ក្រុមអង្គការសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលថ្មីចាត់វិធានការអ្នកប្រើតុលាការគំរាមកំហែងអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ ដោយសំអាងថាដើម្បីធានាឡើងវិញលើយន្តការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម តាមគន្លងប្រជាធិបតេយ្យ។
ការជំរុនេះ ចំពេលប្រជាសហគមន៍បឹងតាមោក(បឹងកប់ស្រូវ)ក្នុងរាជធានីភ្នំពេញ ប្រមាណ១០នាក់ បានរងពាក្យបណ្តឹងជាបន្តបន្ទាប់ នៅតុលាការ ក្រោយពួកគេចេញតវ៉ាប្រឆាំងនឹងការបណ្តេញចេញ ខណៈបឹងតាមោកមួយភាគធំ ធ្លាក់ក្នុងដៃឧកញ៉ានិងសាច់ញាតិមន្ត្រី ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ចំណាត់ការលើសហគមន៍ជារូបភាពប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីកៀបសង្កត់ និងបំបាក់ស្មារតីអ្នកភូមិឱ្យបញ្ឈប់ការតវ៉ា ។
លោកបន្ថែមថា ក្រៅពីនេះជារៀងរាល់ថ្ងៃប្រជាសហគមន៍បឹងតាមោក ក៏កំពុងប្រឈមមុខនឹងសម្ពាធពីអាជ្ញាធរមូលដ្ឋាន និងសន្តិសុខក្រុមហ៊ុនឯកជន ដែលតាមឃ្លាំមើលសកម្មរបស់ពួកគេផងដែរ។
លោកថា៖«ប្រព័ន្ធយុត្តិធម៌គឺជាយន្តការមួយដ៏មានប្រសិទ្ធិភាពបំផុតក្នុងការធ្វើឱ្យប្រជាពលរដ្ឋគាត់បាក់ស្មារតីក្នុងការបន្តការទាមទារហ្នឹង»។
លោក សុផាត គូសបញ្ជាក់ថា ដើម្បីកុំឱ្យភាពអយុត្តិធម៌ធ្លាក់ទៅលើប្រជាពលរដ្ឋ មុននឹងធ្វើការសម្រេចចិត្ត តុលាការគួរបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវមើលតែរបាយការណ៍របស់អាជ្ញាធរនោះទេ ។
បណ្ដឹងមួយក្នុងចំណោមពាក្យបណ្តឹងប្រហាក់ប្រហែលគ្នាផ្សេងទៀត បានចោទប្រកាន់ប្រជាសហគមន៍បឹងតោមកម្នាក់ថា «បានរំលោភលើអចលនទ្រព្យអ្នកដ៏ទៃ» ខណៈអ្នកសកម្មតវ៉ារូបនោះ អះអាងថាគាត់បានទៅរស់នៅអាស្រ័យផលនៅតំបន់បឹងតាមោកអស់រយៈពេល២៨ឆ្នាំ។
ប្រធានគម្រោងសិទ្ធិលំនៅឋាននិងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ និយាយថា ប្រជាសហគមន៍បឹងតាមោក កំពុងរស់នៅលើដីស្របច្បាប់ ដោយលោកសំអាងថា ពួកគេបានរស់នៅទីនោះអស់រយៈពេលជិត៣០ឆ្នាំ ទាំងគ្មាននរណាម្នាក់ចេញមុខថាជាម្ចាស់កម្មសិទ្ធិពីមុនមកនោះទេ។
លោកថា៖«រឿងនេះអាចមានភាពមិនប្រក្រតីនៅពីក្រោយ ឬអាចជាការដាក់សម្ពាធដល់សហគមន៍ឱ្យចាក់ចេញពីដីដែលពួកគេកំពុងរស់នៅ»។
បញ្ហានេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងលំនៅឋាន បានផ្តល់យោបល់ថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ត្រូវចាត់វិធានប្រកបដោយការជឿទុកចិត្ត ដើម្បីលុបបំបាត់វប្បធម៌ប្រើដៃតុលាការ ជំរុញឱ្យមានការបណ្តេញចេញទាំងបង្ខំក្នុងជម្លោះដីធ្លីនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ខែកក្កដានេះ បានប្រកាសឈ្មោះអ្នកស្នងតំណែងជានាយករដ្ឋមន្ត្រីជំនួសលោកសម្រាប់រដ្ឋាភិបាលថ្មីអាណត្តិទី៧ គឺកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា ថ្មីៗនេះ បានដាក់ប្រជាសហគមន៍បឹងតាមោកចំនួន៩នាក់ ដែលសកម្មក្នុងការចេញមុខតវ៉ាសុំប្លង់កម្មសិទ្ធិដីធ្លីពីអាជ្ញាធរ។
