បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តបាននាំមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ខេត្តកំពង់ធំ និងមន្រ្តីបរិស្ថានជាច្រើនរូប ចុះទៅមើលបទល្មើសការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈមន្រ្តីជំនាញ និងមន្រ្តីបរិស្ថានមិនជឿសហគមន៍ថាមានបទល្មើសកាប់បំផ្លាញព្រៃឈើ។

តំណាងសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព បានប្រាប់គេហទំព័រ Newsroom Cambodia ថាកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មិថុនា កន្លងទៅមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំនិងមន្ត្រីបរិស្ថានជាច្រើនរូបបានឱ្យសហគមន៍ព្រៃឡង់ចំនួនបីខេត្តមានខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំនាំទៅចង្អុលបង្ហាញបទល្មើសកាប់ឈើដែលសហគមន៍បានអះអាងរកឃើញកាលថ្ងៃទី១១ដល់ថ្ងៃទី១៧មិថុនា មានបទល្មើសកាប់ឈើចំនួន ២៥០ករណី។ លោកបន្តថាសហគមន៍មិនខ្លាចក្នុងការនាំនិងចង្អុលបង្ហាញបទល្មើសការកាប់បំផ្លាញ់ព្រៃឈើដល់មន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានផ្ទាល់នោះទេព្រោះអ្វីដែលសហគមន៍បានរកឃើញជារឿងពិតប្រាដកនិងជាក់ស្តែង។

លោកថា៖«កងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានគេចាប់ផ្តើមជឿយើង [សហគមន៍] ថាពិតជាមានបទល្មើសកាប់ឈើព្រោះអ្វីដែលយើងឃើញអ្វីដែលយើងនិយាយគឺជារឿងពិតប្រាដក ប៉ុន្តែអាជ្ញាធរមួយចំនួននៅតែមិនទុកចិត្តយើងថាយើងហ្នឹងបោកព័ត៌មានថាយើងហ្នឹងនិយាយមិនការពិត»។

លោកបន្ថែមថា៖«មន្រ្តីខ្លះនៅតែចង់ឱ្យសហគមន៍ចង្អុលបង្ហាញបទល្មើស ទាំងដែលបទល្មើសទាំងនោះយើងបានឃើញទាំងអស់គ្នាហើយ ខ្ញុំមិនដឹងថាគោលបំណងគេចង់យ៉ាងម៉េចទៀតទេ»។

ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុរសមានវ័យ ៤៦ ឆ្នាំរូបនេះលើកឡើងថាមន្រ្តីបរិស្ថាននិងមន្ត្រីកងរាជអាវុធហត្ថហាក់នៅមិនជឿទុកចិត្តសហគមន៍ថាពិតជាមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ពិតមែន និងមិនព្រមទទួលស្គាល់ថានៅតំបន់ការពារព្រៃឡង់ពិតជាមានករណីការកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានរកឃើញនោះទេ។

លោក ហឿន សុភាព និយាយថា៖ «មន្រ្តីបរិស្ថាននៅតែមិនសូវយកចិត្តទុកដាក់ គាត់នៅតែប្រើពាក្យក្រឡេចក្រឡុច ប្រើពាក្យមិនទទួលខុសត្រូវចំពោះបទល្មើសដដែល។ ដោយសារបទល្មើសកើតឡើងច្រើនគាត់ចេះតែនិយាយបង្វែងដាន ហើយមន្រ្តីមួយចំនួនព្យាយាមរារាំងមិនចង់ឱ្យសហគមន៍យើងទៅល្បាតបានទេ»។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។

មិនខុសគ្នានេះដែរ តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀតគឺលោក ខេម សុឃី បានឱ្យដឹងថាបទល្មើសព្រៃឈើនៅតាមតំបន់ព្រៃឡង់កើតមានជាហូរហែមិនចេះខ្វះទេឱ្យតែមន្រ្តីបរិស្ថានប្រាដកថាចង់ទប់ស្កាត់និងបង្រ្កាបបទល្មើសពិតមែន។ លោកបន្តថាមន្រ្តីបរិស្ថានជាពិសេសមន្រ្តីឧទ្យានុរក្សកន្លងមកតែងតែបដិសេធថាមិនមានបទល្មើសកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានរកឃើញនិងអះអាងទេ។

លោកថា៖«បទល្មើសខ្វះអី ប្រសិនជាក្រសួងបរិស្ថានបានរាយការណ៍ច្បាស់លាស់ពីករណីកាប់បំផ្លាញព្រៃឈើដល់មន្រ្តីកងរាជអាវុធហត្ថផ្ទៃប្រទេស ប្រហែលជាបទល្មើសនៅក្នុងតំបន់ព្រៃឡង់មិនអាចកើតឡើងបានទេ។

លោកបន្ថែមថា៖«ប៉ុន្តែអ្វីដែលកន្លងមកខាងក្រសួងបរិស្ថានតែងតែច្រានចោលអ៊ីចេះម្តង អ៊ីចុះម្តង ធ្វើឱ្យបទល្មើសកាប់បំផ្លាញព្រៃឈើកើតមានជាហូរហែ រហូតដល់ទាល់តែមានបញ្ជាពីថ្នាក់លើបានដឹងថាមានការកាប់ឈើនៅក្នុងតំបន់ការពារព្រៃឡង់ពិតមែន»។

ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៩ឆ្នាំរូបនេះមានប្រសាសន៍ថាខណៈដែលទៅដល់ទីតាំងកើតហេតុមន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តោយនៅពេលដែលឃើញថាពិតជាមានករណីបទល្មើសការកាប់បំផ្លាញព្រៃឈើបែបនេះ។ លោកបន្ថែមថាមន្រ្តីកងរាជអាវុធហត្ថបានប្រាប់ថានឹងធ្វើការសហការជាមួយសហគមន៍មូលដ្ឋានដើម្បីរូមគ្នាទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បន្តទៀត។

លោក ខេម សុឃី និយាយថា៖«មន្រ្តីកងរាជអាវុធហត្ថគាត់មានការអាក់អន់ស្រពន់ចិត្តដោយសារឃើញការកាប់បំផ្លាញព្រៃឈើច្រើននៅក្នុងតំបន់អភិរក្ស។ គាត់អត់សូវសប្បាយចិត្តដោយសារព្រៃគឺមានមន្រ្តីអភិរក្សហើយមូលហេតុអីបានបណ្តែតបណ្តោយឱ្យបទល្មើសកាប់ឈើចេះតែបន្តកើតឡើងអ៊ីចឹង»។

លោកបន្ថែមថា៖ «មន្រ្តីកងរាជអាវុធហត្ថបានប្រាប់ខ្ញុំថាថ្ងៃក្រោយពេលដែលចុះល្បាតមានឃើញបទល្មើសឱ្យរាយការណ៍ទៅពួកគាត់ផ្ទាល់ដើម្បីចាត់វិធានការឱ្យបានលឿន»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ម៉ិញ នី យល់ថាការមិនជឿទុកចិត្តសហគមន៍អំពីបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើព្រៃឡង់ជារឿងមិនសមហេតុផលនោះទេ។ លោកបន្តថាជាក់ស្តែងអំឡុងពេលដែលសហគមន៍បាននាំទៅមើលកន្លែងករណីបទល្មើសចាស់ៗ ស្រាប់តែបានប្រទះឃើញបទល្មើសថ្មីៗបន្ថែមទៀតដែលជនល្មើសបានបន្សល់ទុកភស្តុតាងជាច្រើន។

លោកថា៖ «ពេលនាំទៅឃើញថ្មីៗចែសនៅបន្សល់ទុកទាំងវត្ថុតាងក្តារបន្ទះ ឧបករណ៍ច្រើននៅនឹងគល់ឈើ មានទាំងគោយន្ត មានទាំងឈើកាត់ហើយអារមិនទាន់អស់ទៀត ហើយបានទាំងឃើញជំរុំបទល្មើសជាក់ស្តែងទៀត»។

