សំណុំរឿងដែលតុលាការបានបំបែកជាពីរកាលពីជាង ៦ឆ្នាំមុននៅបន្តកប់ជ្រៅនៅឡើយ ខណៈសំណុំរឿងព្រហ្មទណ្ឌមួយនេះ បានបន្តអូសបន្លាយប្រមាណ៧ឆ្នាំមកហើយ គិតត្រឹមថ្ងៃទី ១០ កក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យអយ្យការ អមតុលាការក្រុងភ្នំពេញលោក ប្លង់ សុផល បានបដិសេធនៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០២៣ ជាថ្មីទៀតថា ខាងព្រះរាជអាជ្ញាមិនបានដឹងថាតើសំណុំរឿងដែលតុលាការបានបំបែកនេះ វិវត្តន៍ទៅដល់ណាហើយនោះទេ។លោកបានឆ្លើយតបដោយខ្លី មុនផ្តាច់ទូរស័ព្ទហើយថា ទាក់ទងនឹងនីតិវិធីនេះ មានតែខាងស្ថាប័នតុលាការទេ ដែលដឹងរឿង ចំណែកខាងអយ្យការមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះឡើយ។
លោកបន្តថា«ទៅសួរខាងតុលាការ ខ្ញុំខាងព្រះរាជអាជ្ញាទេបាទ »។
បដិសេធនឹងដំណើរការក្តីនេះ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២២ អ្នកនាំពាក្យអយ្យការអម សាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានច្រានចោលម្តងរួចហើយដែរ ដោយចាត់ទុកថា ការញែកសំណុំរឿងនេះជាពីរ ឬបែបណានោះ លោកមិនបានដឹងឡើយ។បើតាមអ្នកនាំពាក្យអយ្យការ ចាត់ទុកថា ករណីនេះ មិនស្ថិតនៅក្នុងនីតិវិធីរបស់ព្រះរាជអាជ្ញាទេ។
លោកបន្តថា«ខ្ញុំមិនមានព័ត៌មានខាងលើនេះទេ ព្រោះសំណុំរឿងនេះមិនស្ថិតនៅក្នុងដំណាក់កាលអយ្យការទេ »។
ដោយឡែក លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានបដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ នៅពេលទាក់ទងតាមទូរស័ព្ទ នៅថ្ងៃនេះ ដោយលោកព្យាយាមកាត់ផ្តាច់ជាច្រើនដង។
បើទោះបែបណា កាលពីខែ មីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធដោយគ្មានការអនុញ្ញាត »។
ក្រោយពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លាង សំណាត់ ប្រកាសសាលក្រុមរួច តុលាការក៏បានបំបែកសំណុំរឿងនេះជាពីរ ក្នុងថ្ងៃតែមួយនោះដែរ។បើទោះបែបណា គិតដល់មកដល់ពេលនេះ សំណុះរឿងដែលតុលាការញែកជាពីរ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដូចជាអ្នកផ្តល់មធ្យោបាយ និងអ្នកលក់កាំភ្លើងខ្លីឱ្យទណ្ឌិតឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាដើម នៅមិនទាន់មានតម្រុយណាមួយថ្មី បើទោះជារឿងក្តីព្រហ្មទណ្ឌនេះ បានអូសបន្លាយ ៧ឆ្នាំហើយក្តី។
ចំណែក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ពុំអាចសុំការឆ្លើយតបបានដែរ នៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោកតេចូល ប៉ុន្តែគ្មានអ្នកទទួលជាច្រើនដង។
សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) យល់ឃើញថា បើទោះជាសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការបានញែកជាពីរហើយក្តី ក៏ការវិវត្តន៍នៃការស៊ើបអង្កេត ហាក់ដូចជាមិនមានភាពជឿនលឿនទៅមុខ។លោកបន្តថា ភាពយឺតយ៉ាវដែលចេះតែបន្តអូសបន្លាយរាប់ឆ្នាំមកនេះ មិនដឹងថាតើមានមូលហេតុអ្វីឱ្យប្រាកដ ដែលនាំឱ្យអ្នកពាក់ព័ន្ធ នៅតែមិនអាចស្វែងរកមុខសញ្ញាឃើញនៅឡើយ។
