅព្រៃសង្ឃរុក្ខវ័នបានបង្ហាញនូវគំរូល្អសម្រាប់ពលរដ្ឋ និងយុវជនដទៃទៀតឱ្យចេះឈឺឆ្អាល និងតាមដានបញ្ហាព្រៃនៅកម្ពុជាបន្តទៀត។

លោកថា៖ «ការចូលរួមដាំកូនឈើរបស់យុវជន និងព្រះសង្ឃគឺជាគំរូភាពដ៏ល្អទៅដល់យុវជនដល់កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងផងដែរ»។

ព្រៃសង្ឃរុក្ខាវ័ន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០០ ដោយព្រះសង្ឃព្រះនាម ប៊ុន សាលួត ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ និងទទួលបានសេចក្តីប្រកាសចេញពីក្រសួងកសិកម្ម កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ដែលមានផ្ទៃដីចំនួន ១៨ ២៦១ ហិកតា។

លុះមកដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផ្ទៃដី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំជាង ៣ម៉ឺនហិកតា (៣០ ២៥៤ហិកតា) ត្រូវបានសម្រេចរក្សាទុកជាដែនជម្រកសត្វព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»។ ព្រៃសហគមន៍មួយនេះ គ្របដណ្តប់លើស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ៕