មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថានៅចំពោះមុខនេះ ស្ថាប័នគ.​ជ.ប កំ​ពុង​​​តែពិនិត្យអំពីលទ្ធភាពក្នុងការរៀបចំបញ្ជី និងនីតិវិធីដើម្បីទុកស្រង់ឈ្មោះក្រោយថ្ងៃទី ២៣ ខែ​​កក្ក​ដា ចំពោះ​អ្នកដែលបានទៅ និ​​ង​​​មិន​​បានទៅបោះឆ្នោតដែល​​បម្រើឱ្យ​កា​​​​រ​​បោះ​​ឆ្នោតជ្រើស​​តាំង​​តំ​​ណា​ងរាស្រ្ត​​នី​​តិ​​​​កាលទី៧។

លោក ហង្ស ពុទ្ធា មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ឱ្យដឹងថា ដើម្បី​​សម្រួល​​ដល់ការលំបាកក្នុងការកត់ចំណាំ និងតួលេខពិតប្រាកដ អ្នកដែលបានទៅបោះឆ្នោត ឬមិន​​បាន​​បោះឆ្នោត ស្ថាប័ន គ.ជ.ប កំពុងតែរៀបចំធ្វើជាបញ្ជីឈ្មោះមួយ​សម្រាប់អាណត្តិនេះ​​។លោក​​បន្ត​​ថានី​​​តិ​​វិធីថ្មីនេះវានឹងជួយឱ្យ គ.ជ.ប អាចរកឃើញពីអត្តសញ្ញាណពិត​​ប្រាកដអ្នកដែលចូលរួម​​បោះ​​ឆ្នោត ឬអ្នកដែលបោះបង់សិទ្ធិក្នុងការបោះឆ្នោត។

លោកបន្តថា៖«ប្រសិនបើអនុម័តច្បាប់ជាផ្លូវការហើយ .. គ្រាន់តែគិតគូរអំពីនីតិវិធីនៃការគ្រប់​​គ្រងឱ្យដឹងតួលេខនិងឈ្មោះពិតប្រាកដអ្នកដែលបានអញ្ជើញមកបោះឆ្នោតនិងមិនបានមកបោះឆ្នោត »។

ទោះជាយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា ឱ្យដឹងថា សមាជិកទាំង៩រូប​​ដែលដឹក​​នាំដោយ​​លោ​​ក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប ក៏នឹងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយតួអង្គពាក់ព័ន្ធអំពីលើខ្លឹមសារ នៃ​​វិ​​សោធនកម្ម​​ច្បាប់​​​​​​ ក្រោយឆ្លងកាត់ដៃរដ្ឋសភារួច​​​​។​​ក្នុ​​ងន័យនេះលោកថា ការដាក់ឱ្យមានការ​​ពិ​​គ្រោះយោបល់គឺសំដៅដល់ការកំណត់ហេតុផលសម​រម្យ​សម្រាប់ពលរដ្ឋដែលមិនបានទៅចូលរួមបោះឆ្នោត។

បន្ថែមពីលើនេះ ប្រសិនបើក្នុងករណីពលរដ្ឋជាប់បេសកម្មក្រៅប្រទេស មានជំងឺធ្ងន់ធ្ងរ និងជាប់ពន្ធ​​នា​គារជាដើម ដែលមិនអាចទៅបោះឆ្នោតបាន វា​សុទ្ធតែជាហេតុផលសមសរម្យ​ដែលអាចទ​ទួ​ល​យកបាន​​។

លោកបន្តថា៖ «នៅពេលដែលច្បាប់ចេញហើយ គ.ជ.ប ចាប់ផ្ដើមជជែកគ្នាហើយ​ថាយ៉ាងម៉េចទៅដែរ​​ថាសមរម្យ»

ចំណែកអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឱ្យដឹងនៅថ្ងៃទី២២នេះថាសេចក្តីព្រាងនៃវិ​​សោ​​​​​​​​​​​​ធ​​ន​​កម្មច្បាប់ស្តីពីការបោះឆ្នោតនេះ រដ្ឋសភានឹងអនុម័តជាផ្លូវការ នៅថ្ងៃទី ២៣ ខែ មិថុនា។

នៅក្នុងជំនួបជាមួយកម្មកររោងចក្រ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៣ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង​​យុត្តិ​ធម៌ រៀបចំព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយប្រញាប់​​ប្រ​​ញា​ល់​​​​​។

បើតាមលោក ហ៊ុន សែន គោលបំណងនៃការកែច្បាប់នេះ គឺជាការបិទផ្លូវជីវិតនយោបាយ របស់​​ក្រុម​​អ្នក​​នយោបាយបក្សប្រឆាំង និងអ្នកដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត នៅអាណត្តិ​​បន្ត​​បន្ទាប់ទៀតដែរ។បីថ្ងៃក្រោយ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ បានធ្លាក់ចូលដល់ដៃស្ថា​​ប័នរដ្ឋសភា នៅថ្ងៃទី១៥ ខែមិថុនា។

ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភីរិទ្ធ ថ្លែងថា លោកនឹងរង់ចាំការស​ម្រេ​ច​ពី គ.ជ.ប ជុំវិញការកំណត់ហេតុផលសមរម្យនេះ ត្រូវដំណើរការបែបណា។លោកបន្តថាការ​​ធ្វើ​​វិសោធនកម្មនេះមានបំណងដកហូតសិទ្ធិបន្ថែមលើប្រជាពលរដ្ឋ ខណៈការកែច្បាប់យ៉ាងឆា​ប់​រហ័សបែបនេះគឺមិនបានសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។

ជាង​នេះទៀត លោក គីម សូរភីរិទ្ធ​ មានមន្ទិលថា តើការកែច្បាប់យ៉ាងតក់ក្រហល់នេះ លោក ហ៊ុន សែន ទំនងចង់ដាក់គំនាបលើក្រុមមនុស្សណាមួយឱ្យប្រាកដ។

លោកបន្តថា៖«ខ្ញុំមិនដឹងថាពាក្យសមរម្យកំណត់យ៉ាងម៉េច ខាងគ..បឱ្យនិយមន័យច្បាស់សិន​​ចាំគិតទៀត»។

តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃចន្ទសប្ដាហ៍មុន លោក ហ៊ុន សែន អះ​​​​អាង​ថា ការកែច្បាប់បោះឆ្នោតនេះ វាគឺជាការដាក់បន្ទុកលើមេដឹកនាំនយោ​បា​យ​ឱ្យមានទំនួលខុ​ស​​ត្រូវក្នុងនាមជាពល​​រដ្ឋ​​គំរូ។

លោកបន្តថា៖«បើខ្លួនមិនអាចបំពេញកាត្វព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោតតើមា​​​​នហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»

ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតលើកនេះ ក្រសួងយុត្តិធម៌ បានយកច្បាប់ចំនួន៤ច្បាប់ មកកែ​​ប្រែ​​​​​ដូចដែលលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន តម្រូវឱ្យព្រាងដោយប្រញាប់ រួមមានច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ,ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រា​ជ​​​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅក្នុងបញ្ញត្តិបន្ថែមសម្រាប់វិសោធនកម្មនេះ គឺបានដាក់បន្ថែមនូវទណ្ឌកម្ម និងលក្ខខណ្ឌមួយចំ​​នួ​​ន​​សម្រាប់ពលរដ្ឋដែលចង់ឈរឈ្មោះបោះឆ្នោត។សម្រាប់ច្បាប់បោះឆ្នោតជ្រើសតាំងតំ​​ណាងរាស្រ្តតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតលុះត្រាខ្លួនបានចូលរួមបោះឆ្នោ​​ត​​សកល២លើ​កជាប់គ្នា ទើបអាចមានសិទ្ធិទៅឈរឈ្មោះ ឱ្យគេបោះឆ្នោតឱ្យបាន។

ដោយឡែក ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ សង្កាត់វិញ គឺតម្រូវឱ្យពលរដ្ឋត្រូវចូលរួម​​​​បោះឆ្នោតសកលលើកចុងក្រោយ។ច្បាប់នេះក៏បានកំណត់ថា ជនណា ឬគណបក្សនយោ​បាយដែលរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោ​​តរយៈពេល៥ឆ្នាំ ឬបើគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនចូ​ល​រួមការបោះឆ្នោត៥ឆ្នាំយ៉ាងតិច។

ក្រៅពីនេះ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យពលរដ្ឋបានទៅចូលរួមបោះឆ្នោតសកលលើកចុងក្រោយ។

ទាក់ទិនរឿងនេះលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់​​ឃើ​​ញថា វិសោធនកម្មច្បាប់នេះ ហាក់ព្យាយាមដាក់គំនាបចំពោះប្រជាពលរដ្ឋដែលមានបំ​​ណ​​ងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។

លោកស្រីបន្តថា៖«ពេលនេះ​វិសោធនកម្មបានចងបន្ទុកតម្រូវអ្នកឈរឈ្មោះបោះឆ្នោតត្រូវទៅបោះ​​ឆ្នោតជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នា​ លើកលែងករណីមានមូលហេតុសមស្រប​។តើមូហេតុសមស្របនឹងត្រូវបានវាយតម្លៃបែបណា?»។

នៅដើមឆ្នាំ២០១៧ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បា​​ប់​ស្ដីពីគណបក្សនយោបាយ ហើយបើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចប្តឹង​ទៅតុលាការកំពូល ក្នុង​ការ​រំលាយគណបក្សនយោបាយណាដែលរកឃើញថា បានប្រព្រឹត្តខុស​ទៅនឹងរដ្ឋធម្មនុញ្ញ ច្បា​​ប់​​​ស្ដី​ពីគណបក្សនយោបាយ និងច្បាប់ដទៃទៀត។ ជាមួយគ្នានេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងឆ្នាំដដែល បានអនុញ្ញតឱ្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈទាំងអស់របស់គណបក្សដែលត្រូវបានរំលាយ​ទាំ​​ងក្នុងរដ្ឋសភា និងអាសនៈឃុំ-សង្កាត់ ទៅបែងចែកឱ្យបក្សផ្សេងទៀត​ដែលបាន​ចូលរួមការបោះឆ្នោត៕