អ្នកដែលមានឈ្មោះទាំងនោះមានទាំង អ្នកស្រី ប្រាក់ សុភា និង អ្នកស្រី គង់ តឿ និងអ្នកស្រី អ៊ំ ភឿន ជាដើម ឱ្យស្ថិតក្រោមការត្រួតពិនិត្យពាក់ព័ន្ធនឹងបទចោទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងស្ថានទម្ងន់ទោសនៃបទប្រឆាំងអ្នករាជការសាធារណៈ។
ប្រជាសហគមន៍បឹងតាមោកកំពុងជាប់បណ្ដឹង ហើយសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៧កក្កដានេះគឺ អ្នកស្រី អ៊ំ ភឿន បានច្រានចោលពាក្យបណ្ដឹងដែលចោទប្រកាន់ថា អ្នកស្រី បានរំលោភលើអចលនទ្រព្យ និងប្រើប្រាស់អំពើហិង្សាលើម្ចាស់អចលនទ្រព្យដោយសុចរិត។ អ្នកស្រីថា អ្នកស្រីក៏ពុំធ្លាប់ស្គាល់ដើមបណ្ដឹងឈ្មោះ ថៃ អ៊ុយ និង តាំង គីម ពីមុនមកទេ ។
យ៉ាងណា អ្នកស្រី ភឿន ថា ករណីប្ដឹងផ្ដល់នេះគឺមានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាមួយរវាងប្រជាសហគមន៍បឹងតោមោកនិងអាជ្ញាធរកាលពីជាង២ខែមុន ក្រោយអាជ្ញាធរបានចុះរុះរើស្ពានឫស្សីដែលសាងសង់ឡើងដោយប្រជាសហគមន៍សម្រាប់ឆ្លងទៅបេះបន្លែនិងរកត្រីក្នុងបឹងតាមោក។
ប៉ុន្តែ អ្នកស្រី ភឿន ថា ការប៉ះទង្គិចជាមួយអាជ្ញាធរគ្រានោះ បានត្រឹមប្រតាយប្រតប់គ្នាបន្តិចប៉ុណ្ណោះ ហើយក៏គ្មានវត្តមាននរណាម្នាក់ក្រៅពីអាជ្ញាធរ និងប្រជាសហគមន៍ដែលក្នុងពាក្យបណ្ដឹងអះអាងថា ជាម្ចាស់អចលនទ្រព្យនៅកន្លែងកើតហេតុនោះឡើយ។
លោកស្រីថា៖«ខ្ញុំមិនខ្លាចទេព្រោះខ្ញុំអត់មានធ្វើអីខុស ចឹងខ្ញុំរស់នៅរាល់ថ្ងៃរស់នៅលើដីខ្ញុំ ដីខ្ញុំអាស្រ័យផលតាំងឆ្នាំ១៩៩៥»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ដោយខ្លីតាមបណ្តាញសង្គមថា លោកពុំអាចនិយាយបានទេអំឡុងពេលនេះ។
គិតមកដល់ ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវទំហំជាង៣ពាន់ហិកតា( ៣២៣៩,៧) ត្រូវបានរដ្ឋាភិបាលអាណត្តិទី៦កាត់ឆ្វៀលជាបន្តបន្ទាប់ឱ្យទៅក្រសួងមួយចំនួន និងក្រុមហ៊ុនឯកជនដែលស្និទ្ធនិងសាច់ញាតិ សរុបចំនួន៧០ លើផ្ទៃដីសរុបជាង២ពាន់ហិកតា(២៣៦៩,៩)។
ទាក់ទិននឹងការកាត់ឆ្ងៀលផ្ទៃបឹងនេះ បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន២៥០គ្រួសារដែលរស់នៅភាគខាងជើងនៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ហើយពួកគេបានធ្វើការតវ៉ាទៅកាន់ស្ថាប័នរដ្ឋជាច្រើនរួមទាំង ក្រសួងដែនដី រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បានប្រមូលផ្ដុំគ្នានៅកន្លែងពួកគេរស់នៅដោយប្រើជម្រើសលើកបដាស្រែកតវ៉ាសុំប្លង់កម្មសិទ្ធិ ដោយអះអាងថា ពួកគេបានរស់នៅម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរពុំទាន់ចេញប្លង់កម្មសិទ្ធិឱ្យ។