គ្រូបង្រៀនស្ម័គ្រចិត្តមួយរូប ដែលពិការជើងទាំងសងខាង និងកំព្រាម្តាយឪពុកតាំងពីកំណើត បានលាតត្រដាងពីខ្សែជីវិតអាប់អួ រហូតបង្កើតបានថ្នាលបណ្តុះបណ្តាលសប្បុរសធម៌មួយ ជួយដល់កុមារក្រីក្រ រាប់រយនាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
«ខ្ញុំមិនចង់ឃើញក្មេងៗដែលខ្ញុំជួបគាត់ ស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំទេ អ្វីដែលខ្ញុំឃើញ ខ្ញុំត្រូវធ្វើអីមួយដើម្បីជួយដល់ពួកគាត់ អ៊ីចឹងវាជាវត្ថុបំណងរបស់ខ្ញុំ»។នេះជាការរៀបរាប់របស់គ្រូបង្រៀនពិការជើងរូបនេះ គឺលោក គឹម នី។
ក្នុងវ័យ៤២ឆ្នាំ លោក នី បានប្រើប្រាស់រទេះរុញសម្រាប់ជនមានពិការភាពដើម្បីចល័តខ្លួនទៅមក ក្នុងសកម្មភាពបង្រៀនសិស្ស នៅសាលា អាយស៊ីអាយឌូ (I See I Do) ដែលលោកជាស្ថាបនិក ដោយបើកបង្រៀនភាសាអង់គ្លេស ឥតបង់ថ្លៃ ដល់កុមារជិត ១០ឆ្នាំមកហើយ។គោលបំណងដែលលោកបង្កើតសាលាមួយនេះឡើង ដើម្បីឱ្យកុមារនៅទីជនបទ ទទួលបានការសិក្សាអប់រំពេញលេញ ជាពិសេសកុមារកំព្រាគ្មានទីពឹងទទួលបានភាពកក់ក្តៅនៅពេលបានមករៀនក្នុងសាលារបស់លោក។
ស្ថាបនិកសាលាសប្បុរសធម៌រូបនេះ បានរំឭកទៅអតីតកាលថា ដំបូងឡើយ លោកគ្រាន់តែបង្រៀនកុមារនៅក្រោមសំយ៉ាបផ្ទះរបស់លោកក្នុងខេត្តតាកែវតែប៉ុណ្ណោះ ក្រោយពេលមានការស្នើសុំពីអ្នកភូមិ និងកុមារនៅតំបន់នោះដែលចង់ចេះភាសាអង់គ្លេស។ លោកថា ពេលនោះលោកបានអង្គុយបង្រៀនដោយពែនភ្នែននៅលើគ្រែឈើ និងមានក្តារខៀនធំល្មមមួយ ដាក់ផ្អែកនៅជញ្ជាំងផ្ទះ ហើយកុមារដែលមករៀនមានខ្លះឈរ និងអង្គុយកត់មេរៀនតាមភាពជាក់ស្តែង។ ដោយសារតែកំណើនសិស្សកើនឡើង លោកក៏បានផ្លាស់ប្តូរពីបង្រៀននៅក្រោមសំយ៉ាបផ្ទះ មកយកក្រោលគោក្នុងផ្ទះរបស់លោកធ្វើជាថ្នាក់រៀនវិញម្តង។
លោករៀបរាប់ថា៖ «ពេលសិស្សមករៀនច្រើន វាធំជាងទំហំគ្រែ ក៏យើងទៅយកដំបូលកន្លែងទ្រុងគោរៀន ទាំងរៀនក្បែរទឹកនោមគោ ក្បែរលាមកគោដើម្បីឱ្យតែបានរៀន។ ក្រោយមកបានសិស្សម្នាក់ ដែល
ឪពុកម្តាយគាត់បែកបាក់គ្នា ហើយឪពុកទៅបើកសាលាឯកជននៅខេត្តកំពង់ស្ពឺ ហើយសាលាបានក្ស័យធន ឪពុកហ្នឹង! បានយកតុចាស់ៗពីសាលាឯកជនរបស់គាត់មកជួយឧបត្ថម្ភ»។
សាលាសប្បុរសធម៌របស់លោក គឹម នី មានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបានបង្កើតសាលាឯកជននេះឡើងនៅដើមខែមេសា ឆ្នាំ២០១៥ ក្រោមការជួយជ្រោមជ្រែង តាមរយៈជំនួយសប្បុរសធម៌ពីសាធារណជនទូទៅ។លោកឱ្យដឹងថា ក្នុងសាសាមួយនេះ មានបើកបង្រៀនថ្នាក់មត្តេយ្យភាសាខ្មែរ ភាសាអង់គ្លេស កុំព្យូទ័រ និងទ្រឹស្តីកសិកម្មខ្លីៗផងដែរ។ ចំណែក គ្រូបង្រៀនវិញ លោក នី ប្រាប់ថា មានចំនួន២នាក់ គឺរូបលោកផ្ទាល់ និងមានគ្រូបង្រៀនផ្នែកកុំព្យូទ័រស្ម័គ្រចិត្តមួយរូបទៀត ។
