សមាជិកគណបក្សភ្លើងទៀនមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀនបានដាក់ពាក្យបណ្ដឹងចូលតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃសុក្រ ដោយស្នើឱ្យចេញសាលក្រមលុបចោលលើការសម្រេចរបស់ក្រសួងអប់រំក្រោមហេតុផលថា សេចក្ដីសម្រេចនេះប្រឆាំងនឹងច្បាប់។
លោក ស៊ិន វត្ថា ជាប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណដែលត្រូវក្រសួងអប់រំលុបឈ្មោះចេញ និយាយថា ក្រសួងអប់រំបានបញ្ឈប់លោក ពីតួនាទីជាគ្រូបង្រៀនដោយពុំមានមូលហេតុច្បាស់លាស់ និងគ្មានបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនោះទេ។
លោកបន្តថា៖ «បងមានមូលហេតុជាច្រើនដែលអាចអះអាងថាបងមិនមានកំហុសលើវិជ្ជាជីវៈក្នុងការបង្រៀន។ ទោះបីបងស្រលាញ់គណបក្សភ្លើងទៀនក៏ដោយតែបងបានបែងចែកកិច្ចការងារខ្លួនឯងបានត្រឹមត្រូវ។…មុននឹងលុបក្របខណ្ឌតើរដ្ឋមន្រ្តីបានដឹងឬទេថាវាយ៉ាងម៉េច»។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៥៨ កំណត់ថា អ្នករាជការមានសិទ្ធិប្ដឹងតវ៉ាទៅតុលាការ អំពីករណីដែលពាក់ព័ន្ធទៅនឹងកិច្ចការមុខងារសាធារណៈ។ ប៉ុន្តែជាការចាំបាច់ អ្នករាជការនោះត្រូវរកវិធីដោះស្រាយតាមផ្លូវរដ្ឋបាលជាមុនសិន។
បើតាមលោក វត្ថា ជុំវិញពាក្យប្ដឹងដាក់ទៅតុលាការក្រុងភ្នំពេញនេះ ដោយសារក្រសួងអប់រំមានទីតាំងនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានព្យាយាមរកដំណោះស្រាយដោយដាក់លិខិតស្នើឱ្យមន្ទីរអប់រំខេត្តបន្ទាយមានជ័យចុះស្រាវជ្រាវ និងបំភ្លឺពីកំហុសឆ្គងដែរ ប៉ុន្តែពុំមានលទ្ធផលណាមួយនោះទេ។
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងអប់រំ បានលុបឈ្មោះលោក វត្ថា ចេញពីក្របខណ្ឌគ្រូបង្រៀនក្រោមហេតុផលថា គ្រូបង្រៀនរូបនេះ បានប្រព្រឹត្តខុសនឹងវិជ្ជាជីវៈមន្ត្រីរាជការ ។
តាមរយៈពាក្យបណ្តឹងរបស់ខ្លួន លោក ស៊ិន វត្ថា បានលើកឡើងថា លោកជាគ្រូបង្រៀនគោរពពេលវេលា មានសិលធម៌ល្អ និងពុំដែលទទួលទោសផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៅក្នុងវិទ្យាល័យសិរីសោភ័ណម្តងណាទេ។មិនតែប៉ុណ្ណោះ សម្រាប់ការងារបម្រើបក្ស គឺបានបែងចែកច្បាស់លាស់ដោយមិនឱ្យជាន់គ្នាក្នុងម៉ោងបង្រៀនឡើយ។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា ៤៧ បញ្ជាក់ថា កំហុសឆ្គងក្នុងវិន័យរហូតដល់បណ្ដេញចេញពីក្របខណ្ឌ ត្រូវហៅអ្នករាជការជាប់ចោទមកពន្យល់ដោះស្រាយដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរមុននឹងក្រុមប្រឹក្សាវិន័យសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម។
ក្រៅពីនេះ លោក វត្ថា បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនទៀតថា លោកក៏ពុំដែលទទួលបានការណែនាំផ្ទាល់មាត់ ឬព្រមានជាលាយលក្ខណ៍អក្សរម្តងណាទេ មុននឹងក្រសួងសម្រេចបណ្ដេញលោកចេញពីក្របខណ្ឌនេះ។
សារព័ត៌មាន Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ មានប្រសាសន៍ថា តុលាការបានទទួលពាក្យបណ្ដឹងរបស់លោក ស៊ិន វត្ថា ហើយ និងបានចាត់ចែងបន្តទៅតាមនីតិវិធីរួចដែរ។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ករណីលុបឈ្មោះ លោក ស៊ិន វត្ថា ចេញពីក្របខណ្ឌគ្រូបង្រៀនេះ បានបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើនថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកបន្តថា ការដាក់ពាក្យប្ដឹងចូលតុលាការជាសិទ្ធិរបស់លោក វត្ថា ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ខ្លួន។
លោកបន្តថា៖ «ការលុបគឺចេញដោយក្រសួងបើឱ្យក្រសួងដកវិញមិនងាយទេ ក្នុងករណីនេះ មានតែភាគីទី៣ ជម្រើសមានតែតុលាការហ្នឹងឯងដែលពិនិត្យទៅលើលទ្ធភាពទាំងអស់ហ្នឹង»។
ការលុបឈ្មោះមន្រ្តីរាជការស៊ីវិល ដែលបម្រើការនៅក្នុងក្របខណ្ឌ ហើយទៅគាំទ្របក្សនយោបាយផ្សេងក្រៅពីបក្សកាន់អំណាច គេសង្កេតឃើញបានកើតឡើងញឹកញាប់ ក្នុងរយៈពេលចុងក្រោយនេះ។ លោក អេង ស្រូយ ដែលជាប្រធានប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំខេត្តត្បូងឃ្មុំ ត្រូវបានដកចេញ និងបញ្ចប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមានឋានៈជាវរសេនីយ៍ឯក (សក្តិប្រាំ) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតីតមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅឈរឈ្មោះជាចៅសង្កាត់នៅសង្កាត់ច្បារអំពៅ ឱ្យគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ។ មិនខុសគ្នាដែរ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២០២២ ក៏ត្រូវបានក្រសួងមុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោយមូលហេតុចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន៕