ភរិយារបស់សកម្មជនដីធ្លីម្នាក់ដែលជាប់ចោទពីបទ «ញុះញង់» បានអំពាវនាវឱ្យតុលាការខេត្តកោះកុង ឱ្យអាជ្ញាធរដោះលែងស្វាមីរបស់ខ្លួន បាននៅក្រៅឃុំបណ្តោះអាសន្នដើម្បីអាចមានឱមានចូលរួមបុណ្យសពឪពុកដែលទទួលមរណៈភាព ក្រោយពេលធ្លាក់ខ្លួនឈឺដោយសាររងសម្ពាធផ្លូវចិត្ត។
លោកស្រី ប៉ែន ខា ជាភរិយា លោក សុខ ជៃ ដែលកំពុងជាប់ឃុំបានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ឪពុកបង្កើតរបស់លោក សុខ ជៃ គឺលោក ម៉ាន់ សុខ វ័យ ៩៨ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៨ ខែកក្កដា ដោយសារវិបត្តិផ្លូវចិត្ត។
ស្ថិតក្នុងវ័យ ៥៣ ឆ្នាំ ប្រភពបន្តថា ឪពុកក្មេករបស់លោកស្រី មិនទទួលទានបាយជាច្រើនថ្ងៃ និងតែងតែស្រែករកកូនប្រុស ជារឿយៗ ក្រោយពេលទទួលដំណឹងថា កូនប្រុសបង្កើតរបស់ខ្លួនត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន។
បើតាមលោកស្រី ប៉ែន ខា កាលនៅមានជីវិត លោក ម៉ាន់ សុខ មិនមានជំងឺប្រចាំកាយអ្វីឡើយ ប៉ុន្តែលោកបានធ្លាក់ខ្លួនខ្សោយកម្លាំង និងរួមផ្សំវ័យកាន់តែចាស់ផង ក្រោយទទួលបានដំណឹងថាកូនប្រុសរបស់ខ្លួនត្រូវចាប់ខ្លួន ទើបបណ្តាលឱ្យស្លាប់ភ្លាមៗទាំងមិនបានជួបមុខកូនប្រុសជាលើកចុងក្រោយបែបនេះ។
ប្រភពបន្តថា៖ «[ដំបូង]គាត់អត់ដឹង [កូនជាប់ឃុំ] គាត់ថា អាជៃ [លោក សុខ ជៃ] ទៅណា! សូរអញ្ចឹង! អាជៃទៅណា។មុនដំបូង [ខ្ញុំ] អត់ប្រាប់ទេ ដល់ពេលយូរៗទៅ យើងប្រាប់គាត់ទៅ គាត់ដឹង គាត់ធ្លាក់ខ្លួនឈឺបណ្តោយ គាត់ភ័យគាត់»។
ប្រភពដដែលឱ្យដឹងទៀតថាពិធីបុណ្យសព៧ថ្ងៃដែលគ្រោងនឹងប្រារព្វនៅថ្ងៃទី ២៤ កក្កដា របស់លោក ម៉ាន់ សុខ នឹងត្រូវរៀបចំឡើងនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ជាបណ្តោះអាសន្នដើម្បីបានមកចូលរួមបុណ្យសពឪពុកនាពេលខាងមុខ។
លោកស្រីបន្តថា៖ «ខ្ញុំសូមសំណូមពរ ដល់តុលាការខេត្តកោះកុងក្នុងដំណាក់កាលចោទប្រកាន់ សូមដោះលែងប្តីខ្ញុំឱ្យមកជួបជុំគ្រួសារវិញ។ខ្ញុំពិបាកណាស់ ហើយមន្រ្តីគ្រប់ថ្នាក់ទាំងអស់សូមលោកជួយ រកយុត្តិធម៌ឱ្យប្តីខ្ញុំផង»។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធររារាំងរថយន្ដរបស់ពួកគេនៅក្នុងស្រុកស្រែអំបិល បន្ទាប់ពីពួកគេធ្វើដំណើរឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់តំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។ក្នុងថ្ងៃដដែលនោះ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន១០នាក់ ក្នុងនោះឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សកម្មជនដីធ្លីដែលកំពុងឃុំខ្លួននៅពន្ធនាគារក្នុងខេត្តកោះកុងទាំង៩នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ។
គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេល ២០ថ្ងៃហើយ ដែលអាជ្ញាធរបានឃុំខ្លួនសកម្មដីធ្លីទាំង៩នាក់ នៅក្នុងពន្ធនាគារខេត្តកោះកុង។ជាមួយគ្នានេះ ក្រុមសាច់ញាតិរបស់ពួកគេបានធ្វើយុទ្ធនាការតាមបណ្តាញសង្គមដើម្បីទាមទារឱ្យ តុលាការដោះលែងអ្នកទាំងនោះដោយ ឥតលក្ខខណ្ឌជាហូរហែ។
ចំណែក លោក ហង់ វាសនា ត្រូវជាកូនរបស់លោកស្រី ផាវ ញ៉ើង ដែលកំពុងជាប់ឃុំដែរនោះ បានប្រាប់ Newsroom Cambodia ថា សាច់ញាតិកំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់ សកម្មជនដីធ្លីទាំង៩នាក់ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ ប្រភពបន្តថា អ្នកដែលត្រូវជាប់ឃុំ គឺជាបង្គោលក្នុងគ្រួសារ ដែលជាហេតុនាំឱ្យក្រុមគ្រួសាររបស់ពួកគេកំពុងប្រឈមបញ្ហាជីវភាពដែរ ហើយថា មានអ្នកខ្លះកំពុងធ្លាប់ខ្លួនឈឺដោយសារតែរងសម្ភាធផ្លូវចិត្ត ថែមទៀតផង។
លោក វាសនា បានស្នើឱ្យតុលាការទម្លាក់បទចោទលើម្តាយរបស់ខ្លួន និងសកម្មជនដីធ្លីផ្សេងទៀត ដោយលោកចាត់ទុកថា ការឃុំខ្លួននេះជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល។
លោកបន្តថា៖ «ថ្ងៃនេះចាប់ផ្តើមដោយលោកតា [ឪពុកលោក សុខ ជៃ បានស្លាប់] ដែលកំពុងតែឈឺស្រាប់ តែឥលូវក៏មានអ្នកឈឺជាបន្តបន្ទាប់ដែរ មានការព្រួយបារម្ភពីកូន។ សង្ឃឹមថា អ្នកទាំង៩រូបហ្នឹង ត្រូវមានសេរីភាពឡើងវិញ ដោយតុលាការទម្លាក់បទចោទប្រកាន់ក៏ដូចជាដោះលែងពួកគាត់ ឱ្យមានសេរីភាព ព្រោះពួកគាត់អត់មានកំហុសអីទេ បែរទៅជាជាប់គុក ជាប់គុកដោយវេទនា ហើយឥលូវនេះ អ្នកនៅខាងក្រៅ មានអ្នកខ្លះឈឺ មានអ្នកខ្លះ មានអារម្មណ៍ថា ធុញទ្រាន់នឹងជីវិត មានរឿងអីច្រើននៅក្នុងសហគមន៍ហ្នឹង»។
ដោយឡែក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលចំនួន៥១ ស្ថាប័ន រួមមាន មជ្ឈមណ្ឌលសិទ្ធិកម្ពុជា និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការរួមមួយ ចាត់ទុកថា ការឃុំខ្លួនសកម្មជនដីធ្លីនេះ គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋដើម្បីមិនឱ្យពួកគេចេញមុខតវ៉ា និងទាមទាររកយុត្តិធម៌។សេចក្តីថ្លែងការដដែល បានស្នើឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីទាំងនេះជាបន្ទាន់។
ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ប្រាប់ Newsroom Cambodia ថា ករណីស្នើឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺសាច់ញាតិសកម្មជនដីធ្លីអាចដាក់លិខិតជាផ្លូវការមកកាន់ស្ថាប័នតុលាការជាមុនសិន។ប៉ុន្តែលោកមិនទាន់ទទួលបានលិខិតជាផ្លូវការណាមួយ នៃការស្នើសុំនៅក្រៅឃុំនេះនៅឡើយទេ ហើយថា រឿងក្តីនេះក៏បានឆ្លងផុតដៃរបស់អយ្យការអមសាលាដំបូងហើយដែរ។
លោកបន្តថា៖ «នីតីវិធីឱ្យនៅក្រៅឃុំត្រូវដាក់ពាក្យស្នើសុំ ហើយមានការប្រជុំឆ្លើយពីតំណាងអយ្យការ ឈានដល់នៅនីតិវិធីនៃការសម្រេច»។
ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ នៅថ្ងៃនេះ ដោយទូរស័ព្ទចូលដែរ ប៉ុន្តែគ្មានអ្នកទទួល។
សម្រាប់នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា ករណីឃុំខ្លួនសកម្មជនដីធ្លីនេះ គឺអាជ្ញាធរបានការរំលោភទៅលើរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលតម្រូវឱ្យរដ្ឋាភិបាលដោះស្រាយជាចាំបាច់រាល់តម្រូវការ របស់ប្រជាពលរដ្ឋ។លោកបន្ថែមថា អាជ្ញាធរគួរតែរកច្រកចេញ ឱ្យអ្នកភូមិនៅខេត្តកោះកុង ដែលកំពុងជួបបញ្ហាវិវាទដីធ្លីជាច្រើនឆ្នាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងសង្គម ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
លោកបន្តថា៖ «អ្វីដែលជាការសោកស្តាយទៅទៀត គឺកូនរបស់កាត់នៅក្នុងពន្ធនាគារ ឪពុកត្រូវបានទទួលមរណៈភាព ដោយមិនបានជួបមុខកូនជាលើកចុងក្រោយ ឬក៏កូនបានចូលរួមនៅក្នុងការធ្វើបុណ្យសពឪពុកដោយការជាប់ពន្ធនាគារ ដោយគ្មានកំហុសឬក៏ ការចោទដោយប្រកាន់មិនសមរម្យ»។
រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
បើទោះជាបែបណា គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានបន្តអូសបន្លាយជិត ២០ ឆ្នាំមកហើយតាំងពីឆ្នាំ២០០៦ នៅតែដោះស្រាយមិនចេញ។
ពលរដ្ឋជិត ២០០គ្រួសា រ(១៩៧) ដែលមានទំនាស់ដីធ្លីចំនួន ១ ២០០ ហិកតារ ជាមួយក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបាន មកដល់សព្វថ្ងៃនេះ។ ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿងៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើងថាការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការពារ និងដោះស្រាយដោយអង្គការរដ្ឋម្តងណាលឡើយ។ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែងត្រូវទទួលរងការធ្វើធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់៕