យុវជនរៀននៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាល បញ្ចុះការបង់ថ្លៃសេវាថែទាំសុខភាពយ៉ាងហោចណាស់ពាក់កណ្ដាលក្នុងរបបសន្តិសុខសង្គមអំឡុងពេលនៅជានិសិ្សតដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ក្នុងពេលដែលបេឡាជាតិរបបសន្តិសុខសង្គមនេះ នៅមិនទាន់បានកំណត់គោលការណ៍ និងនីតិវិធីសម្រាប់ការចំណាយរបស់សិស្សនិស្សិតនៅឡើយ។
ក្នុងកម្មវិធីមួយស្តីពី “តម្រូវការចាំបាច់នៃប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់យុវនិស្សិត” ប្រារព្ធឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យមួយចំនួន ក្នុងក្រុងភ្នំពេញ បង្ហាញការបារម្ភថាការចំណាយ ទៅលើសេវាថែទាំសុខភាព តាមគោលការណ៍បេឡាជាតិរបបសន្តិសុខសង្គម វាជាបន្ទុកសម្រាប់ពួកគេ។
យុវតី យ៉ែម រោចនៈ ជានិសិ្សតជំនាញសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងកាលពីថ្ងៃទី ២៥ ខែ មិថុនា ថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ថែទាំសុខភាពសម្រាប់យុវជនអំឡុងពេលសិក្សានៅសកលវិទ្យាល័យ ដោយសារពួកគេភាគច្រើនប្រឈមនឹងការលំបាកលើការចំណាយផ្សេងៗជាពិសេសយុវជនមកពីតាមបណ្ដាខេត្ត។
កញ្ញាបន្តថា យុវជនសិក្សានៅសាកលវិទ្យាល័យបានចំណាយប្រាក់លើការព្យាបាលផ្ទាល់ខ្លួន ស្របពេលដែលពួកគេបានបង់ប្រាក់យ៉ាងច្រើនលើថ្លៃសិក្សា បន្ទប់ស្នាក់ និងការចំណាយក្នុងជីវភាពប្រចាំថ្ងៃជាដើម។
កញ្ញាបន្តថា៖ «ចំពោះយុវជនដែលគាត់ប្រឹងប្រែងមកពីតាមខេត្តគឺគាត់ខ្វះខាត គឺរដ្ឋាភិបាលផ្ដោតលើអាហ្នឹង[ពួកគេ]សំខាន់ជាងគេ»។
យុវតីរូបនេះ បន្តថា ករណីរបបសន្តិសុខសង្គមកំណត់ឱ្យមានការបង់វិភាគទាន រដ្ឋាភិបាលគប្បីមានយន្តការកាត់បន្ថយការបង់ប្រាក់វិភាគទានពាក់កណ្ដាលសម្រាប់យុវជនកំពុងរៀននៅសកលវិទ្យាល័យ។
យុវជនមួយរូបទៀត លោក កែវ មករា ជានិសិ្សតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ស្នើសុំឱ្យយុវនិសិ្សតបង់ប្រាក់វិភាគទានតិចតួចទៅកាន់បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់ទទួលបានការថែទាំសុខភាព។
លោកបន្តថា៖ «ចុះបើយុវនិសិ្សតគាត់មានវិភាគទានបន្តិចបន្តួចទៅកាន់ ប.ស.ស តើនឹងទទួលបាន ប.ស.ស ដែរឬទេ»។
លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គមនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស មានប្រសាសន៍ថា ជាគោលការណ៍របបសន្តិសុខសង្គមបានកំណត់ឱ្យមានការបង់វិភាគទានទើបអាចប្រើប្រាស់សេវាគាំពារសង្គមនេះបាន ខណៈចំនួនប្រាក់បង់វិភាគទានសម្រាប់កម្មករនិយោជិតអាស្រ័យលើប្រាក់ចំណូលរបស់ពួកគេរៀងៗខ្លួន។
លោក ពន្លក ជំរុញឱ្យយុវជនស្វែងរកការងារធ្វើ ដូចនេះនិយោជកនឹងបង់ប្រាក់វិភាគទានសម្រាប់ពួកគេទាំងហានិភ័យសុខភាព ការងារ និងប្រាក់សោធនជាដើម។ ប៉ុន្តែលោកពុំបានបញ្ជាក់ជុំវិញការទាមទារបញ្ចុះថ្លៃបង់ប្រាក់វិភាគទានពីសំណាក់សិស្សនិសិ្សតនោះទេ ដោយគ្រាន់តែលើកឡើងថា យុវជនសិក្សានៅសកលវិទ្យាល័យអាស្រ័យលើគោលនយោបាយរបស់សាលានីមួយៗទាក់ទិននឹងការការពារផ្នែកសុខភាពរបស់សិស្ស។
លោកបន្តថា៖ «ជាគោលការណ៍ដើម្បីទទួលបានរបបសន្តិសង្គមគឺតម្រូវឱ្យមានការបង់វិភាគទានទើបអាចប្រើប្រាស់សេវានេះ។…បើសិនជាយើងមិនមានវិភាគទាននៅក្នុងរបបសន្តិសុខសង្គមទេយើងមិនមែនជាអ្នកមានសិទ្ធិប្រើប្រាស់សេវា»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ជំរុញឱ្យរដ្ឋាភិបាលបែងចែកថវិកាជាតិសាជាថ្មីលើវិស័យណាដែលពុំចាំបាច់ ហើយបង្វែរថវិកានោះគាំទ្រដល់យុវនិស្សិត ឬផ្នែកណាមួយដែលមានសារៈសំខាន់។
លោក យល់ថា រដ្ឋាភិបាលគួរតែរួមចំណែកជួយដល់យុវនិស្សិតលើការបង់វិភាគទានផ្នែកថែទាំសុខភាព ដោយសារពួកគេជាធនធានមនុស្សជំនាន់ក្រោយគប្បីទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ។
លោកបន្តថា៖ «សំខាន់រដ្ឋត្រូវមើលឡើងវិញ ពិនិត្យតាមដានថា ធ្វើបច្ចុប្បន្នភាពឡើងវិញ តើចំណាយរបស់រដ្ឋក្នុងមួយឆ្នាំៗតើចំណាយណាដែលខ្ជះខ្ជាយអាចដកលុយនឹងទុកសម្រាប់ជួយអ្នកដែលត្រូវការ»។
ផ្អែកគោលការណ៍បេឡាជាតិសន្តិសុខសង្គម ឱ្យដឹងថា និយោជកមានកាតព្វកិច្ចបង់ភាគទានផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត។ជាងនេះទៀត ផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាពតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្ត និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។
សេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ ភាគទានត្រូវកំណត់ស្មើនឹង២,៦% នៃប្រាក់ចំណូលរបស់សាមីជន។ ចំណែក ប្រាក់ចំណូលជាប់ភាគទានប្រចាំខែ ត្រូវកំណត់ស្មើនឹង ៦០ម៉ឺនរៀល។ បើតាម លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គមនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ឱ្យដឹងថា បច្ចុប្បន្ននេះ ប.ស. ស មានកម្មករនិយោជិតចុះក្នុងបញ្ជីចំនួន២លា ននាក់ ក្នុងចំណោមកម្មករនិយោជិត១០លាននាក់នៅប្រទេសកម្ពុជា៕