សេរីភាពសារព័ត៌មាន ជាសេរីភាពនៃការផ្សព្វផ្សាយ ការបញ្ចេញមតិដោយសេរី ពុំមានការរឹតត្បិត និងគំរាមកំហែងឡើយ។ ក៏ប៉ុន្តែវាជាបញ្ហាចម្បងនៅពេលដែលអ្នកសារព័ត៌មានខ្លះត្រូវបានគេធ្វើទុក្ខបុកម្នេញ និងស្ថាប័នសារព័ត៌មានមួយចំនួនត្រូវបានបិទទ្វារ នៅក្នុងសង្គមដែលគេហៅថាប្រជាធិបតេយ្យ ដែលមានច្បាប់រដ្ឋធម្មនុញ្ញនិយាយអំពីរបបសារព័ត៌មាន។

ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោក អ៊ិត សុធឿត នាយកនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់(CCIM) និងព្រះតេជគុណ លេង លួត ដែលជាសិក្ខាកាម Newsroom Cambodia កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ អំពីសេរីភាពសារព័ត៌មាននៅកម្ពុជា។

Q៖ ចម្រើនពរ លោក អ៊ិត សុធឿត!
A៖ សូមក្រាបថ្វាយបង្គំព្រះតេជគុណ!

Q៖ តើអ្វីជាសេរីភាពសារព័ត៌មាន?
A៖ សេរីភាពសារព័ត៌មានគឺជាសេរីភាព ឬសិទ្ធិជាមូលដា្ឋនមួយនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយសម្រាប់ការយល់ឃើញរបស់ខ្ញុំជាសេរីភាព ដែលអនុញ្ញាតឱ្យអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយធ្វើការរាយការណ៍បានដោយសេរី ដោយពុំមានគំនាប ពុំមានការគំរាមកំហែង ឬការរឹតត្បិត ហើយការរាយការណ៍ដោយសេរី យើងអាចរាយការណ៍គ្រប់បញ្ហាដែលកើតឡើងនៅក្នុងសង្គម ជាពិសេសផ្តោតលើបញ្ហាសំខាន់ៗ ដែលជាប្រយោជន៍សាធារណៈ។

Q៖ ហេតុអ្វីបានជាសេរីភាពសារព័ត៌មានមានសារសំខាន់?
A៖ នៅក្នុងសង្គមប្រជាធិបតេយ្យសិទ្ធិទទួលបានព័ត៌មានគឺជាសិទ្ធិមូលដ្ឋានមួយដ៏សំខាន់សម្រាប់
ប្រជាពលរដ្ឋសាធារណជនទូទៅ ដើម្បីឱ្យសិទ្ធិទទួលបានព័ត៌មាននេះប្រកបដោយអត្ថន័យគឺលុះត្រាតែយើងមានសារព័ត៌មានពេញដោយសេរីភាព ដែលអាចរាយការណ៍ទៅលើគ្រប់បញ្ហា នៅពេលដែលសេរីភាពសារព័ត៌មានពុំមានគ្រាប់គ្រាន់ ឬពុំពេញលេញ នោះអ្នកសារព័ត៌មានមិនអាចរាយការណ៍ទៅលើបញ្ហាដែលសំខាន់ៗ ឬក៏ជាសារប្រយោជន៍សម្រាប់សង្គមជាតិទេ ហើយពេលដែលអវត្តមានសេរីភាពសារព័ត៌មាន ធ្វើឱ្យសង្គមខ្វះព័ត៌មានពិតនិងមានសារៈសំខាន់សម្រាប់សង្គមជាតិមួយ និយាយជារួមមកសារព័ត៌មានមានសារសំខាន់ព្រោះវាបានដើរតួនាទីជាអ្នកឃ្លាំមើល ជាអ្នកផ្តល់ព័ត៌មានពិតដល់សាធារណជន ដែលគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងការទទួលបានព័ត៌មាន។


