អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានចាត់វិធានការច្បាប់លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចំនួន ៥នាក់ ក្នុងករណីពុំប្រកាសទ្រព្យសម្បត្តិមកកាន់អង្គភាពទេនោះ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ មានប្រសាសន៍ថា ACU បានស្រាវជ្រាវរកឃើញថា មន្រ្តី៥នាក់នេះ នៅពុំទាន់បានដាក់ឯកសារពាក់ព័ន្ធទ្រព្យសម្បត្តិ និងបំណុលនៅឡើយទេ ក្នុងចំណោមមន្រ្តីរាជការ ២៣ ០០០នាក់ផ្សេងទៀត ដែលពួកគេបានប្រកាសទ្រព្យសម្បត្តិរួច។
លោកបន្តថា ACU បានព្យាយាមទាក់ទងទៅកាន់មន្រ្តីទាំង៥នាក់ និងក្រុមគ្រួសាររបស់ពួកគេដែរ ប៉ុន្តែនៅតែមិនមានមធ្យោបាយកោះហៅមនុស្សទាំង៥នាក់នោះបាន។ ACU មានមន្ទិលថា មន្រ្តីទាំង៥នាក់នេះ ទំនងចាកចេញទៅនៅក្រៅប្រទេស ដោយសារពុំអាចស្វែងរកការទាក់ទងក្នុងស្រុកបាន។
លោកបន្តថា៖ «ACU ពិនិត្យឃើញថា អ្នកទាំង ៥នាក់ មិនទាន់បានប្រកាស[ទ្រព្យសម្បត្តិ]។ យើងព្យាយាមទាក់ទងគាត់ជាច្រើនរបៀប ប៉ុន្តែយើងមិនអាចទាក់ទងគាត់បានឡើយ ទាំងក្រុមគ្រួសាររបស់គាត់»។
សេចក្ដីជូនដំណឹងរបស់ ACU ដែលចេញកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ស្ថាប័នប្រឆាំងអំពើពុករលួយនេះ បានអំពាវនាវឱ្យពួកគេទាំង៥នាក់ ប្រកាសទ្រព្យសម្បត្តិឱ្យបានឆាប់រហ័សមកកាន់អង្គភាព ប្រឆាំងអំពើពុករលួយ។
ប្រភពដដែលបន្តថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែលរងការចោទប្រកាន់ថាពុំប្រកាសទ្រសម្បត្តិនេះ មានដូចជា លោក ទី ស៊ីណាត នាយរងការិយាល័យនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃក្រសួងការពារជាតិ, លោក លឹម សៀង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីនៃក្រសួងមហាផ្ទៃ, លោកស្រី ផាយ សៀកលី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងធម្មការ និងសាសនា, លោក Divay Gupta និងលោក Philippe Delanghe ទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ACU និយាយថា តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ អ្នកទាំង៥នាក់នេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់១០ម៉ឺនរៀល ទៅ ២លានរៀលថែមទៀត ព្រមទាំងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលផងដែរ។ ជាងនេះ ក្នុងករណីនៅតែមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង។
គិតត្រឹមថ្ងៃសុក្រនេះ សារព័ត៌មាន Newsroom Cambodia នៅពុំទាន់អាចសុំការឆ្លើយតបពីមន្រ្តីទាំង៥នាក់នោះបាននៅឡើយទេ។
ដោយឡែក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកពុំអាចកត់សម្គាល់ថា លោក លឹម សៀង មកបម្រើការងារនៅក្រសួងជាធម្មតានោះទេ ដោយសារបុគ្គលិកក្រសួងមហាផ្ទៃមានចំនួនច្រើន។ យ៉ាងណា លោកថា ករណីនេះច្បាប់បានកំណត់ហើយ ប្រសិនបើលោក លឹម សៀង ពុំព្រមប្រកាសទ្រព្យសម្បត្តិនឹងត្រូវទទួលទោស។
លោកបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយត្រូវតែធ្វើ លើកលែងតែសាមីខ្លួនបោះបង់ចោលការងារ»។
ចំណែក លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ថា លោកក៏ពុំអាចសម្គាល់ថា លោក ទី ស៊ីណាត មកធ្វើការជារៀងរាល់ថ្ងៃដែរ ដោយសារក្រសួងការពារជាតិមានមន្រ្តីរាជការច្រើន។ ប៉ុន្តែ លោកថា ក្នុងករណីលោក ទី ស៊ីណាត មិនប្រកាសទ្រព្យសម្បត្តិពិតមែន នោះជាអំពើប្រឆាំងនឹងច្បាប់។
លោកបន្តថា៖ «ត្រូវតែអនុវត្តការប្រកាស[ទ្រព្យសម្បត្តិ] ហើយបើមិនប្រកាសទេខុសច្បាប់»។
ដោយឡែក លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធក្នុងការអត្ថាធិប្បាយពាក់ព័ន្ធនឹង លោក Divay Gupta និងលោក Philippe Delanghe នៅថ្ងៃនេះ ដែលអ្នកទាំង២ ជាទីប្រឹក្សានៃក្រសួងវប្បធម៌ ដោយគ្រាន់ប្រាប់ថា លុះត្រាមានការអនុញ្ញាតពីរដ្ឋមន្រ្តីជាមុនសិន។
យ៉ាងនេះក្តី លោក អ៊ឹម នរិន្ទ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការប្រកាសទ្រព្យសម្បត្តិជាករណីចាំបាច់សម្រាប់មន្រ្តីរាជការ ដើម្បីចៀសវាងការប្រព្រឹត្តិអំពើពុករលួយអំឡុងពេលពួកគេកាន់តួនាទី។
លោកបន្តថា៖ «គេជំរុញឱ្យប្រកាសហ្នឹងដើម្បីទាមទារឱ្យមានតម្លាភាព។ ទី២ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍។ ទី៣ អាចឱ្យយើងដឹងថាតើមានបញ្ហាអីកើតឡើងពីភាពមិនប្រក្រតីក្នុងការទទួលបាននៅទ្រព្យឬចំណូល ឬការទូទាត់បំណុលរបស់គាត់អំឡុងពេលគាត់កាន់តួនាទីឬមុនពេលគាត់កាន់តួនាទីហ្នឹង»។
បើតាម លោក សយ ចាន់វិចិត្រ ដែលជាមន្រ្តីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិរបស់មន្រ្តីរាជការមានថេរវេលា២ឆ្នាំម្ដង។ មន្រ្តីរាជការដែលជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិទាំងនោះ ត្រូវជាមន្រ្តីតែងតាំងដោយអនុក្រឹត្យ ឬរាជ្យក្រឹត្យ។
ក្រៅពីនេះមាន សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋាភិបាល មន្រ្តីសាធារណៈមានអាណត្តិជ្រើសតាំង មន្រ្តី ACUទាំងអស់ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីជាដើម ក៏ត្រូវប្រកាសទ្រព្យសម្បត្តិដែរ។ ជាងនេះទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅឆ្នាំ២០២៣នេះ ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា។
អង្គការតម្លាភាពអន្តរជាតិ (TI) រកឃើញថា កម្ពុជានៅតែមានអំពើពុករលួយដែលឈរនៅក្នុងលំដាប់លេខរៀងទី ១៥៧ លើ១៨០ប្រទេស នៅក្នុងពិភពលោក។ តាមរយៈរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ TI ក៏រកឃើញដែរថា សន្ទស្សន៍នៃអំពើពុករលួយនេះ បើគិតពីប្រទេសនៅក្នុងតំបន់អាស៊ានទាំង១០វិញ កម្ពុជានៅតែមានអំពើពុករលួយខ្ពស់ និងឈរក្នុងចំណាត់ថ្នាក់ទាបទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដដែល៕