បុរសសម្តីស្រទន់ មាឌល្អិតរូបនេះ គឺជាកូនពៅក្នុងចំណោមបងប្អូន៣នាក់។ លោកកើតក្នុងឆ្នាំ១៩៨០ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកបានរៀបរាប់ប្រាប់ Newsroom Cambodia ថា លោកមិនទាំងបានស្គាល់មុខម្តាយឪពុករបស់លោកនោះទេ ព្រោះម្តាយរបស់លោកបានទទួលមរណភាពក្នុងពេលដែលលោកទើបអាយុបាន៧ខែ។ ចំណែកឪពុកវិញ បានទៅរួមរស់នៅជាមួយភរិយាថ្មីតាំងពីពេលនោះមក។ លោករំឭកថា អំឡុងពេលនោះ លោកត្រូវរស់នៅជាមួយជីដូនដែលពិការភ្នែកទាំងសងខាង និងបងស្រីបង្កើត ២នាក់ ដែលចិញ្ចឹមបីបាច់ថែរក្សារហូតមក។
លោក គឹម នី ឱ្យដឹងបន្តថា លោកបានបង្ខំចិត្តឈប់រៀនទាំងសោកស្តាយត្រឹមថា្នក់ទី១០ នៅវិទ្យាល័យឫស្សីកែវ ដោយសារ ភាគីសាលាតម្រូវឱ្យសិស្សទាំងអស់ផ្លាស់ប្ដូរថ្នាក់រៀនពីជាន់ផ្ទាល់ដីទៅជាន់លើដែលធ្វើឱ្យលោកពិបាកឡើងចុះកាំជណ្តើរ។ លុះក្រោយមក លោកបានចូលរៀនជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស របស់អង្គការក្រៅរដ្ឋាភិបាលមួយស្ថិតនៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ។
ស្ថាបនិកសាលា អាយស៊ីអាយឌូ «I See I Do» លោក គឹម នី គឺមានពិការភាពជើងទាំងសងខាងពីកំណើត ដោយសារជំងឺម្យ៉ាងដែលនាំឱ្យឆ្អឹងជើងសងខាងងាយពុក និងបាក់ជាច្រើនដងរហូតពិការតាំងពីអាយុ៧ខែមកម្ល៉េះ។ បច្ចុប្បន្នលោកមានកូនចំនួន៤នាក់ ខណៈដែលកូន២នាក់របស់លោក ក៏មានពិការភាពជើងដូចរូបលោកផងដែរ។
លោកបន្តប្រាប់ Newsroom Cambodia ថា អំឡុងឆ្នាំ២០០៤ លោកបានធ្វើសកម្មភាពជួយកុមារកំព្រាក្រោមជំនួយរបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួនខ្លះដែរលោកសន្សំបានអំឡុងពេលលោកធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល។ លុះមកដល់ឆ្នាំ២០១៥ លោកបានបង្កើតសាលាខ្លួនឯងនៅខេត្តតាកែវ ដែលជាទីតាំងស្រុកកំណើតភរិយារបស់លោក។ លោកថា ក្នុងសាលារបស់លោកពេលបច្ចុប្បន្ន ក្នុងមួយខែៗត្រូវចំណាយថ្លៃភ្លើង ប្រមាណ១៥០ដុល្លារ ហើយសម្ភារសិក្សាក៏ខ្វះ ក្នុងការទ្រទ្រង់ការបង្រៀនសិស្ស រហូតដល់ លោកមានគំនិតចង់បោះបង់សាលារៀននេះចោលថែមទៀតផង ព្រោះទប់ទល់លែងរួច។
លោកនិយាយថា៖ «ពេលខ្លះខ្ញុំចង់បិទសាលាហ្នឹងម្តងម្កាល ដោយសារអត់មានអ្នកជួយឧបត្ថម្ភ យើងអត់មានកម្រៃអីទាំងអស់ យើងបង្រៀនដោយស្ម័គ្រចិត្ត សូម្បីតែមួយកាក់មួយសេនខ្ញុំអត់យកពីក្មេងដែរ រយៈពេល ៩ឆ្នាំហ្នឹង»។
