គណបក្សភ្លើងទៀន ចេញសេចក្ដីថ្លែងការណ៍ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កោតសរសើរ និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅតែបន្តគាំទ្រ គណបក្សភ្លើងទៀនបើទោះបីជា គណបក្សមិនបានចូលរួម ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ គណបក្សភ្លើងទៀនបានយល់ឃើញបន្ថែមទៀតថា តាមគោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ការបោះឆ្នោតនៅកម្ពុជាគឺជាសិទ្ធិរបស់ ប្រជាពលរដ្ឋ ដែលត្រូវបានធានាការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ថ្មីៗនេះ បងប្អូនខ្មែរមួយចំនួនទាំងក្នុង និងក្រៅប្រទេសបានសម្តែងនូវការមិនពេញចិត្តចំពោះសេចក្ដី សម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និងក្រុមប្រឹក្សាធម្មនុញ្ញមិនឲ្យ គណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
គណបក្សភ្លើងទៀននៅតែរក្សាគោលជំហររបស់ខ្លួនក្នុងការធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា ជាពិសេសច្បាប់ស្ដីពីគណបក្សនយោបាយ និងរក្សាឆន្ទៈនៅក្នុងការចូលរួមការ បោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាបន្តបន្ទាប់នាពេលខាងមុខ៕