មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីទិន្នន័យមួយចំនួនពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេសាប ក៏ប៉ុន្តែទិន្នន័យទាំងនោះតែងតែមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបណ្ឌិត ធីម ហ្វ្រូវើ (Tim Frewer, PH.D.) បានបញ្ចប់ថ្នាក់បណ្ឌិតរបស់លោកពីសាកលវិទ្យាល័យស៊ីដនី (Sydney) កាលពីឆ្នាំ២០១៧។ លោកធីមមានចំណាប់លើការសិក្សាស្រាវជ្រាវអំពីប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងខេត្តសៀមរាបនិងបឹងទន្លេសាបដូចជា អ្នកកែច្នៃទីក្រុងសៀមរាប ប្រវត្តិនៃការធ្វើចំណាកស្រុកនៅលើបឹងទន្លេសាប និងការផ្លាស់ប្តូរជីវភាពនៅលើបឹងទន្លេសាបជាដើម។
ខាងក្រោមនេះជាការសម្ភាសន៍រវាងលោក ឌឹម សុភត្រា ដែលជាសិក្ខាកាម Newsroom Cambodia លោកបណ្ឌិត ធីម ហ្វ្រូវើ កាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៣៖
Q៖ ជម្រាបសួរលោក!
A៖ បាទ ជម្រាបសួរ!
Q៖ ខ្ញុំបានដឹងថាលោកបានស្រាវជ្រាវច្រើន ពាក់ព័ន្ធនឹងប្រជាជនកម្ពុជា ដែលរស់នៅតាមដងទន្លេសាប។ តើលោកអាចរៀបរាប់បានទេថា លោកបានស្រាវជ្រាវ និងចេញផ្សាយអំពីអ្វីខ្លះពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋនិងការរស់នៅតាមដងទន្លេសាប?
A៖ ពីមុនមកខ្ញុំធ្លាប់សិក្សាស្រាវជ្រាវទៅលើប្រធានបទ២ ទីមួយទាក់ទងទៅនឹងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅលើដងទន្លេសាប និងទីពីរទាក់ទងទៅនឹងបរិស្ថាន។ ខ្ញុំធ្លាប់សិក្សាស្រាវជ្រាវថា បរិស្ថានពិសេសចំនួនត្រី ប្រភេទត្រី ប្រភេទសត្វផ្សេងៗមានការផ្លាស់ប្តូរ ប្រែប្រួលក្នុងរយៈពេលដប់ម្ភៃឆ្នាំចុងក្រោយនេះ វាផ្លាស់ប្តូ និងប្រែប្រួលរបៀបម៉េចខ្លះ។
Q៖ តើលោកគិតថាប្រជាជននៅតាមដងទន្លេសាបមានស្ថានភាពបែបណាដែរ?
A៖ ខ្ញុំគិតថាទីមួយវាផ្តោតទៅលើតំបន់ ហើយទីពីរផ្តោតទៅលើក្រុមប្រជាពលរដ្ឋ ព្រោះអីបើសិនជាយើងមើលទៅលើ ឧទាហរណ៍ថា នៅក្នុងខេត្តសៀមរាប យើងអាចឃើញថាប្រជាជនដែលរស់នៅតំបន់ទន្លេសាបហ្នឹងមាន២ ប្រភេទ។ ប្រភេទមួយគឺអ្នករស់នៅលើទន្លេ គេមានភូមិបណ្តែតលើទឹក ដូចជាកំពង់ឃ្លាំង កំពង់ភ្លុក ហើយចុងឃ្នាស។ ទីពីមានប្រជាពលរដ្ឋដែលរស់នៅលើគោក ប៉ុន្តែជីវភាពរបស់ពួកគេ នៅតែពឹងផ្អែកទៅលើទន្លេដូចគ្នា ដូចអ្នកដែលរស់នៅទន្លេសាបដែរ។