យ៉ាងណាក្តី ក្រោយពេលមានការអំពាវនាវតាមរយៈបណ្តាញសង្គម និងមានមិត្តភក្តិជាជនបរទេសដែលស្គាល់លោកផងនោះ ក៏មានការផ្តល់ថវិកាជាបន្តបន្ទាប់សម្រាប់លោករហូតសាងសង់បន្ទប់សិក្សា ៤បន្ទប់ប្រក់ស័ង្គសី។ ប៉ុន្តែលោកថា ក្នុងពេលបច្ចុប្បន្នថ្នាក់រៀនប្រក់ស័ង្កសីបានធ្លុះធ្លាយ បង្កការលំបាកដល់កុមារដែលអង្គុយរៀនក្នុងថ្នាក់។ លោកបន្ថែមទៀតថា កំណើនសិស្សក្នុងមួយឆ្នាំៗ មានការកើនឡើងជាបន្តបន្ទាប់ ហើយការសិក្សាគឺមិនតម្រូវឱ្យបង់ថវិកានោះទេ ដែលនាំឱ្យរូបលោកជួបការលំបាកខ្លាំងផ្នែកហិរញ្ញវត្ថុ។
ប្រភពដដែលឱ្យដឹងថា ក្នុងសាលាសប្បុរសធម៌មួយនេះ មានបន្ទប់សិក្សាចំនួន ៤បន្ទប់ ក្នុងនោះ បន្ទប់ដាក់កុំព្យូទ័រ ១បន្ទប់ បន្ទប់សម្រាប់សិស្សរៀនភាសាខ្មែរ និងអង់គ្លេសចំនួន ២បន្ទប់ និង បណ្ណាល័យសម្រាប់ការស្រាវជា្រវរបស់សិស្សមាន ១បន្ទប់។ លោកថា បន្ទប់ទាំងអស់នោះមានជញ្ជាំង និងដំបូល ប្រក់ស័ង្កសី ហើយបច្ចុប្បន្នមានសភាពធ្លុះធ្លាយដែលនាំឱ្យមានទឹកភ្លៀងលេចតាមដំបូល នៅរដូងភ្លៀង ខណៈរដូវប្រាំងវិញ នាំឱ្យមានកំដៅក្តៅខ្លាំងរំខានដល់ការសិក្សារបស់សិស្ស ទើបនាំឱ្យលោកត្រូវផ្អាកបង្រៀនសិន។
លោកបន្តថា៖ «ពេលខ្លះទៅយើងអត់បង្រៀនកើតទេ គឹឱ្យក្មេងៗមកក្រៅ [ថ្នាក់] សិន ដោយសារវាក្តៅពេក ហប់! ក្មេងខ្លះគាត់ចង់ខ្យល់»។
បើតាមលោក គឹម នី ប្រាប់ថាដោយសារតែក្នុងថ្នាក់រៀនមានចំហាយក្តៅខ្លាំងបានបង្កឱ្យកុំព្យូទ័រ ដែលជាជំនួយសប្បុរសធម៌ ប្រមាណ ៤០គ្រឿង ក្នុងចំណោម៦០គ្រឿងកំពុងមានបញ្ហាប្រើប្រាស់មិនទាន់បាននោះទេ ហើយលោកក៏មិនទាន់មានថវិកាជួសជុលនៅឡើយដែរទេ។
បន្ថែមលើនេះ លោក គឹម នី ថា ក្រៅពីខ្វះខាតថវិកាសង់អគារសិក្សាហើយនោះ ក្នុងសាលារបស់លោកក៏កំពុងត្រូវការសម្ភារសិក្សាដូចជា សៀវភៅ ប៊ិច កាតាប ក្តារខៀន ជាដើម សម្រាប់ទ្រទ្រង់ដល់ការសិក្សារបស់កុមារក្រីក្រនៅតំបន់នោះផងដែរ។ លោកឱ្យដឹងថា សិស្សដែលកំពុងសិក្សានៅសាលារបស់លោកមានសរុបទាំងអស់៣៤៥នាក់។
លោកក៏បានអំពាវនាវឱ្យសាធារណជន ជួយឧបត្ថម្ភដល់សាលារបស់លោកដើម្បីបានបន្តដំណើរទៅមុខ ក្នុងសកម្មភាព ជួយបណ្តុះបណ្តាលកុមារក្រីក្រ ឱ្យមានចំណេះដឹងសម្រាប់បង្កើនធនធានមនុស្សនៅកម្ពុជា។
លោកថា៖ «ខ្ញុំមានតែសេចក្តីអំពាវនាទៅដល់ទឹកចិត្ត បងប្អូនសប្បុរសជន សប្បុរសធម៌ទាំងអស់មេត្តាចូលរួម ដើម្បីឱ្យសម្រេចបំណង ខ្ញុំចង់ឃើញកូនៗ ក្មួយៗ គាត់អង្គុយរៀនត្រឹមត្រូវ គាត់មានឱកាសទទួលបានការសិក្សាចំណេះដឹងស្មើភាពគ្នា គាត់មានឱកាសទទួលបានអនាគតភ្លឺស្វាង ប្រកបទៅដោយចំណេះដឹង សីលធម៌ និងក្រមសីលធម៌សម្រាប់ធនធានប្រទេសជាតិយើងទាំងអស់គ្នា »។
