កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានចំនួន១៨៨.១១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហោះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ បង្ហាញថា ឥណទានសម្បទានរបស់ជប៉ុនមកកាន់កម្ពុជាផ្តោតលើការអនុវត្តគម្រោងពីរផ្សេងគ្នា។ ឥណទានសម្បទានដែលមានទឹកប្រាក់ចំនួន១៧២,៩៣ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងឥណទានសម្បទានប្រមាណ ១៥,១៨ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបដំណាក់កាលទី៣។
គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់នឹងដំណាច់ឆមាសទី១ ឆ្នាំ២០២១ (ដោយមិនគិតបំណុល មរតក) រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ ១៤,៨៣៦,៥២ លានដុល្លារអាមេរិក។ ក្នុងនោះ ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគីប្រមាណជា ៥ ៧២៣,៥៤ លានដុល្លារអាមេរិក និងជាមួយរដ្ឋាភិបាលបរទេសទ្វេភាគី ដូចជាចិន បារាំង ឥណ្ឌា កូរ៉េ អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី ថៃ និងវៀតណាម មានចំនួនប្រមាណ ៩ ១១២,៩៨ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីគម្រោងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី និងរដ្ឋាភិបាលបរទេសទ្វេភាគី ក្នុងឆមាសទី១ ឆ្នាំ២០២១៕