ប៉ុន្តែឥលូវបើសិនជាយើងមើលទៅយើងឃើញថាក្រុមទី១ អ្នកដែលរស់នៅលើទន្លេសាប យើងអាចចែកជាពីរក្រុមទៀត ទីមួយមានអ្នកដែលធ្វើនេសាទធុនតូចដែលភាគច្រើនគេប្រើឧបករណ៍សាមញ្ញទៅតាមច្បាប់ជលផល យើងអាចចាត់ទុកថាពួកគាត់ហ្នឹងគ្រាន់តែរកត្រីដើម្បីជាលក្ខណៈចិញ្ចឹមគ្រួសារ។ ទីពីរនៅក្នុងចំនួនប្រជាពលរដ្ឋរស់នៅលើទន្លេហ្នឹង គេមានក្រុមមួយទៀតដែលគេរកជាលក្ខណៈរកស៊ី រកស៊ីទ្រង់ទ្រាយធំ អាហ្នឹងក៏យើងអាចចាត់ជាច្រើនថ្នាក់ដែរ ប៉ុន្តែភាគច្រើនអាហ្នឹងបានន័យថាអ្នកដែលគេប្រើឧបករណ៍ដែលអាចជាលក្ខណៈទំនើប វាអាចជាមងដែលវែង ឬគេមានឧបករណ៍ទំនើបៗ ក៏ដូចជាឧបករណ៍ ម៉ាញស៊ីប និងទូកលើសពីមួយ។
ក្រុមផ្សេងៗគឺខ្ញុំគិតថាស្ថានភាពពួកគាត់ហ្នឹងគឺខុសៗគ្នា ភាគច្រើនអ្នកដែលពឹងផ្អែកទៅលើត្រីហ្នឹង ហើយគេរកស៊ីជាលក្ខណៈក្រុមគ្រួសារ ពួកគាត់ហ្នឹងកាន់តែពិបាក ពីមួយឆ្នាំទៅមួយឆ្នាំយើងឃើញថាស្ថានភាពពួកគាត់កាន់តែពិបាកដោយសារភាគច្រើនតម្លៃត្រី ទីផ្សារត្រីហ្នឹងវាឡើងចុះរហូត។ ហើយឥលូវនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះយើងឃើញថាតម្លៃត្រីហ្នឹង ត្រីដែលប្រជាពលរដ្ឋសាមញ្ញគេរកធ្លាក់ចុះខ្លាំង អាហ្នឹងវាប៉ះពាល់ទៅលើចំណូលរបស់អ្នកនេសាទត្រី។
ទីពីយើងក៏មិនអាចនិយាយថាចំនួនត្រីវាធ្លាក់រហូតទេ ព្រោះអីវាតាមប្រភេទត្រី ប៉ុន្តែយើងឃើញថាត្រីធំៗ ត្រីដែលមានតម្លៃខ្ពស់គឺវាតិចជាងមុន អញ្ចឹងចំណុចទាំងពីរហ្នឹង យើងបូកចូលគ្នាយើងឃើញថា អ្នកដែលនេសាទជាលក្ខណៈទ្រង់ទ្រាយតូចជីវភាពរបស់ពួកគាត់ពិបាក។ ហើយបើយើងនិយាយពីអ្នកផ្សេងដែលរស់នៅលើគោកហើយគេពឹងផ្អែកទៅលើទន្លេសាប យើងឃើញថាគាត់ហ្នឹងក៏ពិបាកម៉្យាងដែរ ពួកគាត់ហ្នឹងឥលូវព្យាយាមទៅរកមុខរបរខុសពីការរកត្រី មូលហេតុដោយសារចំនួនត្រីតិចជាងមុន ហើយអ្នករកត្រីច្រើន ប៉ុន្តែពួកគាត់ក៏ពិបាករកមុខរបរផ្សេងដោយសារទីមួយគ្មានបទពិសោធន៍ និងទីពីរគ្មានដើមទុន តែពួកគាត់អាចទៅស៊ីឈ្នួលគេបាននៅផ្សារត្រី ឬនៅក្រុងសៀមរាបជាដើម។
ចំពោះអ្នកដែលរកស៊ីទ្រង់ទ្រាយធំ ឥលូវដោយសារការបង្ក្រាបបទល្មើសនៅលើទន្លេសាបហ្នឹង ពួកគាត់ក៏ផ្លាស់ប្តូរប្រែប្រួលដែរ អ្នកដែលរកស៊ីជាទ្រង់ទ្រាយធំ ជាពិសេសអ្នកដែលរកជាឧបករណ៍ខុសច្បាប់តិចជាងមុន ដោយសារគេបង្រ្កាបតាំងពីឆ្នាំ២០២១។
ខ្ញុំភាគច្រើនសិក្សាស្រាវជ្រាវនៅខេត្តសៀមរាបខ្ញុំឃើញថា អ្នកដែលរកស៊ីទ្រង់ទ្រាយធំ អ្នកដែលប្រើឧបករណ៍ខុសច្បាប់កាត់បន្ថយច្រើន។
Q៖ បើប្រៀបទៅកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលលោកចាប់ផ្តើមស្រាវជ្រាវដំបូងៗនៅកម្ពុជា តើលោកគិតថាស្ថានភាពរបស់ប្រជាជនរស់នៅតាមដងទន្លេសាបមានការប្រែប្រួលយ៉ាងណាខ្លះ?
