លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដល់នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលលោកថាមានចេតនាបង្កចលាចល គុកស្វាគមន៍ជានិច្ច និងមិនលើកលែងឱ្យនោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានថ្លែងថា៖ «ហើយថាបើទោះ [ក្រសួង] មហាផ្ទៃមិនឱ្យធ្វើ ក៏នៅតែធ្វើ ខ្ញុំគ្រាន់តែបញ្ជាក់ថាគុកស្វាគមន៍។ គុកនឹងស្វាគមន៍។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ហ្នឹង»។
លោកនាយករដ្ឋមន្រ្តី បានព្រមានសាជាថ្មី ដោយមិនបញ្ចេញឈ្មោះ តែហាក់សំដៅទៅលើលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលធ្លាប់ជាប់ពន្ធនាគារថានឹងចាប់ខ្លួនសាជាថ្មីដាក់ពន្ធនាគារ បើហ៊ានចេញមុខតវ៉ា។
លោក ហ៊ុន សែន បន្ថែមថា៖ «ហើយបងប្អូននានា កុំទៅចាញ់បោកមកងាប់ ឬក៏មកជាប់គុកជាមួយគេនុះ។ ដោយសារតែអារឿងកំហុស អ្នកឯងធ្វើខ្លួនឯង»។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថ្លែងប្រាប់ Newsroom Cambodian នៅល្ងាចថ្ងៃទី៣១ ខែឧសភា ថា ចំពោះលោកមិនមានប្រតិកម្មជាមួយលោកនាយករដ្ឋមន្ត្រីនោះទេ តែលោកថាគ្រាន់តែលោកធ្វើទៅតាមច្បាប់កំណត់ ដូចនៅក្នុងរដ្ឋធម្មនុញ្ញ ហើយច្បាប់បាតុកម្មក៏បានធានា និងផ្តល់សិទ្ធិឱ្យពលរដ្ឋក្នុងការសម្ដែងមតិតាមរយៈការប្រមូលផ្ដុំ។ ដូច្នេះលោកថាការប្រមូលផ្តុំអ្វីមួយ លោកជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ដូចជាសាលារាជធានីភ្នំពេញ ឬក្រសួងមហាផ្ទៃ។
លោកបន្តថា គណៈកម្មការនាយកគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់គោលជំហរក្នុងការចូលរួមការបោះឆ្នោត ហើយថាបក្សប្រឆាំងមួយនេះមិនមានល្បិចកលអ្វីដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងនោះទេ។ លោក រ៉ុង ឈុន ថ្លែងដូចនេះសំដៅទៅលើការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះដែលមិនជឿថាបក្សភ្លើងទៀនមិនមានឯកសារដើមសម្រាប់ចុះបញ្ជីគណបក្សនោះទេ ប៉ុន្តែបក្សនេះមានចេតនាមិនចង់ចូលរួមបោះឆ្នោត និងចង់ឱ្យបរទេសដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
តែយ៉ាងណា លោក រ៉ុង ឈុន ថាការលើកឡើងនេះគឺមិនពិតនោះទេ។
លោកបញ្ជាក់ថា៖ «ហើយបើចង់ដឹងការពិត លោកនាយករដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ឱ្យគណបក្សភ្លើងទៀនបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជន គ.ជ.ប ដើម្បីប្រកួតនៅថ្ងៃទី២៣ កក្កដានេះ ហើយបើសិនគណបក្សភ្លើងទៀននៅតែមិនចូលរួមប្រកួត អាហ្នឹងមានន័យថាគណបក្សភ្លើងទៀនមានកលល្បិចដូចដែលលោកនាយករដ្ឋមន្រ្តីថាមែន»។
លោកថ្លែងថា៖ «គឺយើងនឹងធ្វើការតវ៉ា តែបើមានការបដិសេធឬយ៉ាងណានោះ យើងនឹងពិភាក្សានៅគណៈកម្មការនាយកនៃគណបក្សភ្លើងទៀនថាសម្រេចធ្វើបែបម៉េច នេះជាជំហរគណបក្សតែម្តង មិនមែនតែខ្ញុំម្នាក់ឯងនោះឡើយ ហើយការសម្រេចគឺចេញពីគណៈកម្មការនាយក»។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានប្រកាសថានឹងធ្វើការតស៊ូមតិដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ធអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។ គណបក្សគ្រោងជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ នាចុងសប្តាហ៍នេះ។ គណបក្សភ្លើងទៀន នៅតែរក្សាគោលជំហរ ថាខ្លួនពិតជាចង់ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេធមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ដោយហេតុផលថា គណបក្សនេះខ្វះខាតឯកសារក្នុងការចុះបញ្ជីស្របទៅតាមនីតិវិធី។ ការសម្រេចរបស់ គ.ជ.ប នេះត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឃើញថាត្រឹមត្រូវ និងជាការសម្រេចបិទផ្លូវតវ៉ាតាមផ្លូវច្បាប់របស់បក្សភ្លើងទៀន៕