ជីវភាពជអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ មិនសូវមានចំណូល ហើយប្រាក់ចំណូលគឺអាស្រ័យទៅលើកម្លាំង ត្រូវស្របតាមរដូវកាល និងភាពពេញនិយមរបស់ភ្លៀវទេសចរ។
លោកតែង ស្រួច ជាអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ និងជាអ្នកកសិករផងដែរ បានផ្តល់សម្ភាសដល់កញ្ញា រ៉ន វឌ្ឍនា ជាសិក្ខាកាម Newsroom Cambodia ស្តីពីជីវភាពរបស់អ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ។
Q: ជម្រាបសួរលោកពូ!
A: បាទជម្រាបសួរក្មួយ!
Q: តើលោកប្រកបរបរជាអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារបានរយៈពេលប៉ុន្មានឆ្នាំមកហើយ?
A: បាទខ្ញុំបាទជាអ្នកជូនភ្ញៀវនាំផ្លូវឡើងភ្នំខ្នងផ្សារតាំងពីឆ្នាំ២០១៥ ២០១៦ រហូតដល់ចុងឆ្នាំ ២០១៧ កាលនោះខ្ញុំជូនភ្ញៀវបរទេសឡើងខ្នងផ្សារ ភ្ញៀវខ្មែរយើងមិនទាន់ល្បីនោះទេ។ ចាប់ផ្ដើមដល់ពេលភ្ញៀវជាតិយើងល្បីម្ដងទៀតឆ្នាំ ២០១៩ កាលនោះខ្ញុំអត់មានភ្ញៀវជូននឹងហ្នឹងទេដល់ឆ្នាំ ២០២០ បានខ្ញុំចាប់ផ្ដើមមានភ្ញៀវជូននឹងគេម្ដងទៀត។
Q: តើការនាំភ្ញៀវទេសចរណ៍ឡើងភ្នំខ្នងផ្សារក្នុងមួយជើងលោកអាចរកចំណូលពីចន្លោះប៉ុន្មាន ទៅប៉ុន្មាន?
A: កាលពីខ្ញុំជូនភ្ញៀវបរទេសឆ្នាំ ២០១៥ ២០១៦ តម្លៃនាំផ្លូវបានតែ ១០ដុល្លារទេក្នុងមួយថ្ងៃ តែដល់ភ្ញៀវជាតិយើងមករាល់ថ្ងៃនេះតម្លៃសេវាអ្នកនាំផ្លូវបានមួយថ្ងៃ ២០ ដុល្លារ។
Q: តើនៅក្នុងរដូវណាខ្លះដែលមានភ្ញៀវទេសចរណ៍ច្រើន?
A: បាទតាមធម្មតាមានភ្ញៀវច្រើនគឺខែរដូវវស្សា។
Q: តើលោកជួបបញ្ហាប្រឈមអ្វីខ្លះ នៅពេលនាំភ្ញៀវធ្វើដំណើរឡើងភ្នំខ្នងផ្សារ?
A: បាទបញ្ហាដែលត្រូវជួបមានខ្លះៗ ទីមួយភ្ញៀវច្រើនគាត់តម្រូវយកអ្នកនាំផ្លូវតែម្នាក់ នេះជាបញ្ហាពេលខ្លះពួកគាត់បែកកង់ (អស់កម្លាំង) អ្នកខ្លះដើរលឿនអ្នកខ្លះដើរយឺតពិបាកក្នុងការគ្រប់គ្រង ណាមួយតម្រូវការរកអុសដងទឹកដាំបាយចម្អិនម្ហូបអាហារ នេះក៏ជាបញ្ហាដែរ។ ទីពីរពួកគាត់ឲ្យស្ពាយអីវ៉ាន់ហួសពីការកំណត់ដែលខាងក្រសួងទេសចរណ៍ដែលគាត់ដាក់កំណត់ឲ្យធ្វើ។
Q: បើប្រៀបធៀបនឹងជីវភាពមុនពេលដែលលោកប្រកបរបរជាអ្នកនាំភ្ញៀវឡើងភ្នំខ្នងផ្សារ តើបច្ចុប្បន្នដែលលោក កំពុងប្រកបរបរនេះជីវភាពប្រសើរជាងមុនបែបណាខ្លះ?
A: បាទចំពោះរូបខ្ញុំផ្ទាល់ជីវភាពប្រសើរដែរ តែវាមិនប្រសើរណាស់ណាទេ តែវាអាចដោះទាល់បាន។
Q: ខ្ញុំដឹងថាថ្មីៗនេះផ្លូវឡើងទៅភ្នំខ្នងផ្សារមានការឈូសឆាយ តើក្រោយពេលមានការឈូសឆាយផ្លូវកាងារជាអ្នកនាំផ្លូវទៅភ្នំខ្នងផ្សារអាចរកចំណូលបានប្រសើរជាងមុនដែរឬទេ?
A: ក្រោយពេលដែលគេឈូសឆាយផ្លូវហើយភ្ញៀវខ្លះគាត់តម្រូវការធ្វើដំណើរដោយខ្លួនឯងគាត់យកឡានយកម៉ូតូឡើង គាត់អត់យកសហគមន៍ឲ្យជូនទេដូច្នេះទើបបាត់ការចំណូលរបស់សហគមន៍។
Q: បើសម្លឹងទៅមើល ១០ឆ្នាំខាងមុខ តើលោកគិតថាកាងារជាអ្នកនាំផ្លូវនៅអាចបន្តដែររឺទេ?
A: បាទចំពោះរូបខ្ញុំផ្ទាល់ខ្ញុំមិនសង្ឃឹមទេ។
Q: ជាចុងក្រោយ តើលោកមានអ្វីស្នើទៅអ្នកពាក់ព័ន្ធលើការងារជាអ្នកនាំភ្ញៀវឡើងខ្នងផ្សាររបស់លោក?
A: ជាចុងក្រោយខ្ញុំចង់ឱ្យទីនេះតំបន់នេះនិងជាធម្មជាតិលុះអវសាន្តសូមកុំឲ្យអ្នកមានមកកែច្នៃ ខ្ញុំសូមអធ្យាស្រ័យនិងអភ័យទោសចំពោះពាក្យពេចន៍ប្រការណាមួយដែលមានពាក្យខុសឆ្គងសូមកុំប្រកាន់ពីព្រោះខ្ញុំមិនចេះអក្សរទេខ្ញុំមិនបានរៀននោះទេ។
Q: អរគុណច្រើនលោកពូ!
A: បាទក្មួយ! អរគុណ៕