A៖ ខ្ញុំគិតថាជាពិសេសក្នុងរយៈពេលប្រហែលជាដប់ទៅម្ភៃឆ្នាំចុងក្រោយ ខ្ញុំគិតថាស្ថានភាពនៅទន្លេសាបវាប្រែប្រួលខ្លាំង ខ្ញុំបានសិក្សាស្រាវជ្រាវតាំងពីប្រហែល១០ឆ្នាំមុន ប៉ុន្តែខ្ញុំស្រាវជ្រាវជាលក្ខណៈតូចនោះទេ មិនមែនជាការស្រាវជ្រាវគម្រោងធំៗទេ តែតាមការសង្កេតឃើញរបស់ខ្ញុំ ខ្ញុំគិតថាឥឡូវហ្នឹងប្រជាពលរដ្ឋដែលពឹងផ្អែកលើត្រីនៅទន្លេសាបប្រឈមមុខនឹងបញ្ហាធំទៀត ហើយជីវភាពពួកគាត់ប្រែប្រួលខ្លាំងមែនទែនក្នុងរយៈពេលដ៏ខ្លីនេះ។
ក្នុងរយៈពេលប្រហែលជា១០ឆ្នាំនេះឃើញថា មានអ្នកនេសាទត្រីដែលធ្លាប់មានអាជីវកម្មនេសាទត្រីហ្នឹងគេផ្លាស់ប្តូទៅរកការងារផ្សេង ដោយសារក្នុងបឹងទន្លេសាបពិបាករកចំណូលមែនទែន ឃើញថាឥឡូវនៅកំពង់ភ្លុក កំពង់ឃ្លាំង ចុងឃ្នាស ឥឡូវមានអ្នកដែលទៅស៊ីឈ្នួលគេ ឬក៏ធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ជួនកាលទៅដល់ខេត្តឆ្ងាយដូចជារតនគិរី មណ្ឌលគិរីក៏មានដែរ ខ្លះទៅថៃផងអីផង ភាគច្រើនដោយសារបើគេនៅតែបន្តមុខរបរដូចកាលមុន គេមិនអាចរកចំណូលគ្រប់គ្រាន់ក្នុងការចិញ្ចឹមគ្រួសារទេ។ ឥឡូវដោយសារត្រីពិបាករក ហើយច្បាប់គេរឹតត្បឹត ហើយទី៣ ដោយសារតម្លៃត្រីធ្លាក់ចុះ ៣ចំណុចហ្នឹងបូកចូលគ្នាធ្វើឲ្យ អ្នកដែលធ្លាប់តែមានមុខរបរនេសាទត្រីហ្នឹងត្រូវតែប្រែប្រួល (ផ្លាស់ប្តូរ)។
ហើយទីពីរ ខ្ញុំឃើញថាភាគច្រើនបើយើងនិយាយថាការផ្លាស់ប្តូរ សំខាន់ៗ យើងឃើញថាឧបករណ៍ដែលគេប្រើ សម័យនេះវាខុសប្លែកពីកាលមុន ដូចម្ភៃឆ្នាំឬដប់ឆ្នាំមុន យើងឃើញថាភាគច្រើនគេប្រើឧបករណ៍ជាលក្ខណៈសាមញ្ញ ជាលក្ខខណ្ឌឧបករណ៍បុរាណ ដូចជាទ្រូ មងធម្មតា មងដែលធ្វើពីខ្សែ ប៉ុន្តែឥឡូវភាគច្រើនគេត្រូវតែផ្លាស់ប្តូរប្រើឧបករណ៍ទំនើបវិញ បើសិនជាគេមិនប្រើឧបករណ៍ទំនើបហ្នឹង គេចាប់ត្រីមិនគ្រប់ចំនួន បានន័យថាចំណូលវាតាមហ្នឹងដែរ។
អ្នកនេសាទមួយៗ គេត្រូវតែផ្លាស់ប្តូរទៅប្រើឧបករណ៍ ទំនើបៗ អ៊ីចឹងបានន័យថាគេត្រូវតែចំណាយលុយច្រើនទៅលើឧបករណ៍ ថ្មីហ្នឹង ដូចជាមង ភាគច្រើនឥឡូវអ្នកដែលប្រើមងនៅលើទន្លេសាបគេលែងប្រើមងខ្សែប្រវែងត្រឹមតែមួយគីឡូ ប៉ុន្តែឥឡូវខ្លះគេប្រើម្ភៃដៃក៏មានដែរ អ៊ីចឹងវាអាចលើសពីមួយគីឡូទៅពីរគីឡូ។
