ភរិយារបស់លោក ថាច់ សេដ្ឋា ឱ្យដឹងថា ស្វាមីរបស់ខ្លួន កំពុងប្រឈមបញ្ហាសុខភាពច្រើនប្រភេទ ដែលបង្កឱ្យមានអាការហើមជើង ខ្សោយកម្លាំង អំឡុងពេលជាប់ឃុំឃាំង និងស្នើឱ្យតុលាការ ដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីព្យាបាលជំងឺ។
អ្នកស្រី ថាច់ សុខបូរ៉ានី ត្រូវជាភរិយា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្រាប់ Newsroom Cambodia ថា លោក ថាច់ សេដ្ឋា កំពុងមានជំងឺច្រើនមុខរួមមាន ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង លើសជាតិស្ករ ឡើងជាតិអាស៊ីត ដែលជំងឺទាំងនេះ បានបង្កឱ្យសុខភាពលោក ថាច់ សេដ្ឋា កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្ថែមថា អំឡុងពេលលោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារព្រៃស (ម១) គឺអ្នកស្រីតែងតែទិញថ្នាំឱ្យលោក ថាច់ សេដ្ឋា ទទួលទានជាប្រចាំដើម្បីព្យាបាលជំងឺប្រចាំកាយជាច្រើនមុខនោះ។
យ៉ាងណាក្តី កាលពីថ្ងៃទី១២ ខែមិថុនា ក្នុងពេលដែលលោក ថាច់ សេដ្ឋា ចូលរួមសាវនាការនៅតុលាការកំពូល អ្នកស្រី សុខបូរ៉ានី ដែលបានជួបស្វាមីផ្ទាល់ បានសង្កេតឃើញថាលោកថាច់ សេដ្ឋា មានសភាពហើមដៃ និងជើង ដោយសារជំងឺលើសសម្ពាធឈាម។ អ្នកស្រីថាលោក ថាច់ សេដ្ឋា តែងតែមានអាការខ្សោយកម្លាំងជាប្រចាំនៅពេលឡើងសាវនាការនាពេលកន្លងទៅ។
អ្នកស្រីថា៖ «ខ្ញុំឃើញជើងគាត់ [លោក ថាច់ សេដ្ឋា] ហើម ខ្ញុំថាបង! ជើងបងឯងហើមហើយ! គាត់ថា អត់អីទេ។ឱ្យ[តែ]ពេលខ្ញុំសួរគាត់! គាត់ថា ឡើងជាតិស្ករ ឡើងជាតិអាស៊ីត ហើយនឹងឡើងឈាមខ្លាំង ដូចថា ធ្វើទុក្ខឡើងឈាមអ៊ីចឹង! ជើងដៃគាត់ហើម»។
បើតាម អ្នកស្រី ថាច់ សុខបូរ៉ានី បញ្ហាសំខាន់មួយទៀតគឺ លោក ថាច់ សេដ្ឋា មានជំងឺបេះដូង ដែលត្រូវបានវះកាត់ដាក់ឧបករណ៍ជំនួយ ទើបតម្រូវឱ្យមានការព្យាបាល និងយកចិត្តទុកដាក់ឱ្យបានដិតដល់។ អ្នកស្រីបានអំពាវនាវឱ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីបានសម្រាកព្យាបាលជំងឺ ដោយអ្នកស្រីបាម្ភពីបញ្ហាសុខភាពនេះកាន់ធ្ងន់ធ្ងរបើជាប់ឃុំបែបនេះ។
អ្នកស្រីថា៖ «សុំឱ្យគាត់នៅក្រៅឃុំដើម្បីព្យាបាលខ្លួន ឱ្យគាត់ជួសឈាម ជួសអីមើល ស្ថានភាពបេះដូងគាត់ណាអូន!»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ជនគ្រប់រូបមានសិទ្ធិសុំនៅក្រៅឃុំបណ្តោះអាសន្នក្នុងករណីបុគ្គលនោះបញ្ហាសុខភាព និងក្រោមលក្ខខណ្ឌមួយចំនួនដូចជា មានទីលំនៅពិតប្រាកដ មានមុខរបរច្បាស់លាស់ ការបង្ហាញមុខគ្រប់នីតិវិធីរបស់តុលាការ និងការតម្កល់ថវិកាតាមផ្លូវតុលាការជាដើម។ លោកថា តុលាការ គួរតែពិចារណា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នសម្រាប់ករណីលោក ថាច់ សេដ្ឋា ដែលកំពុងមានជំងឺប្រចាំកាយច្រើនប្រភេទបែបនេះ។
លោកថា៖ «បើសិនលក្ខខណ្ឌគ្រប់គ្រាន់បូកទាំងជំងឺប្រចាំកាយអីទៀត អាហ្នឹង! ខ្ញុំយល់ថា តុលាការគួរតែពិនិត្យ និងពិចារណា ទៅលើបញ្ហាហ្នឹង។ ពីព្រោះជនដែលត្រូវចោទតាមគោលការណ៍ច្បាប់គឺការសន្មត់ថាគ្មានទោសជាមុន ដរាបណាតុលាការមិនទាន់រកឃើញទោសនូវកំហុស ឬក៏វិនិច្ឆ័យថាគាត់បានប្រព្រឹត្តបទល្មើស និងការផ្តន្ទាទោស»។
Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេគិតត្រឹមថ្ងៃសុក្រទី១៦ខែមិថុនាដោយទូរសព្ទចូលមិនមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏មិនឆ្លើយតបសំនួរអ្នកសារព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាមដែរ គិតត្រឹមថ្ងៃសុក្រ ទី១៦ ខែមិថុនា។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បា្រប់ Newsroom Cambodia ថា រដ្ឋាភិបាលមិនលូកលាន់កិច្ចការរបស់តុលាការនោះទេ។
លោកថា៖ «រដ្ឋាភិបាលមិនមានសិទ្ធិអំណាចណាទៅផ្តល់យោបល់អីទេ! ទាល់សួរខាងមេធាវី ឱ្យមេធាវីទាក់ទងទៅតុលាការ»។
សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោកមេធាវី សឺន ជុំជួន បានបញ្ជាក់ប្រាប់ Newsroom Cambodia ថា កូនក្តីរបស់លោកគឺសុខភាពមិនអំណោយផលទេ សម្រាប់ការឃុំគាត់ក្នុងពន្ធនាគារ ពីព្រោះត្រូវការព្យាបាលជំងឺ។ លោកថាក្រុមមេធាវីរបស់លោកបានរៀបចំនីតិវិធីដើម្បីស្នើសុំឱ្យដោះលែង លោក ថាច់ សេដ្ឋា បាននៅក្រៅឃុំបណ្តោះអាសន្នរួចរាល់ហើយ ប៉ុន្តែតុលាការកំពូលបដិសេដសំណើនេះ។
លោកថា៖ «ទាក់ទងការស្នើសុំឱ្យនៅក្រៅឃុំ សិទ្ធិរបស់យើងនៅតែមាន គ្រាន់តែថា បើយើងនិយាយអំពីប្រសិទ្ធភាពទាក់ទងទៅក្នុងផ្លូវច្បាប់ដូចជាពិបាកបន្តិច! ទាក់ទងការស្នើសុំឱ្យនៅក្រៅឃុំហ្នឹង ពីព្រោះថា នីតីវិធីយើងបានធ្វើទៅដល់ [តុលាការ] កំពូលរួចទៅហើយ»។
យ៉ាងណាក្តី ក្នុងពន្ធនាគារនៅកម្ពុជា ត្រូវបានអ្នកដែលធ្លាប់ជាប់ឃុំឃាំងបានលាតត្រដាងពីភាពអាប់អួនៅក្នុងពេលពួកគេត្រូវបានចាប់ឃុំខ្លួន។
សកម្មជនការងារសង្គម កញ្ញា សូ មេត្តា ដែលធ្លាប់ជាប់ពន្ធនាគារជាង ១ឆ្នាំ ប្រាប់ថា បរិយាសនៅក្នុងពន្ធនាគារ គឺមានស្ថានភាពអាក្រក់ខ្លាំង។ កញ្ញាថា ក្នុងមន្ទីរឃុំឃាំងមានបញ្ហាជាច្រើន ដូចជា ភាពចង្អៀតណែននៃអ្នកទោស បរិស្ថានមិនស្អាត សេវាសុខាភិបាលមិនល្អ និងអំពើពុករលួយជាដើម។ កញ្ញាថា មន្រ្តីនៅក្នុងពន្ធនាគារ មិនបានយកចិត្តទុកដាក់ចំពោះអ្នកទោសនោះទេ មិនថាបុគ្គលនោះជាសកម្មជនការងារសង្គម ឬអ្នកទោសនយោបាយឡើយ។
កញ្ញា មេត្តា និយាយថា៖ «សុខាភិបាលនៅពន្ធនាគារវិញគឺខ្សោយ។ ខ្សោយហ្នឹងដោយសារមិនមាន! គឺកង្វះមន្រ្តីព្យាបាលជំងឺ ខ្វះថ្នាំ ខ្វះ [សេវា] សង្រ្គោះបន្ទាន់ និងព្យាបាលជំងឺអ្នកទោស។ មន្ទីរពេទ្យនៅក្នុងពន្ធនាគារ មានតែថ្នាំសង្រ្គោះព្យាបាលបឋមទេ! មានតែប៉ារ៉ា វីតាមីនទេ អត់មានថ្នាំណាពេលដែលគាត់ឈឺធ្ងន់ធ្ងរទេ»។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ជុំវិញករណីចោទប្រកាន់ថាលោកចេញសែកអត់លុយ ឱ្យទៅក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែលោកបានច្រានចោលករណីនេះដោយថាជារឿងអយុត្តិធម៌។
អំឡុងពេលជាប់ពន្ធនាគារលោក ថាច់ សេដ្ឋា ក៏បានរងការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ញុះញង់ឱ្យមានការរើសអើង» ជុំវិញសកម្មភាពរបស់លោកនៅប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០២៣ ដោយលោកបានថ្លែងពីបញ្ហានយោបាយ និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា៕