ក្រោយពីមានការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោតនោះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនហាក់មិនបារម្ភថា ការវិសោធនកម្មនេះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់បក្សប្រឆាំងមួយនេះនោះទេ។
ថ្លែងប្រាប់សារព័ត៌មាន Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គឹម សួភារិទ្ធិ លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ដែលអាចឈានដល់ការដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់អ្នកមិនទៅបោះឆ្នោតនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់គណបក្សភ្លើងទៀននោះទេ។ លោកថា ចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលមានបំណងចង់ឈរឈ្មោះនៅអាណិត្តក្រោយៗទៀត គ្រាន់តែទៅបោះឆ្នោតជាការស្រេច តែត្រង់ថាពួកគេនឹងបោះឱ្យគណបក្សណាមួយនោះលោកមិនដឹងទេ។ យ៉ាងណាក៏ដោយ អ្នកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ មិនមានប្រយោជន៍អ្វីធំដុំនោះទេ។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំគ្មានមតិអ្វីទេ មានតែទុកឱ្យប្រជាពលរដ្ឋ មតិជាតិនិងអន្តជាតិជាអ្នកតាមដានថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅមុខឬថយក្រោយ»។
បើតាមសារសំឡេងផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការធ្វើវិសោធនកម្មនេះគឺស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតនោះទេ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។
លោក ហ៊ុន សែន បន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។
លោកលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។ លោកសង្កត់ធ្ងន់ថា ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ឱ្យតែមិនបានទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកនោះនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោត នៅពេលខាងមុខ ទោះបីជាការបោះឆ្នោតអសកលក្តី ជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្តរាជធានី ឬការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតសមាជិកសភានៅឆ្នាំ២០២៨ក្តី។
បែបនេះក្តី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថាការធ្វើវិសោធនកម្មច្បាប់ណាមួយ គួរតែគិតពីឧត្តមប្រយោជន៍ពលរដ្ឋ ប្រយោជន៍ជាតិជាធំ ធ្វើយ៉ាងណាកុំបម្រើផលប្រយោជន៍នយោបាយ។ លោកយល់ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះនាំឱ្យមានការរិះគន់ច្រើន។
លោកបន្តថា៖ «ខ្ញុំឃើញថាច្បាប់បោះឆ្នោតតាំងពី២០១៨មកមានការធ្វើវិសោធនកម្មជាញឹកញាប់ណាស់ហើយ អ៊ីចឹងទៅ ច្បាប់មួយមានការវិសោធនកម្មច្រើន មិនសូវល្អទេ ដូចនេះទាមទារឱ្យមានការគិតគូរពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើវិសោធនកម្មច្បាប់នេះ»។
ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះជាថ្មីទៀត ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត អះអាងថា ជាការឆ្លើយតបចំពោះលោក សម រង្ស៊ី និងក្រុមរបស់លោកដែលបានឃោសនាម្តងថាឱ្យប្រជាជនទៅបោះឆ្នោត ម្តងថាមិនឱ្យប្រជាជនទៅបោះឆ្នោត។ លោកថ្លែងការពារថា ការធ្វើវិសោធនកម្មច្បាប់គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីមានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់។
លោកបន្ថែមថា៖ «នេះជាការឆ្លើយតបចំពោះឧបាយកលទុច្ចរិតរបស់ក្រុមណាមួយ ដែលបច្ចុប្បន្នជាក្រុមរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កព្យុះភ្លៀងផ្គរទាំងខាងនយោបាយ ខាងសតិអារម្មណ៍ ខាងសេដ្ឋកិច្ចដល់ប្រទេសជាតិ»។
លោកបញ្ជាក់បន្ថែមថា៖ «អ្នកដែលមិនអនុវត្តករណីកិច្ចខ្លួនជាពលរដ្ឋតែខ្លួនឯងទៅឈរឈ្មោះឱ្យគេបោះឆ្នោត អ៊ីចឹងអានេះជាការឆ្លើយតបមួយចំពោះឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់»។
ចំពោះបញ្ហានេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស ថ្លែងថា លោកមិនទាន់អាចវាយតម្លៃបានទេថា តើការធ្វើសោធនកម្មច្បាប់នេះ ហាក់ដូចជាការដាក់លក្ខខណ្ឌដែលតម្រូវឱ្យប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោតឬយ៉ាងណា។ លោកថាបើវាដូចនេះមែន មានន័យថាវាជាកាតព្វកិច្ច មិនមែនជាសិទ្ធិដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ៕