ការទិញឧបករណ៍ហ្នឹងត្រូវចំណាយលុយច្រើនជាងមុនហើយវាទំនើបជាងមុន ហើយទាំងអស់ហ្នឹងវាអាចធ្វើឲ្យអ្នកនេសាទនិងប្រឈមមុខនឹងការជំពាក់លុយ ជំពាក់បំណុលគេ ព្រោះអីដើម្បីទិញឧបករណ៍ទាំងអស់ហ្នឹងគេត្រូវខ្ចីលុយពីធនាគារ ហើយបើសិនជាមានបញ្ហាបរិស្ថាន បញ្ហានៅបឹងទន្លេសាប ចំនួនត្រីធ្លាក់ចុះ នៅពេលដែលទិញឧបករណ៍ហ្នឹងហើយ រកត្រីមិនគ្រប់ ក៏នៅតែជំពាក់ធនាគារខ្លាំងទៅៗ អ៊ីចឹងវាអាចជាបញ្ហាមួយទៀត ដែលធ្វើឲ្យអ្នកដែលរស់នៅបឹងទន្លេសាបត្រូវផ្លាស់ប្តូរចំណាកស្រុក នៅស្រុកឆ្ងាយឆ្ងាយ ដើម្បីរកមុខរបរផ្សេង។
Q៖ ហេតុអ្វីបានជាបញ្ហាប្រឈមទាំងនោះនៅតែបន្តកើតមាន?
ខ្ញុំគិតថាការពិតចំនួននេសាទត្រី បើយើងមើលស្ថិតិដែលចេញពីក្រសួង យើងឃើញថា ការពិតវាមិនថយចុះខ្លាំងទេ បើយើងប្រៀបធៀបឆ្នាំនេះជាមួយឆ្នាំទៅចំនួនវាឡើង តែយើងក៏ពិបាកនិយាយ ឥឡូវហ្នឹងគ្មានអ្នកណាដែលអាចនិយាយថា ស្ថិតិដែលចេញពីក្រសួងយើងអាចទុកចិត្តបាន ឬក៏អត់ទេ ក្រសួងក៏គេខំប្រឹងរកទិន្នន័យតាមគ្រប់ច្រកដែរ តែយើងខ្លាចថាទិន្នន័យនឹងមិនបានគ្រប់ជ្រុងជ្រោយទេ។ ហើយទីពីរហ្នឹង ទិន្នន័យហ្នឹង គេធ្លាប់ប្រមូលតាំងពីច្រើនឆ្នាំហើយៗ ប៉ុន្តែឆ្នាំមុនៗ យើងមិនដឹងថា កាលពីមុនហ្នឹងហើយហ្នឹងឥឡូវ ទិន្នន័យហ្នឹងវាដូចគ្នា ឬក៏ប្រែប្រួលទេ យើងពិបាកក្នុងការប្រៀបធៀបឆ្នាំមុនៗមកឥឡូវណាស់ យើងមិនដឹងថាចំនួនត្រីវាថយចុះខ្លាំងឬក៏វាឡើង អត់ដឹងច្បាស់ទេ។
ប៉ុន្តែបើតាមការសង្កេតឃើញរបស់ខ្ញុំ និងការប្រមូលទិន្នន័យពីអ្នកនេសាទតែម្ដង ភាគច្រើនអ្នកនេសាទគេឃើញថា វាផ្ដោតទៅលើប្រភេទត្រីដូចប្រភេទត្រីធំៗ ត្រីដែលធ្លាប់មករស់នៅតំបន់ទន្លេសាបហ្នឹងវាថយចុះខ្លាំង ប៉ុន្តែត្រីចង្វា ត្រីអណ្តែង ត្រីរ៉ស់ហ្នឹង វាអាចទៅទទេរ (ថេរ) ឬក៏មានឡើងមានចុះខ្លះៗ។ ប៉ុន្តែតាមការសិក្សារបស់ខ្ញុំ មានកត្តាមួយចំនួន ដែលធ្វើឲ្យត្រីវាថយចុះមែន ដូចជាទំនប់វារីអគ្គិសនី ខ្ញុំឃើញថានៅក្នុងរយៈពេល ម្ភៃឆ្នាំចុងក្រោយនេះមានវារីអគ្គិសនីជាច្រើននៅតាមដងទន្លេមេគង្គដូចជាមាននៅស្ទឹងត្រែង មានសេសាន សេសានក្រោមពីរ នៅវៀតណាមក៏មាន។ ហើយខ្ញុំគិតថាទំនប់វារីអគ្គិសនីទាំងអស់ហ្នឹងវាប្រាកដជាមានការប៉ះពាល់ទៅដល់ចំនួនត្រី ដែលហូរចូលមកក្នុងទន្លេសាប អ៊ីចឹងត្រីវាពិតជាថយចុះមែនហើយ។ ទីពីរនេះយើងឃើញថា ឧបករណ៍ ទំនើបៗជាពិសេសឧបករណ៍ឆក់ ដូចជាស៊ីបម៉ាញ់អាចធ្វើឲ្យមានការថយចុះចំនួនត្រីមែនទែន។ ហើយជាពិសេសអ្នកដែលរស់នៅក្នុងក្រុងសៀមរាបក៏គេនិយាយដែរថា ចំពោះត្រីមានការធ្លាក់ចុះមែន អ៊ីចឹងតាំងពីឆ្នាំ២០២១ ២០២២ គេចាប់ង្ក្រាប យើងឃើញថាចំនួនត្រីវាចាប់ផ្ដើមឡើងបន្តិចម្តងៗ ដោយសារតែការអនុវត្តច្បាប់តឹងរ៉ឹង ប៉ុន្តែបើយើងមើលទៅលើចំណុចទីបី ពាក់ព័ន្ធនឹងអ្នកដែលរកត្រី ពីមួយជំនាន់ទៅមួយចំនួនអ្នករកត្រីក៏កាន់តែច្រើន ហើយសូម្បីមានកន្លែងខ្លះៗមានអ្នកចំណូលថ្មីមកនៅសៀមរាប មិនមែនត្រឹមតែជាជនដែលរស់នៅនោះទេ ប៉ុន្តែមានអ្នកចំណូលស្រុកទៅរកត្រីនៅតំបន់ហ្នឹងដែរ ដែលធ្វើឲ្យមានអ្នករកត្រីកាន់តែច្រើនឡើងៗ។ អ៊ីចឹងបីចំណុចនេះសំខាន់ ទីមួយគឺទំនប់វារីអគ្គិសនី ទីពីរឧបករណ៍ទំនើប ហើយទីបីគឺចំនួនអ្នករកត្រី។
Q៖ តើអ្នកពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ?
A៖ ខ្ញុំគិតថាបញ្ហាដែលកំពុងតែកើតឡើងហ្នឹង នៅក្នុងតំបន់ទន្លេសាបវាមិនងាយដោះស្រាយទេ។ ទីមួយដោយសារអ្នកដែលរកត្រីច្រើន ហើយស្ថានភាពអ្នករកត្រីមួយៗស្ថានភាពភាគច្រើនពិបាកដែរ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំឃើញមានគម្រោងមួយចំនួនដែលបានឆ្លើយតបទៅនឹងបញ្ហា ដែលកំពុងតែកើតឡើងហ្នឹង ដូចជាបង្កើតសហគមន៍នេសាទត្រី ផ្ដល់សិទ្ធិឱ្យពួកគាត់គ្រប់គ្រងតំបន់ ហើយបើសិនជាគេមានសមត្ថភាព អាចជួយការពារ ឬក៏គេមានឧបករណ៍ គេមានការគាំទ្រពីស្ថាប័នដែលពាក់ព័ន្ធគ្រប់គ្រាន់ ខ្ញុំឃើញថាសហគមន៍អាចការពារត្រី ថែរក្សាធនធានជលផល ធនធានធម្មជាតិនៅក្នុងតំបន់បាន។ អាចំណុចហ្នឹងវាសំខាន់ក្នុងការរករបរ ដែលអាចជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។ ក៏ដូចជាឥឡូវ ខ្ញុំឃើញថានៅក្នុងនៅកំពង់ភ្លុក កំពង់ឃ្លាំង គេចាប់ផ្តើមអនុវត្តគម្រោង ជួយបង្កើតតំបន់ស្រះចិញ្ចឹមត្រី ហើយខ្ញុំគិតថាប្រសិនជាមានការគាំទ្រពីស្ថាប័ន ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដូចជាខាងជលផល ក្រសួងកសិកម្ម អាហ្នឹងក៏អាចជួយដោះស្រាយបញ្ហារបស់អ្នកស្រុក អ្នកនេសាទត្រីបានដែរ។
