តុលាការបញ្ជាឱ្យឃុំខ្លួនប្រធានបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ចៅ វាសនា ពាក់ព័ន្ធនឹងការបោះឆ្នោត ខណៈជនសង្ស័យផ្សេងទៀត ដែលសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងផ្សេងគ្នានៅថ្ងៃបោះឆ្នោតត្រូវបានដោះលែងក្រោយធ្វើការអប់រំ។
វិធានចាប់ខ្លួននេះ ក្រោយមានយុទ្ធនាការបំផ្លាញសន្លឹកឆ្នោតចោល ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្សី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ និយាយនៅថ្ងៃអង្គារនេះថា នៅថ្ងៃបោះឆ្នោតកាលពីថ្ងៃអាទិត្យ សមាជិកបក្សលោក៣នាក់ ត្រូវបានឃាត់ខ្លួន។
លោកគូសបញ្ជាក់ថា មានការសោកស្ដាយជុំវិញការឃាត់ខ្លួនសមាជិកទាំងនោះ និងទាមទារឱ្យលើកលែងការចោទប្រកាន់ ដោយសំអាងថា អ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងនោះ ពុំបានបង្កកំហុសធ្ងន់ធ្ងរនោះទេ។
លោក ភីរិទ្ធ និយាយថា៖ «យើងមានការសោកស្ដាយប៉ុន្តែយើងគិតថាអាជ្ញាធរគួរតែបន្ធូរបន្ថយខ្លះ កុំប៉ះដៃយកដៃ ប៉ះជើងយកជើង។ ព្រោះអីដំណើរការបោះឆ្នោត បានប្រព្រឹត្តិទៅរួចហើយ
អ្នកស្រី ចៅ រតនៈ ជាកូនស្រី លោក ចៅ វាសនា និយាយថា ឱពុកនាងត្រូវបានតុលាការបញ្ជាឱ្យឃុំខ្លួនក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ នៅព្រឹកម៉ិញនេះ តែគាត់មិនទាន់ដឹងតុលាការចោទឱពុកពីបទអ្វីនៅឡើយទេ ។
លោកស្រីថា៖ «ខ្ញុំបានទទួលព័ត៌មានពីគាត់ គាត់ប្រាប់ថាឥឡូវគេបញ្ជូនគាត់ទៅពន្ធនាគរបណ្ដោះអាសន្នសិនហើយ អ្នកដែលជូនព័ត៌មាននៅមុខតុលាការ (ប៉ូលិស)»។
លោក ចៅ វាសនា ជាចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែតកូតាពីគណបក្សភ្លើងទៀន ។ កន្លងទៅតុលាការខេត្តនេះ ក៏ធ្លាប់កាត់ទោសឱ្យសមាជិកបក្សប្រឆាំងដែលជាខ្មែរកម្ពុជាក្រោមរូបនេះជាប់ពន្ធនាគារច្រើនឆ្នាំផងដែរ ក្រោយគាត់ជាប់ឆ្នោតជាចៅសង្កាត់ អំឡូងនៃការបោះឆ្នោតឆ្នាំ២០១៧។
កូនស្រីលោក ចៅ វាសនា ទាមទារឱ្យតុលាការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងបទចោទដែលឈានទៅដល់ការឃុំខ្លួនឱពុករបស់នាង ។
អ្នកស្រីថា៖ «ជាគ្រួសារជារឿងនឹកស្មានមិនដល់ប៉ុន្តែនៅក្នុងសង្គមមួយនេះពួកខ្ញុំបានត្រៀមចិត្តហើយ សម្រាប់ការចូលរួមពីសកម្មភាពរបស់ពួកខ្ញុំរៀងៗខ្លួនចឹង»។
បើតាមប្រភពដដែល ថ្ងៃស្អែកមេធាវីការពារក្ដីរបស់គណបក្សភ្លើងទៀននឹងធ្វើដំណើរមកដល់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីតាមដានសំនុំរឿងចោទប្រកាន់នេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា និយាយថាលោកមិនបានដឹងពីបទចោទលោក ចៅ វាសនាទេ ដោយលើកឡើងថា លោកកំពុងជាប់បេសកម្មនៅខេត្តឆ្ងាយ។
ដោយឡែកអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និយាយថា បុរសម្នាក់ឈ្មោះ សាត អូន ត្រូវបានដោះលែងក្រោយសមត្ថកិច្ចធ្វើការណែនាំពាក់ព័ន្ធនឹងការថតរូបភាពគូសខ្វែងលើសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់។
