កម្មករជិត៤០០នាក់បម្រើការងារនៅរោងចក្រដេរសម្លៀកបំពាក់ ម៉ាស្ទេច អ៉ីនខេម នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទូចឱ្យមានដំណោះស្រាយ២ចំណុចបន្ថែមទៀត បន្ទាប់ពីក្រសួងការងារសម្រេចផ្ដល់ប្រាក់បុរេប្រទានត្រឹម៣ចំណុច ក្រោយរោងចក្របិទទ្វារដោយគ្មានផ្ដល់ប្រាក់សំណង។
ប្រធានសហជីពស៊ីខាវឌូប្រចាំរោងចក្រ ម៉ាស្ទេច អ៉ីនខេម លោក ខៀវ ចៀន ថ្លែងថា កម្មករចំនួន៣៨៩នាក់ទាមទារឱ្យថៅកែរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធដោះស្រាយចំនួន៥ចំណុច ក្រោយថៅកែជនជាតិកូរ៉េ បិទទ្វាររោងចក្រ និងប្រកាសក្ស័យធនកាលពីអំឡុងខែឧសភា។ ចំណុចទាមទារទាំងនោះរួមមាន ប្រាក់ខែចុងក្រោយ ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹងទុកជាមុន និងប្រាក់សំណងជំងឺចិត្ត ។
យ៉ាងណាបើតាមប្រធានសហជីពស៊ីខាវឌូប្រចាំរោងចក្ររូបនេះ ឱ្យដឹងថា ក្រសួងការងារសម្រេចផ្ដល់ប្រាក់សំណងចំនួន៣ចំណុចដល់កម្មករ ដោយក្នុងនោះមាន ប្រាក់ខែចុងក្រោយ ប្រាក់ដំណាច់ឆ្នាំនៅសេសសល់ និងប្រាក់អតីតភាពការងារ ដែលក្រុមកម្មករលើកឡើងថាប្រាក់សំណងទាំងនេះមានចំនួនតិចតួច ប្រសិនបើពួកគេបាត់បង់ប្រាក់២ចំណុចដែលទាមទារ។
លោកខៀវ ចៀន និយាយថា៖ «អត់ទាន់ត្រូវគ្នា ចាំមើលស្អែកខានស្អែក។ ទាមទារ៥ចំណុច [អត់បាន] លុយជូនដំណឹង និងលុយជំងឺចិត្ត។ ខាងក្រសួងហៅចរចាថ្ងៃស្អែក ឬខានស្អែក។ កម្មករអត់ទាន់ព្រមទេសុំចំណែកខ្លះនៃ២ចំណុច បើយកបីចំណែកវាបានតិច»។
លោក ផា នីម៉េង កម្មករផ្នែកវេចខ្ចប់ ដែលបម្រើការងារឱ្យរោងចក្រខាងលើអស់រយៈពេល១១ឆ្នាំ ត្អូញត្អែរពីជីវភាពប្រឈមការលំបាក និងស្នើឱ្យមានដំណោះស្រាយ ដោយសារលោកនិងប្រពន្ធធ្វើការនៅរោងចក្រជាមួយគ្នា រួចក៏ត្រូវបាត់បង់ការងារដំណាលគ្នាផងដែរ។
លោក នីម៉េង និយាយថា៖ «ពិបាកណាស់និយាយទៅ ទី១យើងជំពាក់ធនាគារ ទី២យើងត្រូវផ្គត់ផ្គង់គ្រួសារកូនរៀន ទី៣ផ្ទះជួល យើងអត់មានចំណូលចូល អត់មានប្រាក់ខែចូលចឹងមិនត្រូវខ្ចីគេបន្តទៀត។ កូនរៀនថ្នាក់ទី២ ផ្ទះជួល៥០ដុល្លារ ចាយប្រចាំថ្ងៃទៀត»។
ប្រធានសហជីពសហព័ន្ធស៊ីខាវឌូ លោក គង់់ អាទិត្យ ជំរុញឱ្យរដ្ឋាភិបាលបង្កើតមូលនិធិមួយសម្រាប់ជួយកម្មករដែលត្រូវរោងចក្របិទទ្វារនិងគ្មានសំណងតាមផ្លូវច្បាប់។ លោកបន្ថែមថា មូលនិធិនេះគប្បីមានការចូលរួមពីថៅកែរោងចក្រ ក្រុមហ៊ុនបញ្ជាទិញ និងរាជរដ្ឋាភិបាល។
លោក អាទិត្យ និយាយថា៖ «ខ្ញុំជឿថាអាហ្នឹង [បង្កើតមូលនិធិ] បើសិនជាធ្វើចឹងទៅវាមានផលចំណេញ ហើយកម្មករក៏គាំទ្រគោលនយោបាយហ្នឹងព្រោះឥឡូវ យើងឃើញថាវេទនាសម្រាប់កម្មករមែនទែនឱ្យតែរោងចក្របិទមួយ គាត់នឹងត្រូវបានដេកយាម រត់ចោលរញ៉េរញ៉ៃចឹង។ នេះជាដំណោះស្រាយ បើអត់មានមូលនិធិបម្រុងទេគឺវេទនាហើយ»។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា ករណីនេះស្ថិតក្រោមការដោះស្រាយរបស់ក្រសួងការងារដែលនឹងកោះហៅភាគីពាក់ព័ន្ធមកជួប។
សារព័ត៌មាន Newsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក ខៀវ សាវុធ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ បានទេ ដោយទូរសព្ទចូលពុំមានអ្នកលើក។
ប្រធានសហជីពស៊ីខាវឌូប្រចាំរោងចក្រ ម៉ាស្ទេច អ៉ីនខេម លោក ខៀវ ចៀន ឱ្យដឹងថា រោងចក្រនេះបានផ្អាកដំណើរការចង្វាក់ផលិតកម្ម តាំងពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៣ ហើយជារៀងរាល់យប់មានកម្មករមួយចំនួនបានស្មគ្រចិត្តដេកយាមក្នុងបរិវេណរោងចក្រដើម្បីកុំឱ្យមានការលួចដឹកសម្ភារចេញនៅពេលយប់រហូតដល់ចុងខែឧសភា ក្រោមការធានារអះអាងរបស់ក្រសួងការងារដោយទុកឱ្យម្ចាស់ឃ្លាំងយាមជំនួសវិញ។
ករណីបិទរោងចក្រដោយគ្មានប្រាក់សំណងនេះដែរ កាលពីដើមខែឧសភា ឆ្នាំ២០២៣នេះ មានកម្មករជាង៧០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃដាយ៉ាបគ្លូប៊ល ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ានិងយាមនៅមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផ្សេងៗ ក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។
យោងតាមច្បាប់ស្ដីពីការងារ មាត្រា៩១ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទារសងសោហ៊ុយជម្ងឺចិត្តបាន។ មាត្រានេះបានគូសបញ្ជាក់ថា សោហ៊ុយជម្ងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹងប្រាក់បំណាច់ទូទៅជួសការឱ្យដំណឹងមុនឬជាមួយនឹងប្រាក់បំណាច់បណ្ដេញចេញទេ៕
កម្មករនិយោជិតអាចទាមទារប្រាក់បំណាច់បើកផ្ដាច់មួយ ដែលមានចំនួនស្មើនឹងប្រាក់បំណាច់បណ្ដេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ចដែលត្រូវផ្ដល់ភស្ដុតាងបញ្ជាក់ពីការខូចខាតរបស់ខ្លួន។
ចំណែកមាត្រា៧៧ ឱ្យដឹងទៀតថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ដល់ កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួលហើយនិងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។