Q៖ តើសេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នមានស្ថានភាពបែបណាដែរ?
A៖ សម្រាប់ការសង្កេតរបស់ខ្ញុំផ្ទាល់ គឺថាសេរីភាពសារព័ត៌មាននៅកម្ពុជាពេលបច្ចុប្បន្នហ្នឹង ហាក់ដូចជានៅក្នុងស្ថានភាពមួយមានការលំបាក់នៅឡើយ ហើយអំណះអំណាងដែលខ្ញុំលើកឡើងមានពីរ គឺទីមួយតាមរយៈការអង្កេតផ្ទាល់ដែលធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានឃើញថាកន្លងមក នៅពេលដែលសារព័ត៌មានរាយការណ៍ពីបញ្ហារសើប បញ្ហាអវិជ្ជមានដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ អ្នកមានអំណាច ឬអ្នកមានលុយនៅក្នុងសង្គមតែងតែមានបញ្ហាប្រឈម ដូចជាការគំរាមគំហែង ការរឹតត្បិតជាដើម ហើយទីពីរ យើងយោងតាមរបាយការណ៍របស់អង្គការអន្តរ ជាតិដែលវាយតម្លៃជាប្រចាំ ដោយរបាយការណ៍ចុងក្រោយគឺប្រទេសកម្ពុជាត្រូវបានវាយតម្លៃ ឬឱ្យពិន្ទុស្ថិតនៅក្នុងប្រទេសដែលមានសេរីភាពសារព័ត៌មានមិនល្អប្រសើរនៅឡើយទេ អ៊ីចឹងត្រលប់មកវិញយើងអាចវាយតម្លៃស្ថានភាពសារព័ត៌មានរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងរឹតត្បិតនៅឡើយ មិនសូវមានសេរីភាពទេ។


Q៖ តើអ្នកសារព័ត៌មានក្នុងពេលបច្ចុប្បន្នកំពុងប្រឈមបញ្ហាអ្វីខ្លះ?
A៖ នៅពេលដែលជជែកពីបញ្ហាប្រឈមនេះប្រហែលសំដៅដល់អ្នកសារព័ត៌មានឯករាជ្យ ដែលគាត់តែងតែរាយការណ៍ទៅលើ គ្រប់ប្រធានបទដែលរាប់បញ្ចូលទាំងបញ្ហារសើបនេះ អ៊ីចឹងបើយើងមើលទៅលើអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាទូទៅ ប្រហែលមានបញ្ហាតិចតួច តែបើយើងក្រឡេកមកអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារស៊ើប ឬចំនុចអវិជ្ជមានដែលធ្វើឱ្យកើតរឿងមិនសប្បាយចិត្តដល់រដ្ឋាភិបាលឬក៏អ្នកមានអំណាច គឺទីមួយមានការរឹតត្បិត ការគំរាមកំហែងនៅពេលគាត់ចុះទៅយកព័ត៌មានហ្នឹង ហើយនៅក្រោយឆ្នាំ២០១៧ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនធំត្រូវបានបិទ គឺការចុះទៅយកព័ត៌មានទាក់ទងប្រធានបទរសើបៗ ដូចជាការតវ៉ា ពាក់ព័ន្ធគណបក្សប្រឆាំង សង្គមស៊ីវិលដែលតស៊ូមតិទៅលើបញ្ហាសិទ្ធមនុស្ស និងសិទ្ធដីធ្លីផ្សេងៗទៀត ហាក់នៅមានចំនួនតិចតួចនៅឡើយ នៅពេលមានប្រព័ន្ធផ្សព្វផ្សាយឬអ្នកសារព័ត៌មានច្រើនទៅយកព័ត៌មានទាំងអស់នោះហាក់ដូចជាមានសម្ពាធ ការរារាំងពីអាជ្ញាធរ។

ហើយតាមការសង្កេតរបស់ខ្ញុំផ្ទាល់ ពេលមានស្ថានភាពនយោបាយមិនសូវល្អ មានកំដៅខាងនយោបាយហ្នឹង តែងតែមានការចាប់ខ្លួនសកម្មជនមួយចំនួនដូចជា សកម្មជនបរិស្ថាន សកម្មជនសិទ្ធមនុស្ស និងសកម្មជននយោបាយរបស់គណបក្សប្រឆាំង ហើយថែមទាំងប្រជាជនសមញ្ញដែលហ៊ានរិះគន់នូវលើបណ្តាញសង្គមឬតាម មធ្យោបាយផ្សេងៗ គឺគាត់ត្រូវបានគេហៅទៅណែនាំឬធ្វើកិច្ចសន្យា ធ្វើឱ្យអ្នកសារព័ត៌មានមានសម្ពាធខាងផ្លូវអារម្មណ៍និងចាប់ពិរុទ្ធខ្លួន (self-censorships) ធ្វើពួកគេមានបញ្ហាដ៏ធំ មួយសម្រាប់អ្នកសារព័ត៌មានឯករាជ្យ ហើយគាត់ប្រហែលជាមានការភ័យព្រួយពីសុវត្ថិភាពរបស់ខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្ត និងការប្រឈមខាងផ្លូវច្បាប់ដែលគាត់រាយការណ៍ពីបញ្ហារសើបខ្លាំង។


