ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ មួយចំនួនបានលើកឡើងពីផលប្រយោជន៍ នៃការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង ជួយកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងផលប្រយោជន៍ ការប្រើប្រាស់រថយន្ត សាធារណៈ ក៏មានភាព លំបាកផងដែរ គឺមានភាពយឺតយ៉ាវ ហើយកម្មវិធីប្រើប្រាស់រថយន្តសាធារណៈនៅក្នុងទូរស័ព្ទដៃមិនសូវដំណើរការល្អនោះទេ។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋចំនួន ៥នាក់អំពីទស្សនៈរបស់ពួកគាត់ទាក់ទងនឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។
កញ្ញា យុង សៀង ហុង ជាសិស្សវិទ្យាល័យមួយរូបក្នុងរាជធានីភ្នំពេញ លើកឡើងថាការជិះរថយន្តសាធារណៈពិតជាល្អ ងាយស្រួល មានសុវត្ថិភាព និងផាសុកភាព ព្រោះបើជិះម៉ូតូអាចមានគ្រោះថ្នាក់ផ្សេងៗ និងមិនបង់ថ្លៃសេវានោះទេសម្រាប់សិស្សដែលមានកាតសម្គាល់ខ្លួន។ កញ្ញាបន្តថា រយៈពេលនៃការរងចាំរថយន្តក្រុងអាស្រ័យ ទៅលើចរាចរណ៍ បើលើផ្លូវស្ទះអាចរងចាំយូរតែបើអត់ស្ទះអាចប្រហែល១៥នាទីទៅ២០នាទី។
កញ្ញាថា៖« បើជិះឡានក្រុងសាធារណៈអញ្ចឹង ខ្ញុំសិស្សគឺមិនចំណាយថវិកាទេ»។
លោក ចាន់ ថី អាយុ២៣ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) យល់ឃើញថាការប្រើប្រាស់រថយន្តសាធារណៈពិតជាមានភាពងាយស្រួលក្នុងការធ្វើដំណើរ មិនមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតហើយកាត់បន្ថយការកកស្ទះចរាចរណ៍ បានច្រើនជាងមុន តែបញ្ហានោះគឺរថយន្តសាធារណៈបើកបរមិនសូវទៀងទាត់ម៉ោងនោះទេ។
លោកនិយាយថា៖ «សុំឱ្យឡានក្រុងដំណើរលឿន ព្រោះអីពេលខ្លះយឺតមែនទែន ជាពិសេសខ្សែលេខ១គឺយឺតខ្លាំងហ្មង កន្លះម៉ោង ជួនកាលចាំទៅដល់១ម៉ោងជាង បើខ្សែលេខ៣ហ្នឹងគឺលឿនទាន់ចិត្ត»។
កញ្ញា ធីតា ទេព អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានខេមអេដ (CamEd) បានប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈគឺកញ្ញាមិនត្រូវចំណាយថ្លៃធ្វើដំណើរទៅសាលានោះទេ ព្រោះកញ្ញាមានកាតសិស្ស។
កញ្ញាលើកឡើងថា៖«ដោយសារតែខ្ញុំជិះលេខ៣ ចឹងវាស្រួលហើយលឿនទៀតកុំឱ្យតែផ្លូវស្ទះ អ៊ីចឹងទៅវាអត់អស់លុយខ្ញុំ ហើយខ្ញុំមានកាតសិស្ស តែបើត្រូវជិះម៉ូតូកង់បី (តុកតុក) ខ្ញុំត្រូវចំណាយលុយ ២០០០០រៀល រាល់ថ្ងៃ តែបើជិះឡានក្រុងវាសម្រួលបន្ទុកច្រើនហើយត្រជាក់ស្រួលទៀត»។
កញ្ញាបានបន្ថែមថា ចំណតដែលកញ្ញាជិះ ឡានមកលឿនៗទៀងទាត់មិនសូវជាបញ្ហាទេ តែកញ្ញាស្នើរសុំឱ្យកម្មវិធីឡានក្រុងលើទូរសព្ទដៃបន្ថែមចំណត ដោយសារផ្លូវវេងស្រេងមិនមានចំណតក្នុងកម្មវិធីនោះទេ។
កញ្ញាថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យអេបឡានក្រុង គេដាក់ចំណតផ្លូវវេងស្រេងមកវិញទាំងអស់ ដោយសារក្នុងអេបហ្នឹងវាអត់មានចំណត អញ្ចឹងទៅយើងអត់ដឹងថាចុះទីណាឱ្យច្បាស់ហ៎ាបង»។
លោក ចុង អេង អាយុ ២៩ បុគ្គលិកហាងកុំព្យូទ័រមួយកន្លែង លើកឡើងថាការប្រើប្រាស់រថយន្តសាធារណៈពិតជាល្អ និងងាយស្រួលសម្រាប់ការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការ មកផ្ទះវិញ ហើយមានចំណតទីតាំងច្បាស់លាស់ ។
ប៉ុន្តែ លោក ចុង អេង បញ្ជាក់ថាការបង់សេវាតាមរយៈប្រព័ន្ធអេឡិចត្រូនិក(QR) ដំណើរការរអាក់រអួល។
លោកបន្ថែមថាសម្រាប់បុគ្គលិកតាមស្ថាប័នរដ្ឋ ឯកជន និងអ្នកប្រើប្រាស់វ័យដំណាលលោកភាគច្រើនបង់សេវាតាមរយៈប្រព័ន្ធអេឡិចត្រូនិក(QR) ជាជាងសាច់ប្រាក់។ មួយវិញទៀតកម្មវិធីប្រើប្រាស់រថយន្តសាធារណៈក្នុងទូរស័ព្ទដៃកំណត់ទីតាំងឡានមិនច្បាស់លាស់ ព្រោះចំណុចទីតាំងរថយន្តដែលកំពុងបើកបរអាចលឿនជាង ឬយឺតខុសពីទីតាំងក្នុងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ។
អ្នកស្រី សៀរ ចាន់ថន ជាអ្នកលក់ចាប់ហួយ លើកឡើងថាអ្នកស្រីប្រើប្រាស់រថយន្តសាធារណៈសម្រាប់ធ្វើដំណើរទៅមកពីផ្ទះនៅខណ្ឌឫស្សីកែវ ទៅផ្សាអូរឫស្សី រៀងរាល់សប្ដាហ៍ គឺមានសុវត្ថិភាពដោយមិនព្រួយបារម្ភពីបញ្ហាគ្រោះថ្នាក់ដោយចៃដន្យណាមួយ និងមិនក្ដៅដូចជិះម៉ូតូនោះទេ។ អ្នកស្រី ចាន់ថន បន្ថែមថាប្រសិនបើអ្នកស្រីប្រើប្រាស់ម៉ូតូ ឬម៉ូតូកង់បី(តុកតុក)សម្រាប់ទៅទិញឥវ៉ាន់ពីផ្សារ គឺត្រូវចំណាយថវិកាច្រើនជាងការប្រើប្រាស់រថយន្តសាធារណៈ៕