គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ. ប) បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការក្រៅប្រទេស ឱ្យវិលត្រឡប់មកស្រុកខ្មែរវិញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់គ្នាដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋ និង អនុវត្តសិទ្ធិរបស់ខ្លួន។
យោងតាម សេចក្ដីអំពាវនាវរបស់គ. ជ. ប ចេញថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ហើយកំពុងតែបំពេញការងារ ឬរស់នៅក្រៅប្រទេស ត្រូវវិលត្រឡប់មកស្រុកខ្មែរវិញដើម្បីចូលរួមបោះឆ្នោត ជ្រើសតាំងដំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ព្រោះនេះជាតួនាទីរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
ប្រជាពលរដ្ឋដែលអាចបោះឆ្នោតបានត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាព (អ.ខ) ឫឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឆ្នាំ២០២៣។សម្រាប់ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបនឹងធ្វើជូនប្រជាពលរដ្ឋ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមានបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់៕