កញ្ញាជា សុធារ័ត្ន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃក្រុមអេកូយុវទូត និងជាវាគ្មិនម្នាក់នៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ បានបង្ហាញចំណាប់អារម្មណ៍ថា ថាមពលដែលទទួលបានពីសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃទៀត ហើយប្រសិនបើអ្នកវិទ្យាសាស្រ្តព្យាយាមអភិវឌ្ឍបន្ថែម នោះវានឹងក្លាយជា ប្រភពថាមពលដែលបង្កផលប៉ះពាល់តិចបំផុត។
តាមរយៈការផ្តល់សម្ភាសន៍ជាមួយ Newsroom Cambodia អ្នកចូលរួមមួយចំនួនបានបង្ហាញការយល់ឃើញផ្សេងៗពីគ្នាទៅលើប្រធានបទ ទឹកនិងថាមពល ដែលជាប្រធានបទមួយក្នុងចំណោម៤ ប្រធានបទដែលត្រូវបានលើកយកមកជជែកពិភាក្សា។ ប្រធានបទទាំង៤រួមមាន បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសំណល់និងប្លាស្ទិក និងអភិលបាលកិច្ចទឹកនិងថាមពល។
កញ្ញា ជា សុធារ័ត្ន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃក្រុមអេកូយុវទូត បានបង្ហាញចំណាប់អារម្មណ៍ថា នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានប្រភពថាមពលជាច្រើន ដែលរួមមានប្រភពថាមពលស្អាត ថាមពលកកើតឡើងវិញ និងថាមពលមិនស្អាតផងដែរ។ កញ្ញាបានបន្តថា ថាមពលដែលទទួលបានពីសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃទៀត ហើយប្រសិនបើអ្នកវិទ្យាសាស្រ្តព្យាយាមអភិវឌ្ឍ ថាមពលនេះបន្តទៀតនោះ វានឹងក្លាយជាប្រភពថាមពលដែលកាន់តែល្អប្រសើរនិងមានផលប៉ះពាល់តិចតួចតែប៉ុណ្ណោះ។ កញ្ញាបានបន្ថែមថា កម្មវិធីផ្សព្វផ្សាយបែបនេះពិតជាមានគុណតម្លៃច្រើនណាស់សម្រាប់អ្នកចូលរួម។
កញ្ញា ជា សុធារ័ត្នុ៖ «ពាក់ព័ន្ធនឹងថាមពលនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង ដូចយើងបានដឹងហើយថា យើងមានថាមពលច្រើនដែលមានតាំងពីថាមពលនាំចូលមកប្រទេសជិតខាង ក៏ដូចជាថាមពលដុតធ្យូងថ្ម ក៏ដូចជាវារីអគ្គិសនី ហើយក៏មានមួយចំនួនហ្នឹងជាថាមពលសូឡាដែរ។ អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថា សម្រាប់ថាមពលវារីអគ្គិសនីវានៅតែមិនទាន់ស្អាតទេ ដោយសារតែវាគ្រាន់តែជាថាមពលដែលក៏កើតឡើងវិញទេ តែវាមានផលប៉ះពាល់ជាច្រើនពាក់ព័ន្ធនឹងធម្មជាតិហើយនិងជីវចម្រុះ បន្ទាប់ពីមានការសាងសង់ហើយ។»
«អញ្ចឹងសម្រាប់ខ្ញុំបច្ចុប្បន្នហ្នឹង ខ្ញុំគិតថាថាមពលសូឡាអាចជាថាមពលមួយដែលល្អប្រសើរខ្លាំង។ ហើយពាក់ព័ន្ធជាមួយនឹងថាមពលសូឡាហ្នឹង ខ្ញុំគិតថាបើសិនជាអ្នកវិទ្យាសាស្រ្តគាត់ព្យាយាមប្រើពេលវេលាក្នុងការស្រាវជ្រាវបន្ថែមទៀតគឺយើងអាចនឹងទទួលបាននូវប្រព័ន្ធថាមពលកាន់តែប្រសើរ ដូចយើងឃើញមានការវិវត្តន៍ពីថ្មឬក៏ថ្មទូរសព្ទ ពីមុនយើងប្រើរយៈពេលយូរ ឥឡូវយើងដោតមួយភ្លែត ហើយយើងអាចប្រើបានយូរមែនទែន។»
កញ្ញាក៏បានបន្ថែមថា នៅក្នុងការចូលរួមថ្ងៃនេះគឺខ្ញុំមានអារម្មណ៍ថា រំភើបក៏សប្បាយរីករាយដែរ ដោយសារតែសូម្បីតែខ្ញុំក៏នៅក្នុងវគ្គមួយដែលយើងនៅរៀននៅឡើយ អញ្ចឹងនៅពេលដែលបានស្តាប់បងៗវាគ្មិនផ្សេងៗគាត់ចែករំលែកពីបទពិសោធន៍ក៏ដូចជាព័ត៌មានមួយចំនួនហ្នឹងគឺវាល្អមែនទែនសម្រាប់ខ្ញុំ ហើយខ្ញុំគិតថាវាមានគុណតម្លៃខ្លាំងមែនទែនសម្រាប់យុវជនដែលគាត់បានមកចូលរួម។
កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាននៃអង្គការ JSC កម្ពុជា ដែលដើរតួជាអ្នកសម្របសម្រួលក្នុងកម្មវិធីកិច្ចពិភាក្សាក្រោមប្រធានបទ អភិបាលកិច្ចទឹកនិងថាមពលក៏បានបង្ហាញចំណាប់អារម្មណ៍ថា ថាមពលគឺជាប្រធានបទដ៏ល្អមួយដែលយើងគួរតែយកមកពិភាក្សា ពីព្រោះថាមពលពិតជាមានសារៈសំខាន់សម្រាប់ជីវិតនិងការរស់នៅរបស់យើងទាំងអស់គ្នា។ កញ្ញាថាក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីម្នាក់ កញ្ញាពិតជាមានការសប្បាយរីករាយណាស់ដែលឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជន។
កញ្ញា ប៉ាញ ចិន្តា៖ «សម្រាប់ថាមពលខ្ញុំគិតថាជារឿងសំខាន់ដែលយើងត្រូវយកមកពិភាក្សាដោយសារជីវិតមនុស្ស ជីវិតសត្វទាំងអស់យើងត្រូវការថាមពល បើសិនជាអត់មានថាមពលយើងអត់មានជីវិតមួយដែលរស់ស្រួលដូចជាការរស់នៅរបស់យើង ទាំងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ការរស់នៅប្រចាំថ្ងៃរបស់យើងគឺយើងត្រូវការថាមពល។»
«សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលយុវជនកាន់តែច្រើន កាន់តែចាប់អារម្មណ៍ ចូលរួមនៅក្នុងទិវាបរិស្ថានក្នុងថ្ងៃនេះ ហើយអ្វីដែលយើងរំពឹងទុកថាមានតែ១០០នាក់ជាង ប៉ុន្តែថ្ងៃនេះយើងទទួលបាន២០០នាក់ជាង អញ្ចឹងនេះជាការធ្វើឲ្យយុវជនគាត់ចាប់អារម្មណ៍ច្រើនពីរឿងបរិស្ថាន ហើយជាគំនិតដែលល្អមែនទែន ដែលធ្វើឲ្យយុវជនគាត់បន្តសកម្មភាពនេះបន្តទៀត។»
យុវជនម្នាក់ឈ្មោះ ហឿង សំណាង ដែលសព្វថ្ងៃកំពុងបន្តការសិក្សាថ្នាក់ទី១២ បានចែករំលែកចំណាប់អារម្មណ៍ថា ការមកចូលរួមកម្មវិធីនេះបានធ្វើឲ្យខ្លួនមានឪកាសស្វែងយល់បន្ថែមពីថាមពល និងមានចង្វល់បន្ថែមថា តើថាមពលស្អាតដែលយើងកំពុងប្រើប្រាស់នេះ អាចនឹងរីកចម្រើនដែរឬទេ? សំណាងក៏បានបន្ថែមថា គេចង់ស្រាវជ្រាវបន្ថែមទៅលើប្រធានបទនេះនៅពេលដែលគេមានឪកាស។
ហឿង សំណាង៖ «ខ្ញុំឈ្មោះហឿង សំណាង មកពីត្រីកោណម្តុំចោមចៅ២ រាជធានីភ្នំពេញ ហើយសព្វថ្ងៃខ្ញុំសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យជំពូវ័ន។ បាទទីមួយខ្ញុំចង់ដឹងពីថាមពលស្អាតហ្នឹង ហើយចង់ស្វែងយល់ពីវា តើនៅខាងមុខវាអាចយ៉ាងម៉េច ឬក៏វាដំណើរការបានល្អឬក៏ប្រសើរជាងមុន។ ហើយមួយទៀត ខ្ញុំចង់ស្រាវជ្រាវដែរ ប៉ុន្តែខ្ញុំជាប់នៅសិក្សាអញ្ចឹងខ្ញុំអត់សូវមានពេល ខ្ញុំរកឪកាសមួយឬពេលវេលាមួយ ខ្ញុំអាចស្រាវជ្រាវបន្ថែម។»
យុវជនម្នាក់ទៀតដែលបានផ្តល់បទសម្ភាសន៍មានឈ្មោះថា ចណ្ណា ជានិស្សិតមកពីសាកលវិទ្យាល័យអេស៊ីលីដា ជំនាញពាណិជ្ជកម្មអន្តរជាតិបានប្រាប់ Newsroom Cambodia ថា ការសិក្សាពីថាមពលពិតជាល្អណាស់។ ចណ្ណាក៏បានបន្ថែមថា បន្ទាប់ពីបានចូលរួមកម្មវិធីនេះហើយខ្លួនបានយល់ដឹងច្រើនជាងមុន កាលពីមុនគេមិនដឹងថាថាមពលមានប្រភពមកពីណាខ្លះនោះទេ។
ចណ្ណា៖ «សម្រាប់ខ្ញុំនៅក្នុងថ្ងៃហ្នឹង ខ្ញុំមានចំណាប់អារម្មណ៍ថាការសិក្សាពីថាមពលអគ្គិសនី មានអារម្មណ៍ថាវាល្អសម្រាប់ខ្ញុំ ហើយធ្វើឲ្យខ្ញុំហ្នឹងវារាងយល់ឃើញច្រើន ពីមុនខ្ញុំអត់ដឹងថាការប្រ់ប្រាស់ថាមពលអគ្គិសនីហ្នឹងវាបែបណា ហើយវាយកមកពីណា ហើយឥឡូវនៅពេលដែលខ្ញុំមកថ្ងៃហ្នឹង ខ្ញុំយល់ដឹងច្រើនហើយខ្ញុំអាចស្វែងយល់ពីថាមពលហ្នឹងបានច្រើន។»
គួររំឮកថា ទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ មានរយៈពេល ២៤ថ្ងៃ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ក្រោមមូលបទ «លើកកម្ពស់កិច្ចការពារបរិស្ថាន ដើម្បីចីរភាពធនធានធម្មជាតិនិងសុខមាលភាពមនុស្សជាតិ៕»