ហើយទីពីរខ្ញុំគិតថាបើសិនជា ធ្វើយ៉ាងម៉េចកុំឲ្យកសាងទំនប់វារីអគ្គិសនីថែមទៀតនៅលើតំបន់មេគង្គ ចំណុចហ្នឹងក៏សំខាន់ដែរ ព្រោះអីបើសិនជាមាន ការកសាងទំនប់វារីអគ្គិសនីថែមទៀតយើងខ្លាចថា ការប៉ះពាល់ដល់ត្រីហ្នឹង វាអាចធំជាងមុនច្រើនជាងមុន។ ហើយក្រៅពីហ្នឹងខ្ញុំគិតថាការអនុវត្តច្បាប់ នៅតាមតំបន់នៅតាមតំបន់ទន្លេសាបហ្នឹងក៏សំខាន់ដែរ ព្រោះយើងឃើញថាជាក់ស្ដែងពីមួយឆ្នាំ ទៅមួយឆ្នាំមានឆ្នាំខ្លះមានស្ថាប័ន ដែលមានតួនាទីក្នុងការអនុវត្តច្បាប់ជលផល គេអនុវត្តល្អមែនទែន ហើយគេមានមន្ត្រីគ្រប់គ្រាន់ឧបករណ៍គ្រប់គ្រាន់ ក្នុងការជួយទប់ស្កាត់បទល្មើសនៅតាមបឹងទន្លេសាប ប៉ុន្តែនៅក្នុងឆ្នាំមួយចំនួនក៏ មិនសូវប្រសើរដូចឆ្នាំគេចុះមកបង្ក្រាប តែបើយើងមើលទៅរយៈពេលយូរយើងឃើញថាគេត្រូវមានឆ្នាំខ្លះគេអនុវត្តខ្លាំង ឆ្នាំក្រោយគេធូរមួយឆ្នាំ។ ក្រៅពីហ្នឹងខ្ញុំគិតថា ប្រហែលបញ្ហាទាក់ទងទៅនឹងធនាគារ ត្រូវមានគោលការណ៍ច្បាស់លាស់ដើម្បីធ្វើម៉េចឲ្យបង្ការ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យលុយខ្ចីដោយមិនយកការប្រាក់ខ្ពស់។
ហើយខ្ញុំឃើញថាភាគច្រើនអ្នកនេសាទហ្នឹងគ្មានកម្មសិទ្ធិដីធ្លីដូចអ្នកនៅលើគោកទេ អ៊ីចឹងពួកគាត់ពិបាកក្នុងការខ្ចីលុយ អ៊ីចឹងគាត់ក៏ទៅខ្ចីលុយអ្នកដែលនៅដើមភូមិ ហើយអ្នកនៅដើមភូមិយកការប្រាក់អាចខ្ពស់ជាងធនាគារ អ៊ីចឹងធ្វើម៉េចឲ្យគាត់អាចខ្ចីលុយ ក្នុងការប្រាក់ដែលសមល្មម មិនខ្ពស់ពេក។ ហើយទីពីរខ្ញុំគិតថា ត្រូវតែមានគម្រោង របស់អង្គការ ឬក៏ខាងរាជរដ្ឋាភិបាលក៏បានដើម្បីជួយឲ្យផ្ដល់បទពិសោធន៍ ឬផ្ដល់បច្ចេកទេសទៅដល់អ្នកដែលរកត្រីហ្នឹង ឲ្យរកមុខរបរផ្សេង ព្រោះយើងឃើញថាថ្ងៃអនាគតអ្នកដែលរកត្រីហ្នឹងគេមិនអាចរកត្រីរហូតបានទេ ដោយសារបញ្ហាត្រីធ្លាក់ចុះ តម្លៃធ្លាក់ចុះ គេត្រូវទៅរកមុខរបរផ្សេង។ ធ្វើម៉េចអាចរៀបចំឲ្យមានគម្រោងច្បាស់លាស់ដើម្បីត្រៀមពួកគាត់នឹងអាចរកមុខរបរផ្សេង។
