យោងតាមលិខិតមួយរបស់ប្រជាពលរដ្ឋរស់នៅភូមិចំនួន២ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានសុំកិច្ចអន្តរាគមន៍ពី លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យដកអាជ្ញាបណ្ណពីក្រុមហ៊ុនបូមខ្សាច់មួយចំនួន ដែលពួកគេអះអាងថា ការដឹកជញ្ជូនខ្សាច់បានបណ្ដាលឱ្យផ្លូវខូចពិបាកក្នុងការធ្វើដំណើរនិងពោរពេញដោយធូលីដីដែលបង្កឱ្យប៉ះពាល់ដល់សុខភាពនិងការប្រកបរបរកស៊ីប្រចាំថ្ងៃ។

ពលរដ្ឋមួយរូបដែលផ្ដិតស្នាមមេដៃក្នុងលិខិតខាងលើ លោក ចិន សុវណ្ណារិន រស់នៅភូមិកោះគរ សង្កាត់រការខ្ពស់​ ក្រុងតាខ្មៅ ខេត្តកណ្ដាល រៀបរាប់ថា រថយន្តដឹកជញ្ជួនខ្សា​​ច់ឱ្យដេប៉ូខ្សាច់បើកបរក្នុងល្បឿនលឿន ស៊ីផ្លេឮៗ និងខ្សាច់ធ្លាក់រាយលើដងផ្លូវបង្កឱ្យមានការរអិលនិងធ្វើឱ្យផ្លូវខូចពិបាកធ្វើដំណើរ។

លោកបន្ថែមថា ល្អងធូលីដីដែលកើតមានឡើងដោយសារខ្សាច់បានបង្កឱ្យប៉ះពាល់ដល់សុខភាពកូនៗរបស់លោកដោយមានអាការក្អកនិងផ្ដាសាយជាញឹកញាប់ ហើយការលក់ដូរអីវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះរបស់លោកក៏មានការធ្លាក់ចុះពីមួយថ្ងៃជាង២០ម៉ឺនរៀល មកនៅត្រឹមជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយសារមិនសូវមានពលរដ្ឋចូលទិញដូចមុន។

លោក សុវណ្ណារិន និយាយថា៖ «សូម្បីកន្លែងដេកកន្លែងរស់នៅកន្លែងដាក់ខោអាវភាគច្រើនគឺដី។ ទោះបីបាំងបិទក៏នៅតែដី ដីចូលកន្លែងហូបចុកអីវិញ។ កូនខ្ញុំភាគច្រើនគឺក្អក ផ្ដាសាយអី កូនឈឺញឹកញាប់ កាលមុនមិនសូវអី ដល់ឡូវហ៊ុយវាប៉ះពាល់ សូម្បីកូនក្អក ពេទ្យសឹងរាល់ថ្ងៃហើយខ្ញុំ»។

លោក សុវណ្ណារិន បន្តថា រយៈពេលមួយឆ្នាំចុងក្រោយនេះ មានអាជីវកម្មបូមខ្សាច់ប្រហែល៤កន្លែង បានដំណើរការនៅក្បែរផ្ទះរបស់លោក និងជារៀងរាល់ថ្ងៃមានរថយន្តដឹកខ្សាច់ធ្វើដំណើរតាមដងផ្លូវជាតិលេខ២១Aខាងមុខផ្ទះលោក យ៉ាងមមាញឹកតាំងពីព្រឹករហូតដល់យប់។

លោក អ៊ុន រ៉ាវុទ្ធ ពលរដ្ឋមួយរូបទៀតដែលបានចូលរួមក្នុងការសុំអន្តរាគមន៍ដែរនោះ និយាយថា នារដូវភ្លៀងធ្លាក់នេះផ្លូវកាន់តែរអិលនិងពិបាកធ្វើដំណើរជាពិសេសពលរដ្ឋធ្វើដំណើរដោយម៉ូតូ ខណៈអ្នកភូមិបានរអ៊ូរទាំជារៀងរាល់ថ្ងៃ។

លោក រ៉ាវុទ្ធ និយាយថា៖ «វាប៉ះពាល់ដល់សុខភាពយើងដែរ​ មានកូន២ ឧស្សាហ៍ផ្ដាសាយឈឺដែរ។ ប្រជាពលរដ្ឋរអ៊ូពិបាកធ្វើដំណើរ។…