លោកបន្ថែមថា៖ «ជនល្មើសឃើញពួកយើងទៅគេរត់ចោលគេខ្លាចពួកយើង ហើយមន្រ្តីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថានក៏បានរឹបអូសបានគោយន្តទាំងអស់ហ្នឹងយកទៅទុក ឃើញថាមានបទល្មើសជាក់ស្តែងមែន»។

យ៉ាងណាមិញ បណ្តាញសហគមន៍ព្រៃឡង់រស់នៅភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំរូបនេះទទួចស្នើទៅរាជរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធទាំងអស់ជាពិសេសមន្រ្តីកងរាជអាវុធហត្ថនិងមន្រ្តីបរិស្ថានផ្ទាល់គួរតែបើកឱកាសឱ្យសហគមន៍បណ្តាញព្រៃឡង់ទាំងបួនខេត្តនិងសកម្មជនបរិស្ថាន យុវជន ព្រះសង្ឃ អង្គការសង្គមស៊ីវិលអាចចូលរួមចុះល្បាតដោយសេរីដើម្បីរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ នោះបញ្ហាព្រៃឈើនិងមិនបន្តបាត់បង់បន្តទៀតនោះទេ។

លោក ម៉ិញ នី ស្នើថា៖«ក្រសួង ស្ថាប័ន ទាំងអស់ដូចជាក្រសួងបរិស្ថាននិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាតាមស្រុកខេត្ត និងក្រសួងការពារជាតិទៀតត្រូវតែមានកិច្ចសហការជាមួយសហគមន៍ដើម្បីដើរធ្វើការចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើខ្ញុំជឿថាព្រៃឈើវានឹងគង់វង្សទៅមុខយ៉ាងរលូន»។

ពាក់ព័ន្ធនឹងរឿងនេះ មន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំលោក ឯក អួយ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ មិថុនា នេះយ៉ាងខ្លីថាលោកពិតបានចុះទៅឃ្លាំមើលផ្ទាល់នូវបទល្មើសដែលសហគមន៍បានរកឃើញហើយលោកក៏ទទួលស្គាល់ថាពិតជាមានបទល្មើសការកាប់បំផ្លាញព្រៃឈើដូចអ្វីដែលសហគមន៍បានអះអាងមែន។

លោកថា៖«ខ្ញុំទៅមើលជាមួយសហគមន៍ដែរតើ ទៅឃើញមានអារឃើញអីមែនតើ»។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុក កក្កដា និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា កាលពីថ្ងៃទី២១ មិថុនា នេះ Newsroom Cambodia មិនអាចសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថាមន្រ្តីកងរាជអាវុធហត្ថជាពិសេសមន្រ្តីបរិស្ថានផ្ទាល់ល្មមដល់ពេលរៀនទទួលស្គាល់ការពិតដែលសហគមន៍បានរកឃើញបទល្មើសនិងចេញរបាយការណ៍ថាពិតជាមានករណីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ពិតមែន។ លោកបន្តថារាល់របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ធ្វើឡើងសុទ្ធតែមានភស្តុតាងជាក់ស្តែង ទើបសហគមន៍ហ៊ានចេញផ្សាយនិងធ្វើការចែករំលែកដល់សាធារណជន ប៉ុន្តែខាងក្រសួងបរិស្ថានតែងតែធ្វើការបដិសេធរហូត។

លោកថា៖«ក្រសួងបរិស្ថានមិនដែលទទួលស្គាល់ថារបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់គឺជារបាយការណ៍ការពិតនោះទេ។

លោកបន្ថែមថា៖ «មន្រ្តីបរិស្ថានតែងតែធ្វើការច្រានចោល ធ្វើការលាបពណ៌ទៅលើរបាយការណ៍ឬក៏សកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ជាដើម»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