ពលរដ្ឋម្នាក់ អ្នកស្រី ស៊ី សុខកែវ វ័យ ២៨ឆ្នាំ រស់នៅភូមិព្រៃស្បាត ស្រុកត្រាំកក់ ខេត្តតាកែវប្រាប់ Newsroom Cambodia ថា អ្នកស្រីមានកូនស្រីអាយុ ៨ឆ្នាំម្នាក់ កំពុងសិក្សាថ្នាក់ទី៣ និងសិក្សាភាសាអង់គ្លេសក្នុងសាលារបស់លោក គឹម នី។ អ្នកស្រីបង្ហាញអារម្មណ៍រីករាយនៅពេលមានសាលាដែលបង្រៀនមិនយកថវិកានៅក្នុងភូមិរបស់គាត់ ហើយថា គាត់ចង់ឱ្យសាលាដែលគ្រប់គ្រងដោយគ្រូបង្រៀនមានពិការភាពមួយនេះ ដំណើរការបន្តទៀតដើម្បីជួយជំរុញឱ្យការសិក្សារបស់កុមារបានល្អប្រសើរ។
អ្នកស្រីថា៖ «ចង់ឱ្យបន្តទៅមុខរហូតព្រោះអីនៅភូមិយើង វាមិនសូវសម្បូរអ្នកមាន [ជីវភាពល្អ]។ [អ្នកភូមិ] ខ្វះខាត បើគាត់បើកអ៊ីចឹង ក្មេងៗ [រៀន] បន្តរហូត បើសិនគាត់ឈប់គាត់ផ្អាកអី! យើងពិបាកដែរ»។
មេឃុំត្រពាំងធំខាងជើងលោក អ៊ុំ រិម បានប្រាប់ Newsroom Cambodia ថា ក្នុងឃុំនេះ មាន ភូមិចំនួន១១ និងមានសាលាបឋមមានចំនួន៥ អនុវិទ្យាល័យចំនួន១ ហើយមានប្រជាពលរដ្ឋសរុបជាង ២០០០ គ្រួសារ។ លោកបានសាទរចំពោះសកម្មភាពបើកសាលាបណ្តុះបណ្តាលដោយមិនយកថវិកានៅក្នុងឃុំដែលលោកគ្រប់គ្រងនេះ ដោយថា ជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពអប់រំផងដែរ។
លោកថា៖ «យើងយល់ឃើញថាសរសើរគាត់មានទឹកចិត្ត សណ្តានចិត្តដែលគាត់លះបង់ពេលវេលាដើម្បីបង្រៀនសិស្សអត់យកថវិកា»។
យ៉ាងណាលោកថា អាជ្ញាធរឃុំមិនទាន់មានកញ្ចប់ថវិកាដើម្បីជួយសាលាសប្បុរសធម៌មួយនេះនោះទេ។
ចំណែកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ លោក ឡោ វិរិទ្ធ ជំរុញឱ្យការធ្វើសកម្មភាពសប្បុរសធម៌ជួយដល់សិស្សក្រីក្រ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជាមុនសិន មុននឹងកៀរគរជំនួយផ្សេងៗ។
លោកមានប្រសាសន៍ថា៖ «យើងតម្រូវ និងណែនាំគាត់ឱ្យធ្វើអីឱ្យមានច្បាប់ទម្លាប់ ការងារហ្នឹង យើងមិនជំទាស់ទេ បើគាត់បើកបង្រៀនឱ្យពិតប្រាកដដើម្បីជួយសិស្សក្រីក្រមែន»។
កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្ស-និស្សិតដែរ។
ត្រលប់មកបុរសពិការភាពជើងទាំងសងខាង លោក គឹម នី បានដាក់គោលដៅពង្រីងសាលា អាយស៊ីអាយឌូ ឱ្យទៅជាថ្នាលបណ្តុះបណ្តាលសប្បុរសធម៌ធំមួយ ជួយដល់កុមារក្រីក្រ និងផ្តល់ឱកាសឱ្យកុមារនៅតាមជនបទ ទទួលបានការសិក្សាអប់រំល្អប្រសើរ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោកថា៖ «សាលានេះទៅថ្ងៃអនាគតប្រហែលជាខ្ញុំនឹងពង្រីកឱ្យធំជាងហ្នឹង នេះជាក្តីសុបិន យើងដាក់ក្តីសុបិនមួយ ដាក់ក្តីស្រមៃមួយ ដើម្បីយើងពុះពារទៅមុខ»៕