អនុប្រធានគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលបដិសេធដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ និងស្នើឱ្យដោះលែងរូបលោកមានសេរីភាព។ ការស្នើនេះគឺតាមរយៈសារណាការពាររបស់ លោក ថាច់ សេដ្ឋា ដែលបានប្ដឹងសាទុក្ខទៅតុលាការកំពូលដែល Newsroom Cambodia ទទួលបាន។
លោក ថាច់ សេដ្ឋា បានរៀបរាប់ក្នុងសារណាការពារនោះថា លោកមិនសុខចិត្តនឹងការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នទេ ទើបលោកផ្ដល់សិទ្ធិឱ្យមេធាវីប្ដឹងឧទ្ធរណ៍ និងដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន។
អនុប្រធានគណបក្សភ្លើងទៀន ដែលបានជាប់ពន្ធធនាគារជិត៦ខែរូបនេះបានដាក់សារណាការពារទៅតុលាការកំពូល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ថាលោកបានជួបជាមួយពលករខ្មែរនៅប្រទេសកូរ៉េ សំណេះសំណាលអំពីនយោបាយ និងប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្ថែមថាលោកគ្មានចេតនា និងមិនបានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មិនបានញុះញង់ឱ្យមានការរើសអើង ដូច ការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។
លោកបន្តក្នុងសារណាការពារនោះថា៖ « ខ្ញុំបាទមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន។ ខ្ញុំបានចុះជួបសំណេះសំណាលជាមួយសកម្មជនគណបក្សភ្លើងទៀន និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀន ជាសាធារណៈនៅទូទាំង២៥រាជធានី ខេត្តទូទាំងប្រទេស។ ខ្ញុំទទួលបានការគោរពស្រឡាញ់ពីសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ ដែលគាំទ្រគណបក្សភ្លើងទៀន។ ខ្ញុំនឹងមិនរត់ចោលគណបក្សភ្លើងទៀនមិនរត់ចោលសកម្មជន និងប្រជាពលរដ្ឋរាប់លាននាក់ដែលគោរព និងស្រឡាញ់ខ្ញុំឡើយ»។
លោកបន្ថែមថា ការចូលរួមក្នុងសកម្មភាពនយោបាយ លោកមានសិទ្ធិនិយាយពីនយោបាយ និយាយពីប្រវត្តិសាស្ត្រ ហើយដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ជាតិ និងធានាដោយច្បាប់អន្តរជាតិផងដែរ។
លោកថា៖ «ខ្ញុំបាទក៏មានតួនាទី ជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ ខ្ញុំបានចាត់ចែងការងារ សហគមន៍ខ្មែរកម្ពុជាក្រោមនៅកម្ពុជា។ ខ្ញុំនឹងមិនរត់គេចខ្លួន ចោលសហគមន៍ខ្មែរកម្ពុជាក្រោមឡើយ»។
លោកបង្ហាញថា លោកនឹងមិនបង្កបញ្ហាអ្វីដែលបណ្ដាលឱ្យមានការរាំងស្ទះ ដល់នីតិវិធីរបស់តុលាការ ឡើយ។ ក្នុងករណីតុលាការដោះលែងលោកឱ្យនៅក្រៅឃុំ។
លោកបញ្ជាក់ថា៖« ខ្ញុំបាទ មានបញ្ហាសុខភាព បេះដូង(ខ្លាញ់រុំបេះដូង) លើសឈាម ឡើងជាតិស្ករឡើងជាតិអាស៊ីដត្រូវការការព្យាបាលជាប្រចាំ ដូចនេះបញ្ហាសុខភាព ខ្ញុំមិនអាចរត់គេចខ្លួនបានឡើយ»។
មេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែមិថុនា ថាសារណាការពារខាងលើជាការដាក់ជូនតុលាការកំពូលដើម្បីទាមទារឱ្យតុលាការជាន់ខ្ពស់នេះបដិសេធដីកាឃុំខ្លួន និងស្នើឱ្យដោះលែងលោក ថាច់ សេដ្ឋា ឱ្យមានសេរីភាព ដែលលោកថាតុលាការកំបូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។
លោកថ្លែងថា៖«ជាការបដិសេធការឃុំខ្លួនដើម្បីឱ្យដោះលែងលោក ថាច់ សេដ្ឋា ដែលការបើកសវនាការជំនុំជម្រះនឹងប្រព្រឹត្តទៅនៅថ្ងៃ១២ ថ្ងៃចន្ទ សប្ដាហ៍ក្រោយហ្នឹង»
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោក សេង ហៀង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក ថាច់ សេដ្ឋា ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» និង«ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការជួបសំណេះសំណាលរបស់លោក ថាច់ សេដ្ឋា ជាមួយពលករខ្មែរនៅប្រទេសកូរ៉េ ដែលនៅពេលនោះអនុប្រធានគណបក្សភ្លើងទៀនរូបនេះបានថ្លែងសារពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្ដប្រទេសកម្ពុជា៕