ដោយឡែក សមត្ថកិច្ចខេត្តប៉ៃលិន ក៏បានដោះលែង លោក ឡោ ធនអនុប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិនផងដែរ ក្រោយឃាត់ខ្លួននិងធ្វើកិច្ចសន្យាណែនាំ។
យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានមនុស្ស៤នាក់បានចេញសារភាពកំហុស ក្នុងចំណោមជនសង្ស័យសរុប៤៤នាក់ ដែលត្រូវបានកំណត់មុខសញ្ញាពាក់ព័ន្ធ នឹងចេតនាបំផ្លាញការសម្ងាត់នៃការបោះឆ្នោត។
លោក សុភ័គ និយាយថា៖ «ម្សិលមិញរកឃើញបណ្ដាញតេលេក្រាមឈ្មោះ Sbai សប្បាយ ៤៤នាក់ កត់ត្រា។…ឥឡូវនេះមាន៤នាក់ហើយបានចេញសារភាពកំហុសឆ្គង»។
បើតាមលទ្ធផលបឋមរបស់ គជប ឱ្យដឹងថា សន្លឹកឆ្នោតមិនបានការនៃការបោះឆ្នោតនេះ មានជាង ៤០ ម៉ឺនសន្លឹកឬប្រមាណ ៥ភាគរយ នៃសន្លឹកឆ្នោតសរុប ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់ជាសិទ្ធិរបស់ប្រជាពលរដ្ឋមិនប្រឆាំងទៅនឹងច្បាប់នោះទេ។
លោក បញ្ជាក់ថា ការឆ្លងឆ្លើយក្នុងគ្រុបតេលេក្រាមគឺស្ថិតក្នុងឯកជនភាពហើយអាជ្ញាធរគួរដាក់ទោសលើបុគ្គលដែលបង្ហោះរូបភាពណាមួយបង្កឱ្យប៉ះពាល់ដល់ទំនុកចិត្តលើ គជប ។
លោក សំអាត និយាយថា៖ «ក្នុងតេលេក្រាម បើការសន្ទនាផ្ទាល់ដោយមិនចាយវាយវាជាការសន្ទនាឯកជនភាព តែចែកចាយគឺអាចជាសាធារណ:។ អ្នកដែលហែក[ចូលដោយគ្នានការអនុញ្ញាត]ចូលការសន្ទនាឯកជនភាពគេគឺការរំលោភសិទ្ធិបុគ្គល និងខុសច្បាប់»។
នៅមុនថ្ងៃបោះឆ្នោត សមាជិកគណបក្សភ្លើងទៀនចំនួន ៥ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន លោក លី រី សមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
មួយថ្ងៃក្រោយការបោះឆ្នោត សហរដ្ឋអាមេរិក បានប្រកាសពិវិធាន ផ្ដាច់ជំនួយមួយចំនួននិងរឹតបន្តឹងទិដ្ឋាការដល់មនុស្សមួយចំនួនរបស់បក្សកាន់អំណាច ដែលជាជ្រុងឆ្លើយតបទៅនឹងការបោះឆ្នោត គ្មានភាពសេរីនិងយុត្តិធម៌ ។
អាមេរិករំឭកថា នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជា បានយាយីដល់អ្នកនយោបាយគណបក្សប្រឆាំង ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជានិងកាតព្វកិច្ចអន្តរជាតិ ដែលថា វិធាននេះរារាំងដល់ប្រជាជនកម្ពុជាក្នុងការមានជម្រើសសម្រាប់កំណត់អនាគតរបស់ប្រទេសពួកគេ។
យ៉ាងណាកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ការពារថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ក្រសួងថា ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានចូលរួមការបោះឆ្នោត ដោយស្មើនឹង៨៤,៥៨ភាគរយ ដែលចំនួននេះលើសអ្នកចូលរួមការបោះឆ្នោតពីមុនៗគិតចាប់ពី ឆ្នាំ២០០៣មក។
ទោះជាយ៉ាងណាអាមេរិកជាប្រទេសមហាអំណាចលោកសេរីនិងជាភាគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាសីស បានបង្ហើបដែរថា កម្ពុជានៅមានឪកាសកសាងមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិសាជាថ្មី ដោយស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ឈប់ការកាត់ក្ដីដែលមានចរិតនយោបាយ កែប្រែការដាក់ទោសដោយតុលាការលើអ្នករិះគន់រដ្ឋាភិបាល និងអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មានឯករាជ្យដំណើរការឡើងវិញ។