ហើយមួយទៀតខ្ញុំគិតថាពាក់ព័ន្ធនឹងបញ្ហាការនាំចូលត្រីហើយនេះគឺជាបញ្ហាធំជាងគេ ពួកយើងឃើញថាទីផ្សារត្រីពិបាកពីមួយឆ្នាំ ទៅមួយឆ្នាំ វាឡើងចុះឡើងៗ ប៉ុន្តែការឡើងចុះភាគច្រើនគឺ មែនកើតឡើងដោយសារតែបញ្ហាដែលកើតឡើងមកទន្លេសាបទេ ប៉ុន្តែវាកើតឡើងដោយសារតែ គេនាំចូលត្រី ពីទីផ្សារស្រុកក្រៅជាពិសេសថៃ និងវៀតណាម។ បើគេនាំចូលត្រីច្រើនចូលក្នុងស្រុកកម្ពុជា អាហ្នឹងវាធ្វើឲ្យត្រីដែលគេរកនៅក្នុងទន្លេសាបធ្លាក់ចុះ ហើយបញ្ហាធំមែនទែនដោយសារត្រីធម្មជាតិ តម្លៃវាទូទៅវាខ្ពស់ជាងត្រីចិញ្ចឹម ប៉ុន្តែត្រីចិញ្ចឹមដែលគេនាំចូលពីក្រៅវាថោកមែនទែន ដោយសារតម្លៃថោកនោះវាធ្វើឲ្យតម្លៃត្រីធ្លាក់ចុះ ហើយវាធ្វើឲ្យមុខរបរ ជីវភាពអ្នករកត្រីហ្នឹងវាពិបាក។
ខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែធ្វើម៉េចអាចដោះស្រាយតម្លៃត្រីឲ្យវាទទេ (ថេរ) កុំឲ្យវាធ្លាក់ចុះខ្លាំងពេក កុំឲ្យនាំត្រីចូលច្រើនពេក។ ចំណុចមួយទៀត បើគេនៅតែឲ្យត្រីនាំចូល ហូរនាំចូលពីស្រុកក្រៅពីប្រទេសថៃ វៀតណាម តែការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាក៏លំបាកច្រើនដែរ ដោយសារការចិញ្ចឹមត្រីនៅកម្ពុជាទើបតែកើតឡើងទេ ជាពិសេសនៅតំបន់ទន្លេសាបហ្នឹង ប្រហែលជាម្ភៃឆ្នាំឬក៏ដប់ឆ្នាំចុងក្រោយនេះទេ ប៉ុន្តែការចិញ្ចឹមត្រីនៅថៃ នៅវៀតណាមគេធ្វើតាំងពីសាមសិបឆ្នាំមកហើយ អ៊ីចឹងបច្ចេកទេសគេខ្លាំងជាង ខ្ពស់ជាង។ ហើយនៅវៀតណាមនិងថៃគេក៏បានទទួលបានលុយខ្លះៗពីរដ្ឋ ទាំងបច្ចេកទេស ទាំងរកចំណូល ទាំងការគាំទ្រពីរដ្ឋ។ ប៉ុន្តែនៅកម្ពុជាអត់ទាន់មានដល់ថ្នាក់ដូចនៅវៀតណាម និងថៃទេ អ៊ីចឹងបានន័យថាតម្លៃ ក្នុងការផលិតត្រីចិញ្ចឹមនៅវៀតណាមនិងថៃ វាស្រួលជាងហើយវាថោកជាង។ ហើយចំណុចនេះវាប៉ះពាល់ដល់កម្ពុជាខ្លាំង អ៊ីចឹងខ្ញុំគិតថារាជរដ្ឋាភិបាលត្រូវតែសហការគ្រប់ស្ថាប័នដើម្បីដោះស្រាយបញ្ហាធ្វើម៉េចឲ្យតម្លៃត្រី វាទទេ (ថេរ) ហើយធ្វើម៉េចឲ្យអ្នករកត្រីធម្មជាតិ អ្នករកត្រីហ្នឹងគេទទួលបានបច្ចេកទេស គេទទួលបានការគាំទ្រពីរដ្ឋាភិបាល។
Q៖ បាទ អរគុណច្រើនចំពោះការចំណាយពេលវេលារបស់លោក!
A៖ បាទៗ!