ក្រុមអ្នករងផលប៉ះពាល់ពីក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តថ្មីនៅក្រុងតាខ្មៅ ខេត្តកណា្តល សុំពន្យាពេលទៅរស់នៅទីតាំងថ្មី ក្រោយទទួលយកសំណងពីភាគីក្រុមហ៊ុន ដោយសំអាងពីការបារម្ភបាត់បង់មុខរបរ ទោះមានការសន្យាពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះក្តី។
អ្នកស្រី ផល គន្ធា រស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បាននិយាយនៅថ្ងៃទី១៧កក្កដានេះថា គាត់បានប្រកបមុខរបរលក់ដូរតិចតួចនៅទីតាំងចាស់ជិត២០ឆ្នាំហើយ ដែលថាមុខរបរនេះ គាត់អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន គួបផ្សំនឹងប្រាក់បានពីការងារសំណងរបស់ប្តីគាត់។
ស្ត្រីអាយុ៣៧ឆ្នាំរូបនោះ បន្តថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អ្នកភូមិមួយចំនួន រួមទាំងគ្រួសារគាត់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ជាកិច្ចសន្យាដោះដូរដី និងទូទាត់សំណងផលប៉ះពាល់ ។
គាត់បញ្ជាក់ថា គ្រួសារគាត់ទទួលយកប្រាក់សំណង៣ម៉ឺនដុល្លារ ជាថ្នូរនឹងចាកចេញទៅរស់នៅទីតាំងថ្មី ខណៈគាត់មានដីលំនៅដ្ឋាន និងផ្ទះសង់ពីថ្មនៅក្នុងដីភូមិចាស់ ។
អ្នកស្រីថា«ខ្ញុំទទួលយកសំណងហើយ ប៉ុន្ដែមិនដឹងរកស៊ីអីទេ ព្រោះកន្លែងថ្មីវាមិនងាយរកដូចកន្លែងចាស់ទេ។ក្រោយពីទទួលសំណងគេទុកពេលឱ្យយើង១០ខែក្នុងការរុះរើ។ប៉ុន្ដែខ្ញុំសុំពន្យារគេបន្ថែមទៀត ដើម្បីបន្ដលក់ដូរសិន […] ខ្ញុំចង់ឱ្យគេ[ក្រុមហ៊ុន]គិតគូររឿងមុខរបរដែរ បើអត់ទេ គឺពិបាកដែរ ព្រោះខ្ញុំមានកូនច្រើន»។
អ្នកភូមិចំនួន៦៥គ្រួសាររស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាលត្រូវបានខាងក្រុមហ៊ុនព្រលានតម្រូវឱ្យចាកចេញដោយអះអាងថា ផ្ទះរបស់ពួកគេស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះដែលផ្តួចផ្តើមដោយរដ្ឋាភិបាល ។
ទីតាំងថ្មីនោះ មានចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីភូមិចាស់ ស្ថិតនៅភូមិជើងព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។
មកដល់ពេលនេះ អ្នករងផលប៉ះពាល់ខ្លះ មិនទាន់ទទួលយកសំណង ដើម្បីចាកចេញទៅរស់នៅទីតាំងថ្មីនៅឡើយទេ ដោយសំអាងថា ការផ្តល់សំណងត្រឹម៨ដុល្លារក្នុងមួយម៉ែត្រការេ មិនអនុឡោមតាមតម្លៃទីផ្សារដូចមានចែងនៅក្នុងច្បាប់ ដែលបញ្ហានេះ ជំរុញឱ្យមានរលកតវ៉ានៅបន្តកើតឡើង ដើម្បីស្វែងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធ ទោះអ្នកតវ៉ាខ្លះត្រូវចាប់ដាក់ពន្ធនាគារក្តី។
អ្នកព្រមទទួលយកសំណងម្នាក់ទៀត គឺអ្នកស្រី សួង ចាន់ធា បាននិយាយថា គាត់បានប្រកបមុខរបរជាអ្នកលក់បាយឱ្យអ្នកភូមិ និងអ្នកធ្វើការក្នុងព្រលានយន្ដហោះនេះ ជិត២ឆ្នាំហើយ រកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកស្រីថា មូលហេតុដែលគាត់ទើបព្រមទទួលយកសំណងពីក្រុមហ៊ុននាពេលនេះ ដោយសារតែបញ្ហាបំណុលនៅធនាគារ ។
អ្នកស្រីថា៖«គេទុកពេលឱ្យយើង១០ខែក្រោយពីទទួលសំណង។ខ្ញុំសុំខាងគាត់ពន្យាខែរុះរើសិន ព្រោះមិនដឹងថាត្រូវរកស៊ីអី ព្រោះនៅនេះអាចលក់បាយបបរបាន។ខ្ញុំសង្ឃឹមថា អាជ្ញាធរជួយគិតគូរមុខរបររបស់ពួកខ្ញុំបាន បើមិនចឹងទេពិបាកណាស់»។
ជុំវិញបញ្ហានេះ Newsroom Cambodia មិនអាចសុំការឆ្លើយតប ពីលោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្ដកណ្ដាលបានទេ គិតត្រឹមថ្ងៃទី១៨ កក្កដានេះ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
យ៉ាងណា មេឃុំបឹងខ្យាង លោក ណៃ ចាន់ឌី អះអាងថា ការផ្តល់សំណងផលប៉ះពាល់ និងជម្រើសដោះដូរដី ជាការសម្រេចរបស់ថ្នាក់លើ ។
លោកបន្តថា ដោយឡែកក្តីបារម្ភរបស់អ្នកភូមិ វាចៀសមិនផុត ។ ប៉ុន្តែលោកគិតថា ថ្នាក់លើនិងក្រុមហ៊ុន នឹងគិតគូបញ្ហានេះ។
លោកថា«ទាំងយើងទាំងគេអូន គ្មានអ្នកណាចង់ចេញទេ ប៉ុន្ដែធ្វើមិចបើរដ្ឋត្រូវការអភិវឌ្ឍ។ហើយទីតាំងថ្មីវាមិនសូវឆ្ងាយពីទីតាំងចាស់ទេ។រឿងមុខរបរពួកគាត់គឺដឹងតែអាចប្រឈមហើយ តែខ្ញុំសង្ឃឹមថាថ្នាក់លើ និងខាងព្រលាននឹងគិតគូរឱ្យពួកគាត់»។
ប្រធានដោះស្រាយដីធ្លីនៃក្រុមហ៊ុនព្រលានយន្ដហោះថ្មី លោក ជីវ កុកសាយ បានអះអាងថា ពលរដ្ឋដែលទៅរស់នៅទីតាំងថ្មី នឹងមិនបាត់បង់មុខរបរទេ ដោយថា នៅទីនោះបានរៀបចំសព្វគ្រប់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង លូជារួចរាល់អស់ហើយ ដែលអាចប្រកបមុខរបរបាន ។
លោកបញ្ជាក់ថា គិតត្រឹមដើមសប្តាន៍នេះ មានពលរដ្ឋជាង៩០ភាគរយ ព្រមទទួលយកសំណងពីក្រុមហ៊ុន ដើម្បីចាកចេញទៅរស់នៅទីតាំងថ្មី ។
លោកថា«ទីតាំងថ្មីហ្នឹងល្អណាស់ដីក៏ថ្លៃយើងរៀបចំម៉ាស្អាតជូនពួកគាត់ហើយ។គេទទួលជិតអស់ហើយ រឿងរកស៊ីវិញគឺរឹតតែល្អទៀត។ឥឡូវគេរើទៅនៅបណ្ដើរៗហើយ»។
ប្រធានគម្រោងសិទ្ធិលំនៅឋាននិងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ និយាយថា ទីតាំងថ្មីគួធានាទាំងហេដ្ឋារចនាសម្ព័ន្ធ សុខមាលភាព និងមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់អ្នកភូមិ តែបើទីតាំងថ្មីនោះធ្វើឱ្យអ្នកភូមិបានបង់នូវមុខរបរ វានឹងបង្ហាញថា ការអភិវឌ្ឍកំពុងជំរុញឱ្យពលរដ្ឋធ្លាក់ក្នុង ភាពក្រីក្រ។
លោកថា«មុខរបរហ្នឹងកាលណាយើងរៀបចំមិនបានល្អ ធ្វើឱ្យពួកគាត់ក្លាយទៅជាអ្នកក្រីក្រនៅទីតាំងថ្មី។ ហើយពួកគាត់មួយចំនួនគឺទុកដីថ្មីដែលគាត់ទទួលបានថ្មីហ្នឹងចោល ហើយទៅជួលផ្ទះនៅកន្លែងផ្សេង អាហ្នឹងវាធ្វើឱ្យការរៀបចំនៅទីតាំងថ្មី មិនសូវទទួលបាននូវភាពជោគជ័យដែរ»។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅក្រុងតាខ្មៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៨ គ្រោងចំណាយថវិកា១៥០០លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ។
តាមរបាយការណ៍នានារបស់ក្រុមអង្គការសង្គមស៊ីវិលបានឱ្យដឹងថា កាលពីខែមិថុនាឆ្នាំ ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីរដ្ឋទំហំ ២៦០០ ហិកតាដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមានឃុំ បឹងខ្យាង ឃុំអំពៅព្រៃ ឃុំ ព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
គម្រោងនេះ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤៧៣គ្រួសារ ដែលផលប៉ះពាល់ទាំងនោះ មិនមានអាជ្ញាធរណាមួយ ឬស្ថាប័នពាក់ព័ន្ធណាចេញមុខដោះស្រាយនោះទេ។