Q៖ តើមានមាត្រាណាខ្លះចែងពាក់ព័ន្ធនឹងសេរីភាពព័ត៌មាន?
A៖ នៅប្រទេសកម្ពុជាយើងជាភ័ព្វសំណាងមួយសម្រាប់សេរីភាពព័ត៌មានដោយសារតែរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាយើងគឺមាត្រា៣១ គឺបានទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិរួមទាំងសេចក្តីប្រកាសជាសាកលពីសិទ្ធមនុស្សនិងកតិកាសញ្ញាផ្សេងៗ ដែលទាក់ទងនឹងសិទ្ធមនុស្ស កន្លែងនេះហើយជាចំនុចដ៏សំខាន់មួយដែលបានធានាសិទ្ធមនុស្សពេញលេញ និងសិទ្ធរបស់អ្នកសារព័ត៌មាន បន្ថែមពីនេះបានចែងយ៉ាងជាក់លាក់ក្នុងរដ្ឋធម្មនុញ្ញយើងក្នុងមាត្រា៤១ គឺបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពការប្រជុំ និងរបបសារព័ត៌មានត្រូវបានរៀបចំដោយច្បាប់។

បន្ថែមពីរដ្ឋធម្មនុញ្ញយើងមានច្បាប់ស្តីពីរបបសារព័ត៌មានបានចែងឆ្នាំ១៩៩៥ បើទោះបីច្បាប់នេះមិនបានល្អឥតខ្ចោះប៉ុន្តែវាបានធានាសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាបានយ៉ាងល្អ ដោយសារច្បាប់បានអនុញ្ញាតអ្នកសារព័ត៌មានបំពេញភារកិច្ចរបស់ខ្លួនប្រសើរឡើងអាចទទួលយកបាន ជាអកុសល ជាក់ស្តែងច្បាប់នេះមិនត្រូវបានយកមកប្រើបា្រស់ទេ តែយកច្បាប់ផ្សេងដែលធ្វើឱ្យមានការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ។


Q៖ តើប្រសិនបើអ្នកសារព័ត៌មានត្រូវបានរឹតត្បិត ឬមិនមានសេរីភាពពេញលេញ ក្នុងការបំពេញការងារនោះនឹងធ្វើឱ្យប៉ះពាល់បែបណាខ្លះ ដល់សង្គមនិងប្រជាធិបតេយ្យ?
A៖ ដូចដែលបានពិភាក្សាខាងដើមទាក់ទង់សិទ្ធសេរីភាពសារព័ត៌មាន ប្រសិនបើសេរីភាពសារព័ត៌មានមិនមានសេរីភាពពេញលេញ (ឧទាហរណ៍ោ៖ អ្នកសារព័ត៌មានត្រូវបានអនុញ្ញាតឱ្យរាយការណ៍រឿងវិជ្ជមាននៅក្នុងសង្គម ដូចជា បុគ្គលម្នាក់ដែលគេធ្វើអ្វីមួយដោយមិនមានការរិះគន់ឬក៏រិះគន់បែបស្ថាបនាមកវិញនោះ បុគ្គលនោះអាចខ្វះការវិវត្តខ្លួនឯង ដោយសារគាត់ធ្វើមិនដឹងមួយណាខុសមួយណាត្រូវ ព្រោះគាត់ទទួលបានតែការសរសើរ គាត់មិនបានដឹងពីកំហុសខ្លួនឯង…) អ៊ីចឹងដូចគ្នាក្នុងសង្គមនៅពេលដែលមិនមានការឆ្លុះបញ្ចាំងតាមរយៈសារព័ត៌មានដោយពេញលេញគឺធ្វើឱ្យសង្គមប្រជាធិបតេយ្យមិនដំណើរបានល្អទេ ដោយសារសង្គមប្រជាធិបតេយ្យគឺពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាចសង្គម។

ប៉ុន្តែបើគាត់មិនអាចបញ្ចេញមតិឬប្រើបា្រស់សិទ្ធរបស់ពួកគាត់ ជាពិសេសតាមរយៈវិស័យសារព័ត៌មាននេះ បានធ្វើឱ្យប្រជាធិបតេយ្យមិនសូវល្អនិងការអភិវឌ្ឍសង្គមជាតិមិនបានរលូនទេ។ មិនត្រឹមតែមិនបានជួយអភិវឌ្ឍសង្គមជាតិ ថែមទាំងប៉ះពាល់សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ដោយសារពួកគេពុំមានអំណាចខ្សត់ខ្សោយត្រូវពឹងលើមធ្យោបាយផ្សេងទៀតដូចជា សារព័ត៌មានជាដើម អ៊ីចឹងពេលសារព័ត៌មានត្រូវបានរឹតត្បិត តួនាទីពេញលេញធ្វើឱ្យប្រជាពលរដ្ឋទន់ខ្សោយ ពុំមានអំណាចទាមទារឬអនុវត្តសិទ្ធសេរីភាពរបស់គាត់ក៏ត្រូវបានរឹតត្បិត ដាក់កំហិតនឹងប៉ះពាល់ជារួមដល់សង្គមជាតិទាំងមូល។


Q៖ គួរធ្វើបែបណាដើម្បីជម្រុញឱ្យស្ថានភាពសេរីភាពសារព័ត៌មាន មានភាពប្រសើរឡើង?
A៖ គឺត្រូវមានតួអង្គពាក់ព័ន្ធច្រើន ដែលមានខាងរដ្ឋាភិបាលជាតួអង្គសំខាន់ ដែលជាអ្នកអនុវត្តច្បាប់លើអំណាចនីតិបញ្ញត្តិ និងតុលាការគឺត្រូវធានាឱ្យបាននូវច្បាប់ដែលធានាដល់សេរីភាពសារព័ត៌មានឱ្យបានល្អ ប្រសិនបើអាចយើងតាក់តែងច្បាប់បន្ថែម ដែលធានាដល់ច្បាប់សេរីភាពសារព័ត៌មាន ហើយអ្នកសារព័ត៌មានខ្លួនឯងក៏ដើរតួសំខាន់ជួយស្ថានភាពប្រសើរឡើង ដោយសារពួកគេជាអ្នកមានវិជ្ជាជីវៈ ត្រូវធ្វើឱ្យខ្លួនមានតម្លៃមានន័យថាត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដូច្នេះសាធារណជន ឬប្រិយ៍មិត្ត មានទំនុកចិត្តលើសារព័ត៌មាន និងឱ្យតម្លៃត្រូវការ ធ្វើឱ្យស្ថានភាពនោះបានប្រសើរឡើងដែរ។

សំខាន់ចុងក្រោយប្រជាពលរដ្ឋដែលនៅក្នុងសង្គមប្រជាធិបតេយ្យ គឺពលរដ្ឋជាម្ចាស់ឆ្នោតនិងម្ចាស់អំណាច ដូច្នេះបើគាត់ទាមទារជម្រុញឱ្យសេរីភាពសារព័ត៌មានភាពប្រសើរឡើង ហើយពេលនោះ គាត់ក៏គួរចេះជ្រើសរើសប្រភពព័ត៌មានឬប្រើប្រាស់ព័ត៌មានឱ្យបានត្រឹមត្រូវហើយត្រូវតែឱ្យតម្លៃអ្នកសារព័ត៌មានដែលរាយការណ៍ការពិតពីសង្គមជាតិ ជាជាងតាមដានព័ត៌មានដែលពុំសូវមានអត្ថប្រយោជន៍ ហើយពលរដ្ឋក៏ជាកម្លាំងចករជួយជម្រុញវិស័យសារព័ត៌មានឱ្យបានប្រសើរឡើងនៅកម្ពុជា។


Q៖ អាត្មាភាពសូមអរគុណ លោក អ៊ិត សុធឿត សម្រាប់ការផ្តល់បទសម្ភាស!
A៖ ករុណ សូមអរព្រះគុណ៕