លោកបន្តថា«សំណុំរឿងមួយទៀតគឺគេបំបែកទៅលើអ្នកដែលពាក់ព័ន្ធ។អញ្ចឹងបើយើងមើលទៅលើសំណុំរឿងទីពីរនេះ វាហាក់បីដូចជាមិនមានដំណើរការវិវត្តអីទេ។អញ្ចឹងវាមិនខុសពីរឿងមុនៗដូចជារឿងលោក ជា វិជ្ជា និង លោក ឈុត វុទ្ធី អីទេ ដោយការបំបែកសំណុំរឿងជាពីរនេះ ដោយមូលហេតុថារឿងនេះមិនទាន់បានបិទបញ្ចប់ទេ គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតបន្តស្រាវជ្រាវ។ប៉ុន្តែការវិវត្តន៍សំណុំរឿងនេះ វាអត់ទៅមុខទេបាទ »។
ប្រធានការិយាល័យមេធាវី នៃក្រុមអ្នកច្បាប់អមរិន្រ្ទ លោក សុក សំអឿន មានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ សម្រាប់បទល្មើសឧក្រិដ្ឋអាជ្ញាយុកាលត្រូវបានកំណត់ មានរយៈពេលត្រឹមតែ១៥ឆ្នាំ នឹងត្រូវផុតកំណត់ ប៉ុន្តែបើសំណុំរឿងណាមួយ ដែលឆ្លងកាត់ការស៊ើបអង្កេតដោយចៅក្រមស៊ើបសួរហើយ មានន័យថាសំណុំរឿងទាំងនោះ មិនកំណត់អាជ្ញាយុកាល នៃបទល្មើសទេ។
ផ្ទុយទៅវិញ បើពិនិត្យអំពីសំណុំរឿងលោកបណ្ឌិត កែម ឡី លោកហាក់មិនមានជំនឿថា តុលាការអាចនឹងបន្តនីតិវិធីទៀតទេ បើទោះជារឿងក្តីនេះ បានបំបែកជាពីរហើយក្តី ដោយសារទណ្ឌិតឈ្មោះ អឿត អាង បានសារភាពកំហុសគ្រប់យ៉ាងដោយខ្លួន គ្មានអ្នកពាក់ព័ន្ធ។
លោកបន្តថា«តាមខ្ញុំយល់គេបិទបញ្ចប់ហើយ វាគ្មានទៅបើកការស៊ើបអង្កេតស្អីទៀតទេ។ដោយសារ ជួប សម្លាប់ វាថាវាធ្វើតែម្នាក់ឯងដោយសារ កែម ឡី ជំពាក់លុយវា។វាថាគ្មានពីណានៅក្រោយវាទេ »។
ទណ្ឌិត ឈ្មោះ អឿត អាង បានសារភាពភ្លាមៗ នៅចំពោះមុខសមត្ថកិច្ចក្រោយចាប់ខ្លួនបានថា មូលហេតុដែលនាំឱ្យរូបគេបាញ់សម្លាប់ដោយសារលោកបណ្ឌិត កែម ឡី ជំពាក់លុយខ្លួនចំនួន ៣ ០០០ ដុល្លារអាមេរិក ហើយមិនព្រមសង។ប្រភពបន្តថា មុនពេលរកលោកលោក កែម ឡី ឃើញនៅស្តារម៉ាត រូបគេដើរសម្រាកនៅតាមការដ្ឋានសំណង់ ក្នុងក្រុងភ្នំពេញអស់ជាច្រើនថ្ងៃ។
ឆ្លើយនៅចំពោះមុខ សមត្ថកិច្ចទណ្ឌិត អឿត អាង ប្រាប់ថា មូលហេតុដែលនាំឱ្យលោកបណ្ឌិត កែម ឡី ខ្ចីលុយចំនួន ៣ ០០០ ដុល្លារពីខ្លួនគឺតាមរយៈទំនាក់ទំនងជាមួយម្នាក់ទៀតឈ្មោះ ពូលីស។ដោយឡែក កាំភ្លើងដែលខ្លួនប្រើប្រាស់ជាមធ្យោបាយ បាញ់សម្លាប់នេះគឺទិញពីប្រទេសថៃ។
ចម្លើយសារភាពរបស់ទណ្ឌិតរូបនេះ វាហាក់ខុសឆ្ងាយពីអ្វីដែលសាច់ញាតិ បានប្រាប់ក្រុមអ្នកកាសែត វីអូឌី កាលពីឆ្នាំ ២០២២។មនុស្សម្នាក់ដែលស្និទ្ធិនឹងជនជាប់ចោទរូបនេះ ប្រាប់ថា តាមពិតមុននឹងមានហេតុការណ៍កើតឡើងមួយសប្តាហ៍ គឺរូបគេ និងឈ្មោះ ជួប សម្លាប់ នេះបានទំនាក់ទំនងគ្នាតាមទូរស័ព្ទម្តងម្កាល់ដែរ។តាមរយៈការសន្ទនាគ្នាទណ្ឌិត អឿត អាង បានប្រាប់ថា រូបគេសព្វថ្ងៃកំពុងរស់នៅទីក្រុងភ្នំពេញ និងរកការងារបានធ្វើហើយ គឺធ្វើជាទាហាន។ប៉ុន្តែ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានព្រឹត្តិការណ៍បានកើតឡើង ដោយឈ្មោះ អឿត អាង អតីតធ្លាប់បួសជាព្រះសង្ស ត្រូវចាប់ចោទប្រកាន់ និងចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងលោកបណ្ឌិត កែម ឡី ទៅវិញ។ បើទោះបែបណា ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មិនមានជំនឿទេថា អ្វីដែលតុលាការកំពុងបំបែកសំណុំរឿងនេះជាពីរ គ្មានបានផលអ្វីទេ។អ្នកស្រី បូ រចនា ធ្លាប់អះអាងថា នីតិវិធីដែលតុលាការកំពុងតែអនុវត្តនេះ គ្រាន់តែធ្វើដើម្បីបន្លំភ្នែកសាធារណៈជន និងធ្វើឱ្យសាច់ញាតិអស់ចិត្តប៉ុណ្ណោះ៕