មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីប្រកាសថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះចំនួន១0នាក់បានបាត់បង់ជីវិតដោយសារករណីពុលស្រា ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ចេញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រោយពីទទួលបានដំណឹងអំពីករណីសង្ស័យពាក់ព័ន្ធនឹងការពុលស្រារបស់ កម្មករនិយោជិត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ រួចមក មន្ទីរបានចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះភ្លាមៗ។ លទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញសុខាភិបាលថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើគឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា មន្ទីរការងារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្តព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារបន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ៕