ហើយលូវអាកាសធាតុភ្លៀងរាល់ថ្ងៃវាវ៉ល់ យើងពិបាកជិះ រលាក់ខ្លាំងមែនទែន យ៉ាប់ៗពិបាកម៉ូតូ»។

ក្នុងលិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលមានស្នាមមេដៃប្រជាពលរដ្ឋចំនួន៨៨នាក់ ឱ្យដឹងថា ពលរដ្ឋរស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើឱ្យ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អន្តរាគមន៍ទៅកាន់រដ្ឋបាលខេត្តកណ្ដាល ដើម្បីដកហូតអាជ្ញាបណ្ណរ៉ែ​និងបញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់នៅតាមបណ្ដោយទន្លេបាសាក់ [ត្រង់ផ្លូវជាតិលេខ២១A ដែលពលរដ្ឋអះអាងថា មានជាង១០០គ្រួសារងផលប៉ះពាល់ដែលរស់នៅតាមបណ្ដោយផ្លូវនេះប្រវែងជិត៣គីឡូម៉ែត្រ] ព្រមទាំងស្នើឱ្យផ្ដល់សំណងដល់ផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់តាមជាក់ស្ដែង និងបង្គាប់ឱ្យម្ចាស់អាជីវកម្មបូមខ្សាច់ជួសជុលផ្លូវជាតិលេខ២១Aឱ្យបានដូចដើមវិញ។ ក្នុងលិខិតនោះ បានសង្កត់ធ្ងន់ថា ការស្នើនេះធ្វើឡើងដើម្បីទប់ស្កាត់ការខូចខាតផ្លូវជាតិលេខ២១A និងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋដែលអាចកើតមានធ្ងន់ធ្ងរដូចករណីនៅផ្សារស្អាងព្រែកតូចដោយសារតែការធ្វើប្រតិបត្តិការបូមខ្សាច់។

លោក ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងបានបង្វែរលិខិតសុំអន្តរាគមន៍របស់ពលរដ្ឋទៅកាន់

ក្រសួងរ៉ែនិងថាមពលដែលចេញអាជ្ញាបណ្ណដើម្បីពិនិត្យនិងរកដំណោះស្រាយ។

លោក សុភ័គ បញ្ជាក់ថា៖ «វាមិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទេ គឺក្រសួងសាមីដែលចេញ។

យើងបានទទួលហើយ ក៏បានបញ្ជូនទៅ»។

ចំណែក លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ  ប្រាប់ឱ្យអ្នកសារព័ត៌មាន Newsroom Cambodia សួរទៅកាន់រដ្ឋបាលខេត្តកណ្ដាលវិញ ដោយសារអាជ្ញាបណ្ណបូមខ្សាច់នេះ ចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ឌីប៉ូឡា បញ្ជាក់ថា៖ «សូមប្អូនទាក់ទងទៅខេត្ត។ តាមបងដឹងអាជ្ញាបណ្ណហ្នឹងដូចជាចប់នៅចុងខែ៦ឬ៧ហ្នឹង ចឹងសូមប្អូនជួយសួរទៅខេត្ត ព្រោះអាជ្ញាបណ្ណចេញដោយខេត្ត»។

សារព័ត៌មាន Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក គង់ សោភ័ណ្ឌ   អភិបាលខេត្តកណ្ដាល និងលោក គ្រួយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល

បានទេគិតត្រឹមថ្ងៃសុក្រនេះ ដោយទូរសព្ទចូលពុំមានអ្នកលើក។

លោក អំ សំអាត នាយកកិច្ចការទូទៅ​នៃអង្គការលីកាដូថ្លែងថា បើបញ្ហាទាំងអស់នេះកើតមានឡើងដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែននោះ អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការចាំបាច់ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្ដែងនិងរកដំណោះស្រាយ។

លោក​ សំអាត មានប្រសាសន៍ថា៖ «បើមិន [ចាត់វិធានការលឿន] ចឹងទេបញ្ហានេះវាបង្កឱ្យមានភាពមិនល្អដល់ប្រជាពលរដ្ឋទាក់ទងនឹងសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ»