លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ព នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ជាប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧រូប ដើម្បីស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
យោងទៅតាមសេចក្តីប្រកាសព័ត៌មានគ.ជ.ប លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ឆ្នាំ កន្លងមក នាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។
លោកបាន បញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុននៅ ពេលនេះ មិនមែនចូលរួមរបស់គណៈប្រតិភូសង្កេតការណ៏បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែន រដ្ឋាភិបាលដែលមានទីសាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះលោកចង់ស្វែងយល់ និង មានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបាននិយាយថា លោកហង្ស ពុទ្ធា បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា «UNTAC» ។
លោកបានបន្តថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបាន រៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល នឹងអសកល ចំនួន ១៦ លើករួច មកហើយ។
លោកបានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានយល់ និងពន្យល់បន្ថែមអំពីតួនាទី ភាកិច្ចនិងក្រមសីលធម៌របស់អ្នកអង្កេតការណ៏បោះឆ្នោតនៅកម្ពុជាផងដែរ។
ក្នុងនោះដែលក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានលើកឡើងនូវសំណួរមួយចំនួនដូចជាចំនួនអ្នកសង្កេតការជាតិ និងអន្តរជាតិការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធចំនួន ២គណបក្ស សកម្មភាពឃោសនាបោះឆ្នោត ជាដើម។
ក្រុមអ្នកនាំពាក្យបានឆ្លើយតបម្ដងមួយសំណួរៗដោយបានបញ្ជាក់ថាគិតត្រឹម ថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ ប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។
ចំពោះហេតុផលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌតាមច្បាប់និងតាមនីតិវីធី។
រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនា បោះឆ្នោតដែលគិតមកដល់ពេលរយៈពេល២០ថ្ងៃហើយ៕